ជក់​បារី​អេឡិច​ត្រូនិច សុវត្ថិភាព ឬ​គ្រោះថ្នាក់?

លោកអ្នក​បានដឹង​រួចមក​ហើយថា ការ​ជក់បារី នឹងនាំ​មកនូវ​គ្រោះថ្នាក់​ដល់​សុខភាព។ ហេតុនេះ​ហើយ​ទើបពួក​អ្នកវិទ្យា​សាស្រ្ត​ខិតខំ​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​ផលិត​បារី សម្រាប់​ជក់​ដោយ​ផ្តល់ផល​ប៉ះពាល់​តិចជាង​ការជក់​បារី​ធម្មតា។ បារី​អេឡិចនិច ឬហៅ​ជាភាសា​អង់គ្លេស​ថា e-cigarette គឺជា​ឈ្មោះ​បារី​ថ្មីមួយ​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខិតខំ​ស្រាវ​ជ្រាវ​ផលិត​សម្រាប់​អតិថិជន។ តើការ​ផ្តាច់​បារី​ដោយ​ការជក់​បារី​អេឡិច​ត្រូនិច​នេះ​ផ្តល់​សុវត្ថិភាព ឬផ្តល់​គ្រោះថ្នាក់​ដល់​អ្នក​ជក់?

រូបភាពទស្សនាវដ្ដីសុខភាពយើង

គំនិត​ច្នៃ​ប្រឌិត ដែល​កើត​ចេញ​ពីពួក​អ្នក​វិទ្យាសាស្ត្រ នូវែ​សេឡង់ បាន​ផ្តល់​ជូននូវ​កាដូរ​ដ៏ពិសេស​សម្រាប់​អ្នក​ដែល​ចង់​ផ្តាច់​បារី​តាមរយៈ​ការ​ជក់បារី​អេឡិច​ត្រូនិច។ លោក​បណ្ឌិត Hieden Macrobby ជាអ្នក​ស្រាវ​ជ្រាវ​មួយរូប​ក្នុង​ចំណាម​ពួក​អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ បាន​ប្រាប់​ឲ្យដឹង​ថា ផលិតផល​របស់​លោកនឹង​មាន​ប្រសិទ្ធភាព​ជាង បើប្រៀប​នឹងបារី​ធម្មតា ហើយ​បច្ចុប្បន្ន​ក្រុម​អ្នក​វិទ្យាសាស្រ្ត​កំពុង​ស្វែងរក​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​ដំណើរ​ការ​ពិសោធន៍​ជាក់​ស្តែង។ សូម​បញ្ជាក់​ផងដែរ​ថា បារី​អេឡេច​ត្រូនិច​គឺជា​បារីម្យ៉ាង ដែល​មាន​រូបរាង​ដូចទៅ​នឹង​បារីធម្មតា​ដែរ តែបារី​នេះត្រូវ​បានគេ​ប្រើប្រាស់​ដោយការ​សាកថ្ម មាន ឬគ្មាន​ផ្សែង និង​ក្លិន​ទៅតាម​ប្រភេទ​ផលិតផល​របស់​ក្រុមហ៊ុន​អ្នក​ផលិតបារី​នីមួយៗ ហើយ​អាចមាន​ ឬគ្មាន​ជាតិនី​កូទីន​ទៅតាម​ការ​ប្រើ​ប្រាស់​របស់​អ្នកជក់។ រីឯ​ទំហំ​របស់វា មាន​រូបរាង​ដូចទៅ​នឹងបារី​ធម្មតា​រហូត​ដល់​ទំហំ​ស៊ីកា និង​មាន​ពណ៌​យ៉ាង​ច្រើន​ទៀត​ផង។ បើតាម​សម្តី​បញ្ជាក់​របស់​លោក​បណ្ឌិត​ខាងលើ​បានប្រាប់​ឲ្យដឹងថា​សម្រាប់​ផលិត​ផល​របស់​លោក​វិញ​ពុំមាន​តម្លៃ​ថ្លៃ​ឡើយ គឺមាន​ន័យ​ថា​តម្លៃ​អាច​ប្រហាក់​ប្រហែល​នឹងការ​ចំណាយ​ទិញ​បារីជក់​ប្រចាំឆ្នាំ។ តម្លៃ​ឧបករណ៍​គឺប្រមាណជិត ៤០ដុល្លា ចំណែក​ឯប្រអប់​ដាក់​ជាតិ​នីកូទីន​វិញមាន​តម្លៃ​ប្រហែល ០.១០ដុល្លា​ក្នុង​មួយ​ថ្ងៃ។ ចំពោះ​ឧត្តម​ភាព​របស់​ឧបករណ៍​នេះ គឺអាច​ជក់បាន​គ្រប់ទី​កន្លែង ទាំង​នៅកន្លែង​ធ្វើការ នៅរង្គ​សាល ក្លឹប ឬ​ភោជនីដ្ឋាន ដែល​ប្រទេស​មួយ​ចំនួន​មានការ​ហាម​ប្រាម​ការ​ជក់បារី​ធម្មតា​នៅ​ទី​សាធារណៈ បាន​ថែម​ទៀត​ផង។ មិន​ត្រឹមតែ​ប៉ុណ្តោះ ការជក់​បារី​អេឡិច​ត្រូនិច​នេះមិន​ផ្តល់ផល​ប៉ះពាល់​ដល់នៅ​ជុំវិញ​ខ្លួនអ្នក​ដែល​កំពុង​ជក់​នោះទេ ព្រោះថា​មានបារី​អេឡិច​ត្រូនិច​មួយ​ចំនួន​មិនមាន​ផ្សែង​បញ្ចេញ​មកខាង​ក្រៅដូច​ជាបារី​ធម្មតា​ឡើយ។

អម្បិញ​មិញ​លោកអ្នក​បាន​ជ្រាប​រួច​មក​ហើយ​អំពី​គុណ​សម្បត្តិ​របស់​បារី​អេឡេច​ត្រូនិច។ ប៉ុន្តែ​ការប្រើ​ប្រាស់​របស់​របរ ឬ​វត្ថុ​ទាំង​ឡាយ​រមែង​តែង​ផ្តល់​នូវ​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ដល់​អ្នក​ប្រើ​ប្រាស់។ ពិត​មែនតែ​បារីនេះ បានជួយ​ដល់អ្នក​ដែល​មាន

​ចិត្ត​ចង់ផ្តាច់​ការញៀន​បារី តែវា​ក៏បាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ផងដែរ នោះគឺការ​ផ្ទុះបារី​ប្រភេទ​នេះ​ស្រប​ពេល​កំពុង​ជក់។ មាន​ផលិត​ផល​ច្រើន​ណាស់​ដែល​ក្រុម​អ្នក​វិទ្យាសាស្រ្ត​បានច្នៃ​បង្កើត​ឡើង​មក ប៉ុន្តែ​គ្រប់​ផលិតផល​ទាំង​អស់នោះ​មិនមែន​មាន​ន័យថា​សុទ្ធតែ​ផ្តល់​ផលល្អ​ទាំង​អស់​នោះទេ។ មាន​ក្រុមហ៊ុន​មិន​តិចទេ ដែល​ប្រកួត​ប្រជែង​បង្កើត​នូវផលិត​ផល​ថ្មី តួយ៉ាង​ដូច​ជា​បារី​អេឡិច​ត្រូនិច​នេះជា​ដើម។ មាន​ព័ត៌មាន​មួយ​បាន​ចុះផ្សាយ​អំពី​បុរស​ម្នាក់​ដែល​កំពុង​រង​របួស​យ៉ាង​ដំណំ​ដោយ​ការ​ឆេះមុខ និង​បាក់​ធ្មេញ​ខាងមុខ​អស់​ជាច្រើន​ដោយ​សារ​ការ​ជក់បារី​អេឡិច​ត្រូនិច​នេះ។ មន្ត្រី​ពន្លត់​អគ្គីសភ័យ​ប្រចាំ​តំបន់ North Bay សហរដ្ឋ​អាមេរិក បាន​និយាយ​ថា​ហេតុ​ការណ៍​នេះ​បានកើត​ឡើង​ចំពោះ​បុរស​ម្នាក់​រស់នៅ​រដ្ឋ Florida ដែល​ត្រូវបាន​ចុះផ្សាយ​តាម​រយៈ​សារព័ត៌​មាន MSNBC News ។ លោក Joseph Parker ជាប្រធាន​ក្រុម​ពន្លត់​អគ្គីស​ភ័យ បាន​បញ្ជាក់ថា បារីនោះ​បានផ្ទុះ​ឡើង​ដោយ​សារតែ​ថ្មរបស់​វា ក្នុង​កំឡុង​ពេល​ដែល​បុរស​នោះ​កំពុង​តែជក់ ដែល​ប្រៀប​បានដូច​ជាការ​ផ្ទុះកាំ​ជ្រួច​នៅក្នុង​មាត់​យ៉ាង​ដូច្នេះ​ដែរ។ ហើយ​មកទល់​នឹង​ពេល​នេះ ជនរង​គ្រោះ​នៅ​មិន​ទាន់ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ ពោល​គឺកំពុង​តែ​សម្រាក​ព្យាបាលរ​បួស។

បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហទំព័រ Wikipedia បានឲ្យ​ដឹងថា មាន​ប្រទេស​ជាច្រើន​បាន​ហាម​ប្រាម​ការ​ចរាចរ​លក់​បារី​អេឡិច​ត្រូនិច​នេះ ដោយ​ច្បាប់ និង​លក្ខ័ណ​ក្នុងការ​នាំ​ចូល​ផ្សេងៗ​ពីគ្នា ដូចជា​ប្រទេស​អូស្រ្តាលី ប្រេស៊ីល  កាណា​ដា ដាណឺ​ម៉ាក ហូឡង់ ប៉ាណាម៉ា អង់គ្លេស ណរវេយ សិង្ហបុរី និង​ប្រទេស​ជប៉ុន​ជាដើម។ ក្នុង​នោះ​ប្រទេស​មួយ​ចំនួន​ខាង​លើនេះ​បាន​ចាត់​ទុកថា​ការលក់​បារី​អេឡិច​ត្រូនិច ដែល​មាន​ជាតិ​នីកូទីន​ជាអំពើ​ខុស​ច្បាប់ និង​ត្រូវបាន​ហាម​ឃាត់ និង​មិនទាន់​ឲ្យមាន​ការ​អនុញ្ញាត​ចរាចរ​លិតផល​នេះ​នៅលើ​ទីផ្សារ​ទេ។ ដោយ​ឡែក​គេ​ឃើញ​មាន​តែ​ប្រទេស​អង់​គ្លេស​ទេ ដែល​ពុំទាន់​មាន​ការ​ដាក់​កំហិត​ទៅលើ​ការ​ចរាចរ​ផលិត​ផល​បារី​អេឡិច​ត្រូនិច​នេះ​នៅ​ក្នុង​ប្រទេស។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៨ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative