របៀប​ត្រៀម​ខ្លួន​របស់​ស្ដ្រី មុន​ពេល​ទៅជួប​គ្រូពេទ្យ

នៅពេល​ដែល​និយាយ​ទៅដល់​ការទៅ​ជួបគ្រូ​ពេទ្យខាង​ផ្នែក​រោគស្ដ្រី សុភាព​នារីមួយ​ចំនួន​នឹងគ្រ​វីក្បាល​ហើយ​ស្រែកប្រ កែក​ថាមិន​ទៅទេ ខ្មាស​ពេទ្យ​ណាស់! ខ្លាច​ណាស់!។ តាមពិត​គ្មានអ្វី​គួរឱ្យ​ខ្មាសអៀន​ទេ ព្រោះ​ការធ្វើ​បែបនេះ​ដើម្បីតែ​សុខភាព លោកស្រី​អ្នកនាង​កញ្ញាតែ​ប៉ុណ្ណោះ។ បើខ្លាច​ការឈឺ​ចាប់​ឬក៏​មិនអាច​ទទួល​យកលទ្ធ​ផលនៃ​ការ​ពិនិត្យ​នោះបាន មិនថ្វី​ទេសូម​ក្លាហាន ឡើង ហើយ​ត្រៀម​ខ្លួន​ដើម្បី​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ។ ម្យ៉ាងទៀត​គ្រូពេទ្យ​ដែល​ពិនិត្យ​សុទ្ធតែ​មាន​សីលធម៌ និង​វិជ្ជាជីវៈ​ពិត​ប្រាកដ គ្មានអ្វី​គួរឱ្យ​បារម្ភទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​សុភាព​នារី​ទាំងអស់​មានភាព​ក្លាហាន ក្នុងការ​ទៅរក​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​សុខភាព​នោះ ទស្ស​នាវដ្ដី​សុខភាព​យើង សូម​លើក​យកការ​បក​ស្រាយ​របស់​លោក​សាស្ដ្រ​ចារ្យ លៀង ច័ន្ទរិទ្ធ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត​អំពី​ប្រការ​មួយចំនួន ដែល​លោកស្រី​អ្នកនាង​កញ្ញា​គួរ​ប្រតិបត្ដិ​មុនពេល​ទៅជួប​គ្រូពេទ្យ។

ត្រូវទៅ​ជួបគ្រូ​ពេទ្យ​ពេលណា?

មាន​មូលហេតុ​ពីរ​ដែលគួរ​ទៅត្រួត​ពិនិត្យ​សុខភាព​របស់​លោកស្រី​អ្នកនាង​កញ្ញា គឺការ​ទៅត្រួត​ពិនិត្យ​ភាពមិន​ប្រក្រតី​និង ការ​ពិនិត្យ​រកមើល​ជម្ងឺ​មហារីក។ ចំពោះ​ស្ដ្រី​ដែលរៀប​ការ​ហើយ គួរ​ពិនិត្យ​រកមើល​ជម្ងឺ​មហារីក​ជារៀង​រាល់ឆ្នាំ។ មាន​ស្ដ្រី​មួយចំនួន​គ្រូ ពេទ្យ​អាចធ្វើ​ការ​ណាត់​ជួបក្នុង​រយៈពេល​៣ ឬ៦​ខែម្ដង។ នៅមាត់​ស្បូន អាច​មានការ​រលាក​រ៉ាំរ៉ៃ​ឬសង្ស័យ​ថាមាន​កោសិកា​ខុស ប្រក្រតី​កើត​ឡើង។ នៅពេល​មាន​អាយុ​ពី៤០​ទៅ៤៥​ឆ្នាំ ស្ដ្រី​គប្បីទៅ​ពិនិត្យ​រកជម្ងឺ​មហា​រីកមាត់​ស្បូន​ព្រោះ​ជម្ងឺនេះ​អាច​ព្យាបាល​ជា សះ​ស្បើយ នៅពេល​ណាដែល​រកឃើញ​ក្នុងដំ​ណាក់កាល​ដំបូង។ ជា​ពិសេស​ជាងនេះ​ទៅទៀត​នៅពេល​ដែលមាន​អាការ​ដូចជា​ធ្លាក់ស ខ្លាំង មានក្លិន​ស្អុយ មាន​ឈាម​ចេញខុស​ប្រក្រតី មាន​រដូវ​លើសពី​៧ថ្ងៃ​ឬមាន​របួស​នៅអវៈ​យវៈ​ភេទជា​ដើម ស្ដ្រីត្រូវ​ទៅរក​គ្រូពេទ្យ។ ស្ដ្រី​ណាខ្លះ​ដែលត្រូវ​ទៅជួប​គ្រូពេទ្យ

ជា​ទូទៅ​ស្ដ្រី​ដែលទៅ​ពិនិត្យ​សុខភាព​គួរតែ​ស្ថិតនៅ​វ័យ ៖

  • យុវនារី ដែលជា​វ័យបន្ដ​ពូជ គួរចាប់​ផ្ដើមទៅ​ពិនិត្យ​សុខភាព​តាំងពី​ទើបមាន​ការរួម​ភេទ​ដំបូង
  • ស្ដ្រីនៅ​ក្នុងវ័យ​អស់​រដូវ ដូចជា​ក្នុង​ករណី​មាន​ឈាម​រដូវ​ជាថ្មី​បន្ទាប់​ពីការ​បាត់មួយ​រយៈពេល​ហើយនោះ​
  • ស្ដ្រី​ដែលធ្លាប់​ឆ្លងកាត់​ការវះ​កាត់មាត់​ស្បូន
  • ស្ដ្រី​មិនទាន់​រៀបការ​គួរត្រួត​ពិនិត្យ​នៅពេល​មាន​អាយុ៣៥​ឆ្នាំ ឬមុន​នេះ​ប្រសិន​បើមាន​អាការ​ខុសប្រ​ក្រតី។

ការ​ត្រៀម​លក្ខណៈ​មុនពេល​ទៅជួប​គ្រូពេទ្យ

ជា​ធម្មតា នរណា​ក៏ដូច​នរណា​ដែរតែង​តែមាន​អារម្មណ៍​មិនល្អ​នៅពេល​ដែលត្រូវ​ឱ្យ​នរណា​មា្នក់​ឃើញ​ពីអវៈ​យវៈភេទ​របស់ ខ្លួនដែល​ខិតខំ​ហួងហែង​លាក់បាំង​អស់រយៈ​ពេលយ៉ាង​យូរមក​ហើយ​នោះ។ សូម្បីតែ​នៅពេល​ដែលមាន​ការរួម​ភេទលើក​ដំបូង​ជាមួយ មនុស្ស​ដែលខ្លួន​ស្រឡាញ់​ក៏ដោយ កុំថា​ឡើយទៅ​ឱ្យគ្រូ​ពេទ្យ​ពិនិត្យ។ ដូចនេះ​សុភាព​នារី​ទាំងអស់​ត្រូវកាត់​កេរ្ដិ៍កាត់​ខ្មាស ទៅឱ្យ គ្រូពេទ្យ​ពិនិត្យ​ដើម្បី​សុខភាព។ បើ​គ្រូពេទ្យ​នោះជា​ស្ដ្រីដូច​គ្នា​ប្រហែល​ជាការ​អៀនខ្មាស​អាចកាត់​បន្ថយ​បានខ្លះ ផ្ទុយ​ទៅវិញ​បើគ្រូ ពេទ្យជា​បុរស នោះ​ប្រាកដ​ជាមិន​អាច​បរិយាយ​ពី​អារម្មណ៍​បានទេ។ តទៅ​នេះ​គឺជា​ប្រការ​គួរត្រៀម​ខ្លួនមួយ​ចំនួន សម្រាប់​ស្ដ្រីមុន​ពេល ទៅជួប​គ្រូពេទ្យ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. ការត្រៀម​ចិត្ដ កុំខ្មាស​ឱ្យសោះ ត្រូវ​ប្រកាន់​ទស្សនៈ​ថាមុខ​ក្រាស់​ដើម្បី​សុខភាព​ហើយ​គ្រូពេទ្យ​ក៏មាន​ក្រម​សីលធម៌ ច្បាស់​លាស់ មិនអាច​ធ្វើអ្វី​បំពាន​ទៅលើ​អ្នកជម្ងឺ​បានទេ។

2. បន្ទោរ​បង់ឱ្យ​បានរួច​រាល់ សុភាព​នារី​ទាំងអស់​ត្រូវ​បន្ទោរ​បង់តូច​ឬធំ​ឱ្យអស់​ដើម្បី​កុំឱ្យ​មានការ​រំខាន​ដល់ការ​ពិនិត្យ របស់​គ្រូពេទ្យ។

3. ការ​ចងចាំ គ្រប់ស្ដ្រី​ទាំងអស់​នៅពេល​ទៅជួប​គ្រូពេទ្យ ចាំបាច់​ត្រូវចង​ចាំពី​ស្ថានភាព​រដូវ​របស់ខ្លួន​ដូចជា​មានការ​ឈឺ ចាប់​ឬអត់ រដូវ​មកតិច​ឬច្រើន ទៀងទាត់​ឬអត់ រដូវ​ចុងក្រោយ​នៅពេល​ណា មាន​ធ្លាក់ស​ឬទេ​ធ្លាប់​រលូតឬ​រំលូត​កូនទេ សម្រាល ដោយ​វះកាត់ ឬតាម​ធម្មតា​ជាដើម។ ជា​ពិសេស​ទៅទៀត​នោះ បើមាន​ឯកសារ​ពិនិត្យ​និងប្រវត្ដិ​ជម្ងឺ​ពីមុន​មក​ត្រូវ​ប្រមូល​ទៅជា​មួយ ដើម្បី​ងាយស្រួល​ធ្វើរោគ​វិនិច្ឆ័យ។

4. ផ្អាក ដើមី្បឱ្យ​លទ្ធផល​ពិនិត្យ​ល្អ និង​ច្បាស់​លាស់​គួរ​គប្បី​ផ្អាកការ​រួមភេទ​យ៉ាង​ហោច​ណាស់ក៏​មួយយប់​មុនពេល​ទៅ ជួប​គ្រូពេទ្យ ហើយក៏​មិនត្រូវ​ប្រើថ្នាំ​សុល ឬស៊ក​ថ្នាំអ្វី​ផ្សេងទៅ​ក្នុងទ្វារ​មាសក្នុង​រយៈពេល​បីថ្ងៃ​មុន​ពិនិត្យ​ព្រោះអាច​ធ្វើឱ្យ​លទ្ធផល​នៃ ការ​ពិនិត្យ​ថ្លោះ​ធ្លោយ មិនចំ​ទិសដៅ និងមិន​ច្បាស់​លាស់។

5. សម្លៀក​បំពាក់ គ្រប់ស្ដ្រី​ទាំងអស់​នៅពេល​ទៅជួប​គ្រូពេទ្យ​គប្បី​ស្លៀក​សំពត់​ប្រសើរ​ជាង​ស្លៀក​ខោ​ព្រោះអាច​បង្កការ ងាយ​ស្រួល​ដល់ការ​ពិនិត្យ។ ជាងនេះ​ទៅទៀត​ត្រូវធ្វើ​អនាម័យ​ឱ្យបាន​ស្អាត​បាតត្រឹម​ត្រូវ​ចៀសវាង​នាំក្លិន​មិនល្អ​ទៅជួប​ពេទ្យ។

ចំណុច​ដែល​លើកមក​ជម្រាប​ជូនខាង​លើនេះ យើងខ្ញុំ​សង្ឃឹម​ថានឹង​ក្លាយជា​ជំនួយ​ផ្នែក​ស្មារតី​ដល់​សុភាព​នារី​ទាំងឡាយ​ក្នុង ការ​ទៅរក​គ្រូ​ពេទ្យ​រោគស្ដ្រី និង​ប្រការ​គួរយល់​ដឹងមួយ​ចំនួន​ដែល​ចាំបាច់​សម្រាប់​ការថែ​រក្សា​សុខភាព។

ដំបូន្មាន​អ្នក​ជំនាញ

សុភាព​នារី​ត្រូវ​ទទួល​ស្គាល់​ការពិត​អំពី​ភាពមិន​ប្រក្រតី​មួយ​ចំនួន​ទាក់ទង​នឹង​សុខភាព ដែល​ទាមទារ​ឱ្យមាន​ការ​ពិនិត្យ​ដោយ ល្អិតល្អន់​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ។ សូម​កុំឱ្យ​ភាពខ្មាស​អៀន​របស់​លោកស្រី​អ្នកនាង​កញ្ញា​លេប​ត្របាក់​សុខភាព​ឱ្យសោះ។ សូម​គិតថា ធម្មតា​បើមាន​ភាពមិន​ប្រក្រតី​ត្រង់​ចំណុច​ណា គ្រូពេទ្យ​នឹង​ពិនិត្យ​ត្រង់​ចំណុច​នោះមិន​ខាន។ បើ​មិន​ពិនិត្យ​ពេលនេះ ក៏មិន​ប្រាកដ​ថា អាច​គេចពី​ការ​ពិនិត្យ​មួយ​ជីវិត​បានដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative