ចំណាប់​​​អារម្មណ៍​​​ចំពោះ​​​យុវជន និង​​​យុវតីខ្មែរ​​​នៅក្នុង​​​ថ្ងៃ​​​បុណ្យសង្សារ

Valentine’s ​Day​ ​ហៅថា​ថ្ងៃបុណ្យ​សង្សារ​ ​ឬ​ថ្ងៃបុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ ​ឬទិវានៃ​សេចក្ដី​ស្រឡាញ់​។ ​យុវជន​ ​និងយុវតី​​យើង​សម័យ​នេះ​បានចាត់​ទុក​ថ្ងៃនេះ​គឺ​ជាថ្ងៃ​រម្លឹក​ ​ឬក៏​បង្ហាញ​ការ​ស្រឡាញ់​ ​និង​​សេចក្ដី​ស្នេហា​ចំពោះ​នរណា​ម្នាក់​។​ ​ជារៀង​ ​រាល់​ឆ្នាំ​នៅ​ថ្ងៃ​​ទី១៤​ ​ខែកុម្ភៈ​ ​យុវជន​នាំគ្នា​ទិញ​ផ្កា ​ឬ​រៀប​ចំ​វត្ថុ​អនុស្សាវរីយ៍ ​និង​មាន​លិខិត​ជូនពរ​ជូនដល់​នារី​ជា​ទី​ស្រឡាញ់​។ ​នៅ​ក្នុង​ថ្ងៃនោះ​ក៏​មាន​យុវតី​​មិន​តិច​ដែរ​ ​ដែល​បូជា​ខ្លួន​ប្រាណ​ដើម្បី​ជា​សក្ខី​ភាព​តប​ស្នង​នោះ​។​ ​យុវតី​គួរ​ពិចារណា​ថា​ ​តើ​ការ​ទទួល​អំណោយ​ ​របស់អ្នក​ទាមទារ​នូវ​សំណង​ដែរ​ឬ​ទេ​?​ ​ហើយតើការ​ទូទាត់​នោះអាច​ឈាន​ដល់​កម្រិត​ណា​? ​អំណោយ​ទាំងនោះ​វាអាច​នឹង​មាន​តម្លៃ​ទេ​ ​ប្រសិន​បើគេ​ប្រើវា​ដើម្បី​ល្បួង​លួង​លោមយកខ្លួន​ប្រាណ​អ្នក​?

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រវត្ដិថ្ងៃវ៉ាឡិនថាន ឬថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់

​ថ្ងៃបុណ្យ​នៃសេចក្ដី​ស្រឡាញ់​នេះ​គឺ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ ​ដែល​បាន​និទាន​ទាក់​ទង​នឹង​ថ្ងៃ​រម្លឹក​ខួប​វ៉ា​ឡិន​ថាន​នេះ​។ ​ប៉ុន្ដែ​យើង​សូម​លើក​​យក​រឿង​រ៉ាវ​មួយ​ដែល​កើត​ឡើង​នៅ​ទី​ក្រុង​រ៉ូម​ប្រទេស​អ៊ី​តា​លី​។​ ​តាំងពីយូរ​យារ​មក​ហើយ​ ​នៅក្នុង​រជ្ជកាល​គ្រប់​គ្រង​ ​ដោយ​​ស្ដេច​​ក្លូ​ឌី​យឹស​(Claudius)​ ​ប្រទេស​ពោរ​ពេញ​ដោយ​ការ​បង្ហូរ​ឈាម​។​ ​ស្ដេច​ក្លូ​ឌី​យឹស​ចង់​បង្កើន​កម្លាំង​ទ័ព​ដើម្បី​ធ្វើច​​ម្បាំង​ ​ហើយ​ក៏បាន​ធ្វើ​​ការ​អំពាវ​នាវ​ឱ្យ​យុវជន​ស្ម្រ័គ​ចិត្ដ​ធ្វើ​ជា​កង​ទ័ព​។​ ​ប៉ុន្ដែ​ការ​អំពាវ​នាវ​នេះ​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ​។​ ​ក្លូ​ឌី​យឹស​ខ្ញាល់​យ៉ាង​ខ្លាំង​ ​ហើយក៏​ចេញ​​បម្រាម​មិន​ឱ្យ​មាន​ការ​រៀប​អាពាហ៍​ពិពាហ៍​ឡើយ​។​ ​ព្រោះ​ព្រះ​អង្គ​យល់​ថា​ ​ដោយ​សារ​មូល​ហេតុ​ស្នេហា​ ​ទើប​ធ្វើ​ឱ្យ​ ​យុវជន​​ទាំងនោះ​​ពុំ​ព្រម​ចាក​ចេញ​ពី​ប្រពន្ធ​ ​និង​ក្រុម​គ្រួសារ​របស់​គេ​។​ ​គ្រា​នោះ​បុព្វ​ជិត​វ៉ា​ឡិន​ថាន​បាន​រៀប​ចំ​ពិធី​មង្គល​ការ​ឱ្យ​ដល់​ ​យុវជន​ ​និងយុវ​នារី​ដោយ​ស្ងាត់​កំបាំង​អស់​ជាច្រើន​គូ​។​ ​ដំណឹង​នេះបាន​លេច​ឮដល់​ក្លូឌី​យឹស​។​ ​ក្លូឌឺ​យឹស​ក៏បញ្ជា​ឱ្យចាប់​ខ្លួន​បុព្វ​ជិត​ ​វ៉ាឡិន​ថាន​យក​ទៅកាត់​ទោស​ប្រហារ​ជីវិត​ដោយ​កាត់​ក្បាល​។ ​បុព្វ​ជិត​វ៉ាឡិន​ថាន​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ថ្ងៃ​ទី​១៤​ ​ខែ​កុម្ភៈ​ ​គ្រិស្ដ​សករាជ​២៦៩​។​ ​ក្នុងឆ្នាំ​៤៩៦​ ​សម្ដេច​សង្ឃជី​ទ្បេសឺស​(Pope​ Gelasius)​ ​បានរៀប​ចំ​ឱ្យ​មាន​ពិធី​បុណ្យ​រម្លឹក​ថ្ងៃស្លាប់​នេះ​ ​ដើម្បី​ផ្ដល់កិត្ដិយស​ដល់​បុព្វ​ជិត​វ៉ា​ឡិន​ថាន​។​ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ថ្ងៃ​រម្លឹក​នេះ​បាន​ក្លាយ​ជា​ថ្ងៃ​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​ប៉ែក​ ​បស្ចិម​ប្រទេស​។​ ​កំណាព្យ​ពាក្យ​ពេចន៍​ស្នេហា​ ​បាច់​ផ្កា​ ​និង​អំណោយ​ផ្សេងៗ​ត្រូវ​បាន​គូ​ស្នេហ៍​នីមួយៗ​រៀប​ចំ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​ដើម្បី​ ​បញ្ជាក់​ពី​ភក្ដី​ភាព​ចំពោះ​ស្នេហា​។​

ចំណាប់អារម្មណ៍របស់យុវជន និងយុវតីខ្មែរ

​បច្ចុប្បន្ន​នេះ​ភាព​គគ្រឹក​គគ្រេង​នៃ​ថ្ងៃ​បុណ្យ​សង្សារ​ ​ឬ​ថ្ងៃ​វ៉ា​ឡិន​ថាន​ដែល​ជា​វប្បធម៌​បែប​អឺរ៉ុប​នេះ​ ​ពិត​ជា​ទី​ពេញ​និយម​របស់​ ​យុវវ័យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​ក្នុង​ចំណោម​សិស្ស​សាលា​ ​និង​និ​ស្សិត​។​ ​​នៅ​ថ្ងៃ​នោះ​យុវ​វ័យ​ភាគ​ច្រើន​សុទ្ធ​តែ​រីក​រាយ​ ​តែ​ក៏​ ​មាន​អ្នក​ខ្លះ​ស្រក់​ទឹក​ភ្នែក​ដែរ​ ​ដោយ​សារ​តែ​ភាព​ភ្លើត​ភ្លើន​បាន​បន្សល់​ទុក​នូវ​ភាព​ស្ដាយ​ក្រោយ​ ​ជា​ពិសេស​យុវតី​ដែល​បាន​បាត់​បង់​ ​ព្រហ្ម​ចា​រី​ ​មាន​ផ្ទៃ​ពោះ​ ​និង​ជម្ងឺ​ឆ្លង​ផ្សេងៗ​ជា​ដើម​។ ​ខាង​ក្រោម​នេះ​គឺ​ជា​ចំណាប់​អារម្មណ៍​របស់​យុវវ័យ​ខ្មែរ​ដែល​មាន​ដូច​ត​ទៅ​ ៖​

– ​កញ្ញា​ ថុន​ ​លក្ខណា​ ​ជានិសិត្ស​នៅ​វិទ្យាស្ថាន​វ៉ាន់​ដា​ ៖​ ​ចំពោះ​នាង​ខ្ញុំ​យល់​ឃើញ​ថា​ ​ថ្ងៃបុណ្យ​សង្សារ​ ​ឬ​ថ្ងៃ​វ៉ា​ឡិន​ថាន​ ​គឺជា​បុណ្យ​បែប​អឺរ៉ុ​ប​ ​ដែល​បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នេះ​។​ ​ខ្ញុំ​មិន​ដឹង​ថា​វា​មាន​អត្ថន័យ​យ៉ាងណា​នោះ​ទេ​ ​ដោយក្នុង​ថ្ងៃនោះ​ខ្ញុំ​ឃើញ​យុវវ័យ​ជា​ច្រើន​បាន​នាំគ្នាទិ​ញ​ផ្កា​កុ​លាប​ ​និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ ​រួម​មាន​ទាំង​លិខិត​ស្នេហា​ផង​ដែរ​ ​ជូន​ដល់នារី​ដែល

ពួក​គេ​ស្រឡាញ់​តែ​ម្នាក់​គត់​។​ ​ប៉ុន្ដែ​ចំពោះ​ខ្ញុំ​គិត​ថា​ ​ថ្ងៃបុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​មិន​មែន​មាន​ន័យ​ត្រឹម​តែ​ការ​ស្រឡាញ់​ ​ចំពោះគូ​សង្សារ​នោះ​ទេ​ ​ប៉ុន្ដែ​វា​មាន​ន័យ​ជាសេចក្ដី​ស្រឡាញ់​ចំពោះ​ឪពុក​ម្ដាយ​ ​បងប្អូន​ ​និង​មិត្ដ​ភក្ដិ​ជា​ដើម​។​​​ ​សម្រាប់​នាង​ខ្ញុំ​ ​នៅ​ថ្ងៃ​នោះ​ ​​​ខ្ញុំនឹង​ជូន​លិខិត​នៃ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដែល​ខ្ញុំស្រ​ឡាញ់​គ្រប់​គ្នា​ផង​ដែរ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

– ​យុវជន​ ​ពៀង​ ​សុភ្រ័ក​ ​ជានិសិត្សនៅ​វិទ្យាស្ថាន​ពហុបច្ចេក​ទេស​ព្រះ​កុ​សុ​មៈ​ ៖ ​ចំពោះ​ថ្ងៃវ៉ាឡិនថាន​គឺជាថ្ងៃ​ទិវា​នៃ​សេចក្ដី​ ​ស្រឡាញ់​ដែល​មាន​ចំពោះ​គូសង្សារ​ ​ឪពុកម្ដាយ​ ​បងប្អូន​ ​និង​មិត្ដភក្ដិ​ជាដើម​។​ ​ជាពិសេស​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​បុរស​តែងតែ​ទិញផ្កា​ឬ​ក៏​វត្ថុ​ អនុស្សាវរីយ៍​ជូន​ដល់​នារី​ដែល​ខ្លួន​ស្រឡាញ់​ ​ហើយ​ក៏​ជា​ថ្ងៃ​ដែល​តែង​តែ​សារ​ភាព​នៃ​សេចក្ដីស្នេហា​ចំពោះ​​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ផង​ដែរ​។ ​សម្រាប់​យុវជន​យើង​មិន​ត្រូវ​មាន​គំនិត​អាត្មា​និយម​គិត​ថា​ ​នៅពេលដែល​ឱ្យវត្ថុ​អនុស្សាវរីយ៍​ដល់នារី​ដែល​ខ្លួន​ស្រឡាញ់​ ​ត្រូវ​តែ​ឱ្យ​ ​នារីម្នាក់​នោះមាន​វត្ថុ​ដោះ​ដូរ​ដូចជា​បូជា​ខ្លួនប្រាណ​ជូន​វិញ​នោះ​ទេ​ ​យើង​ជា​បុរស​ត្រូវតែ​ចេះឱ្យ​តម្លៃ​នារី​ឱ្យ​ច្រើន​។​ ​សម្រាប់​រូបខ្ញុំ​ថ្ងៃ​នោះ​ ​ខ្ញុំនឹង​ត្រៀម​កាដូ​ជូនដល់​ឪពុកម្ដាយ​ ​បងប្អូន​ ​និង​មិត្ដភក្ដិ​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​។​ ​ចំពោះ​សង្សារ​ខ្ញុំ​មិន​មាន​ទេ​។

– ​យុវជន​ ​ភូ​ ​ផេង​ ​ជា​អ្នកលក់​បាយ​នៅផ្សារ​កណ្ដាល​ ៖​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ដខ្លាំង​ណាស់​ចំពោះ​ថ្ងៃវ៉ាឡិនថាន​ ​ព្រោះ​ខ្ញុំ​ ​អាច​នឹង​បញ្ជាក់​នូវ​សេចក្ដី​ស្នេហា​ដែល​ខ្ញុំ​មាន​ជូនដល់​នារីដែល​ខ្ញុំស្រឡាញ់​ទុក​ជា​អនាគត​ ​មិនត្រឹម​តែនារី​ដែល​ខ្ញុំស្រឡាញ់​នោះ​ ​តែ​ក៏​មាន​មិត្ដ​ភក្ដិ​ខ្ញុំ​ផង​ដែរ​។​ ​សម្រាប់​ខ្ញុំនៅ​ក្នុង​ថ្ងៃនោះ​យុវជន​ទាំងអស់​មិន​ត្រូវ​ទន់​ជ្រាយ​ចំពោះ​ស្នេហា​នោះ​ទេ​ ​ត្រូវតែ​ហ៊ាន​សារ​ភាព​ ​សេចក្ដី​ស្នេហា​ដែល​យើង​មាន​ហើយបាន​លាក់ទុក​ជាយូរ​ ​ជូនដ​ល់ម​នុស្ស​ជាទី​ស្រឡាញ់​របស់​យើង​។ ​យុវវ័យ​ទាំងអស់​មិនត្រូវ​ប្រឡូក​នៅ​ ​ក្នុងការ​រួម​ភេទ​នោះ​ទេ​ ​តែប្រសិន​បើ​អ្នក​ពុំ​អាច​ទប់​ទល់​នឹង​ចំណង់​ផ្លូវភេទ​បាន ​មិន​ត្រូវ​ភ្លេច​ស្រោមអនាម័យ​ទេ ​ព្រោះវា​ជួយ​ការ​ពារ​អាយុ​​ជីវិត​អ្នក​​បាន​​​។​

បណ្ដាំផ្ញើរបស់កញ្ញា ម៉ៅ ពុទ្ធារ័ត្ន អ្នកសម្របសម្រួលក្រុមប្រឹក្សាយុវជនកម្ពុជា

​តាម​ពិត​ថ្ងៃ​វ៉ាឡិនថាន​ឬ​ទិវានៃ​សេចក្ដី​ស្រឡាញ់​នេះ​ ​វាក៏​មិនប្រាកដ​ជា​ថ្ងៃ​នៃសេចក្ដី​ស្រឡាញ់​ដែល​មាន​ចំពោះ​គូសង្សារ​នោះ​ ​ទេ ​តែ​វា​ជា​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​នៅ​ទូ​ទាំង​ពិភព​លោក ​ដែល​មាន​ឪពុក​ម្ដាយ ​លោកគ្រូ​អ្នកគ្រូ ​បង​ប្អូន​ ​មិត្ដ​ភក្ដិ​គ្រប់​គ្នា។​ ​ដូច្នេះ​​សូ​​ម ​ឱ្យ​យុវជន​ទាំងអស់​កុំយល់​ច្រឡំ​ជាបុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​តែ​គូ​សង្សារ​។ ​យើង​បាន​សង្កេត​ឃើញ​ថា​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​១៤​ ​កុម្ភៈ​ ​យុវជន​យើង​មាន​ការ​ពពាក់​ពពូន​គ្នា​ជា​ច្រើន​នៅតាម​កន្លែង​លក់​ផ្កា​ ​វត្ថុ​អនុស្សាវរីយ៍​ជា​ដើម​។​ ​ដូចនេះ​សម្រាប់​យុវជ​ន​កុំ​ឱ្យ​យល់​​ខុស​​ទៅ​លើ​ទិវា​នៃ​សេចក្ដី​ស្រឡាញ់​នេះ​។ ​ប៉ុន្ដែ​អ្វី​ដែល​​យើង​គួរ​ធ្វើ​គឺ​យើង​ត្រូវ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​ឪពុក​ម្ដាយ​​ ​បង​ប្អូន​ ​មិត្ដ​ភក្ដិ​ ​ឬ​កុមារ​កំព្រា​ ​ជន​ពិការ​ ​ជនអនា​ថា​ ​ដើម្បី​​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ពួក​គេ​ ​ឱ្យ​ពួក​គេ​មាន​កម្លាំង​ចិត្ដ​តស៊ូត​ទៅ​ទៀត​ ​នេះ​គឺ​ជា​ការ​យល់​ត្រូ​វ​ ​ដើម្បី​ជួយ​ដល់​សង្គម​ជាតិ​ទាំង​មូល​ឱ្យ​រីក​ចម្រើន​ផង​ដែរ​។ ​ជា​ពិសេស​យុវវ័យ​ទាំងអស់​ត្រូវ​តែ​រក្សា​នូវ​ទំនៀម​ទម្លាប់​ខ្មែរ​របស់​យើង​ ​និង​សេចក្ដី​ថ្លៃ​ថ្នូរ​សម្រាប់​ខ្លួន​យើង​ឱ្យ​បាន​ជា​និរន្ដរ៍​ ​ដោយ​មិន​ត្រូវ​ប្រើប្រាស់​ទិវា​នេះ​នៅ​ក្នុង​ផ្លូវ​ខុស​នោះ​ទេ​ ​ព្រោះ​វា​អាច​នាំ​មក​នូវ​ ​ផល​វិបាក​ដល់​យើង​វិញ​ ​ជា​ពិសេស​ស​ម្រាប់​យុវតី​ ​និង​សង្គម​តែម្ដង​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative