ដោះ​ខ្វាក់ ៖ មូល​ហេតុ និង​វិធី​ព្យាបាល

ដោះមួយ​គូរបស់​ស្ដ្រីមាន​ភារៈ​ចម្បង​គឺ​បញ្ចេញ​ទឹកដោះ​ចិញ្ចឹម​ទារក​ឱ្យមាន​សុខភាព​ល្អ។ មិនមែន​គ្រប់ស្ដ្រី​ទាំងអស់​សុទ្ធតែ មាន​ទឹកដោះ​គ្រប់គ្រាន់​ដែលជា​អំណោយ​ផល​សម្រាប់​ការ​ចិញ្ចឹម​កូននោះ​ដែរ។ ដោះខ្វាក់​ជាការ​រំខាន​មួយដល់​ការ​បំបៅ​កូន។ តើហេតុ អ្វីបាន​ជាដោះ​ខ្វាក់? គួរធ្វើ​យ៉ាង​ណាទៅ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​ជា​ពិសេស​មិត្ដនារី​បាន​ទទួល​ជ្រាប​ច្រើន​មក​ហើយ​អំពីដោះ ឬសុដន់​របស់​ស្ដ្រីតាម​រយៈការ​ចេញ​ផ្សាយ​របស់​ទស្ស នាវដ្ដី សុខភាព​យើង។ ដោះខ្វាក់​ជា​ប្រធាន​បទថ្មី​មួយ​ទៀត​ដែល​យើងខ្ញុំ​លើកមក​ជម្រាប​ជូន​លោកអ្នក​ជាបន្ដ​ទៀតនៅ​ក្នុងលេខ​នេះ ដោយ​មានការ​ចូលរួម​បក​ស្រាយ​ពីលោក​ស្រីវេ​ជ្ជបណ្ឌិត ជូ ពិន​អ្នក​ឯកទេស​សម្ភព​និងរោគ​ស្ដ្រីនៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។

ហេតុអ្វី​បានជា​ដោះខ្វាក់?

ដោះខ្វាក់​ជាស្ថាន​ភាព​លិបចូល​ក្នុងនៃ​ចុងដោះ​របស់ស្ដ្រី​ដែលធ្វើ​ឱ្យមាន​ការ​ពិបាក​ក្នុងការ​បឺត​ជញ្ជក់​ទឹកដោះ​របស់​ទារក។ មិន មាន​មូលហេតុ​ច្បាស់​លាស់​ណាមួយ​ដែល​និយាយ​អំពី​បញ្ហា​ដោះខ្វាក់​នេះទេ។ ប៉ុន្ដែ​មូលហេតុ​មួយចំនួន​ដែលអាច​នាំឱ្យ​ដោះខ្វាក់​នោះ គឺ អាចជា​ធម្មជាតិ​ពីកំណើត​របស់​មនុស្ស​ស្រីដែល​មាន​ក្បាលដោះ​លិបចូល​ក្នុង​និងអាច​បណ្ដាល​មកពី​គ្រោះថ្នាក់​ផ្សេងៗ​ដូចជា​ការប៉ះ​ទង្គិច រង​របួស ការវះ​កាត់ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ដោះ​របស់​ស្ដ្រី​ជាដើម។

ការ​ព្យាបាល​ដោះខ្វាក់

មាន​វិធី៣​យ៉ាង​ដើម្បី​កែ​សម្រួល​ក៏ដូច​ជា​ព្យាបាល​ដោះខ្វាក់​ឱ្យបាន​ជាសះ​ស្បើយ​ឡើងវិញ។ វិធី​ទាំងនោះ​រួមមាន ៖

  • វិធីទី១ ៖ ការ​ព្យាយាម​ទាញចុង​ដោះដោយ​ខ្លួនឯង​បន្ដិចម្ដង​ៗដើម្បី​ចុងក្បាល​ដោះ​ត្រឡប់​មក​សភាព​ប្រក្រតី​វិញ
  • វិធី​ទី២ ៖ ការ​ព្យាបាល​ដោះខ្វាក់​ដោយ​ប្រើសឺ​រ៉ាំងជ័រ​មក​កាត់​ក្បាល​ចោល​ហើយដក​យកពី​ស្ដុង​មក​បញ្ចូល​តាមកន្លែង​ដែល ទើបនឹង​កាត់​ចោល។ អ្នកម្ដាយ​អាចដាក់​ចុង​រលីង​ស្អាត​ជប់ទៅ​នឹងដោះ​ហើយ​ទាញពី​ស្ដុង​ចេញដោយ​ខ្លួនឯង​ថ្នមៗ ហើយ​បង្អង់​ចាំក្នុង ស្ថានភាព​បែបនេះ​ចំនួន​មួយនាទី​ចុងដោះ និងលៀន​ចូលទៅ​ក្នុង​សឺរ៉ាំង។ ពេលនោះ​លោកស្រី​អ្នកនាង​ឈប់ទាញ​បឺតទៀត​ដោយដក សឺរ៉ាំង​ចេញ​ចុងដោះ​ក៏លៀន​ចេញមក​ដែរ​បន្ទាប់​មក​អ្នកម្ដាយ​ត្រូវដាក់​ឱ្យទារក​បៅភ្លាម។ ចុងដោះ​លៀននេះ​ធ្វើឱ្យ​ទារក​ងាយ​ស្រួល បៅ ទារក​អាចបៅ​ដោះក្នុង​ស្ថានភាព​ល្អបាន។ ក្បាល​ដោះអាច​លិបចូល​ទៅវិញ​បន្ទាប់ពី​ទារក​បៅរួច តែមិន​លិបខ្លាំង​ដូចមុន​ទេ។ សូម ព្យាយាម​ធ្វើរបៀប​នេះឱ្យ​បានច្រើន​ដងក្នុង​រយៈពេល​ពីរ​ឬបី​ថ្ងៃ​ក្រោយ​ពេល​សម្រាល​កូន។
  • វិធី​ទី៣ ៖ សម្រាប់​វិធី​ចុងក្រោយ​នេះគឺ​ជាការ​វះកាត់​ទាញចុង​ដោះឱ្យ​ចេញមក​ក្រៅវិញ។

ដំបូន្មាន​អ្នក​ជំនាញ

នៅ​ពេល​ពេញវ័យ​ហើយ​អាចដឹង​ថាខ្លួន​មានដោះ​ខ្វាក់ គ្រប់ស្ដ្រី​ទាំងអស់​គួរ​ព្យាយាម​ជួយខ្លួន​ឯង​និងរក​គ្រូពេទ្យ​ជំនួយ​ដើម្បីព្យាបាល​កុំបណ្ដែត​បណ្ដោយ ព្រោះធ្វើ​ឱ្យមាន​ការ​ពិបាក​ក្នុងការ​បំបៅ​ដោះកូន​ទៅថ្ងៃ​ក្រោយ។ សូម​មេត្ដា​កុំទុក​ឱ្យក្លាយ​ទៅជា​ករណី ធ្ងន់ធ្ងរ​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative