បរិស្ថាន​ទឹក​កំពុង​រងការ​បំពុល

ទឹកមាន​ផល​ប្រយោជន៍​ណាស់​សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ។ ទឹកគឺ​ជា​ចំណែក​មួយ​ដែល​ជម្រុញ​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឱ្យជឿន​លឿន​ក្នុង​វិស័យ​ឧស្សាហ៍កម្ម កសិកម្ម ទេសចរណ៍ គមនាគមន៍ និង​តំបន់​ទីក្រុង។ ប៉ុន្ដែ​ការ​លេច​ចេញនូវ ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​គុណភាព​បរិស្ថាន​បាន​បង្កឱ្យ​មានផល​វិបាក​ដល់​ជីវិត​មនុស្ស​សត្វ​ដោយ​សារការ​ប៉ះពាល់​សារធាតុ​គីមី​រាប់ម៉ឺន ប្រភេទ រួមទាំង​កាក​សំណល់​ដែល​ផ្ទុកជាតិ​ពុល​ផ្សេងៗ​ជាច្រើន។ ការបោះ​កាក​សំណល់ លាមក​ឬសម្រាម​ទៅតាម​ប្រព័ន្ធ​លូទឹក ជា ហេតុ​បង្កឱ្យ​បរិស្ថាន​ទឹកត្រូវ​បាន​បំពុល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​បំពុលទឹក​អាច​កើត​ចេញ​បាន​តាមរយៈ​រូបភាព​ផ្សេងៗ ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោក ភិន​រ៉ាឌី ប្រធាន​ការិយាល័យ​គ្រប់គ្រង​គុណភាព​ទឹក និងដី​នៅ​នាយកដ្ឋាន​ត្រួត​ពិនិត្យ​ការ​បំពុល​បរិស្ថាន​នៃក្រសួង​បរិស្ថាន​ដើម្បី​បកស្រាយ​បញ្ហា ដែល​ទាក់ទង​ទៅនឹង​ការបំពុល​បរិស្ថាន​ទឹក។

ការ​បំពុល​បរិស្ថាន​ទឹក គឺជាអ្វី?

ការ​បំពុល​បរិស្ថានទឹក​គឺជា​សកម្មភាព​ទាំង​ទ្បាយ​ណា​ដែលធ្វើ​ឱ្យទឹក​ប្រែប្រួល​ខុសពី​លក្ខណៈ​ដើម មានភាព​កខ្វក់​និង​កាក សំណល់​ក្នុងទឹក​ជាដើម។ ការបំពុល​បរិស្ថាន​ទឹកអាច​ជះឥទ្ធិពល​អាក្រក់​ដល់​សោភ័ណ​ភាព​បរិស្ថាន​អាស្រ័យ​ទៅតាម​កម្រិត​នៃការ បំពុល ដែល​ភាគច្រើន​មាននៅ​តាម​ទីកន្លែង​សំខាន់ៗ​មួយ​ចំនួន ដូចជា​រមណីយដ្ឋាន ទីក្រុង ទីប្រជុំជន ភូមិ​ទីកម្សាន្ដ ទីសាធារណៈ ជាដើម។

មូល​ហេតុ​បង្កការ​បំពុល​បរិស្ថាន​ទឹក

ប្រភព​នៃការ​បំពុល​បរិស្ថាន​ទឹកអាច​កើត​ឡើង​តាមរយៈ​មូលហេតុ​ផ្សេងៗ​ជាច្រើន ដូច​ជាកត្ដា​មនុស្ស​វិស័យ​ទេសចរណ៍ សម្រាម​ជាដើម។

1. កត្ដា​មនុស្ស ៖ ទាក់ទង​ទៅនឹង​មុខ​របរ​អាជីវកម្ម​ដែល​លោកអ្នក​ប្រកប​រាល់ថ្ងៃ ដូចជា​វិស័យក​សិកម្ម​ការប្រើ​ប្រាស់ជី គីមីបាន​បន្សល់​ទុកនូវ​កាក​សំណល់ ដោយ​សារការ​គ្រប់គ្រង​មិនបាន​ត្រឹមត្រូវ​តាមបច្ចេក​ទេស​នាំឱ្យ​សំណល់​អាចហូរ​ធ្លាក់​ចូល​ប្រឡាយ ទឹក ដែល​អាច​បណ្ដាល​ឱ្យបំពុលទឹក។ ម្យ៉ាង​ទៀត​ទឹកស្រះ​នៅតាម​ជនបទ​ដែលថ្លា និងគ្មាន​ក្លិនស្អុយ​លោកអ្នក​តែង​ប្រើប្រាស់ សម្រាប់​បរិភោគ និងងូត។ ប៉ុន្ដែ​ដោយសារ​ការបង្ហូរ​កាក​សំណល់​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក មាន់​និង​ទាទឹកស្រះ​នោះក៏​ប្រែពណ៌​ទៅ ជាល្អក់ និង​មាន​ក្លិនស្អុយ។ ហើយ​លោកអ្នក​មិនអាច​ប្រើប្រាស់​ទឹកនោះ​តទៅ​ទៀត​បានទេ​ទាំងនេះ​អាច​និយាយថា​បរិស្ថាន​ទឹកស្រះ​ត្រូវបាន​បំពុល​ដោយ​ភាព​កខ្វក់។

2. វិស័យ​ទេសចរណ៍ ការធ្វើ​ដំណើរ​កម្សាន្ដ​ទោះទៅ​តាមទូក កប៉ាល់​ឬ​កាណូត​អ្នក​ដំណើរ​ខ្លះក៏មាន​ការបន្ទារ​បង់តាម បង្គន់​អនាម័យ​លើយាន​ជំនិះ។ បង្គន់​អនាម័យ​ទាំងនេះ​ជួនកាល​មិនបាន​រៀបចំ​ត្រឹមត្រូវ ពេលនោះ​ហើយ​លាមក​និង​កាក​សំណល់ ផ្សេងៗ​ត្រូវធ្លាក់​នៅលើ​ផ្ទៃទឹក។

3. ការទុក​ដាក់ធុង​សម្រាម ៖ នៅតាម​ទីក្រុង ឬទី​សាធារណៈ ការបោះ​សម្រាម​ឬកាក​សំណល់​ផ្សេងៗ​ពាសវាល​ពាស កាល ជួនកាល​អាច​បោះចោល​ទៅក្នុង​ទឹកផង​ដែរ។

5. កត្ដា​អាកាស​ធាតុ ៖ សារធាតុ​នីដ្រូសែន​មានទឹក​ភ្លៀង ហើយ​នៅពេល​ដែល​ទឹកភ្លៀង​ធ្លាក់​ចូលទៅ​ក្នុងទឹក​ស្ទឹង​ស្រះ ឬទន្លេ ក៏បាន​បំប្លែង​ទៅជា​អាស៊ីត​នីត្រា​ដែល​អាចបង្ក​ឱ្យ​គ្រោះថ្នាក់ និង​បំផ្លាញ​ជីវិត​រុក្ខជាតិ​ព្រម​ទាំងជីវ​ចម្រុះ​ដែល​រស់នៅ​ក្នុងទឹក ថែម​ទាំង​បង្កឱ្យ​មនុស្ស​មាន​ជម្ងឺផ្សេងៗ​បាន​តាមរយៈ​ការបរិភោគ​ទឹក។

ផល​ប៉ះពាល់​នៃការ​បំពុល​បរិស្ថាន​ទឹក

សកម្មភាព​មួយ​ចំនួន​ដែល​អាចធ្វើឱ្យ​មានការ​បំពុល​ខូច​បរិស្ថាន​ទឹកបាន​ជះឥទ្ធិពល​ដល់​មនុស្ស សត្វ និង​រុក្ខជាតិ។ ដូច្នេះវា បាន​ឆ្លើយតប​ទៅវិញ​ចំពោះ​ការកង្វះ​នូវបច្ចេក​វិទ្យា​ដែល​សមស្រប​សម្រាប់​សម្អាត​កាក​សំណល់​រឹង​ដែល​បានកែច្នៃ​ផលិតផល​រួចក៏បាន បង្ហូរចេញ​ពីរោងចក្រ​ទៅក្នុង​ប្រភព​ទឹក​តាមរយៈ​រោង​ចក្របោក​គក់ រោងចក្រ​ផលិត​ស្រាបៀរ​ជាដើម។ ហើយ​សារធាតុ​ពុល និងសារ ធាតុគីមី​ត្រូវបាន​បញ្ចេញ​ជា​មួយគ្នា​ទៅក្នុង​ទឹកនោះ​ដែរ។

  • ការបង្ហូរ​កាក​សំណល់​រាវចេញ​ពីរោងចក្រ​ឧស្សាហកម្ម ៖ កាក​សំណល់​ទាំងនោះ​មាន​ផល​ប៉ះពាល់​ច្រើន​ដល់ការ​រស់នៅ របស់​មនុស្ស សត្វ រុក្ខជាតិ និងការ​បាត់បង់​សេដ្ឋកិច្ច​ជាតិ។ ជាពិសេស​សុខភាព​មនុស្ស​តាមរយៈ​ការ​បរិភោគទឹក​មិនស្អាត និងកង្វះ អនាម័យ​ដែលនាំ​មកជា​មួយនូវ​កាក​សំណល់​រាវ ហើយ​បានបង្ក​ជម្ងឺ​ផ្សេងៗ​ជាញឹក​ញាប់។
  •  ការបង្ហូរ​កាក​សំណល់​ចេញពី​លំនៅ​ដ្ឋាន ៖ គេសង្កេត​ឃើញថា​សំណល់​រាវ​ឬកាក​សំណល់​ដែល​ចេញពី​ផ្ទះ​សម្បែង​តាមទី ប្រជុំជន​នានា ឬពី​ទីផ្សារ​ចូលទៅ​ថ្លុក​ត្រញំង ដែល​បង្កើតឱ្យ​មានទឹក​ស្អុយ​ជាប្រចាំ។ មិនតែ​ប៉ុណ្ណោះ​កាក​សំណល់​ដែល​នៅតាម​ដងផ្លូវ រាយប៉ាយ​ជា​សាធារណៈ​មិនសម​ស្រប​ទើប​នៅពេល​ដែល​មាន​ភ្លៀង​ធ្លាក់​បាននាំ​មកនូវ​កាក​សំណល់​ទាំងនោះ​ហូរចាក់​ចូលទៅ​ក្នុងទន្លេ។ នេះគឺជា​បញ្ហា​មួយដែល​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ហើយ​ជះឥទ្ធិពល​ដល់ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្ដរជាតិ។

វិធី​បង្ការការ​បំពុល​បរិស្ថាន​ទឹក

ដោយសារ​កំណើន​ប្រជាពលរដ្ឋ​ច្រើន ការលូត​លាស់​ផ្នែក​ឧស្សាហកម្ម និង​កសិកម្ម​បានធ្វើឱ្យ​មាននូវ​បញ្ហា​បំពុល​បរិស្ថាន។  សកម្មភាព​មួយ​ចំនួន​បាន​បន្សល់​នូវកាក​សំណល់់​គ្រប់​ប្រភេទ​ដែលនាំ​មកនូវ​គ្រោះ​ថ្នាក់។ ដូច្នេះ​វិធាន​ការណ៍​សំខាន់​ដែល​គួរ​អនុវត្ដន៍​មាន ដូចខាង​ក្រោមនេះ។

1. វិធានការ​សម្រាប់​សាធារណៈ​ជន ៖ គឺជា​កត្ដ្កា​ចាំបាច់​បំផុត​ដើម្បី​សម្អាត​និង​អនាម័យ​ទីក្រុង​ដោយ​ជម្រុញ​ជាលក្ខណៈ អប់រំ តាមវិទ្យុ ទូរទស្សន៍ និង​ការបង្កើត​ទិវា​បរិស្ថាន។

2. វិធាន​ការ​សម្រាប់​រោងចក្រ​សហគ្រាស មានន័យ​ថា​គ្រប់​រោងចក្រ សហគ្រាស​ឬ​ក្រុមហ៊ុន​គួរ​អនុវត្ដន៍​ការ​គ្រប់គ្រង កាក​សំណល់​ឱ្យបាន​ល្អ ដោយ​មិនត្រូវ​បង្ហូរ​ចូលទៅ​ក្នុង​ប្រទ្បាយ​ទឹក​តាមរយៈ​ការ​បង្កើត​អាង​ស្ដុក​ទុកកាក​សំណល់​រាវ​របស់​ខ្លួន។

3. វិធាន​ការ​រៀបចំ​តាក់តែង​ច្បាប់ ៖ គ្រប់​ស្ថាប័ន​ដែល​ពាក់ពន្ធ័​ត្រូវរៀបចំ​ផែនការ​ឱ្យបាន​ច្បាស់​លាស់​សម្រាប់​គ្រប់​គ្រង សំណល់​គ្រប់​ប្រភេទ។ បច្ចុប្បន្ន​នេះ​ការចែង​បទបញ្ញត្ដិ​បាន​ចេញរួច​ហើយ​ក៏ពិត​មែន​តែនៅ​មិនទាន់​មាន​លក្ខណៈ​គ្រប់​គ្រាន់​នៅ​ឡើយ ទេ។ ដូច្នេះ​ស្ថាប័ន​ដែល​ត្រួត​ពិនិត្យ និង​គ្រប់ម្ចាស់​ប្រភព​បំពុល​ទឹក​ត្រូវ​ចូលរួម​គោរព​និង​ពង្រីក​ច្បាប់​នោះឱ្យ​បាន​ប្រសើរ​ឡើងវិញ។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​សោភ័ណភាព​ទីក្រុង និង​បរិស្ថាន​រស់នៅ​ល្អ​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ចំណែក​ដោយ​បំពេញ​ភារៈកិច្ច​ក្នុងការ​កែប្រែ បរិស្ថានទឹក។ សូម​លោកអ្នក​យល់ថា​ការរស់​នៅ​របស់​យើង​ទាំងអស់គ្នា​មិនអាច​គ្មានទឹក​បានទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Google Analytics Alternative