សារធាតុ​​​អាហារ​​​បំប៉ន ៖ និយមន័យ និង​​​ចំណាត់ថ្នាក់

​មនុស្ស​ទទួល​ទាន​រៀង​រាល់​ថ្ងៃ​ ​ដើម្បី​រស់​រាន​មាន​ជីវិត​។ ​មនុស្ស​ដឹង​ថា​ ​​បើមិន​ទទួល​ទាន​អាហារ​ ​អាច​ស្លាប់​បាត់​បង់​ជី​វិត​។​ ​ប៉ុន្ដែ​មាន​មនុស្ស​មិន​ច្រើន​នាក់​នោះ​ទេ​ ​ដែល​យល់​ដឹង​អំពី​សារ​ធាតុ​អាហារ​ទាំង​នេះ។ ​ដើម្បី​ផ្ដល់​ការ​យល់​ដឹង​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​សូម​​បន្ដ​​អាន​ទស្សនា​វដ្ដី​ ​សុខភាពយើង​ ​ដែល​ធ្លាប់​បាន​លើក​មក​ជម្រាប​ជូន​អំពី​ជាតិ​វីតា​មីន​ ​ជា​កិច្ច​បន្ទាប់​បន្ដ​លើក​អំពី​សារ​ធាតុ​បំប៉ន​ផ្សេង​ទៀត​​គឺជាតិ​រ៉ែខ​និជ​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្វីទៅជាសារធាតុអាហារ?

បច្ចុប្បន្ន​នេះ​ ​វិទ្យាសាស្ដ្រ​មាន​ការ​ជឿន​លឿន​។ ​អ្នក​ជំនាញ​ខាង​អាហា​រូបត្ថម្ភ​បាន​ផ្ដល់​យោ​បល់​ ​ឬ​អនុសាសន៍​ឱ្យ​ធ្វើ​ការ​បែង​ ​ចែក​ចំណី​អាហារ​ដែល​យើង​ទទួល​ទាន​ផ្ដល់​ជា​សារ​ធាតុ​អាហារ​២​ក្រុម​ធំ​ៗ​គឺ​សារ​ធាតុ​អាហារ​ចិញ្ចឹម​ ​និង​សារ​ធាតុ​អាហារ​បំប៉ន​។​ សារ​ធាតុ​អា​ហារ​ចិញ្ចឹម​ ​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​សារ​ធាតុ​អា​ហារ​ធំ​គឺ​សំ​ដៅ​ទៅ​សារ​ធាតុ​ក្លុយ​ស៊ីដ​(ស្ករ​)​ ​ប្រូតេអ៊ីន​ ​ឬ​ប្រូទីដ​(សាច់)​ ​និង​ ​សារ​ធាតុ​លីពីដ​(ខ្លាញ់)​។ ​រីឯ​សារ​ធាតុ​អាហារ​បំប៉ន​ឬ​សារ​ធាតុ​អាហារ​តូច​ គឺ​ជា​សារ​ធាតុ​អាហារ​ដែល​មាន​ឈ្មោះ​ក្រៅ​ពី​សារ​ធាតុ​ ​អា​ហារ​ចិញ្ចឹម​ទាំង​បី​នេះ​ ​ពោល​គឺ​សំដៅ​សារ​ធាតុ​វី​តា​មីន​ ​រ៉ែខ​និជ​ ​អាស៊ីដ​ខ្លាញ់​ ​និង​អាស៊ីត​អា​មី​នេ​។​ ​សារ​ធាតុ​បំប៉ន​ទាំង​នេះ​ ​មាន​បរិមាណ​តិច​តួច​ណាស់​នៅ​ក្នុង​ខ្លួន​ ​ឬតម្រូវ​ការ​របស់​មនុស្ស​ ​តែ​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​សព៌ាង្គ​កាយ​ ​ប្រយោជ​ន៍​ ​បម្រើ​សព៌ាង្គកាយ​បាន​ប្រសើរ​ និងរស់​រាន​មាន​ជីវិត​ ​មាន​សុខភាពល្អ​។​ ​ជួន​កាល​យើង​ប្រទះ​ឃើញ​សារធាតុ​បំប៉ន​ ​ឬ​សារ​ធាតុ​អាហារ​ តូច​ឬ​សារធាតុ​កម្រ​ផ្សេង​ទៀត​ជា​ច្រើន​មុខ​នៅ​ក្នុង​រាង​កាយ​ ​ដែល​មាន​តួ​នា​ទី​ពិ​សេស​ណា​មួយ​។​ ​ជាឧទាហរណ៍​សារ​ធាតុ​ផ្លា​វ៉ូ​ណូ​អ៊ីដ​ ត្រូវបាន​ធ្វើ​ចំណាត់​ថ្នាក់​ជា​សារ​ធាតុ​ប្រឆាំង​អុកស៊ី​ដ​កម្ម​​ ​​ឬ​អង់ទី​អុក​ស៊ី​ដង់​ ​ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​ការ​ឆាប់ចាស់​។ ​សារ​ធាតុ​ទាំង​ ​នេះ​ ​ប្រៀប​បាន​នឹង​ពល​ទាហាន​យ៉ាង​ស្មោះ​ស្ម័គ្រ​ ​តាម​ឃ្លាំ​មើល​ការពារ​សព៌ាង្គកាយ​រៀង​រាល់​វិនាទី​។​

សារធាតុអាហារបំប៉នមានអ្វីខ្លះទៅ?

សារធាតុ​អាហារ​បំប៉ន​ ​គឺ​ជា​សារ​ធាតុ​អាហារ​ឬ​សារធាតុ​គីមី​ដែល​មាន​បរិមាណ​តិច​ឬ​តម្រូវ​ការ​តិច​នៅ​ក្នុង​សព៌ាង្គ​កាយ​ ​អាច​ ​ហៅថា​​ជា​សារ​ធាតុ​អាហារ​តូច​ ​ឬ​សារ​ធាតុ​កម្រ​ផង​ដែរ​។​ ​បើ​ធ្វើ​ការ​ប្រៀប​ធៀប​ជា​មួយ​ទម្ងន់​ខ្លួន​ទាំង​មូល​ ​វា​មាន​បរិមាណ​តិច​តួច​ ​ឬ​តូច​មែន​ទែន​ ​ត្រឹម​តែ​០,០០១%​នៃ​ទម្ងន់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ​ហេតុ​នេះ​បើ​មនុស្ស​មាន​ទម្ងន់​៧០​គីឡូក្រាម​ ​វា​មាន​តែ​៧​ក្រាម​តែ​ប៉ុណ្ណោះ​ ​វាអាច​ជួយ​ឱ្យ​សព៌ាង្គកាយ​ដំណើរ​ការ​បាន​ប្រក្រតី​ហើយ​។​​ ​ជាតិ​ទាំង​នេះ​ ​ដែល​អាច​ជា​រ៉ែ​ខនិជ​ ​មាន​ដូច​ជា​រ៉ែ​លោហៈ​(ដែក​ ​ស្ពាន់​ ​និង​ ​នីគែល​)​ ​ឬ​រ៉ែ​អលោហៈ​(ស្ពាន់ធ័រ​ ​ផូស្ព័រ)​។​ ​ការ​ធ្វើ​សកម្មភាព​នៃ​សារ​ធាតុ​ទាំង​នេះ​ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​។​ ​ជា​អាទិ​ជាតិ​កាល់ស្យូម​ ឬ​ម៉ា​ញ៉េ​ស្យូម​ ​មាន​សកម្ម​ភាព​ ​ឬ​តួ​នា​ទី​ពីរ​យ៉ាង​។ ​ជាឧទាហរណ៍​ជាតិ​កាល់ស្យូ​ម​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ឆ្អឹង​ ​និង​ចូល​រួម​​ យ៉ាង​សកម្ម​នៅ​ក្នុង​ប្រតិកម្មមេ​តាបូលីស​របស់​កោ​សិ​កា។​

ចំណាត់ថ្នាក់សារធាតុរ៉ែខនិជ

​គេ​អាច​ធ្វើកា​រ​បែង​ចែក​សារ​ធាតុ​បំប៉ន​ទៅ​តាម​លក្ខណៈ​គីមី​សាស្ដ្រ​។ ​ជា​អាទិ​ដូច​ដែល​លោក​អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ សារ​ធាតុ​អាហារ​បំប៉ន​ដែល​ជា​វី​តា​មីន​ទាំង​១៣​មុខ​ ​បាន​លើក​មក​ជម្រាប​ជូន​លោក​អ្នក​អាន​រួច​មក​ហើយ​។ ​ដោយ​ឡែក​សារ​ធាតុ​រ៉ែ​ ​ខនិជ​ ​ឬសារ​ធាតុ​កម្រ​នេះ​ ​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​បរិមាណ​តម្រូវ​ការ​ ​គឺ​រ៉ែ​ខនិជ​មាន​តម្រូវ​ការ​តិច​តួច​ ​និង​រ៉ែ​ខនិជ​មាន​តម្រូវ​ការ​ច្រើន​។​

– ​រ៉ែ​ខនិជ​ ​មាន​តម្រូវ​ការ​ច្រើន​ ៖ ​ប៉ូតាស្យូម​ សូដ្យូម​ ​ស្ពាន់ធ័​រ​ ​កាល់ស្យូម​ ​ផូស្ព័រ​ ​​​​​​​ម៉ាញ៉េស្យូម​ជាដើម​។​

– ​រ៉ែ​ខនិជ ​​មាន​តម្រូវ​ការ​តិច​តួច ​ដែក​ ​សង្ក័សី​ ​ស្ពាន់​ ​សេឡេន្យូម​ ​ម៉ង់ហ្គាណេស​ ​ក្រូម​ ​អ៊ីយ៉ូដ​ជា​ដើម​។

​នៅ​លើ​ទំព័រ​ទស្សនា​វដ្ដី​ ​សុខភាពយើង​ ​លេខ​ក្រោយ​នេះ​ ​ទស្សនាវដ្ដី​ ​សុខភាពយើង​ ​នឹង​បន្ដ​លើក​យក​ព័ត៌​មាន​ ​និង​ចំ​ណេះ​ ​ដឹង​លម្អិត​អំពី​សារ​ធាតុ​បំំប៉​ន​ ​ដែល​ជា​សារ​ធាតុ​រ៉ែ​ខនិជ​ទាំង​នេះ​ ​ដើម្បី​ជា​ការ​យល់​ដឹង​។​ ​ស្វែង​យល់​​បាន​ប្រសើរ​អំពី​សារ​ធាតុ​អា​ហារ​​ ​ទាំង​នេះ​ ​ទាំង​អា​ហារ​ចិញ្ចឹម​ ​ទាំង​អាហារ​បំប៉ន​ ​សុទ្ធ​តែ​ផ្ដល់​អត្ថ​ប្រយោជន៍​សម្រាប់​ការ​ទទួល​ទាន​ ​និង​សុខ​ភាព​ផ្ទាល់​ខ្លួន​។​

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative