រត់លឿន ជួយ​សម្រក​ទម្ងន់

រត់លឿន គឺជា​កីឡា​មួយ​ប្រភេទ​ដែល​មានការ​ចាប់​អារម្មណ៍​ពី​ប្រជាពល​រដ្ឋ​ទូទៅ​ដែល​និយម​ហាត់កីឡា។ កីឡា​​​​រត់លឿន មាន​​​​សារៈសំខាន់​ធ្វើឱ្យ​រូបរាង​កាយ​មាំមួន សម្រស់​ស្រស់ស្អាត និងសុខ​ភាពល្អ។ ជា​ពិសេស​​​​សម្រាប់​អ្នក​​​ដែល​មាន​​​​ទម្ងន់ធ្ងន់ និងចង់​សម្រក​រាងកាយ​ឱ្យបាន​សមសួន។ ប៉ុន្ដែ​​​​លោកអ្នក​​​​មិនអាច​​​​ហាត់​​​​កីឡា​​​​នេះ​​​បាន​តាមចិត្ដ​នឹកឃើញ​នោះទេ ចាំបាច់​ត្រូវស្វែង​យល់ឱ្យ​ច្បាស់លាស់​​​មុន​​​​នឹង​​​​ហាត់​ទើបល្អ​ប្រសើរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកឡុង ស៊ីវ៉ាន់ ប្រធាន​ចាត់ការ​ទូទៅ​ក្លឹបកីឡា វីអាយភី អំពី​របៀប​ហាត់នៃ​កីឡា​រត់លឿន និងអត្ថ​ប្រយោន៍​របស់វា។

រត់លឿន ជាអ្វី?

រត់លឿន​ជាការ​ធ្វើ​ចលនា​បម្លាស់​ទីពី​កន្លែង​មួយទៅ​កន្លែង​មួយទៀត​ដោយ​កាយវិការ​ឆ្ពោះទៅ​រកគោល​ដៅ​ដើម្បី​សម្រេច​គោល​បំណង​ក្នុងការ​រត់។ កីឡា​នេះអាច​ជួយឱ្យ​សរសៃ​ឈាម​ដើរបាន​ល្អ ជំនួយ​ស្មារតី​ចង់ចាំ និងរក្សា​ទម្ងន់ដង​ខ្លួនបាន​ស្ថិតស្ថេរ។

របៀប​រត់លឿន

ពេល​ដំបូង​លោកអ្នក​គ្រាន់តែ​កំណត់​ទិសដៅ​ច្បាស់លាស់ ចាំបាច់​ត្រូវដឹង​ពី​សមត្ថភាព​របស់ខ្លួន​ជាមុនសិន ដើម្បី​រត់ដល់​គោល ដៅ។ ពេលរត់​ត្រូវមាន​សម្លៀក​បំពាក់​តាមបែប​កីឡា ដូចជា​អាវយឺត​ដៃខ្លី ឬវាល​ក្លៀក ខោស្លៀក​ជើងខ្លី​(សាច់​ក្រណាត់​ធម្មតា)​ត្រូវពាក់​ទ្រនាប់​ជើងបាត​រាបស្មើ​(ប៉ាតា)​ជាដើម។ សូម​ជ្រើសរើស​យកទី​កន្លែងណា​ដែលមាន​ចម្ងាយ​រាងឆ្ងាយ​បន្ដិច និង​ទីកន្លែង សមរម្យ​(គ្មាន​ឧបសគ្គ)។ ការរត់​នេះទៀត​សោត លោកអ្នក​គួរឈាន​ជើងឱ្យ​មាន​ទំហំ​រាងឆ្ងាយ​ពីគ្នា​បន្ដិចទើប​ប្រសើរ។

អ្នកដែល​គួរហាត់​រត់លឿន

រត់លឿន​ជាកីឡា​មាន​លក្ខណៈ​ជាអាជីព​ផង ជាបែប​កម្សាន្ដ​រត់​ដើម្បី​សុខភាព​ផង។ អ្នកដែល​និយម​ហាត់ភាគ​ច្រើនជា​មនុស្ស​មានកម្លាំង​មាំមួន ទើបមាន​ដំណើរ​ការរត់​បានល្អ​មិនប៉ះ​ពាល់ដល់​សុខភាព។ ផ្ទុយ​មកវិញ​ចំពោះ​មនុស្ស​ធាត់ខ្លាំង មិនគួរ​ហាត់ កីឡា​នេះទេ​ព្រោះអាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​បណ្ដាល​ឱ្យដាច់ ឬដាច់​ជាតិខ្លាញ់​នៅក្នុង​ក្បាលពោះ​ដែលបង្ក​ផលវិបាក​ដល់​សុខភាព។ ចំពោះអ្នករត់ជាអាជីពភាគច្រើនជាវ័យរាងចំណាស់ ចំណែកវ័យជំទង់រត់ដើម្បីសុខភាព។

ពេលវេលា​សម្រាប់​រត់លឿន

មុនពេល​លោកអ្នក​ហាត់កីឡា មិនត្រូវ​ទទួល​ទាន​អាហារ​ច្រើនឡើយ​អាច​ទទួល​ទានចេក​មួយផ្លែ ឬទឹក​មួយកែវ ដើម្បី​ជួយ​សម្រួល​ដល់​បំពង់ក និងសម្រួល​កម្លាំង។ ពេលវេលា​នៃការ​រត់លឿន​អំណោយ​ផលល្អ​បំផុតគឺ​ពេលព្រឹក ព្រោះ​វេលានេះ​អាចជួយ​កាត់​បន្ថយ​អាហារ​ពេលល្ងាច​ដែល​សម្បូរ​ទៅដោយ​កាឡូរី​ខ្ពស់នៅ​សេសសល់។ សម្រាប់​ពេលល្ងាច កីឡា​រត់លឿន​អាចជួយ​កាត់បន្ថយ​ភាព តានតឹង​ក្នុង​អារម្មណ៍​ក្រោយពី​បាន​បំពេញ​ការងារ​ពេញមួយ​ថ្ងៃ។ ជា​ពិសេស​អាច​បណ្ដេញ​ជាតិពុល​នៅក្នុង​សព៌ាង្គកាយ និង​ជួយកាត់ បន្ថយ​ជាតិខ្លាញ់​នៅក្នុង​ខ្លួនបាន​យ៉ាងល្អ។

ផល​ប្រយោជន៍​របស់​កីឡា​រត់លឿន

រត់លឿន​ជួយឱ្យ​រាងកាយ​របស់​លោកអ្នក​មានភាព​ស្រស់ថ្លា ជួយ​សម្រួល​សរសៃ និង​សម្រួល​ចលនា​ក្នុងខ្លួន។ រត់លឿន​មាន​ផល​ប្រយោជន៍​បាន​អាស្រ័យ​ទៅលើ​ពេល​វេលា​នៃការ​ហាត់ ជាតិខ្លាញ់​នៅក្នុង​ខ្លួនអាច​រលាយ​ទៅតាម​កម្រិត​នៃការរត់​របស់លោក អ្នក។ ប៉ុន្ដែ​បើ​លោកអ្នក​ចំណាយ​ពេលហាត់​ប្រហែល​១៥ទៅ​២០នាទី​ក្នុង​មួយថ្ងៃ កីឡានេះ​អាចជួយ​កម្ដៅ​សាច់ដុំ​ឱ្យធ្វើ​ចលនា​បាន ស្រួល ជួយ​សម្រួល​ចលនា​បេះដូង​និង​សរសៃ​ឈាម​ដើរស្រួល សមស្រប​ជាមួយ​អ្នកដែល​សម្បូរ​ក្បាលពោះ ខ្លាញ់​ច្រើននៅ​ក្នុងក្បាល ពោះ​និង​លោកអ្នក​ដែលមាន​បញ្ហា​បេះដូង​អាចជួយ​កាត់បន្ថយ​ជម្ងឺ​ទាំងអស់​នោះបាន។ ជា​ពិសេស​ទៅទៀត​គឺជួយ​រក្សារាង បញ្ចុះ​ទម្ងន់ និងរក្សា​ទម្ងន់​បានល្អ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​រំខាន​របស់​កីឡា​រត់លឿន

ជា​ធម្មតា​កីឡា​តែងតែ​នាំមក​នូវសុខ​ភាពល្អ ទន្ទឹម​នឹងនោះ​កីឡាក៏​ប៉ះពាល់​ដល់​សុខភាព​ខ្លះផង​ដែរ ប្រសិន​បើហាត់​ហួស កំណត់​មិន​ប្រមាណ​កម្លាំង។ ម្យ៉ាងទៀត​កីឡា​រត់លឿន​ក៏មាន​បញ្ហាដែរ ប្រសិន​បើមិន​គោរព​តាមបទ​បញ្ជា​ត្រឹមត្រូវ។ ការរត់​លឿន​ទាមទារ​នូវការ​គោរព​បទបញ្ជា​និងស្លៀក​ពាក់ឯក​សណ្ឋាន​ត្រឹមត្រូវ​ដើម្បី​បង្កជា​លក្ខណៈ​ងាយស្រួល​បំផុត​ក្នុង​ការរត់។ បើមិន​ដូច្នេះ ពេលរត់ អាច​ជំពប់​ជើងដួល​ឬរបូត​ស្បែកជើង​ពាក់​កណ្ដាល​ទី។ ពេលរត់ មិនត្រូវ​បញ្ឈប់​ពាក់​កណ្ដាល​ទីឡើយ ព្រោះអាច​ធ្វើឱ្យស្ទះ សរសៃ​ឈាម​ដើរមិន​បានល្អ។ បើ​លោកអ្នក​ត្រូវការ​ឈប់​សូម​បន្ថយ​ល្បឿន​ដោយ​សន្សឹមៗ​មុននឹង​សម្រាក។

ដំបូន្មាន​អ្នកប្រឹក្សា

កីឡា​គ្រប់​ប្រភេទ​មានគុណ​ប្រយោជន៍​ទាំងអស់។ សូម​ជ្រើសរើស​កីឡា​ប្រភេទ​ណាក៏​បានឱ្យ​តែ​សក្ដិសម​ទៅនឹង​កម្លាំង ចំណង់​ចំណូល​ចិត្ដ​របស់​លោកអ្នក។ ម្យ៉ាងទៀត​ដើម្បីឱ្យ​ការហាត់​ទទួល​បានលទ្ធ​ផលល្អ ជោគ​ជ័យ​ចាំបាច់​ត្រូវ​គោរព​បទបញ្ជា​ឱ្យបាន ត្រឹមត្រូវ​និង​ហាត់ទៅ​តាមក្បួន​ខ្នាតរបស់​កីឡា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative