មនុស្ស​១%កើត​ជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ

លោកអ្នក​ធ្លាប់បាន​ឃើញ​ហើយ​មនុស្ស​ម្នាក់​និយាយ​រអ៊ូតែ​ម្នាក់ឯង ព្រមទាំង​មាន​កាយ​វិការ​ប្លែកៗ សម្ដែង​ចេញមក​ហាក់ដូចជា​កំពុង​និយាយ​ជាមួយ​អ្នកណា​ម្នាក់។ ពេលខ្លះ​មនុស្ស​នោះសើច​សប្បាយ ពេលខ្លះ​ស្រងូត​ស្រងាត់​តែម្នាក់​ឯង។ ពេលខ្លះ​ទៀតភ័យរន្ធត់​មិនសម​ហេតុផល​ហាក់បី​ដូចជា​មានគេ​តាម​សម្លាប់​ជាដើម។ លោកអ្នក​ប្រាកដ​ជាឆ្ងល់​ហើយ​ថាតើ​មានរឿង​អ្វីកើត​ឡើងចំ​ពោះរូប គាត់?

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខមុន ប្រិយ​មិត្ដអ្នក​អាន​ធ្លាប់បាន​ជ្រាប​ម្ដងរួច​មក​ហើយ​អំពី​ជម្ងឺ​វិកល​ចរិត​ស្រួចស្រាវ។ ដើម្បី​បក​ស្រាយ​ជាបន្ដ ទស្សនាវដ្ដីសុខភាព​យើង សូម​លើក​យក​ជម្ងឺ​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ​មួយ​ប្រភេទ​ទៀត គឺ​ជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ​មក​ជម្រាប​ជូន​លោកអ្នក​អាន ដើម្បី​ស្វែង​យល់​ជាបន្ដ​ដោយ​ជួប​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត សុខ សេដ្ឋបុត្ដ ឯកទេស​វិកល​វិទ្យា។ ជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃនេះ​ជាប្រភេទ ជម្ងឺ​ផ្លូវចិត្ដ​មួយ​ធ្ងន់ធ្ងរ​ដែល​កើតមាន​ទៅលើ​មនុស្ស​ពេញវ័យ​១%។ ជា​ភាសា​បរទេស​ជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ​ហៅថា ស្គីហ្សូ ហ្វ្រេនា។

រោគ​សញ្ញា និងវគ្គ​បន្ដ​បន្ទាប់​នៃជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ

1. ដំណាក់​កាល​ចាប់ផ្ដើម មនុស្ស​ម្នាក់​និយាយ​រអ៊ូ​តែម្នាក់​ឯង កាយ​វិការ​ប្លែកៗ ជួន​ហាក់​ស្រងូត​ស្រងាត់ ឬជួន​ខឹងស្រែក ជេរគេឯង​នោះគឺ​ជា​មនុស្ស​ដែលមាន​ជម្ងឺ​ស៊ីហ្សូ​ហ្វ្រេនា ឬជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ។ ជម្ងឺ​នេះមាន​ទំនាក់់​ទំនង​ទៅនឹង​របៀប​នៃការ​គិត ញាណ ឆន្ទៈ​អាកប្ប​កិរិយា។ល។

2. ដំណាក់​កាល​សកម្ម ជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ​ជាជម្ងឺ​ដែល​សាំញ៉ាំ និងមាន​រូបរាង​ច្រើនបែប។ គេអាច​ធ្វើការ​វិនិច្ឆ័យ​ដឹងបាន​យ៉ាងតិច​រយៈពេល​៦ខែ ដែលគេ​ហៅថា​ដំណាក់​កាល​សកម្ម​នៃរោគ​សញ្ញា។ នេះមាន​ន័យថា​ក្នុងរយៈ​ពេលនោះ រោគ​សញ្ញា​លេច​ចេញ​ឡើងយ៉ាង​ច្រើនប្លែកៗ​ដូចជា​ជឿជាក់​លើអ្វី​មួយខុស​បែបបទ ញាណ​ណាមួយ​ក្នុង​ចំណោម​ញាណ​ទាំង៥ មាន​ការភន្ដ័ និយាយ​ច្របូក ច្របល់ ឬ​អាកប្ប​កិរិយា​ប្លែកៗ។ វគ្គ​សកម្មនេះ​ច្រើនតែ​កើតឡើង​បន្ទាប់ពី ដំណាក់​កាល​ចាប់ផ្ដើម ដែលអ្នក​ជម្ងឺ​បង្ហាញ​បន្ដិច​ម្ដងៗនៃ ការ​ថយចុះ​ក្នុង​ទំនាក់​ទំនង​សង្គម សម្ងំនៅ​ម្នាក់ឯង​គុណ​ភាព​ការងារ​ថយចុះ និង​រយីក​រយាក​ខ្លួនប្រាណ។ ប្រតិកម្ម​តបនឹង​អ្វីមួយ​មិន ប្រក្រតី មានគំនិត និងពាក្យ​សម្ដីច​ម្លែក មាន​ជំនឿ​ខុសធម្មតា​សម្ដែង​បទ​ពិសោធន៍​ប្លែកៗ ថាមពល និងឆន្ទៈ​ក្នុងខ្លួន​ថយចុះ។

3. ដំណាក់​កាល​បន្សល់ បន្ទាប់ពី​ដំណាក់​កាល​សកម្មនេះ គឺ​ដំណាក់​កាល​បន្សល់ ដែលអ្នក​ជម្ងឺមាន​ជាបន្ដ​នូវវិបត្ដិ អាកប្ប​កិរិយា​និង​រោគ​សញ្ញា​ខ្លះទៀត​ស្រដៀង​គ្នានឹង​វគ្គចាប់​ផ្ដើមដែរ។ រយៈពេលនេះ អ្នក​ជម្ងឺនេះ​បាត់បង់​លទ្ធភាព​ការងារ ទំនាក់ ទំនង និងរក្សា​ខ្លួនឯង។

មូលហេតុ​បង្ក​ជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ

រហូត​មកទល់​បច្ចុប្បន្ន​នេះ មិនទាន់​មានអ្នក​ប្រាជ្ញ​ណាម្នាក់​អះអាង​ពី​មូលហេតុ​ពិត​ប្រាកដ​របស់​ជម្ងឺនេះ​នៅ​ឡើយទេ។ ប៉ុន្ដែ​តាមការ​សន្និដ្ឋាន​អាច​បណ្ដាល​មកពី​ភាព​លំនឹង​នៃប្រព័ន្ធ​សារធាតុ​ខួរក្បាល​មានបញ្ហា។ ក្រៅពី​នោះគេ​សង្កេត​ឃើញ​កត្ដាធំៗ​មួយចំនួន​ទៀត​ដែលជា​កត្ដា​បង្កឱ្យ​មានជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ​នេះ គឺកត្ដា​ចិត្ដ​សាស្ដ្រ កត្ដា​ជីវ​សាស្ដ្រ និងកត្ដា​សង្គម។

  • កត្ដា​ចិត្ដ​សាស្ដ្រ ការ​រស់នៅ​មិនមាន​ភាព​កក់ក្ដៅ បញ្ហា​ស្ដ្រេស្សជា​មូលហេតុ​បង្ក​ជម្ងឺនេះ។
  • កត្ដា​ជីវសាស្ដ្រ កត្ដា​តំណ​ពូជ ឬកត្ដា​សរីរាង្គ​ខួរក្បាល ឬក្នុង​ខ្លួនមាន​ការ​ប្រែប្រួល។
  • កត្ដា​សង្គម ការមិន​សន្ដោស​ប្រណី មិន​គោរព​សិទ្ធិគ្នា អសន្ដិ​សុខ​ក្នុងសង្គម មាន​សង្គ្រាម អំពើ​ឆក់ប្លន់ ការចាប់​ជំរិត ជាដើម។

វិធី​ព្យាបាល​ជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ

ការ​ព្យាបាល​ធ្វើឡើង​ទៅតាម​កត្ដា​បង្ក​ទាំងបី​ខាងលើ គឺ​កត្ដា​ជីវសាស្ដ្រ ចិត្ដ​សាស្ដ្រ និង​អន្ដរាគមន៍​ពីទំនៀម​ទម្លាប់​សង្គម ព្រមទាំង​ផ្សារភ្ជាប់​ជាមួយ​គ្រួសារ។

1. ព្យាបាល​កត្ដា​ជីវសាស្ដ្រ មនុស្ស​រាប់ពាន់​នាក់​ត្រូវបាន​ព្យាបាល​ដោយ​ការប្រើ​ថ្នាំំ និងការ​ប្រឹក្សា​ផ្លូវចិត្ដ​ជាជាង​បង្ខាំង​សម្រាក​នៅមន្ទីរ​ពេទ្យ។ នាពេល​បច្ចុប្បន្ន​នេះមា​នថ្នាំថ្មីៗ​ដែលត្រូវ​បាន​ប្រើប្រាស់​ទូលំ​ទូលាយ​ក្នុងការ​ព្យាបាល ពីព្រោះ​វាពុំ​សូវមាន​បច្ច័យ​អាក្រក់​និងមាន​សក្ដា​នុពល​ភាពពី​ទាបទៅ​ខ្ពស់។ ប៉ុន្ដែ​ទោះបី​ជាយ៉ាង​នេះក្ដី ក៏យើង​ត្រូវចាំ​ទុកក្នុង​ចិត្ដថា​ថ្នាំតែ​មួយមុខ​មិនអាច ព្យាបាល​ឱ្យជា​សះស្បើយ​បានទេ​ក្នុងនោះ​ការ​ព្យាបាល​ដោយ​ចរន្ដ​អគ្គិសនី​នៅតែ​ត្រូវបាន​ប្រើប្រាស់​រហូត​ដល់​សព្វថ្ងៃ។

2. ព្យាបាល​កត្ដា​ចិត្ដ​សាស្ដ្រ ៖ ចេញពី​ទស្សនៈ​វិស័យ​អាកប្ប​កិរិយា​ដែលអ្នក​ជម្ងឺ​មានដូច​ជា​អាកប្ប​កិរិយា​ប្លែក និង​មិនចុះ​សម្រុង​ជាមួយ​អ្នកដទៃ។ ដូចនេះ​ការ​ព្យាបាល​ត្រូវ​តម្រង់​ទៅរោគ​សញ្ញា​ដែល​មិនប៉ះ​ពាល់នឹង​បែបបទ និង​មុខងារ។ ឧទាហរណ៍ ស្ដ្រី​ម្នាក់​ដែលចេះ​តែមិន​ទុកចិត្ដ​អ្នកដទៃ គិតថា​គេមាន​បំណង​អាក្រក់​មកលើ​ខ្លួន ធ្វើឱ្យ​គាត់​ឆ្លើយតប​ទៅអ្នក​ដទៃ​ក្នុង​របៀប​មិនទុក​ចិត្ដនៅ ពីចម្ងាយ។ គ្រូ​ពេទ្យ​ចិត្ដ​សាស្ដ្រ​មាន​នាទី​ជួយ​ពន្យល់​ផ្ដល់​ប្រឹក្សា​ឱ្យស្ដ្រី​នោះចេះ​ធ្វើ​ឥរិយា​បថ​ត្រឹមត្រូវ​ក្នុងសង្គម ឆ្លើយ​តប​ដោយ​រីករាយ ចំពោះ​អ្នកឯ​ទៀត​សូម្បី​តែទើប​ជួបគ្នា​ជាលើក​ដំបូង​ក៏ដោយ។

ស្ដ្រីនោះ​ក៏អាច​បញ្ចូល​ជាសមា​ជិក​ព្យាបាល​ជាក្រុម​ដែលអ្នក​ជម្ងឺក្នុង​ក្រុម​លើក​យក​បញ្ហា​សាមញ្ញ​ម្នាក់ៗ​មកនិ​យាយ។ អ្នក​ចិត្ដ​សាស្ដ្រ​ត្រូវស្ថិត​នៅក្នុង​ក្រុម ដើម្បី​លើកទឹក​ចិត្ដឱ្យ​សមាជិក​ពង្រីក​អាកប្ប​កិរិយា​ត្រឹមត្រូវ​រវាង​បុគ្គល ដោយ​ប្រើកាក់​សេដ្ឋកិច្ច សម្រាប់​ជម្រុញ​សកម្មភាព​ត្រឹមត្រូវ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • ប្រើទំនៀម​ទម្លាប់់​សង្គម

ជម្ងឺ​វិកល​ចរិត​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកនៅ​ជុំវិញ វិធាន​ការណ៍​សង្គម​នៃការ​ព្យាបាល គឺផ្ដោត​ទៅលើ​អន្ដរ​សកម្ម ភាព​និង​ទំនាក់​ទំនង។ ការ​ព្យាបាល​ត្រូវរៀប​ចំឡើង​ឱ្យទាក់​ទិននឹង​ដំណើរ​ប្រព្រឹត្ដ​ទៅនៃ​សង្គម ព្រោះវា​ជា​ឧបករណ៍​មួយ​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​អាកប្ប​កិរិយា​របស់​អ្នកជម្ងឺ។ ក្នុងនោះ​ទាំង​បុគ្គលិក ឬអ្នក​ធ្វើការ និងអ្នក​ជម្ងឺ​ស្ថិតក្នុង​កិច្ចការ​រួមនៃ​ការ​ព្យាបាល ដើម្បី​បង្កើត មុខងារ​ឱ្យអ្នក​ជម្ងឺ។ ការ​ព្យាបាល​ចាំបាច់​ត្រូវ​ជម្រុញ​ឱ្យធ្វើ​តាមអ្វី​ដែលជា​តម្លៃនៃ​សង្គម និង​បង្អាក់​មិនឱ្យ​អ្នកជម្ងឺ​សម្ដែង​ចេញរោគ សញ្ញា។ មជ្ឈដ្ឋាន​ល្អជួយ​ឱ្យគេ​មានការ​ផ្លាស់​ប្ដូរក្នុង​ឆាកជីវិត​និង​មានភាព​រលូន​នៅពេល​ទៅរស់​នៅក្នុង​សង្គមវិញ។

ផល​វិបាក​របស់​ជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ

1. ផល​វិបាក​ដោយផ្ទាល់ ៖ ប្រសិន​បើត្រូវ​គេ​បោះបង់​ចោល អ្នក​ជម្ងឺ​អាច​ស្លាប់​បាត់បង់​ជីវិត​ដោយ​កង្វះអាហារ។   ជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ​ជាជម្ងឺ​រ៉ាំរ៉ៃ​បង្កការ​ខាតបង់​ថវិកា​គ្រួសារ ថវិកា​រដ្ឋលើ​ការ​ប្រើប្រាស់​ថ្នាំសង្កូវ និង​ការថែ​ទាំអ្នក​ជម្ងឺ។ មិនតែ​ប៉ុណ្ណោះ​អ្នក​ជិតខាង​ក៏ត្រូវ​រំខាន​ដោយអ្នក​ជម្ងឺនេះ​ផងដែរ។

2. ផល​វិបាក​មិនផ្ទាល់ ៖ នៅពេល​មានជម្ងឺ​នេះ មនុស្ស​ខាតបង់​លទ្ធ​ភាព​ពលកម្ម និង​ខាតបង់​ថវិកា ព្រោះថា​ជម្ងឺ​នេះច្រើន​កើតលើ​មនុស្ស​ពេញវ័យ និងត្រូវបន្ដ​តាមដាន​ពេញមួយ​ជីវិត។ ជម្ងឺ​អាច​លាប់​ឡើងវិញ​នៅពេល​សង្គម​កើតមាន​ទុរ្ភិក្ស និង​សេដ្ឋកិច្ច ធ្លាក់ចុះ។

ដំបូន្មាន​អ្នកប្រឹក្សា

ដើម្បី​បង្ការ​ជម្ងឺ​វិកល​ចរិត​រ៉ាំរ៉ៃ ឪពុក​ម្ដាយ​ត្រូវបង្ក​ភាពកក់​ក្ដៅ​ដល់កូនៗ។ ប្រសិន​បើក្នុង​គ្រួសារ​មាន​សមាជិក​កើត​ជម្ងឺនេះ​ត្រូវរួម​ថែទាំ​មិនត្រូវ​បោះបង់​ចោលគេ​ឡើយ។ មិនត្រូវ​រើស​អើង​ដល់អ្នក​ជម្ងឺ​វិកល​ចរិតទេ ត្រូវយក​ចិត្ដទុក​ដាក់​បញ្ជូន​គាត់ទៅ​ព្យាបាល  និងតាម​ដាន​សភាព​ជម្ងឺ​របស់គាត់​ជាប្រចាំ ព្រោះ​ជម្ងឺនេះ​ជាជម្ងឺ​រ៉ាំរ៉ៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative