វិធី​បំបាត់​មុនខ្នង

មុនគឺ​ជាជម្ងឺ​មួយ​ដែល​ជារឿយៗ​កើត​នៅ​លើ​ផ្ទៃមុខ ក៏ប៉ុន្ដែ​មុន​ដែល​ពិបាក​នឹងព្យា​បាល​នេះ​ក៏អាច​កើតនៅ​លើខ្លួន​ប្រាណ ជា ពិសេស​កើត​នៅលើ​ខ្នង​របស់​លោកអ្នក​តែម្ដង។ ប្រសិន​បើ​លោកអ្នក​កើតមុន​ខ្នង​នោះ​វាមាន​ការពិបាក​ក្នុងការ​ថែទាំ និង​ព្យាបាល ព្រោះ​មើល​មិន​ឃើញ។ បើចង់​បំបាត់​នោះ​គឺពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​អ្នកដទៃ ឬអ្នក​ជំនាញ​ដើម្បី​ជាជំនួយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកអ្នក​នឹងអាច​ស្វែង​យល់​ពីវិធី​ទាំង​អស់​នេះ​តាមរយៈ​ការបក​ស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត អ៊ូ សុភាព​អ្នក​ឯកទេស ជម្ងឺ​សើ​ស្បែក​នៃគ្លីនិក​សើស្បែក​វត្ដភ្នំ ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

មុនខ្នង​ជាអ្វី?

មុនខ្នង​មិនខុស​ពីមុន​លើស្បែក​មុខនោះ​ទេ គ្រាន់​តែនៅ​ទីតាំង​ខុសគ្នា​តែប៉ុណ្ណោះ។ ជម្ងឺ​មុនអាច​បណ្ដាល​មកពីការ​រលាក​នៃ រន្ធរោម ឬរន្ធ​ញើស គួបផ្សំ​ជាមួយ​នឹងការ​ស្ទះនៃ​សារ​ធាតុ​ខ្លាញ់​នៅក្នុង​រន្ធរោម​ជាដើម។ ជម្ងឺ​មុននេះ​អាច​ព្យាបាល​បាន បើសិន​កើត ឡើង​ដោយ​សារប្រតិ​កម្មថ្នាំ ឬគ្រឿង​សម្អាង​ផ្សេងៗ ពិបាក​ព្យាបាល​បន្ដិច។

មូល​ហេតុ​កើត​មុនខ្នង

ជម្ងឺមុន​នៅ​លើខ្នង​អាច​កើត​ឡើង​បាន​ដោយសារ​តែកត្ដា​ជាច្រើន​រួមផ្សំ ជាមួយ​នឹងការ​ខ្វះអនាម័យ​ខ្លួន​ប្រាណ។ ជម្ងឺ​នេះមិន ត្រឹម​តែកើត​នៅលើ​ខ្នង​របស់​លោកអ្នក​នោះទេ បើក្នុង​ករណី​ធ្ងន់ធ្ងរ​វាក៏អាច​កើតនៅ​លើដើម​ទ្រូង ក្បាល​ពោះ​និង​ដើមដៃ​ផងដែរ។

1. ជម្ងឺមុន​បង្ក​ដោយ​មេរោគ​ផ្សិត ៖ ដោយ​សារការ​រលាក​កោសិកា​នៅ​បរិវេណ​គល់​រោម​និង​ការរួម​ផ្សំ​ជាមួយ​មេរោគ​ផ្សិត ដែល​អាច​បង្ក​ទៅជា​ពងខ្ទុះ កន្ទួល​តូចៗ និង​មានការ​រមាស់​ខុសពី​មុនដទៃៗ​ទៀត នៅពេល​លោកអ្នក​បែក​ញើស​ឬអាកាស​ធាតុក្ដៅ។

2. ជម្ងឺមុន​បង្ក​ដោយ​សារថ្នាំ ៖ ការប្រើ​ប្រាស់​ថ្នាំគ្រាប់ ឬថ្នាំ​ចាក់​សម្រាប់​ព្យាបាល​ជម្ងឺ​តម្កាត់​ផ្សេងៗ​ដែលមាន​សារធាតុ បំបាត់​ការរលាក​ច្រើន​ពេកនោះ អាចធ្វើ​ឱ្យ​លោកអ្នក​មាន​ជម្ងឺ​មុនខ្នង ដោយ​មាន​កន្ទួល​ក្រហម​តូច ឬធំលាយ​គ្នា។ លោក​អ្នក​មួយ​ចំនួន ប្រើថ្នាំ​ប្រភេទ​នេះជា​ប្រចាំ​សម្រាប់​ព្យាបាល​ជម្ងឺ ដូច្នេះ​ជាការ​ប្រឈមមុខ​ក្នុងការ​បង្កឱ្យ​មានមុន​ខ្នង​ចៀស​មិនរួច​ឡើយ។

3. ជម្ងឺមុន​បង្ក​ដោយ​គ្រឿង​សម្អាង ៖ ការតុប​តែង​ខ្លួន​ដោយ​ការ​ប្រើប្រាស់​ផលិត​ផល​ច្រើន​ប្រភេទ​លាយ​បញ្ចូល​គ្នា​ដូចជា ឡេលាប​ខ្លួន ម្សៅ​លាបមុខ​ជាដើម​ជាបញ្ហា​ចោទ​មួយ​ដ៏សំខាន់​ដែលធ្វើ​ឱ្យស្បែក​ងាយរង​ប្រតិកម្ម​ពី​ផលិតផល​ទាំងនោះ។

វិធី​ព្យាបាល​មុនខ្នង

ដើម្បី​ព្យាបាល​ជម្ងឺ​មុនខ្នង​នេះឱ្យ​បានជា​សះ​ស្បើយ លុះត្រា​តែ​លោកអ្នក​បំបាត់​មូល​ហេតុ​ដែល​បង្ក​ជម្ងឺ​ជាមុនសិន​ព្រោះ​ការ​ព្យាបាល​ត្រូវធ្វើ​ទៅតាម​ប្រភេទ​នៃមូល​ហេតុ​នីមួយៗ​ដែល​បង្ក​ឡើង។

  • ប្រសិន​បើមុនខ្នង​ដែល​បង្ក​ដោយ​សារ​ជម្ងឺ​ផ្សិត ត្រូវ​ព្យាបាល​ជម្ងឺផ្សិត​ជាមុន​សិន​ដោយ​ប្រើរយៈ​ពេល​ប្រមាណ​ជាកន្លះ​ខែ ទើបជា។ បន្ទាប់​ពីជា​សះស្បើយ​ជម្ងឺ​ផ្សិត​ហើយ ទើបចាប់​ផ្ដើមធ្វើ​ការព្យា​បាល​ជម្ងឺ​មុនខ្នង​ដែល​ប្រើរយៈ​ពេល​ប្រហែល​ជា២ទៅ​៣ខែ បន្ថែម​ទៀត។
  • ប្រសិន​បើជម្ងឺ​មុនបង្ក​ដោយ​ការប្រើ​ប្រាស់ថ្នាំ ឬគ្រឿង​សម្អាង​ផ្សេងៗ​ត្រូវតែ​បញ្ឈប់​ការប្រើ​ប្រាស់​ផលិតផល​ទាំង​នោះជា បន្ទាន់។ បន្ទាប់មក​ទើប​ព្យាបាល​ដោយថ្នាំ​លេប ឬលាប​នៅលើ​ស្បែក​ខ្លួន​ហើយ​ចៀសវាង​ការ​ព្យាបាល​ដោយការ​ប្រើ​ថ្នាំចាក់។ ក្នុង ករណី​ចាំបាច់​ត្រូវប្រើ​វិធីចាក់​ថ្នាំនោះ គប្បី​ចាក់នៅ​កន្លែង​ដែល​មានមុន​ធំៗ​តែ​ប៉ុណ្ណោះ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​នៃការ​កើត​មុនខ្នង

មុនខ្នង​គ្រាន់តែ​ជាជម្ងឺ​សើស្បែក​តែ​ប៉ុណ្ណោះ មិនអាច​ធ្វើឱ្យ​លោកអ្នក​បាត់បង់​ជីវិត​ឡើយ​ប៉ុន្ដែ​ក៏មិន​គួរបណ្ដោយ​ឱ្យកើត ហួស​ហេតុ​ពេកទេ។ សុភាពនារី​ភាគ​ច្រើន​តែងតែ​ចូលចិត្ដ​ជ្រើស​រើស​សម្លៀក​បំពាក់​ដែល​បញ្ចេញ​សាច់ខ្នង​ឬសាច់​ដើមទ្រូង ដើម្បី បង្កើន​ភាពសិច​ស៊ី​របស់​ខ្លួន។ ហេតុនេះ​ការមាន​មុនខ្នង​ឬមាន​ស្នាមខ្មៅៗ​ដោយ​សារមុន​ខ្នង​អាចធ្វើ​ឱ្យបាត់​បង់​សម្រស់ និង​ជំនឿចិត្ដ។

វិធី​បង្ការ​មុនខ្នង

ដើម្បី​ការពារ​កុំឱ្យ​កើត​ជម្ងឺមុន​នៅ​លើខ្នង លោកអ្នក​គួរកុំ​ប្រើប្រាស់​នូវគ្រឿង​សម្អាង​អ្វីផ្ដេស​ផ្ដាស​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់ ស្បែក។ ជាពិសេស​លោកអ្នក​គួរ​សម្អាត​ខ្លួនឱ្យ​បានស្អាត​ជាប្រចាំ ដើម្បី​កម្ចាត់​ពពួក​មេរោគ​ទាំង​ឡាយ​លើស​ពីនេះ​គួរកុំ​ប្រើថ្នាំ​គ្រាប់ ឬថ្នាំ​ចាក់ណា​ដែលមាន​សារធាតុ​បំបាត់​ការ​រលាក ដោយ​មិនមាន​វេជ្ជបញ្ជា​ពីគ្រូពេទ្យ​ជំនាញ​ត្រឹមត្រូវ។

ដំបូន្មាន​អ្នក​ប្រឹក្សា

លោក​អ្នកគួរ​តែមាន​ការសម្អាត​ខ្លួនឱ្យ​បានញឹក​ញាប់ និង​មិនគួរ​ប្រើប្រាស់​ផលិតផល​សម្អាង​លាយគ្នា​ច្រើន​មុខ​សម្រាប់​លាប លើ​ស្បែក​ឡើយ។ ជាពិសេស ប្រសិន​បើ​ដឹងថា​ខ្លួន​មានមុន​នៅលើ​ខ្នង ឬ​ដើមទ្រូង​ហើយ​នោះ​គួរប្រញាប់​មកជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​រកមូល​ហេតុជម្ងឺ និង​ធ្វើការ​ព្យាបាល​ឱ្យបាន​ទាន់​ពេល​វេលា។ ចៀសវាង​ការកេះ​ឬញិច​មុនដែល​ធ្វើឱ្យ​ក្លាយ​ពិបាក នឹង​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative