ក្អក​មាន់​អាច​សម្លាប់​កុមារ

ក្អកមាន់​ជាជម្ងឺ​មួយ​ប្រភេទ​ក្នុង​ចំណោម​ជម្ងឺ​ដែល​អាច​សម្លាប់​ជីវិត​កុមារ​ជារៀង​រាល់ឆ្នាំ។ ជម្ងឺ​ក្អកមាន់​ងាយ​ស្រួល​ចម្លងពី កុមារ​ម្នាក់ទៅ​កុមារ​ម្នាក់​ទៀត តាមរយៈ​តំណក់​ទឹកមាត់​ដែល​ក្អក ឬ​កណ្ដាស់។ ជម្ងឺនេះ​អាច​ការពារ​បាន​បើ​លោកអ្នក​ជា​មាតា​បិតា ឬ​អាណា​ព្យាបាល​យកចិត្ដ​ទុកដាក់​បានល្អ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក​វេជ្ជ​បណ្ឌិត រឹត ច័ន្ទ ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ កុមារ​ជាតិ​ដើម្បី​បកស្រាយ​អំពី​ជម្ងឺ​ក្អកមាន់​កុមារ។

ជម្ងឺ​ក្អកមាន់ ជាអ្វី?

ក្អកមាន់​ជា​ជម្ងឺ​ប្រព័ន្ធ​ផ្លូវដក​ដង្ហើម ដែល​បង្ក​ឡើង​ដោយ​មេរោគ​បាក់​តេរ៉ីប៊ក​ដឺតែ​ឡាពែក​ទុស្សី (eBORDETE PER​TUS​SIS) ដែល​រស់នៅ​ក្នុងមាត់ ច្រមុះ និង​បំពង់​ក។ កុមារ​ជាច្រើន​ដែលមាន​ជម្ងឺនេះ​ក្អក​ចាប់ពី​៤សបា្ដហ៍​ទៅ៨​សបា្ដហ៍។ ជម្ងឺ នេះមាន​គ្រោះថ្នាក់​ណាស់​ចំពោះ​សុខភាព​ទារក។ ក្នុងឆ្នាំ​២០០០ តាមការ​ប៉ាន់​ស្មាននៅ​ទូទាំង​ពិភព​លោក​ជម្ងឺ​កុមារ​ដែលមាន​ចំនួន ៣៩​លាន​ករណី ហើយ​ក្នុងនោះ​មាន​២៩៧​០០០​ករណី​ត្រូវបាន​ស្លាប់ ដោយសារ​ជម្ងឺ​ក្អកមាន់។ ជម្ងឺ​ក្អកមាន់​ជាជម្ងឺ​ឆ្លងពី​កុមារ​ម្នាក់ទៅ កុមារ​ម្នាក់​ទៀត​តាមរយៈ​ក្អក ឬ​កណ្ដាស់​នៅទល់​មុខគ្នា។ តាមបទ​ពិសោធន៍​ព្យាបាល​កន្លង​មក ឃើញ​ថា​អត្រា​កើតមាន​ជម្ងឺនេះ​គឺចាប់ តាំងពី​កុមារ​ដែល​មាន​អាយុ​ទើបតែ​កើតឡើង​ទៅ។

រោគ​សញ្ញា​ជម្ងឺ​ក្អកមាន់

មុន​នឹងស្ដែង​ចេញជា​រោគ​សញ្ញា មេរោគ​បាន​សម្ងំ​នៅក្នុង​ខ្លួន​កុមារ​ពី៥​ទៅ១០​ថ្ងៃ។ បន្ទាប់​មក​នៅពេល​ដែល​ពពួក​មេរោគ បាន​ជ្រៀត​ចូលកាន់​តែច្រើន​ក្នុងខ្លួន ទើប​ជម្ងឺ​ស្ដែង​ចេញជា​រោគ​សញ្ញា។ រោគ​សញ្ញា​ជម្ងឺ​ក្អកមាន់​មានដូច​ជាគ្រុន​ឈឺក្បាល ហៀរ​សំបោរ ក្អក​តិចៗ ហៀរ​ទឹកភ្នែក កណ្ដាស់​ជាដើម។ ចង្វាក់​នៃការ​ក្អក​ចាប់ផ្ដើម​បន្ដិច​ម្ដងៗ​រហូត​ដល់​ញឹក​ញាប់ ហើយ​នៅពេល​ក្អកម្ដង​ៗកុមារ ដក​ដង្ហើម​ចូលមាន​សម្លេង​ដូចជា​ដក​ចង្កា​មាន់។ កុមារ​ក្អក​ខ្លាំង​រហូត​ប្រែ​ស្បែក​ខ្លួនទៅ​ជាពណ៌​ខៀវ ពីព្រោះ​កុមារ​មិនបាន​ទទួល​នូវ ខ្យល់​អុកស៊ី​សែន​គ្រប់គ្រាន់​ក្នុងពេល​ក្អក។ ការ​ក្អក​ខ្លាំង​ធ្វើឱ្យ​កុមារ​អស់​កម្លាំង​ហើយ​ជួនកាល​អាច​បណ្ដាល​ទៅជា​ក្អួតក៏​មាន។ ពេល វេលា​ដែល​ក្អកខ្លាំង ភាគ​ច្រើនកើត​នៅពេល​យប់។ ពេល​ឈប់ក្អក​កុមារ​ក៏វិល​ត្រឡប់​មករក​សភាព​ធម្មតា​វិញ ហើយ​កម្ដៅក៏​មិនឡើង ខ្លាំង​ដែរ។

មូល​ហេតុ​បង្កឱ្យ​មាន​ជម្ងឺក្អក​មាន់

មូល​ហេតុ​ដែល​បង្កឱ្យ​មានជា​ជម្ងឺក្អក​មាន់មាន​៣យ៉ាង​គឺ ៖

1. ការ​ចម្លង​ដោយ​បាក់តេរី ជាការ​ឆ្លង​តាម​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និងទៅ​ប៉ះ​កន្លែង​មួយចំនួន​ក្នុង​ប្រព័ន្ធ​សព៌ាង្គ​កាយ​ហើយក៏ ស្ដែង​ចេញជា​រោគ​សញ្ញា​មកខាង​ក្រៅ។ ម្យ៉ាង​ទៀតនៅ​ពេល​ដក​ដង្ហើម​ចេញចូល​អាចធ្វើ​ឱ្យ​កម្ទេច​ធូលី​និង​មេរោគ​ផ្សេងៗ ទៅ​ប៉ះជា មួយ​មាត់ ច្រមុះ បំពង់​កជា​ដើម​សុទ្ធតែ​អាច​បង្កជា​ជម្ងឺ។

2. ការ​ចម្លង​ដោយ​មនុស្ស ក្អកមាន់​ជាជម្ងឺ​ឆ្លង​តាម​ការរស់​នៅ​ប្រចាំ​ថ្ងៃ។ ប្រសិន​បើក្នុង​ក្រុម​គ្រួសារ​មាន​អ្នកណា​ម្នាក់ កើត​ជម្ងឺ​ក្អកមាន់ អាច​ធ្វើឱ្យ​ឆ្លង​ពេញ​មួយ​គ្រួសារ​តែម្ដង​ក៏មាន។

3. កង្វះ​អនាម័យ ចំណី​អាហារ​តាមដង​ផ្លូវមាន​ការប៉ះ​ពាល់​យ៉ាង​សំខាន់ ចំពោះ​សុខភាព​របស់​មនុស្ស។ ព្រោះ​កង្វះ អនាម័យ មេរោគ​ងាយ​ជ្រៀត​ចូល​ហើយ​ស្ដែង​ឡើង​តាមរយៈ​ក្អក ឬ​កណ្ដាស់។ ផ្ទះ​សម្បែង​មិន​សម្អាត​ឱ្យស្អាត​ក៏អាច​បង្កជា​ជម្ងឺ​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​ក្អក​មាន់

ប្រសិន​បើ​កុមារ​មាន​រោគ​សញ្ញា​ដូចខាង​លើ ចាប់ពី​មួយ​សបា្ដហ៍​ឡើងទៅ​ត្រូវ​ប្រញាប់​បញ្ជូន​ទៅមន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​និង ព្យា​បាល។ ការ​ព្យាបាល​ដោយ​ថ្នាំ​សម្លាប់​មេរោគ អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជម្ងឺ។ ការ​ប្រើថ្នាំ​មាន​សារៈ​សំខាន់​ច្រើន​ដល់អ្នក​ជម្ងឺ ទោះបី​មិនជា​សះ​ស្បើយ​រហ័ស​ក៏ដោយ តែអាច​ជួយ​ទប់ស្កាត់​មិនឱ្យ​រាលដាល​បន្ដទៀត។ គួរឱ្យ​អ្នក​ជម្ងឺ​ទទួល​ទានទឹក​ឱ្យបាន​ច្រើន ដើម្បី ជា​ជំនួយ​សម្រាប់​សម្រួល​មិនឱ្យ​ស្ងួត​បំពង់​កខ្លាំង។ ម្យ៉ាង​ទៀត​គួរទុក​អ្នក​ជម្ងឺ​នៅមួយ​កន្លែង​ដើម្បី​ព្យាបាល ព្រោះ​ខ្លាច​ចម្លង​ដល់អ្នក ដទៃ។

ប្រការ​គួរ​ប្រតិបត្ដិ​ពេលមាន​ជម្ងឺ​ក្អកមាន់

ចំពោះ​មនុស្សធំ ដោយ​សារ​ប្រព័ន្ធ​ការពារ​មានភាព​ខ្លាំង​ជាង​កុមារ ពេល​រោគ​សញ្ញា​នេះ​ស្ដែង​ចេញ​គ្រាន់តែ​ទៅជួប​ពិភា​ក្សា ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ដើម្បី​ព្យាបាល ជាការ​ស្រេច។ ប៉ុន្ដែ​ចំពោះ​កុមារ​ដែល​ស្ដែង​រោគ​សញ្ញា​ក្អកមាន់​ត្រូវ​ប្រញាប់​យកទៅ មន្ទីរ​ពេទ្យ​ដែលមាន​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ និងព្យា​បាល។ ក្នុង​ករណី​ធ្ងន់ធ្ងរ​កុមារ​ត្រូវ​បញ្ជូន​ចូលក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់។ បន្ទាប់​ពីនោះ​ត្រូវ​បូមស្លេះ​របស់​កុមារ​យកទៅ​ពិនិត្យ ដើម្បី​កំណត់​ពីវិធី​ព្យាបាល។

ផល​វិបាក​របស់​ជម្ងឺ​ក្អកមាន់

កុមារ​ធំ និង​ទារក​មាន​ផល​វិបាក​ដូចគ្នា។ ផល​វិបាក​កើត​ច្រើន​ជាងគេ​ហើយ​ដែល​បណ្ដាល​ឱ្យស្លាប់​បាននោះ​គឺ​ដោយ​សារ មេរោគ​បាក់​តេរី​ដែល​បង្កឱ្យ​រលាក​សួត។ ក្រៅពី​នេះមាន​ផល​វិបាក​មួយ​ចំនួន​ទៀត ដូចជា​បាត់បង់​ស្មារតី​ប្រកាច់​ដោយ​សារ​គ្រុន​ក្ដៅ ខ្លាំង ឬក៏​គ្មាន​អុកស៊ី​សែន​គ្រប់​គ្រាន់ ដើម្បី​ផ្ដល់ទៅ​ឱ្យខួរ​ក្បាល​ដែល​បណ្ដាល​មកពី​ក្អក​ឬមេរោគ​បាក់តេរី​របស់​ជម្ងឺ​ក្អក​មាន់។ អ្នក​ជម្ងឺ អាច​បរិភោគ​មិនបាន រលាក​ត្រចៀក​កណ្ដាល ហើយ​និងបាត់​បង់ជាតិ​ទឹក។

វិធី​ការពារ​ជម្ងឺ​ក្អកមាន់

ដើម្បី​ការពារ​មិនឱ្យ​មាន​ជម្ងឺក្អក​មាន់ លោកអ្នក​ត្រូវយក​បុត្រ​ធីតា​ទៅចាក់​វ៉ាក់​សាំង​ការពារ​ជម្ងឺ​នេះ។ វ៉ាក់សាំង​នេះគឺ​ដាក់ បញ្ចូល​ជាមួយ​វ៉ាក់សាំង​ការពារ​ជម្ងឺ​ខាន់​ស្លាក់ និង​តេតា​ណូស។ ម្យ៉ាង​ទៀត​លោកអ្នក​ត្រូវធ្វើ​អនាម័យ​ខ្លួន​ប្រាណ​និងផ្ទះ​សម្បែង​ជា ប្រចាំ។ នៅពេល​មានអ្នក​ជម្ងឺក្នុង​គ្រួសារ សមា​ជិកក្នុង​ផ្ទះត្រូវ​នៅឱ្យ​ឆ្ងាយពី​អ្នក​ជម្ងឺ​ទើប​មិនអាច​ឆ្លងបាន។

ដំបូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​ដែលជា​អាណា​ព្យាបាល​នៅពេល​ឃើញកូន ឬ​នរណា​ម្នាក់ក្នុង​ក្រុម​គ្រួសារ​របស់​លោកអ្នក​មាន​អាការ​ក្អក​នោះ មិន ត្រូវគិត​ថាជា​ការ​ធម្មតា​ឡើយ។ គប្បី​លោកអ្នក​ត្រូវ​ប្រញាប់​នាំអ្នក​ទាំងនោះ​មក​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ឱ្យទាន់​ពេល​វេលា។ បើ​មិន ដូច​នេះទេ អាចបង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative