របៀប​ជ្រើស​រើស​ក្រវិល

ក្រវិល​គឺជាគ្រឿង​សម្រាប់​តុបតែង​របស់ស្ដ្រី និង​បុរស​មួយ​ចំនួនតូច​បំផុត ដែល​ជាអលង្ការ​អាច​ជួយ​លើក​សម្រស់​ផ្ទៃមុខ​បាន​មួយ​កម្រិត​ផងដែរ។ ក្រវិល​ភាគច្រើន​ត្រូវបាន​ផលិត​ពីវត្ថុធាតុ​ដើម​មួយ​ចំនួន ដូចជា​មាស ប្លាកទីន ប្រាក់ កាឡៃ​ជាដើម។ ក្រវិល​មាន​ច្រើន​ម៉ូត​សម្រាប់​ជ្រើស  រើស​ឱ្យសម​ទៅតាម​ទម្រង់មុខ​របស់ម​នុស្ស​ម្នាក់ៗ។ ទោះបី​ជា​លោកស្រី​អ្នកនាង​កញ្ញា​មានផ្ទៃមុខ​ស្រស់ ស្អាត​យ៉ាង​ណា​ក៏ដោយ​តែបើ​ជ្រើសរើស​ក្រវិលមិន​បានល្អទេ នោះធ្វើឱ្យ​សម្រស់​បាត់បង់​អស់មួយ​កម្រិត​ទៅវិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យកាន់តែ​ជ្រាបច្បាស់​ក្នុងការ​ជ្រើសរើស​ឱ្យមាន​ភាពសក្ដិ​សម​ទៅតាម​ទម្រង់​មុខ ទស្សនាវដ្ដី សុខភាព យើង បានជួប​សម្ភាស​ជាមួយ​លោកស្រី ពេស សុផា ម្ចាស់​ហាង​លក់​ពេជ្រ មុំ មរកត ជួយ​បកស្រាយ​បំភ្លឺ​ជូន​លោកអ្នក​អានឱ្យ​បានដឹង។

ប្រភេទ​ក្រវិល

ក្រវិល​មានជា​ច្រើន​ទៅតាម​ការរចនា​ម៉ូត​របស់​អ្នកផលិត​ដើម្បី​ទាក់ទាញ​អតិថិជន និងឱ្យ​សមតាម​តម្រូវការ​និយម​របស់ សម័យ​កាល។ ក្រវិល​ដែលជា​តម្រូវការ​សម្រាប់​សម័យ​បច្ចុប្បន្ន មាន​ដូចជា​ផ្កាម៉ូត​មួយ​គ្រាប់​ជាប់​ត្រចៀក រង្វង់កង​មូលតូច ឬធំ រំយោល​វែងៗ និង​ក្រវិល​ដែល​ពាក់​ដោយ​ចោះ​រន្ធ​ត្រចៀក២ ឬ​៣គ្រាប់។ ការពាក់​ក្រវិល​ជារឿង​ងាយ​ស្រួល​ក៏ពិត​មែន ប៉ុន្ដែ​ក៏ទាម​ទារ ឱ្យមាន​សិល្បៈ​នៃការ​ជ្រើស​រើស​ទើប​អាច​បង្កើន​សម្រស់​បាន បើមិន​ដូច្នោះ​សម្រស់​នឹងត្រូវ​បាត់បង់​មិនខាន​ឡើយ។ ដើម្បី​ឱ្យមើល​ទៅ មានភាព​សក្ដិសម​មិត្ដនារី​ទាំង​អស់​គួរជ្រើស​រើស​ក្រវិល​តម្រូវ​ទៅតាម​ទម្រង់​ផ្ទៃមុខ​ទើប​ប្រសើរ។ បុរសនា​សម័យ​បច្ចុប្បន្ន​មានការ និយម​ពាក់​ក្រវិល តែមិន​មានម៉ូត​ច្រើនដូច​ក្រវិលនារី​ឡើយ​ភាគ​ច្រើន​ចូលចិត្ដ​ពាក់​ក្រវិល​ត្បូង​មួយ​គ្រាប់ ឬក្រវិល​ធម្មតា​ជាប់នឹង ត្រចៀក។ បុរសខ្មែរ​មិនសូវ​មានការ​ពេញ​និយម​ពាក់​ក្រវិល​ប៉ុន្មាន​ទេតែ​សម្រាប់​បរទេស​វិញ​មានការ​ពេញនិយម​ជាទូទៅ​សម្រាប់ បុរស​ក៏ដូចជា​នារីដែរ។

ការ​ជ្រើស​រើស​ក្រវិល

ដើម្បី​ពាក់​ក្រវិលផ្ដល់​ប្រយោជន៍​សម្រាប់​សម្រស់ សុភាពនារី​គួរតែ​យល់ដឹង​អំពី​ទម្រង់មុខ​របស់ខ្លួន​ជាមុន​សិន។

1. ទម្រង់​មុខធំ ឬមុខរា គួរតែ​ជ្រើសរើស​ប្រភេទ​ក្រវិលជា​ផ្កាតូចៗ ឬក្រវិល​កិបជាប់​នឹង​ត្រចៀក ដើម្បី​មើល​ទៅ​ឃើញ ផ្ទៃមុខរា​ងវែង​និងផ្ទៃមុខ​រាងតូច​បន្ដិច។

2. ទម្រង់មុខតូច ឬមុខខ្លី ទម្រង់​មុខបែប​នេះពិបាក​ក្នុងការ​ជ្រើសរើស​ប្រភេទ​ក្រវិល​ពាក់​បន្ដិច។ ប៉ុន្ដែ​សូមកុំ​ព្រួយ​បារម្ភ​សុភាពនារី​គួរ​ជ្រើស​រើស​ក្រវិលមក​លំអឱ្យ​ត្រូវតាម​ទម្រង់មុខ ដូចជា​ក្រវិល​វែង រង្វង់​កងធំ ៨ផ្កាធំៗ​ជាដើម ទើប​ជួយលើក​ទម្រង់​មុខ​ឱ្យមាន​រាងវែង​បន្ដិច​និង​ស្រស់​ស្អាត។

. ទម្រង់​មុខ​ទ្រវែង ឬមុខ​ពង​ក្រពើ ៖ ជាទម្រង់​មុខស្អាត​បំផុត។ ការតុប​តែងមុខ និងកា​រជ្រើស​រើស​ប្រភេទ​ក្រវិលក៏​មិន​មាន​បញ្ហាអ្វី​ដែរ ព្រោះ​ទម្រង់មុខ​បែបនេះ​ងាយ​ស្រួល​ក្នុងការ​ជ្រើស​រើស។

3. ទម្រង់​មុខជ្រុង ៖ ចំពោះ​ស្ដ្រីមាន​ទម្រង់​មុខជ្រុង​(មុខវែង) គួរតែ​ជ្រើស​រើស​ក្រវិល​មួយ​គ្រាប់​(ជាត្បូង ឬជា​លោហៈ ធាតុផ្សេងៗ)​ក្រវិល​ដែល​មានម៉ូត​ជា​សរសៃឆ្មារៗ​(ខ្លីល្មម​សមរម្យ) ឬជាម៉ូត​ផ្កាឬរង្វង់​កងរាង​ធំបន្ដិច​ក៏បាន។

4. ជ្រើស​រើស​ក្រវិលទៅ​តាមវ័យ និង​សម្បុរ ៖ ដោយ​ឡែក​សម្រាប់​ស្ដ្រីវ័យ​ចំណាស់​គួរជ្រើស​រើស​ពាក់​ក្រវិល​ទុំហូ​ឬក្រវិល​មួយគ្រាប់​ជាដើម។ ចំពោះ​ស្ដ្រីមាន​សម្បុរ ស្រអែម​(ខ្មៅ) គួរតែ​កុំពាក់​ក្រវិលត្បូង​ដែលមាន​ពណ៌ ដូចជា​ពណ៌ស ពណ៌​ក្រហម ពណ៌ខៀវ​ជាដើម។

ផល​ប៉ះពាល់​នៃការ​ប្រើ​ក្រវិល

ជាធម្មតា​ក្រវិល​ដែល​មាន​ទម្ងន់ធ្ងន់​អាចធ្វើ​ឱ្យត្រចៀក​យារ ព្រោះមិន​អាច​ទ្រទ្រង់​ទម្ងន់​នៃក្រវិល​បាន។ បើក្រវិល​កាឡៃ​(ក្លែងក្លាយ)​វិញមាន​ផល​ប៉ះពាល់​ច្រើន ដោយ​សារពាក់​ធ្វើឱ្យ​ស៊ី​ត្រចៀក អាចនាំ​ឱ្យមាន​ជម្ងឺសើ​ស្បែក។ សូមអាន​អត្ថបទ​វិធី​ថែទាំ​ស្បែក​ពាក់គ្រឿង​អលង្ការ​នៅ​លេខ០១៤​ខែមីនា ឆ្នាំ២០០៧​របស់​ទស្សនាវដ្ដី សុខភាពយើង។ ជាពិសេស​ទៅទៀត​នោះមុន​នឹងឱ្យ​ជាងច្នៃ​ចេញ​ជាម៉ូត​ត្រូវទៅ​វាស់​ត្រចៀក​ជាមុន​សិនទើប​ប្រសើរ ដើម្បី​សមស្រប​តាមទំហំ​ត្រចៀក។ ដើម្បី​ចៀស​វាងនូវ​បញ្ហា​នេះ គួរ ពាក់​ក្រវិល​ដែលមាន​ស្នៀត​ក្រោយ​ឱ្យធំជាង​ក្រវិល​បន្ដិច​ទើបល្អ​ព្រមទាំង​អាចជួយ​ទប់ស្កាត់​មិនឱ្យ​យារ​ត្រចៀក​បានទៀត​ផង។ ចំណែក​ឯការ​ថែរក្សា​ក្រវិល​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​បំផុតអ​នុវត្ដបាន​ជារៀង​រាល់ថ្ងៃ។ អាច​ពេល​ងូតទឹក​ត្រូវដោះ​ក្រវិល​ចេញពី ត្រចៀក​ដើម្បី​ចៀស​វាងការ​ត្រូវនឹង​សាប៊ូ​នាំឱ្យ​ធំក្លិន​មិនល្អ និងអាប់​ពណ៌​ក្រវិល។

ដំបូន្មាន​អ្នកប្រឹក្សា​

លោកអ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​ប្រភេទ​ក្រវិល​ឱ្យសម​ទៅតាម​ទម្រង់មុខ ទើប​មើល​ឃើញ​នូវភាព​ស្រស់​ស្អាត ។ ម្យ៉ាងវិញ​ទៀត​សូម​កុំពាក់​ក្រវិល​ជាញឹក​ញាប់ និងក្រវិល​ធ្ងន់ៗ​ពេក ព្រោះ​ធ្វើឱ្យ​ត្រចៀក​យារ ឬក្លាយ​ទៅជា​ដំបៅ​ក៏មាន​ដែរ។ ហេតុ​ដូចនេះ​ហើយ​សូមលោក​អ្នក​យកចិត្ដ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ក្នុងការ​ជ្រើស​រើស​ប្រភេទ​ក្រវិល​សម្រាប់​យកមក​ពាក់ ដើម្បី​ឱ្យមាន​ភាព ស៊ីចង្វាក់​ជាមួយ​ត្រចៀក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative