វិធី​តធ្មេញ​ទន្សាយ និងផល​ប៉ះពាល់

ស្នាម​ញញឹម​ដ៏ស្រស់ស្អាត គឺអា​ស្រ័យ​លើធ្មេញ​របស់​លោកអ្នក​ក្នុងការ​បញ្ចេញ​ឱ្យអ្នក​ដទៃ​បានឃើញ។ ធ្មេញ​ទន្សាយ​គឺជា​ធ្មេញ​មួយ​ប្រភេទ​ដែល​យុវវ័យ​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន។ ប៉ុន្ដែ​មិនមែន​មានន័យថា យុវវ័យ​ណាក៏​សុទ្ធតែ​តធ្មេញ​ទន្សាយបាន ស្រស់​ស្អាត​នោះទេ​គឺវា​អាស្រ័យ​លើ​បច្ចេក​ទេស​ទំនើប​របស់​គ្រូពេទ្យ​ជំនាញ​ខាងធ្មេញ។ តើមាន​វិធី​សាស្ដ្រ​បែបណា​ក្នុងការ​តធ្មេញ ទន្សាយ​ឱ្យមាន​ភាពស្រស់​ស្អាត?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ពីវិធី​តធ្មេញ​ទន្សាយ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើ​ការបក​ស្រាយ​អំពី​បញ្ហា​ទាំងនេះ​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ហោ អូន ប្រធាន​ពេទ្យ​ធ្មេញ​ចតុមុខ​សម្រាប់​ឱ្យមិត្ដ​អ្នកអាន​ស្វែងយល់​ពីគុណ​ប្រយោជន៍ និងផល​ប៉ះពាល់។

តធ្មេញ​ទន្សាយ​ជួយលើក​សម្រស់

ការត​ធ្មេញ​ទន្សាយ​មិនមែន​ចេះតែ​តនោះទេ វាអា​ស្រ័យលើ​ទម្រង់មុខ។ ទម្រង់​មុខខ្លី និងទម្រង់​មុខធំ​ពេកនៅ​ពេលត​ធ្មេញ​ទៅក៏​មិនសក្ដិ​សមដូច​ទម្រង់​មុខទ្រវែង​ឡើយ។ ម្យ៉ាង​ទៀត​យុវវ័យ​មួយចំនួន​តធ្មេញ​មិនដើម្បី​ភាពស្រស់​ស្អាតនោះទេ ប៉ុន្ដែ​អាច បណ្ដាល​មកពី​ធ្មេញ​កំណើតខ្លី​ទើបទៅ​តឱ្យ​រាងវែង ជួនកាល​តធ្មេញ​ដើម្បី​បិត​ប្រហោង​ចន្លោះ​កណ្ដាល​ធ្មេញ​ឱ្យជិត។ ការត​ធ្មេញ ទន្សាយ​សក្ដិសម​សម្រាប់​យុវវ័យ​ដែល​ភាគច្រើន​ជានារី​មាន​រហូត​ដល់ទៅ​៨០​ភាគរយ។

វិធីតធ្មេញទន្សាយ

ការត​ធ្មេញ​ទន្សាយ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ជា១​ម៉ោង៣០​នាទី​ទៅ២​ម៉ោង។ ដោយ​ជាដំបូង​ចាំបាច់​ត្រូវ​ពិនិត្យ​លើ​ទម្រង់ មុខ​តើ​ពេលត​ហើយ​ស្អាត ឬអត់។ ម្យ៉ាង​ទៀត​ត្រូវ​ពិនិត្យ​លើស្ថាន​ភាព​សុខភាព​ធ្មេញ​រឹងមាំ​ដល់​កម្រិតណា ដើម្បី​ងាយស្រួល​នៅពេល រ៉។ បើធ្មេញ​រឹងមាំ​រ៉រាង​ខ្លាំងបន្ដិច តែបើ​ធ្មេញ​រាងពុក ត្រូវរ៉​ក្នុងលក្ខណៈ​ធម្មតា។ ប្រសិន​បើធ្មេញ​កំណើតធំ ត្រូវ​ចំណាយ​ពេលរ៉​ឱ្យរាង តូចបន្ដិច ព្រោះ​ធ្មេញ​ធំពេក​ពិបាកត​បើត​ហើយ​មិនសូវ​ស្អាតដូច​ធ្មេញតូចទេ។ បន្ទាប់​ពីពិនិត្យ​សុខភាព​ធ្មេញ និងឈូស​ឆាប​រួចរាល់ ហើយ​ទើប​ឈានចូល​ដល់​វិធី​ភ្ជាប់​ធ្មេញ​ទន្សាយ​ជាមួយ​ធ្មេញ​កំណើត​ដោយ​ប្រើបច្ចេក​ទេស​របស់​ពេទ្យធ្មេញ។ ធ្មេញ​ទន្សាយ​ពេលត ចប់​សព្វគ្រប់​ធ្មេញ​នោះមាន​លក្ខណៈ​ដូចជា​ធ្មេញ​កំណើត​ដែរមិន​មាន​ឃើញ​ស្នាម​អ្វីឡើយ ថែមទាំង​អាចជួយ​ទៅភ្ជិត​រន្ធធ្មេញ​ដែលមាន ចន្លោះ​ទៀតផង។ ធ្មេញ​ទន្សាយ​ដែល​តភ្ជាប់​ជាមួយ​ធ្មេញ​កំណើត​មាន​ប្រវែង​ប្រហែល​ជា២​មីលីម៉ែត្រ​ទៅ៣​មីលីម៉ែត្រ ផលិត​ចេញពី សារធាតុ​ម្យ៉ាង​ដែលជា​ពណ៌​ប្រហាក់​ប្រហែល​ទៅនឹង​ធ្មេញ​កំណើត។

ផលប៉ះ​ពាល់នៃ​ការត​ធ្មេញ​ទន្សាយ

ពេលរ៉​ចៀសមិន​ផុតទេ​នូវការ​ប៉ះទង្គិច​រវាង​សាច់​អញ្ចាញ​ជាមួយ​នឹង​ឧបករណ៍​ធ្វើធ្មេញ។ ក្នុងករណី​តធ្មេញ​ទន្សាយ​មិនតាម​ក្បួនខ្នាត​ត្រឹមត្រូវ​ឬពេទ្យ​ធ្មេញ​ដែលគ្មាន​ជំនាញ ធ្វើឱ្យ​ធ្មេញ​ដែលត​ឆាប់​ស្រៀវ​នៅពេល​ប៉ះទឹក​ក្ដៅទឹក​ត្រជាក់ ឬប៉ះ​កម្ទេច​ចំណី អាហារ។ ម្យ៉ាង​ទៀត​នៅពេល​ដែលដក​ធ្មេញ​ទន្សាយ​ចេញ​ឃើញ​ធ្មេញ​កំណើត​ខ្លីហើយតូច និងមិន​សមជា​មួយធ្មេញ​ដទៃ​ទៀតទេ។ នៅពេល​ទទួលទាន​អាហារ​មិនអាច​ទំពា​ធ្មេញ​មុខបាន​ទេ ព្រោះ​អាចធ្វើ​ឱ្យធ្មេញ​បែក និងធ្វើ​ឱ្យឈឺ​ទៀតផង។ ករណី​មួយ​ចំនួន​បន្ទាប់ពី តបាន១ ឬ២​សប្ដាហ៍ អាចធ្វើ​ឱ្យ​អញ្ចាញ​ហើម ហើយ​ឡើង​ក្រហម​ទៀតផង។ ករណី​នេះបើ​មិនទៅ​ជួបអ្នក​ជំនាញ​ទាន់​ពេលទេ ប្រាកដ ជាកើត​ជាខ្ទុះ ឬក៏​ដំបៅបាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធី​ថែរក្សា​ធ្មេញ​ទន្សាយ

សូម​លោកអ្នក​សម្អាត​ធ្មេញ​ជាប្រចាំ​ក្នុងមួយ​ថ្ងៃ២​ទៅ៣ដង ជាពិសេស​នៅក្រោយ​ពេល​ទទួលទាន​អាហារ និងក្រោកពី ដំណេក​ដើម្បី​ចៀសវាង​ធ្មេញខ្មៅ និងធ្មេញ​លឿង។ សូម​ជ្រើស​រើស​ថ្នាំដុស​ធ្មេញ ទឹកខ្ពុរ​មាត់​ដែលមាន​គុណភាព​ល្អមក​ប្រើប្រាស់។ ចំពោះ​ការទំពា​អាហារ​គួរទំពា​ថ្នមៗ ប្រសិន​បើចង់​ទំពា​ធ្មេញមុខ សូមកុំ​ខាំចំណី​អាហារ​រឹងៗ​ចំធ្មេញ​ដែលត។ គប្បី​ឧស្សាហ៍​ទៅពិនិត្យ សុខភាព​ធ្មេញ និងជួប​អ្នក​ជំនាញ​ប្រសិន​បើមាន​បញ្ហា​អ្វីកើត​ឡើង​ចំពោះ​ធ្មេញ ឬអញ្ចាញ ចៀសវាង​ការប្រើ​ថ្នាំមិន​ត្រឹមត្រូវ​តាម វេជ្ជ​បញ្ជា។

ដំបូន្មាន​អ្នកប្រឹក្សា

លោកអ្នក​ដែលមាន​សម្រស់​ស្អាត​ស្រាប់​ហើយនោះ មិនគួរ​ទៅត​ធ្មេញ​បន្ថែម​ទៀត​ឡើយ ព្រោះ​ធ្មេញ​នេះមិន​អាចត​បានជា រៀង​រហូតទេ​នៅពេល​ដែលដល់​កំណត់ ដាច់ខាត​ត្រូវទៅ​ផ្លាស់ប្ដូ​រចេញ។ លោកអ្នក​ត្រូវថែ​រក្សា​ធ្មេញ​ស្អាត​បែប​ធម្មជាតិ​វិញល្អ​ជាង។ សូម​ស្វែងយល់​ថាការ​តធ្មញ​ទន្សាយ​មិនមាន​អ្វី​ពិសេស​ជាងធ្មេញ​កំណើត​យើងឡើយ។ ម្យ៉ាង​ទៀត​សូម​លោកអ្នក​តោងដឹង​ថានៅ​ពេល​ដកចេញ​នោះមិន​ស្អាតដូច​ធ្មេញ​កំណើតទេ​ដូចជា​ធ្វើឱ្យ​មានស្នាម ប្រហោង ធ្មេញខ្លី ឬតូច​ជាងមុន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative