ថ្លង់ ៖ មូល​ហេតុ និង​វិធី​បង្ការ

ធម្មជាតិ​បាន​ផ្ដល់​ឱ្យនូវ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​មនុស្ស​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នានៅ​ក្នុង​គ្រួសារ​ក៏ដូច​ជាក្នុង​សង្គម។ ក្រៅពី​បាន មើលឃើញ​ដឹងពី​ការបាន​ប៉ះ ស្រង់​យកក្លិន និង​ស្គាល់នូវ​រសជាតិ ការបាន​ស្ដាប់ឮ​ជាកត្ដ្កា​ចាំបាច់​មួយ​ដែល​មនុស្ស​ត្រូវការ​បំផុត។ យើង​អាចឮ​សម្លេង​នៃការ​សន្ទនា តន្ដ្រី និងឮ​ព្រឹត្ដិ​ការណ៍​ទាំងឡាយ​ជុំវិញ​ខ្លួនបាន​ដោយសារ​ត្រចៀក។ ដូច្នេះ​ត្រចៀក​គឺចាំ​បាច់ណាស់​ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​ឱ្យ​មនុស្ស​ពាក់ព័ន្ធ​នឹងការ​ស្ដាប់។ តើយើង​គប្បី​ធ្វើយ៉ាង​ដូចម្ដេច ដើម្បី​ឱ្យ​ត្រចៀក​របស់​យើងអាច​ស្ដាប់ឮ​បាន យូរ​អង្វែង?

រូបភាពទស្សនាវដ្ដីសុខភាពយើង

តាមរយៈ​ទំព័រនេះ ទស្ស​នាវដ្ដី សុខភាពយើង នឹង​បង្ហាញ​ជូន​ប្រិយមិត្រ​អ្នកអាន​ស្វែងយល់​បន្ថែមពី​បញ្ហា​ទាក់ទង​នឹងត្រចៀក​ដោយការ​ប្រឹក្សា​ពីលោក​វេជ្ជ​បណ្ឌិត ប្រាក់ ស៊ីថា ប្រធាន​ផ្នែកជម្ងឺ​ត្រចៀក​ច្រមុះ​បំពង់ក នៃមន្ទីរ​ពេទ្យព្រះ​អង្គឌួង។

មូល​ហេតុនាំ​ឱ្យត្រ​ចៀកកើត​រោគថ្លង់

ត្រចៀក​ជាអាយ​តនៈមួយ​ក្នុង​ចំណោម​អាយតនៈ​ប្រាំផ្សេង​ទៀតដែល​ជាទីប្រជុំ ជាលំ​នៅនៃ​អារម្មណ៍ គឺភ្នែក ច្រមុះ អណ្ដាត កាយ និង​មនោ។ ត្រចៀក​មាន​តួនាទី​ផ្សេង​ក្រៅពី​អាយតនៈ​ទាំងប្រាំ​ខាងដើម គឺ​សម្រាប់​ត្រង់រង​នូវ​សម្លេង និង​បញ្ជូន​សម្លេង​ដែលបាន ទទួល​ទៅខួរ​ក្បាល។ ត្រចៀក​ចែកចេញ​ជាបី​ផ្នែក គឺ​ផ្នែកក្រៅ ផ្នែក​កណ្ដាល និង​ផ្នែកក្នុង។ ត្រចៀក​អាចខូច ឬថ្លង់​ដោយ​ប្រការ​ផ្សេង ៗ ដូចជា​តំណ​ពូជ​ប៉ះឬ​ទះត្រូវ​ត្រង់​សៀត​ផ្កាធ្ងន់ធ្ងរ ញើស​សម្បោរ​គំហុក កើត​អំបៅ​អំបែក ខ្វារ​អាចម៍​ត្រចៀក​ប៉ះដល់​ត្រចៀក កណ្ដាល ឬដោយ​ឧបករណ៍​មិនស្អាត រលាក​ត្រចៀក​ការ​ប្រើប្រាស់​ថ្នាំប្រភេទ​ខ្ល្លះ មាន​ជម្ងឺ​ទឹកនោម​ផ្អែម ខ្សោយ​តម្រង​នោម ជម្ងឺ​ពកក ជម្ងឺខួរ​ក្បាល​ជាដើម។

ប្រភេទ​រោគថ្លង់

ការ​ថ្លង់​របស់​ត្រចៀក​ចែកចេញ​ជាបី​យ៉ាង។

  • ថ្លង់ដោយខូចត្រចៀកក្រៅ និងត្រចៀកកណ្ដាល ៖ ជាទូទៅ​ការខូច​បែបនេះ​អាចធ្វើ​ការ​ព្យាបាល​បានខ្លះ ដោយការ​ចាក់ថ្នាំ​ជំនួយ​កោសិកា។ តែក្នុង​ករណី​ខូច​ធ្ងន់ធ្ងរ រហូត​ថ្លង់មិន​អាចជួយ​បានដែរ។
  • ថ្លង់ដោយខូចត្រចៀកក្នុង ៖ កាន់តែ​ពិបាក​រកវិធី​សាស្ដ្រ​ជួយ បើអាច​ជួយបាន​ក្នុង​កម្រិត​តិចតួច​បំផុត។
  • ថ្លង់ដោយខូចត្រចៀកក្រៅ ត្រចៀកកណ្ដាល និងត្រចៀកក្នុងរួមគ្នា ៖ ខូចក្នុង​លក្ខណៈ​នេះ ភាគ​ច្រើនគឺ​ធ្លាក់ចូល​ដល់ការ ថ្លង់​កម្រិតធ្ងន់​មិនអាច​ស្ដាប់បាន​នោះទេ។ ករណី​ខូចស្រាល​មានតិច​តួច​បំផុត។

កុមារ និងវ័យ​ចំណាស់​ងាយរង​នូវការ​ថ្លង់ជា​ទីបំផុត ព្រោះ​កុមារ​មាន​សុខភាព​នៅមិន​ទាន់រឹង​ប៉ឹង ឯកោ​សិកា​សម្រាប់​ចាប់​សម្លេង​របស់​ត្រចៀក​ក៏នៅ​ទន់ជ្រាយ​ងាយនឹង​បាក់ខូច​ណាស់។ ដូច្នេះ​វ័យនេះ​ងាយរង​នូវការ​ខូច​ត្រចៀក ឬ​បណ្ដាល​ឱ្យថ្លង់​ដោយ​ឥទ្ធិពល ការប៉ះ​ទង្គិច​និង​សម្លេង​ពីខាង​ក្រៅ​បំផុត។ ចំណែក​វ័យ​ចំណាស់​ក៏ឆាប់​ខូចដែរ ព្រោះ​កោសិកា​ចាប់​សម្លេង​ក្នុង​ត្រចៀក​ចាស់​ទ្រុឌទ្រោម ងាយបាក់ ងាយស្លាប់​និង​ងាយរង​នូវគ្រោះ​ថ្នាក់​ផ្សេងៗ។ ដូច្នេះ​ត្រចៀក​មនុស្ស​ចាស់ងាយ​ថ្លង់​ណាស់ ទោះ​កម្រិត​ស្រាល កម្រិត​មធ្យម ឬកម្រិត​ធ្ងន់ក៏​ដោយ។ ដោយ​ឡែក​មនុស្ស​វ័យ​កណ្ដាល​ក៏អាច​ខូច​ត្រចៀក​បានដែរ ប៉ុន្ដែ​មនុស្ស​វ័យនេះ​មានសុខ​ភាពមាំមួន នោះ កោសិកា​ចាប់​សម្លេង​ក៏មាន​ថាមពល​រឹងមាំ​នាំឱ្យ​ភាពធន់​នឹង​ឥទ្ធិពល​ខាងក្រៅ​ក៏មាន​លក្ខណៈ​ល្អប្រសើរ​ជាងកុមារ និង​មនុស្ស​ចំណាស់ ដែរ។

កម្រិត​រោគថ្លង់

សម្លេង​អាចជះ​ឥទ្ធិពល​បណ្ដាល​ឱ្យត្រចៀក​ខូចឬ​ថ្លង់បាន ដូចជា​ក្នុង​ករណី​សម្លេង​ខ្លាំង​ដោយ​ផ្ទុះអ្វី​មួយ ផ្ទុះ​គ្រាប់រំ​សេវ​ផ្សេងៗ​គោះឬ​ដំអ្វី​ខ្លាំងៗ​ក្បែរ​ត្រចៀក ស្រែក​ដាក់​ត្រចៀក សម្លេង​ម៉ាស៊ីន​ខ្លាំងៗ​ក្នុងរោង​ចក្រ ស្ដាប់​ម៉ាញ៉េ​ឮខ្លាំងៗ សម្លេង​ធុងបាស​ជាដើម។ ម្យ៉ាង​ទៀត​បើក្នុង​មួយថ្ងៃ​បានឮ​សម្លេង​ប្រាំបី​ម៉ោង​នូវ​កម្រិត​អាំងតង់​ស៊ីតេ​ពី៨៥​ទៅ៩០​ដេស៊ី​បែល នោះ​ត្រចៀក​យើង​នឹង​ប្រឈមការ កើតជម្ងឺ​ថ្លង់។

ផ្នែក​វេជ្ជ​សាស្ដ្រ​បានបែង​ចែក​កម្រិត​ថ្លង់​ជាបី គឺថ្លង់​កម្រិត​ស្រាល ថ្លង់​កម្រិត​មធ្យម និងថ្លង់​កម្រិតធ្ងន់

1. ថ្លង់កម្រិតស្រាល ឬធ្ងន់ត្រចៀក ៖ គឺជា​ការភ្លាត់ ឬបាក់​កោសិកា​ចាប់​សម្លេង​(រោមតូចៗ​បំផុត) នៃត្រ​ចៀក​ក្នុងមួយ​ចំនួន តិច​ដែល​ធ្វើឱ្យ​ការចាប់​សម្លេង និង​បញ្ជូន​សម្លេង​ទៅខួរ​ក្បាល​កាន់តែ​ខ្សោយ។ ការ​ស្ដាប់ឮ​តិចខុស​ប្រក្រតី​ភាព។ ថ្លង់​កម្រិត​នេះអាច មានថ្នាំ​ប្រើជំនួយ​ខ្លះ​ប្រសិន​បើឆាប់​មករក​សេវា​ជំនាញ ដើម្បី​សង្គ្រោះ​ទាន់​ពេលវេលា។

2. ថ្លង់កម្រិតមធ្យម ៖ ថ្លង់​កម្រិត​នេះគឺ​កោសិកា​ចាប់​សម្លេង​ផ្នែកខាង​ក្នុង បាក់ ឬងាប់​កាន់តែ​ច្រើន ដែល​ធ្វើឱ្យ​ការចាប់ សម្លេង​និង​បញ្ជូន​សម្លេង​ទៅខួរ​ក្បាល​កាន់តែ​ខ្សោយ និងធ្វើ​ឱ្យកម្រិត​នៃការ​ស្ដាប់ឮ​ក៏កាន់​តែខ្សោយ​ទៅៗ​ដែរ។ ដំណាក់​កាលនេះ​កម្រិត​ថ្លង់​មានតែ​ផ្លូវទៅ​មុខ​ប៉ុណ្ណោះ ព្រោះ​កោសិកា​ចាប់​សម្លេង​នោះដែល​បាក់ ឬងាប់​ហើយ​នោះ មិនដុះ​ឡើងវិញ ហើយក៏​មិនអាច ព្យាបាល​ឱ្យដុះ​សារជា​ថ្មីបាន​ដែរ។

3. ថ្លង់កម្រិតធ្ងន់ នេះជា​ដំណាក់​កាល​ចុងក្រោយ ដែល​កោសិកា​ចាប់​សម្លេង​ស្ទើរតែ​បាត់បង់​ទាំងស្រុង ឬងាប់់​អស់រលីង​តែ ម្ដង។ ថ្លង់​កម្រិត​នេះជួន​កាល​អាចដាច់​ទាំង​សរសៃ​ប្រសាទ​ទី៨ ដែល​មាន​ការពាក់​ព័ន្ធយ៉ាង​សំខាន់​ទៅនឹង​ការ​បញ្ជូន​សម្លេង​នៃត្រចៀក ទៅខួរ​ក្បាល។ រយៈកាល​នេះ អាច​និយាយ​បានថា​ត្រចៀក​មិនអាច​ស្ដាប់បាន​អ្វីទាំង​អស់។

ដោយ​ឡែក​សម្លេង​ខ្លាំងក៏​អាចធ្វើ​ឱ្យដាច់​រហែក​ក្រដាស​ត្រចៀក​ផងដែរ។ ប្រសិន​បើដាច់​រហែក​តិច កម្រិត​ថ្លង់ក៏​អាចតិច។ បើ ដាច់​រហែកធំ​កម្រិត​ថ្លង់កាន់​តែធ្ងន់​ទៅតាម​នោះដែរ។ ប៉ុន្ដែ​បើត្រឹម​តែដាច់​ក្រដាស​ត្រចៀក ជាទូ​ទៅមិន​មានការ​ថ្លង់ចូល​ក្នុងកម្រិត ធ្ងន់ធ្ងរ​នោះទេ។

វិធី​បង្ការ​រោគថ្លង់

  • គួរ​សម្អាត​ត្រចៀក​ដោយ​ក្រណាត់​សើម​ទន់ៗ ឬប្រើ​សំឡី​ត្បារថ្នមៗ និងមិន​ត្រូវលូក​ជ្រៅពេក​ទេ
  • បើទឹក​ចូល​ត្រចៀក ត្រូវ​ឆាប់រក​វិធី​យកចេញ​ឱ្យល្អ​បំផុត
  • ចៀស​វាងការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ទៅលើ​បរិវេណ​ត្រចៀក
  • ប្រសិន​មានសត្វ​ល្អិតចូល ត្រូវឆាប់​សម្លាប់​វាដោយ​វិធី​ផ្សេងៗ​ដែលអាច​ធ្វើបាន ហើយ​សឹម​យកសំ​ឡីត្បារ​ចេញ។ បើយក​មិន បាន​ត្រូវទៅ​រកអ្នក​ជំនាញ​ដើម្បី​ជួយ​អន្ដរា​គមន៍ជា​បន្ទាន់
  • មិនត្រូវ​ញើស​សម្បោរ​គំហុក ព្រោះ​ប៉ះពាល់​ដល់​ក្រដាស​ត្រចៀក បើ​ក្រដាស​ត្រចៀក​ដាច់​រហែក​ត្រូវញាត់​សំឡី​ពេលងូត​ទឹក
  • មិនត្រូវ​ព្យាយាម​នៅ​កន្លែង​ដែលមាន​សម្លេង​ខ្លាំង ឬលេង​ស្រែក​ដាក់​ត្រចៀក ឬប្រើ​ឧបករណ៍​ផ្សេងៗ​ពញ្ញាក់​ក្បែរ​ត្រចៀក ទេ
  • នៅតាម​បណ្ដា​មន្ទីរ​ពេទ្យ​មួយ​ចំនួន​មាន​ឧបករណ៍​វាស់​កម្រិត​ថ្លង់​ត្រចៀក ហើយ​អាចមាន​ឧបករណ៍​បំពង​សម្លេង​សម្រាប់ ពាក់នៅ​ត្រចៀក​ជា​ជំនួយ​ការស្ដាប់​ដល់អ្នក​ថ្លង់។

ដំបូន្មាន​អ្នក​ជំនាញ

បើ​កម្រិត​នៃការ​ស្ដាប់​កាន់តែ​ខ្សោយ ត្រូវឆាប់​ទៅរក​អ្នក​ជំនាញ​ឬគ្រូ​ពេទ្យ​ព្យាបាល ដើម្បី​ប្រឹក្សា និង​ព្យាបាល មិនត្រូវ​ទិញថ្នាំ​ប្រើ​ស្មានៗ​ដោយចិត្ដ​ឯង ឬឮ​គេថា​នោះឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative