ដេក​មមើ

ការទទួល​​ទានដំណេក​​គ្រប់គ្រាន់​​ជាប្រការ​​ដ៏ល្អបំផុត​​សម្រាប់​​សុខភាព​​រាងកាយ​​មាំមួន និង​​សម្រស់​​ស្រស់ស្អាត។ នៅពេល​​ទទួលទាន​​ដំណេក លោកអ្នក​​ទាំងឡាយ​​តែងតែ​​មាន​​សកម្មភាព​ខុស​​ប្លែក​​ពីគ្នា។ លោកអ្នក​ខ្លះ​​យល់សប្ដិ​ជាញឹកញាប់ រីឯ​​អ្នកខ្លះ​​ទៀត ឧស្សាហ៍​​គេងមមើ​​ដែលធ្វើ​ឱ្យ​​លោកអ្នក​​ទទួលទាន​​ដំណេក​​មិនបាន​​គ្រប់គ្រាន់។ ជួនកាល​វាអាច​​បណ្ដាល​​ឱ្យប៉ះ​​ពាល់ដល់​សុខភាព​ក៏ មានដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី​វេជ្ជ​បណ្ឌិត ចក ធីតា ឯក​ទេស​វិកល​វិទ្យា​បាន​ចូលរួម​បក​ស្រាយ​អំពី​បញ្ហា​ដេក​មមើ និងមូល​ហេតុដែល​កើតឡើង​ជូន​មិត្ដអ្នក​អាន​ឱ្យបាន​ជ្រាប តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

លក្ខណៈ​ដំណេក​មមើ

មមើ​កើតលើ​មនុស្ស​គ្រប់វ័យ រួមទាំង​កុមារ​តូចៗ​ផងដែរ។ ការ​មមើ​ត្រូវបាន​បែងចែក​ជាពីរ​ប្រភេទ។

1. ដេកមមើពីកំណើត ៖ ជាការ​មមើ​ដែល​មាន​តាំងពី​កុមារ​ភាព​រហូត​ដល់ពេញ​វ័យ ឬវ័យ​ចំណាស់។ លោកអ្នក​ខ្លះកើត​មាន​អាការ​មមើ​ដោយ​កាយ​វិការ​ផ្សេងៗ​ដែល​បណ្ដាល​មកពី​ភាពផ្សា​ភ្ជាប់ ឬដិត​ដាមអ្វី​មួយ។ ប្រសិន​បើការ​មមើ​មានជា​ញឹកញាប់ អាចមក​ពីមាន​បញ្ហា​ផ្លូវចិត្ដ។

2. ដេកមមើកើតថ្មីៗ ជាការ​មមើ​ដែលទើប​នឹងកើត​ឡើង​ដោយ​ជួប​ប្រទះ​អ្វីដែល​មិនធ្លាប់​មាន​តាំងពី​ពេល​មុនមក ដូចជា​បញ្ហា​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ឃាត​កម្មជា​ដើម។ ទោះជា​បញ្ហា​នេះកើត​លើខ្លួន​ឯង​ផ្ទាល់ មិត្ដភក្ដិ សមាជិក​ក្នុង​ក្រុម​គ្រួសារ អ្នក​ជិតខាង​និងជា​បញ្ហា​ក្នុង​សង្គម​ក៏ដោយ។

រោគសញ្ញាដំណេកមមើ

សកម្ម​ភាព​មមើ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត បើក្នុង​ករណី​ដែល​លោកអ្នក​មមើ​ដើរ​ចូលក្នុង​បន្ទប់ទឹក បឹង ឬទន្លេ ដោយគ្មាន​នរណា​ម្នាក់ដឹង​ឬក៏​លោកអ្នក​មិនអាច​គ្រប់​គ្រង់​អារម្មណ៍​ខ្លួនឯង​បាន។ ការ​មមើ​ត្រូវ​បែង​ចែក​ជា២។

  • ការដេកមមើដើរ មាន​ទាំងនៅ​កន្លែង​ទទួល​ទាន​ដំណេក និង​សកម្មភាព​ក្នុងផ្ទះ។ លោកអ្នក​ខ្លះ​មមើ​ដើរទៅ​បើកទឹក​ក្នុង ផ្ទះ​ដើរ​ទៅខាង​ក្រៅផ្ទះ ទៅ​និយាយ​ជាមួយ​អ្នក​ដទៃ ទាល់​តែគេ​ហៅ​ទើប​ដឹងខ្លួន។ មិនតែ​ប៉ុណ្ណោះ​លោកអ្នក​មួយ​ចំនួន​ទៀត​មមើ​ធ្វើ​ការងារ​ផ្ទះ​ធម្មតា​ដូចជា​មិន​បាន​ដេក។ ប្រការ​ទាំងនេះ​ហើយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់ជីវិត ព្រោះ​សកម្មភាព​នោះ​អាច​នាំឱ្យ​ទៅចុះ ក្នុងទឹក​ឬជា​សកម្ម​ភាព​គ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត។
  • ការដេកមមើនិយាយ មមើ​និយាយ​មាន​ច្រើន​ជាង​ការ​មមើ​ដើរ ហើយ​ច្រើន​កើត​ឡើង​តែមួយ​កន្លែង​ប៉ុណ្ណោះ។ ការ​មមើ​និយាយ​មាន​ដូចជា​មមើ​និយាយ​ពី​កន្លែង​ធ្វើការ រឿង​រ៉ាវ​បាន​កើត​ឡើង​កាលពី​ថ្ងៃ និង​បញ្ហា​ផ្សេងៗ​ទៀត​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង របស់ខ្លួន។ ការ​មមើ​បែប​នេះ​អាច​មាន​ការ​រំខាន​លើ​គ្រួសារ ឬអ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន។

មូល​ហេតុ​ដេក​មមើ

សកម្ម​ភាព​ប្រចាំ​ថ្ងៃជា​ដើម​ចម​មូល​ហេតុ​នៃការ​មមើ​នៅ​ពេល​យប់។

  • ពេល​ទទួល​ទាន​ដំណេក ហើយ​មាន​អ្នក​ណា​ម្នាក់​មក​ដាស់​ឱ្យ​ក្រោក ហើយ​សម្រាក​ទៅវិញ​នោះ​សកម្ម​ភាពនៃ​ការ​មមើក៏​ចាប់​ផ្ដើម​ដំណើរ​ការ​តាមអ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្លួន​កាលពី​ពេលថ្ងៃ។
  • មាន​បញ្ហា​ផ្លូវចិត្ដ​ពាក់​ព័ន្ធ​នឹង​ការងារ (ការងារ​ច្រើន​ពិបាក​ដោះ​ស្រាយ) គិតអ្វី​ដែល​មិន​បាន​សម្រេច
  • សកម្ម​ភាពក្នុង​ផ្ទះ​ដែល​អនុវត្ដ​ពេលថ្ងៃ ឬការ​និយាយ​ពាក់ព័ន្ធ​រឿងរ៉ាវ​ផ្សេងៗ
  • ការ​ទទួល​ទាន​ដំណេក​មិន​គ្រប់គ្រាន់
  • ធ្វើការ​ច្រើន​ហួស​កម្លាំង ជា​ហេតុ​បណ្ដាល​ឱ្យមាន​អារម្មណ៍​តានតឹង
  • ការ​មាន​ជម្លោះ​ជាមួយ​ក្រុម​គ្រួសារ ឬអ្នក​ដទៃ

ការ​មមើ​កើត​ឡើង​លើ​មនុស្ស​ស្ទើរតែ​គ្រប់រូប ហើយ​ការ​មមើ​ទាំងនេះ​គ្មាន​នរណា​ម្នាក់​ចង់ឱ្យ​កើត​ឡើង​ឡើយ។ បញ្ហា​នេះ​កើត​ឡើង​ដោយ​មិន​ដឹងថា​ខ្លួនឯង​កំពុង​ធ្វើ​សកម្មភាព​ទេ ទាល់តែ​មានអ្នក​ណាមក​ហៅ ឬមក​ប្រាប់​ទើប​ដឹងខ្លួន។

វិធី​ព្យាបាល​អ្នក​ដេក​មមើ

ប្រសិន​បើ​លោកអ្នក​មាន​អាការ​មមើ​ម្ដងម្កាល គឺជា​ការ​ធម្មតា​ទេ។ ប៉ុន្ដែ​បើ​មមើ​ជាញឹក​ញាប់​ឬជា​ប្រចាំ​ថ្ងៃនោះ លោកអ្នក​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ផ្លូវចិត្ដ ដើម្បី​ពិភាក្សា​ចំណុច​ទាំងនេះ ហើយ​មិនត្រូវ​ទុកបន្ដ​ទៅទៀត​ទេ ព្រោះ​ខ្លាចមាន គ្រោះ​ថ្នាក់​ដល់​សុខភាព​និង​ជីវិត។ លោកអ្នក​អាច​ជ្រើស​រើស​វិធី​ព្យាបាល​មួយ​ណាក៏​បានដែរ សម្រាប់​អនុវត្ដន៍។

  • ការព្យាបាលដោយការផ្ដល់ប្រឹក្សា ប្រសិន​បើអ្នក​ជម្ងឺ​មាន​អាការ​មិនសូវ​ធ្ងន់ធ្ងរ លោកអ្នក​អាចទៅ​ពិភាក្សា​ជាមួយ​អ្នក ជំនាញ​បាន​ដោយ​គ្រាន់តែ​ពិភាក្សា​អំពី​សកម្ម​ភាព​មមើ​ដែល​កើត​មានជា​រឿយៗ ឬកើត​មានជា​ប្រចាំ។ នៅពេល​បាន​ទទួល​ការ​ណែនាំ ពីគ្រូ​ពេទ្យ​លោកអ្នក​គួរតែ​ព្យាយាម​បន្ធូរ​អារម្មណ៍​ដោយ​ខ្លួនឯង​បន្ថែម​ទៀត ទើប​មានប្រ​សិទ្ធភាព និងអាច​ព្យាបាល​ជា។
  • ការព្យាបាលដោយប្រើថ្នាំ ការ​ព្យាបាល​ថ្នាំមិន​គួរប្រើ​ឡើយ ព្រោះ​ធ្វើឱ្យ​ចំ​ណាយ​ពេល និង​ថវិកា​ច្រើន។ ប៉ុន្ដែ​បើការ​ព្យាបាល​ដោយ​ពិភាក្សា​មិនមាន​លទ្ធផល​ល្អនោះ អាច​ផ្លាស់​ប្ដូរមក​ប្រើថ្នាំ​ព្យាបាល​វិញ ដើម្បី​ឱ្យ​អារម្មណ៍​របស់​អ្នកជម្ងឺ​ស្ងប់ និង​ទទួល​ទាន​ដំណេក​លក់​ស្រួល​មិនមាន​ការគិត​ច្រើន។

វិធី​ទប់​ស្កាត់​ការ​មមើ

លោកអ្នក​គួរធ្វើ​ចិត្ដឱ្យ​ស្រស់​ថ្លាក្នុង​ការរស់​នៅ​ប្រចាំ​ថ្ងៃក៏​ដូចជា​កន្លែង​ធ្វើការ ដើម្បី​ចៀសវាង​នូវការ​ថប់​អារម្មណ៍ ព្រោះ​បញ្ហា​នេះអាច​កើតជា​មមើ​នៅពេល​ទទួល​ទាន​ដំណេក។ ត្រូវគិត​អ្វីដែល​ជាការ​សប្បាយ​ច្រើនជាង​ក្ដីទុក្ខ ហើយ​ឧស្សាហ៍​ទៅធ្វើ​ដំណើរ កម្សាន្ដ ដើម្បី​បន្ធូរភាព​តានតឹង​ដោយ​ផ្សាភ្ជាប់​ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​ឱ្យបាន​ល្អ ដើម្បី​ពិគ្រោះ​យោបល់។ លោកអ្នក​គប្បី ទទួល​ទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់​និងរក​កន្លែង​ស្ងប់​ស្ងាត់ គេចពី​ការ​រំខាន​របស់​អ្នកដទៃ។

ដំបូន្មាន​អ្នកប្រឹក្សា

ប្រសិន​បើ​លោកអ្នក​មមើ​ញឹក​ញាប់ គួរទៅ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ ដើម្បី​ព្យាបាល​បញ្ហា​ទាំងនេះ មិនត្រូវ​បណ្ដោយ ទុកយូរ​ទេ​ព្រោះជា​ការមិន​ល្អដល់​សុខភាព និង​រំខាន​ដល់អ្នក​ដទៃ។ លោកអ្នក​គប្បី​ជ្រើស​រើស​វិធី​ព្យាបាល​មួយណា ដែលគិត​ថាល្អ​សម្រាប់​អ្នក​យកមក​អនុវត្ដ​ចំពោះ​ខ្លួនឯង​ផ្ទាល់។ ជា​ពិសេស​សូម​ឧស្សាហ៍​ទៅជួប​អ្នក​ជំនាញ​ឱ្យបាន​ញឹកញាប់ ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ វិធី​សាស្ដ្រ​ក្នុងការ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative