កីឡា​បោះ​ប៊ូលីង

ការ​លេង​កីឡា​ ផ្តល់​ផល​ប្រយាជន៍​ជាច្រើន​ដល់​អ្នក​លេង​។ នាពេល​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់វ័យ​កំពុង​មាន​ការចាប់​អារម្មណ៍​ និង​យល់​ដឹង​យ៉ាង​ច្រើន​ចំពោះ​បញ្ហា​សុខភាព​និង​ការ​លេង​កីឡា​ណា​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ពួក​គាត់​និង​ធ្វើឲ្យ​អារម្មណ៍​ល្អ។ ចំពោះ​ពាក្យថា​កីឡា​មាន​ច្រើន​ប្រភេទ​និង​សុទ្ធ​តែ​មាន​គុណ​ប្រយោជន៍​ចំពោះ​រាង​កាយ ​និង​ទៅតាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​លេង។

រូបភាពគេហទំព័រសុខភាពកម្ពុជា

ទស្សនាវដ្តី សុខភាព​យើង​និង​គេហ​ទំព័រ​សុខភាព​កម្ពុជា បាន​ធ្វើកិច្ច​សម្ភាសន៍​ជាមួយ​អ្នក​ស្រី​បេន សេរី​ឡែន ​ជាអ្នក​គ្រប់​គ្រង​ទូទៅ​នៅក្លឹប​កីឡា​ប៊ូលីង​ផាក​វ៉េស៊ូ​ផឺប៊ូល នឹង​ផ្តល់​កិច្ច​សម្ភាសន៍​ដើម្បី​ឲ្យ​លោកអ្នក ជ្រាបកាន់​តែច្បាស់​អំពី​ប្រធានបទ​ខាង​លើនេះ។

កីឡា​បោះ​ប៊ូលីង​ជាអ្វី និង​មាន​ប្រវត្តិ​យ៉ាង​ដូច​ម្តេច?

កីឡា​បោះប៊ូលីង​គឺជា​កីឡា​មួយ​ប្រភេទ​ដែល​ប្រើ​គ្រាប់​ប៊ូល​សម្រាប់​បោះ​ដើម្បី​ជា​មធ្យោ​បាយ​ក្នុង​ការ​លេង។  បើ​យោង​តាម​គេហទំព័រ Wikipedia បានឲ្យ​ដឹងថា​ក្នុងឆ្នាំ​១៩៣០​ នរ​វិទូជន​ជាតិ​អង់​គ្លេស​លោក Finder Petire និង​ក្រុម​របស់​គាត់​ដែល​ជាអ្នក​បុរាណ​វិទូ​បាន​រក​ឃើញ​បាល់​ប៊ូលីង​និង​សម្ភារៈ​ផ្សេងៗ​សម្រាប់​លេង​កីឡា​បោះ​ប៊ូលីង​នេះ​នៅ​ផ្នូរ​សាកសព​ក្មេង​ជន​ជាតិ​អេហ្សីប​ម្នាក់​តាំង​ពី៣២០០ឆ្នាំ​មុន គ.ស។ ប៉ុន្តែ​កីឡា​បោះប៊ូលីង​នេះ​មាន​ប្រវត្តិ​ជាង​៥២០០​ឆ្នាំមុន គ.ស មក​ហើយ​នៅក្នុង​ប្រទេស​អេហ្សីប។ បច្ចុប្បន្ន​កីឡា​នេះ​មាន​ចំនួន​មនុស្ស​លេង​ជាង​១០០លាននាក់​នៅក្នុង​ប្រទេស​ចំនួន​៩០ខុសៗ​គ្នា ហើយ​ចំនួន​នេះ​តែង​មានការ​កើន​ឡើង​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ហើយ​គេក៏​ឃើញ​មាន​ការ​លេង​កីឡា​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

សារៈ​ប្រយោជន៍​នៃការ​លេង​កីឡា​បោះ​ប៊ូលីង

កីឡា​បោះប៊ូលីង​នេះ​មាន​លក្ខណៈ​ដូចនឹង​ប្រភេទ​កីឡា​ផ្សេងៗ​ដែរ។  កីឡា​បោះប៊ូលីង​ត្រូវ​បាន​គេយក​មក​លេង​ជាកីឡា​ដើម្បី​សុខភាព​និង​បន្ធូរ​បន្ថយ​ភាព​តានតឹង​ពីការ​ងារ​និង​ការ​សិក្សា។ ដូច្នេះ​វាអាច​ធ្វើឲ្យ​អ្នក​លេង​ងាយ​ស្រួល​បញ្ចេញ​សារធាតុ​ពុល​ពីក្នុង​ខ្លួន​តាម​រយៈ​ញើស និង​ផ្តល់​ភាព​សប្បាយ​រីករាយ​ផងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កីឡា​នេះ​មិន​សូវ​ផ្តល់​គ្រោះ​ថ្នាក់​ដល់​អ្នក​លេងទេ​ដោយ​អ្នក​លេង​ត្រូវ​ស្ថិត​នៅក្នុង​ទីតាំង​លេង​កីឡា​នេះ​តែម្តង គឺមិន​អាច​យក​កីឡា​នេះទៅ​លេង​នៅ​ទីតាំង​ខាង​ក្រៅ​ដូចកីឡា​ផ្សេងៗ​បាន​នោះ​ទេ ព្រោះ​សម្ភារៈ​ដែល​រៀបចំ​សម្រាប់​លេង​គឺសុទ្ធ​តែ​រៀបចំ​ដោយ​ប្រព័ន្ធ​អេឡិច​ត្រូនិច​ទាំង​អស់។

របៀប​លេង​និង​ការឲ្យ​ពិន្ទុ​កីឡា​បោះប៊ូ​លីង

នៅក្នុង​ការ​លេង​កីឡា​បោះ​ប៊ូលីង​នេះ​មិន​មែន​ជាការ​ពិបាក​នោះទេ ​គឺគ្រាន់​តែ​បោះ​គ្រាប់​ប៊ូលីង​ឲ្យចំ​កូន​គ្រាប់​ប៊ូលីង​ឲ្យ​ដួល​ទាំង​អស់ ឬឲ្យ​ដួល​បាន​ច្រើន នោះ​ពិន្ទុ​នឹង​ប្រាប់​ដោយ​ស្វ័យ​ប្រវត្តិ​តាម​កញ្ចក់​ទូរទស្សន៍​ដែល​នៅ​ខាង​មុខ​អ្នក​លេង​ស្រេច​តែ​ម្តង។ ហើយ​ពេល​ដែល​អ្នក​លេង​លេង​ឈ្នះវា​នឹង​បញ្ចេញ​គ្រាប់​ប៊ូលីង​ឲ្យដឹង​មួយ​ភ្លាម។

ផល​ប៉ះពាល់​នៃការ​លេង​កីឡា​បោះ​ប៊ូលីង

ដោយ​សារ​កីឡា​នេះ​តម្រូវ​ឲ្យ​អ្នក​លេង​កាន់​គ្រាប់​ប៊ូលីង​សម្រាប់​បោះ​ដូច្នេះ​ដៃ​របស់​លោកអ្នក​នឹង​មាន​ការ​ឈឺចាប់​ពេល​កំពុង​លេង និង​ក្រោយ​ពេល​លេង​ជា​លើក​ដំបូង។ ហើយ​ប្រសិន​បើ​លោកអ្នក​មាន​ជម្ងឺ​សន្លាក់ ដូចជា​សន្លាក់​ជង្គង់ ស្មាក ជើង​កដៃ​ជាដើម​គឺ មិន​មាន​ផល​ល្អ​សម្រាប់​លេង​ដល់​លោក​អ្នក​ទេ។

ដំបូន្មាន​អ្នក​ជំនាញ

នៅពេល​ចូល​លេង​កីឡានេះ​ជាលើក​ដំបូង​លោកអ្នក​មិនត្រូវ​លេង​កីឡា​នេះតែ​ម្នាក់​ឯង​ក្នុង​រយៈ​ពេល​យូរ​ពេក​នោះទេ ត្រូវ​មាន​មិត្ត​ភក្តិ បង​ប្អូន​ចូល​រួម​លេង​ជាមួយ​ដើម្បី​កាត់​បន្ថយ​កុំឲ្យ​យើង​បោះ​គ្រាប់​ប៊ូលីង​តែម្នាក់​ឯង។ បើមាន​គ្នាលេង​ជាមួយ​គឺ​កាន់​តែ​សប្បាយ​រីរាយ និង​ថែម​ទាំង​មាន​សុខភាពល្អ​ផង​ដែរ

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី០៤ ឧសភា ឆ្នាំ​ ២០១២

 

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *