វិធី​ធ្វើច្រមុះ​ឱ្យស្រួច

ជាមួយ​ទីតាំង​ដ៏លេច​ធ្លោ​នៅ​កណ្ដាល​ផ្ទៃមុខ​គ្មានអ្វី​ស្រស់​ស្អាតស្មើ​នឹង​លោកអ្នក​មាន​ច្រមុះ​ស្រួច​ដែល​ធ្វើឱ្យ​សម្រស់​របស់ លោកអ្នក​ត្រូវបាន​កើន​ឡើង​មួយ​កម្រិត។ ហេតុនេះ​ហើយ​សម្រាប់​លោកអ្នក​ដែល​មិនមាន​ច្រមុះ​សម​សួន​បាន​ស្វែងរក​ទីកន្លែង​កែ សម្ផស្ស​នានា ដើម្បី​កែខៃ​ច្រមុះ​របស់​ខ្លួនឱ្យ​បាន​ស័ក្ដិសម និង​កាន់តែ​មាន​សោភ័ណ​ភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ធ្វើការ​ស្វែង​យល់​អំពី​វិធី​កែច្រមុះ​ឱ្យស្រួច​នេះ​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​លោក ស្រី ហេង យ៉ុង នាយិកា​ហាង​សាលី​ណា​កែ​សម្ផស្ស។

វិធី​កែ​ច្រមុះ​ស្រួច

វិធី​កែ​ច្រមុះ​ឱ្យស្រួច​ជាបច្ចេក​ទេស​មួយ​សម្រាប់​កែ​ច្រមុះ ដែល​មាន​លក្ខណៈ​ធំគល់​ខ្លាំង​ឬ​ច្រមុះ​មានរាង​សំប៉ែត​គ្មានខ្ទង់ ជា ហេតុ​នាំឱ្យ​ទម្រង់​មុខ​លោកអ្នក​មិនស្អាត។ មនុស្ស​គ្រប់រូប ទាំង​ស្រីទាំង​ប្រុស ដែល​កែ​ច្រមុះ​តែង​តែចង់​ឱ្យ​ច្រមុះ​របស់​ខ្លួន​មាន​ខ្ទង់​ស្រួច និង​សម​សួន។ ប៉ុន្ដែ​ក្នុង​នោះ​ក៏មាន​មនុស្ស​មួយ​ចំនួន​កែ​ច្រមុះ ដើម្បី​លើក​រាសី​ផង​ដែរ។

នាពេល​បច្ចុប្បន្ន​នេះ ការកែ​ច្រមុះ​កំពុង​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់វ័យ។ ដើម្បី​ធ្វើឱ្យ​ច្រមុះ​ស្រួច​ស្អាត​នោះ​លោក​អ្នក ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ជាមុនសិន ថាតើ​គួរកែ​លើចំណុច​ត្រង់​ណា​ដើម្បី​ឱ្យ​ស័ក្ដិសម​ទៅ​តាម​ទម្រង់​មុខ។ សម្រាប់ លោកអ្នក​ដែល​គ្មាន​ខ្ទង់​ច្រមុះ ត្រូវ​ធ្វើការ​វះកាត់​តូចមួយ ដើម្បី​ដាក់​ចូលនូវ​វត្ថុ​ម្យ៉ាង មាន​លក្ខណៈ​ទន់ៗ​ដូចជា​កៅស៊ូ​ទៅ​បន្ថែម​ខ្ទង់ ច្រមុះ​ធ្វើឱ្យ​ច្រមុះ​មាន​ខ្ទង់​ស្រស់​ស្អាត។ ការវះកាត់​ដើម្បី​ដាក់ជរ័​នេះមាន​រយៈ​ពេលខ្លី​ប្រហែល​៦នាទី​តែ​ប៉ុណ្ណោះ។ វិធី​វះកាត់​ដោយ ដាក់​ខ្ទង់​ច្រមុះ​សិប្បនិម្មិត​នេះមិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​សុខភាពឡើយ​ជាពិសេស​ដាក់​ហើយ អាច​ដក​ចេញ​បានជា​ធម្មតា។

ក្រៅ​ពីធ្វើឱ្យ​ផ្ទៃមុខ​គួរជាទី​គយគន់​ហើយ ការ​ដាក់​ខ្ទង់​ច្រមុះ​សិប្បនិម្មិត​អាច​ជួយ​ការពារ​គ្រោះ​ថ្នាក់​ដែល​ប៉ះទង្គិច​ទៅលើ​ខ្ទង់ ច្រមុះ ហើយ​មិនធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឆ្អឹង​ច្រមុះ​ធម្មជាតិ​បានផង​ដែរ។

របៀប​ថែទាំ​សុខភាព​ក្រោយ​ពេល​វះកាត់

បន្ទាប់​ពីធ្វើ​ការ​វះកាត់​ដាក់​ខ្ទង់​ច្រមុះ​ហើយ លោកអ្នក​ត្រូវតម​មិន​ឱ្យប៉ះ​ទឹក​នៅត្រង់​កន្លែង​ដែល​បានវះ​នោះ​ឡើយ​ដើម្បី​ចៀស​វាង​នូវការ​ឆ្លង​មេរោគ​នានា។ ក្រៅពី​នោះ លោកអ្នក​ត្រូវតម​អាហារ​មួយ​ចំនួន ដែល​អាចនាំ​ឱ្យ​ស្បែក​ក្លាយ។

ដំបូន្មាន​អ្នក​ប្រឹក្សា

មុននឹង​សម្រច​ចិត្ដកែ​ច្រមុះ លោកអ្នក​គួរធ្វើ​ការ​ពិចារណា​ឱ្យបាន​ល្អិត​ល្អន់។ គួរស្វែង​រកសេវា​ណាគួរ​ទុកចិត្ដ​ដើម្បី​ចៀស​វាង នូវការ​ធ្វើឡើង​វិញជា​ច្រើន​លើក​ច្រើន​សារ ដែលនាំ​ឱ្យខាត​បង់​ថវិកា​ឥត​ប្រយោជន៍។ មិនតែ​ប៉ុណ្ណោះ​ផ្ទៃមុខ​លោកអ្នក​អាច​បាត់បង់ សោភ័ណភាព​លើស​ដើម​ដោយកា​ធ្វើមិន​ស័ក្ដិសម។

បណ្ដាំ​ផ្ញើរ​បស់​ទស្សនា​វដ្ដី

ចំណេះ​ដឹង និង​ការ​លើក​ឡើង​ខាង​លើនេះ ជាបទ​ពិសោធន៍​របស់​អ្នក​ប្រឹក្សា។ សូម​លោកអ្នក​ធ្វើតាម​អ្វីដែល​លោកអ្នក​គិត ថាល្អ​មាន​សុវត្ថិភាព​បានហើយ។ ទស្សនាវដ្ដី សុខភាពយើង​សូម​ផ្ដាំផ្ញើ​ឱ្យ​លោកអ្នក​អានទៅ​ទទួល​ការវះ​កាត់​កែសម្ផស្ស​នៅ​កន្លែង ដែល​ទទួល​ការអនុញ្ញាត​ដោយ​ក្រសួង​សុខាភិបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative