ជ្រូកក្រហម​​​មាន​​​ប្រភព​​​ពី​​​ប្រទេស​​​សៀម​​​វាយលុក​​​ទីផ្សារ​​​តំបន់​​​ទេសចរណ៍​​​ខេត្ដសៀមរាប

ជ្រូក​ក្រហម​មាន​ប្រភព​ពី​ប្រទេស​សៀម​ ​កំពុង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​មក​កាន់​ទី​ផ្សារ​ទេស​ចរណ៍​ខេត្ដ​សៀម​រាប​ ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ក្រុម​ហ៊ុន​ចំនួន​ពីរ​ ​និង​កំពុង​តែ​ធ្វើ​ឱ្យ​កសិករ​បោះ​បង់​ចោល​ការ​ចិញ្ចឹម​ជ្រូក​ហើយ​។ ​ចំណែក​ឯ​កសិដ្ឋាន​ ​ចិញ្ចឹម​ជ្រូក​ខ្នាត​តូចៗ​ក្នុង​តំបន់​មួយ​ចំនួន​កំពុង​ប្រឈម​ទៅ​នឹង​ការ​ដួល​រលំ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ​បើ​សិន​ជា​ពុំ​មាន​វិ​ធាន​ការ​ទប់​ ​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​ទេ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រ​ធាន​កា​រិ​យា​ល័យ​ប​សុសត្វ​ខេត្ដ​សៀមរាប​ ​លោក​ ​ព្រំ​ ​វិច​ ​បាន​ឱ្យ​ដឹង​កាល​ពីរ​សៀល​ថ្ងៃ​ទី២​០​ខែ​មករា​ថា​​បច្ចុប្បន្ន​នេះ​ ​មាន​ក្រុម​ហ៊ុន​ចំនួន​ពីរ​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​នាំ​ជ្រូក​រស់​ពី​ប្រទេស​សៀម​ចូល​មក​កាន់​ទីផ្សារ​ទេសចរណ៍​ខេត្ដ​សៀមរា​ប​គឺ​ ​១-​ក្រុម​ហ៊ុន​ ​ចន្ធូ​មាន​​ជ័យ​ ​ដែល​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង​ពីរ​ខែ​មក​ហើយ​ ​មាន​សិទ្ធិ​នាំ​ចូល​ជ្រូក​ពី​សៀម​១០០​ក្បាល​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ម្ដង​។​ ចំណែក​ឯ​ក្រុម​ហ៊ុន​មួយ​ទៀត​ ​គឺ​ក្រុមហ៊ុន​ថូ​គឹម​ស្រៀង​ ​ទើប​តែ​ដំណើរ​ការ​បាន​រយៈ​ពេល​មួយ​ខែ​ ​អាច​នាំ​ចូល​ជ្រូក​ចំនួន​ ​១០០ក្បាល​ក្នុង​ពីរ​ថ្ងៃ​ដូច​គ្នា​។​ ​លោក​បាន​បន្ដ​ថា​មូល​ហេតុ​ដែល​លោក​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​សៀម​ចូល​មក​ទីផ្សារ​ ​សៀមរាប​យ៉ាង​ដូច្នេះ​ ​ដោយ​សារ​តែការ​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​តំបន់​មិន​អាច​ផ្គត់​ផ្គង់​តាម​តម្រូវ​ការ​ទីផ្សារ​ ​បន្ទាប់​ពី​ប្រទេស​កម្ពុជា​ជួប​វិបត្ដិ​ ​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​កាល​ពី​កំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ។​

លោកប្រ​ធានការិយាល័យបន្ដ​ថា ​ក្រៅ​ពី​ជ្រូក​នាំ​ចូល​ដោយ​ក្រុម​ហ៊ុន​ទាំង​ពីរ​ខាង​លើ​ ​នៅ​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំៗ​ ​ចំនួន​ពីរ​ទៀត​របស់​ក្រុមហ៊ុន​ស៊ីភី​ ​ដែល​មាន​ថៅកែ​ជាជន​ជាតិសៀ​មនៅ​ឯស្រុក​បន្ទាយ​ស្រី​ ​និងស្រុក​អង្គរធំ​។ ​ទន្ទឹម​នឹង​នោះ​ក៏​មាន​ ​កសិដ្ឋាន​តូចៗ​របស់​ខ្មែរ​យើង​ប្រមាណ​ជាង​២០០​ក្បាល​ជ្រូក​ក្នុង​មួយ​ថ្ងៃៗ​ ​និង​ប្រមាណ​ជាង​១០០​ក្បាល​ផ្សេង​ទៀត​សម្រាប់​ស្រុក​១១​​របស់​ខេត្ដ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​នាំចូល​ពីប្រទេស​សៀម​នោះ​ ​ដាច់​ខាត​ត្រូវ​តែមាន​លិខិត​ពីនាយក​ដ្ឋាន​ផលិត​កម្ម​ ​បសុព្យា​បាល​ នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ ​និង​មាន​លិខិត​បញ្ជាក់​ឱ្យបាន​ត្រឹមត្រូវ​ពីប្រទេស​សៀម​អំពី​គុណ​ភាព​ ​ហើយ​ ​ពេល​ដឹក​មក​ដល់​គោល​ដៅ​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​ពី​ពេទ្យ​សត្វ​របស់​យើង​មុន​នឹង​ចូល​ទៅ​កាន់​ទី​សត្ដ​ឃាត​។​

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ​ការ​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​នាំ​ជ្រូក​ពី​ប្រទេស​សៀម​យ៉ាង​ច្រើ​ន​ ​ចូលវាយ​លុក​ទីផ្សារ​ក្នុង​ស្រុក​បែប​ ​ហ្នឹង​ ​បាន​ធ្វើឱ្យ​ប្រជាក​សិករ​មួយ​ចំនួន​ដែល​មាន​មុខ​របរ​ចិញ្ចឹម​ជ្រូក​លក់​កំពុង​តែ​ប្រឈម​ទៅនឹង​ការ​ដួល​រលំ​ជា​បណ្ដើរៗ​ ​ដោយ​សារ​តែ​ ​មិន​អាច​មាន​លទ្ធភាព​ប្រកួត​ប្រជែង​តម្លៃ​ក្នុង​ទីផ្សារ​បាន​។ ​ការ​បោះបង់​ចោល​នូវ​ការ​និយម​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ក៏​បាន​ធ្វើ​ឱ្យ​ ក្រុម​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​មាន​មុខ​របរ​ដឹក​កូន​ជ្រូក​លក់​ទៅ​ឱ្យ​កសិករ​នៅ​ក្នុង​ភូមិ​នានា​ត្រូវ​ជួប​វិបត្ដិ​ធ្ងន់ធ្ងរ​ដូចគ្នា​ដែរ​ ​ដោយសារ​ ​គ្មាន​ការ​បញ្ជា​ទិញ​ដូច​ពី​ពេល​មុន​ៗ។​ ​ជាមួយ​កូន​ជ្រូក​តូចៗ​ប្រមាណ​ជាជាង​១០​ក្បាល​កំពុង​បញ្ចេញ​សម្លេង​យំយ៉ាង​ទ្រហឹង​នៅក្នុង​ទ្រុង​ ​ដឹក​តាម​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង​ បុរស​វ័យ​ប្រមាណ​ជាង​៥០​ឆ្នាំ​ឈ្មោះ​ យ៉យ​ ​សុង​ ​ជា​អ្នក​លក់​កូន​ជ្រូក​តាម​ភូមិ​នានា​ក្នុង​ស្រុក​បាគង​បាន​ ​ត្អូញ​ត្អែរ​ដែរ​ថា​ ​ចំណូល​ប្រចាំ​ថ្ងៃ​របស់​គាត់​ស្ទើរ​តែ​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង​ចាប់​តាំង​ពី​ប្រជា​ពល​រដ្ឋ​លែង​និយម​ចិញ្ចឹម​ជ្រូក​នៅ​តាម​ផ្ទះ។​ បុរសរូប​នេះ​បាន​​បន្ដ​ទៀត​ថា ​កាល​ពី​មុន​គាត់​អាច​ទិញ​ចំណូល​បាន​ចាប់​ពី​ប្រាំ​ពីរ​ម៉ឺន​ទៅ​ដប់​ម៉ឺន​រៀល​ពី​ការ​លក់​កូន​ជ្រូក​១០​ទៅ​១៥​ ​ក្បាល​ក្នុង​មួយ​ថ្ងៃៗ​។​​ ​តែបច្ចុប្បន្ន​នេះមាន​ថ្ងៃខ្លះ​ខាត​ដើម​ក៏មាន​ដែរ​ ​ព្រោះកសិករ​ខ្លះសុខ​ចិត្ដទុក​ទ្រុង​នៅទំនេរ​មិន​ទិញ​កូន​ជ្រូក​ចិញ្ចឹម​ ដោយសារ​តែខ្លាច​ខាត​ចុង​ខាត​ដើម​ដូច​គ្រាកន្លង​ទៅ។​

ចំណែក​ឯលោក ស្រេង សិលា ​រស់​នៅ​ភូមិ​ជ្រាវ​ ​សង្កាត់​ជ្រាវ​ ​ក្រុង​សៀម​រាប​ ​ជាអ្នក​ទិញ​ជ្រូក​មក​កាប់​ចែក​ចាយ​ទៅ​ឱ្យ​ ​អា​ជីវ​កម្ម​លក់​សាច់​ជ្រូក​ក្នុង​ទីផ្សារ​នានា​នៃ​ក្រុង​សៀម​រាប​បាន​លើក​ឡើង​ថា​ ​បច្ចុប្បន្ន​ការ​ប្រមូល​ទិញ​ជ្រូក​រស់​នៅ​ក្នុង​តំបន់​មាន​ការ​ ​លំបាក​ជាង​មុន​ ​ដោយ​សារ​តែ​ចំនួន​ប្រជា​ពល​រដ្ឋ​ចិញ្ចឹម​ជ្រូក​មាន​ការ​ថយ​ចុះ​។​ ​ហើយ​ពេល​នេះ​គាត់​បាន​ប្ដូរ​ទិញ​ជ្រូក​ពី​ក្រុម​ហ៊ុន​នាំ​ចូល​ពី​ ​ប្រទេស​សៀម​ម្ដង​គឺ​ពីរ​ថ្ងៃ​លោក​ទិញ​៥០​ក្បាល​សម្រាប់​កាប់​ចែក​ចាយ​។​ ​លោក​បាន​បន្ដ​ទៀត​ថា​ ​ជ្រូក​នាំ​ចូល​មាន​គុណ​ភាព​ល្អ​ជាង​ជ្រូក​ ​ចិញ្ចឹម​នៅក្នុង​ស្រុក​ ហើយ​ជ្រូក​រស់​នាំ​ចូល​ទិញ​ក្នុង​តម្លៃ​ចាប់​ពី​៨.៧០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ ​ថ្លៃ​ជាង​ជ្រូក​រស់​ក្នុង​ស្រុក​ជាង​១.០០០​ ​រៀល​។

សូម​រម្លឹក​ដែរ​ថា​ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​ ​កាល​ពី​កំ​ឡុង​ ​ពាក់​កណ្ដាល​ឆ្នាំ​២០១០​កន្លង​ទៅ​ ​ធ្លាប់​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ទប់​ស្កាត់​ការ​នាំ​ជ្រូក​ចូល​ជា​បណ្ដោះ​អាសន្ន​ ​ដើម្បី​ការពារ​ការ​ឆ្លង​ជម្ងឺ​ជ្រូក​ត្រចៀក​ខៀវ​ ​និង​ជម្ងឺ​ផ្ដា​សាយ​ជ្រូក​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative