វិធី​ព្យាបាល​អ្នកញៀន​ថ្នាំ​ញៀន

ដោយ​សារ​ភាពចង់​ដឹង​ចង់ស្គាល់​ទើបធ្វើឱ្យ​យុវវ័យ និង​លោកអ្នក​មួយ​ចំនួន​ឈានដល់​ការប្រើ​គ្រឿង​ញៀន​ដែល​មាន​បរិមាណ​កើនឡើង​ជាលំដាប់​នៅ​ប្រទេស​យើង។ បើញៀន​ថ្នាំ​ហើយ ត្រូវការ​ព្យាបាល​ក្នុងរយៈ​ពេលយូរ​និង​ទាមទារ​ការ​យកចិត្ដ​ទុកដាក់​ពីសំណាក់​ក្រុម​គ្រួសារ​ជា​ចម្បង។ ការ​ព្យាបាល​ត្រូវការ​ពេល​វេលា និង​ភាព​អត់ធ្មត់​ជាពិសេស​ត្រូវ​មាន​អ្នក​ជំនាញ​ត្រឹមត្រូវ​ទើប អាច​ទទួល​បាន​ជោគ​ជ័យ។ តើការ​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​អាច​ប្រព្រឹត្ដ​ទៅបាន​ដោយ​វិធីសាស្ដ្រ​អ្វីខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជ្រាប​អំពី​វិធីសាស្ដ្រ​ក្នុងការ​ព្យាបាល​អ្នកញៀន​ថ្នាំញៀន ទស្សនាវដ្ដី សុខភាពយើង​បានជួប​សម្ភាសន៍​ជាមួយ​លោក អ៊ូច ប៉ាត់អមត្ថៈ ប្រធាន​កម្មវិធី​គ្រឿង​ញៀន​នៅ​អង្គការ​មិត្ដ​សម្លាញ់។

បទ​ពិសោធន៍​របស់​អង្គការ​មិត្ដ​សម្លាញ់

ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យអ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ព្រម​ព្យាបាល​ផ្ដាច់​គ្រឿង​ញៀន ចាំបាច់​ត្រូវធ្វើ​ឱ្យពួកគេ​មាន​ទំនុក​ចិត្ដ​ជាមុន សិន។ ជាដំបូង​អង្គការ​ត្រូវធានា​រ៉ាប់រង​ដល់​ពួកគេ​លើការ​ស្នាក់​នៅ ចំណី​អាហារ អនាម័យ និង​ការដឹក​ជញ្ជូន។ ព្យាយាម​ពន្យល់​ពួកគេ ពីផល​វិបាក​ទាំងឡាយ​នៅពេល​គេប្រើ​ប្រាស់​ថ្នាំញៀន ការដេក​តាម​ចិញ្ចើម​ផ្លូវ​និង​ពន្យល់​អំពីសារៈ​សំខាន់​នៃការ​ផ្ដាច់​ថ្នាំ​ញៀន។ ផ្ទុយ មកវិញ​បើក្នុង​ករណី​ដែល​ពួកគេ​មិនទាន់​យល់ព្រម​ផ្ដាច់ថ្នាំ​ញៀន​នោះ​អង្គការ​ពន្យល់​ពីប្រការ​មួយ​ចំនួន​ដែល​គួរ​ចៀសវាង​នៅពេល​គេ ប្រើប្រាស់​ថ្នាំ​ញៀន ដូចជា​ធ្វើការ​ផ្លាស់​ប្ដូរម្ជុល​កុំប្រើ​សេរ៉ាំង​រួមគ្នា​ដើម្បី​បង្ការ​ការឆ្លង​រោគ​ផ្សេងៗ។

វិធី​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន

ការ​ព្យាបាល​អ្នក​ញៀនថ្នាំ​ត្រូវ​ចំណាយ​ពេលវេលា ថវិកា និង​ទាមទារ​ឱ្យអ្នក​ញៀនថ្នាំ​ជួយខ្លួន​ឯងឱ្យបាន​ច្រើន​ទើប​ការ​ព្យាបាល​ឆាប់ជា​សះស្បើយ។ ការ​ព្យាបាល​ត្រូវ​ប្រតិបត្ដិ​ទៅតាម​ដំណាក់​កាល​ផ្សេងៗគ្នា។

1. ការ​ព្យាបាល​តាម​រោគ​សញ្ញា ៖ ក្នុង​ដំណាក់​កាល​នេះ ត្រូវ​ចំណាយ​ពេល២​សប្ដាហ៍។ អ្នក​ញៀនថ្នាំ​តែង​មាន​អាការ​ឈឺ ជើង​ឈឺ​សន្លាក់​នៃប្រព័ន្ធ​ដងខ្លួន ចុកពោះ​(រាក) ក្អួត​ជាដើម នៅពេល​ចាប់ផ្ដើម​ផ្ដាច់ថ្នាំ​ញៀន។ ការធ្វើ​ទុក្ខ​អាស្រ័យ​ទៅតាម​ប្រភេទ គ្រឿង​ញៀន និង​កម្រិត​ដែល​បានប្រើ។ ក្នុង​កំឡុង​ពេល​នេះ​ចាំបាច់​ត្រូវមាន​ការថែរក្សា​ពីសំណាក់​គ្រូពេទ្យ​ដែល​មាន​ជំនាញ និង​បទពិសោធន៍ ព្រោះជា​ពេលែ់​ដលអ្នក​ជម្ងឺមាន​អារម្មណ៍​រវើរវាយ រសាប់​រសល់​និង​ពិបាក​ទៅនឹង​ការផ្ចង់​គំនិត ហើយ​មាន​អារម្មណ៍​មួម៉ៅ ច្រើន។

រូបភាពទស្សនាវដ្តីសុខភាពយើង

2. ការ​ព្យាបាល​ផ្លូវចិត្ដ ៖ បន្ទាប់​ពីមាន​ការព្យា​បាលរយៈ​ពេល២​សបា្ដហ៍​ហើយ​ត្រូវ​បញ្ជូន​អ្នក​ញៀនថ្នាំ​ទៅ​មណ្ឌល​ស្ដារនិតិ​សម្បទារ​យៈពេល​៤សប្ដាហ៍​ទៀត។ ការ​ព្យាបាល​នៅទីនោះ​សំខាន់​ជាការ​លើក​ទឹកចិត្ដ។ ព្រោះ​ក្នុង​កាលៈ​ទេសៈ​នេះ​អ្នក​ជម្ងឺ​ត្រូវការ​អ្នក នៅជិត​សម្រាប់​ពិភាក្សា និង​ផ្ដល់​កម្លាំង​ចិត្ដ។ បន្ទាប់ពី​ការ​ព្យាបាល អង្គការ​មិត្ដ​សម្លាញ់​តែងផ្ដល់​ជាជំនាញ​វិជ្ជាជីវៈ ការងារ​ដល់អ្នក ទាំង​នោះទៅ​តាម​ជំនាញ​ដែល​គេចង់​រៀន​ហើយត្រូវ​ប្រាប់​ពីគោលដៅ​សម្រាប់​អ្នកជម្ងឺ​ឱ្យដើរ​ផ្លូវទៅ​មុខ​ដើម្បី​កសាង​ជីវិតថ្មី​ដោយ​គ្មាន គ្រឿង​ញៀន។

3. ការ​ព្យាបាល​តាម​គ្រួសារ ៖ គ្រួសារ​ជាថ្នាល​ទីមួយ​សម្រាប់​មនុស្ស​គ្រប់រូប​ដើម្បី​ពិភាក្សា​និងធ្វើ​ការ​សម្រប​សម្រួល។  សមាជិក​ក្នុង​គ្រួសារ​ជាបុគ្គល​សំខាន់​ក្នុងការ​គាំទ្រ​ដល់​អ្នកញៀន​គ្រឿង​ញៀន​ឱ្យយល់​ព្រមផ្ដាច់​ខ្លួន​ចេញ​ពីសារ​ធាតុ​ញៀន។ ម្យ៉ាងវិញ ទៀត​គ្រួសារ​មានភារៈ​កិច្ចបង្ការ ទប់ស្កាត់​និង​បញ្ចៀស​កុំឱ្យ​សមាជិក​ក្នុង​គ្រួសារ​របស់ខ្លួន​ឈាន​ទៅដល់​ការ​ប្រើប្រាស់​គ្រឿង​ញៀន។

4 . ការ​ព្យាបាល​ដោយ​ប្រើថ្នាំ ៖ រយៈ​ពេល​២សបា្ដហ៍​ដំបូង​ប្រើថ្នាំ​លេប ប្រសិនបើ​អ្នកជម្ងឺ​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​អាចឱ្យ អ្នក​ជម្ងឺ​លេប​មួយ​ថ្ងៃ៣ដង ហើយ​បើអាការ​ធម្មតា​លេប​មួយ​ថ្ងៃតែ១ដង ឬ២ដង​ប៉ុណ្ណោះ។ បើក្នុង​ករណី​មិនអាច​ទប់ស្កាត់​អ្នក​ជម្ងឺបាន ដោយសារ​ស្ថានភាព​អារម្មណ៍ គ្រូពេទ្យ​ត្រូវតែ​ចាក់ថ្នាំ​ដើម្បី​រម្ងាប់​អារម្មណ៍។ ការ​ប្រើថ្នាំ​លេបគ្មាន​ផល​ប៉ះពាល់​ដល់​បញ្ហា​សុខភាពទេ ថែមទាំង​អាចជួយ​បន្សាប​សារធាតុ​ញៀន​ចេញពី​ក្នុងខ្លួន​អ្នក​ជម្ងឺ​យ៉ាង​រហ័ស។

5 . ការ​ព្យាបាល​ដោយការ​ដើរ​កម្សាន្ដ ៖ នេះជា​វិធីសាស្ដ្រ​មួយ​ដ៏មាន​ប្រសិទ្ធភាព​ដើម្បី​ផ្លាស់ប្ដូ​អារម្មណ៍​របស់​អ្នក​ជម្ងឺឱ្យ បាន​ស្រស់ថ្លា និង​មើលឃើញ​ពីភាព​រីករាយ​ក្នុង​ជីវិត​ដែលមិន​មានគ្រឿង​ញៀន។ ការ​កម្សាន្ដ​ធ្វើឱ្យ​អ្នក​ជម្ងឺ​ភ្លេច​អតីតកាល​របស់គេ ដែលធ្លាប់​តែឈ្លក់​វង្វេង​នឹងសារ​ធាតុញៀន។

ដំបូន្មាន​អ្នក​ប្រឹក្សា

សូម​លោកអ្នក​ដែល​ជាក្រុម​គ្រួសារ​អ្នក​ជម្ងឺញៀន​គ្រឿង​ញៀន គួរតែ​យកចិត្ដ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ដល់អ្នក​ទាំងនោះ កុំមាន​ការគិត​ច្រើនពី​អ្វីដែល​បានកន្លង​ហួស។ លោកអ្នក​គប្បី​ប្រើពាក្យ​សម្ដី​លួង​លោម​និងរក​វិធី​សាស្ដ្រ​គិត​ចំណុច​ថ្មីៗ ហើយល្អ​សម្រាប់ ជីវិត​ខ្លួនគេ​ផ្ទាល់។ ម្យ៉ាងវិញ​ទៀតគួរ​តែរកការ​ងារឱ្យ​ពួកគេ​ធ្វើតាម​លំដាប់​និង​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Google Analytics Alternative