វិធី​ទប់ស្កាត់​ជម្ងឺ​បេះដូង

ជម្ងឺ​បេះដូង​ត្រូវបាន​គេសង្កេត​ឃើញថា កើត​មាន​លើ​មនុស្ស​គ្រប់វ័យ ពិសេស​មនុស្ស​វ័យ​ចំណាស់​ដែល​អាច​បង្ក​គ្រោះថ្នាក់ យ៉ាងខ្លាំង​ដល់​សុខភាព និងជីវិត។ ភាពរ៉ាំរ៉ៃ និងការ​ងាយ​ទទួលរង​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ពីជម្ងឺ​នេះ​នាំឱ្យ​មនុស្សម្នា​ស្ទើរ​គ្រប់គ្នា​ស្គាល់ និង​ខ្លាចរអាជា​ទីបំផុត។ អ្នកមាន​ជម្ងឺ​បេះដូង​ច្រើនរស់​នៅជាមួយ​នឹងភាព​តក់ស្លុត និង​ប្រុងប្រយ័ត្ន​ជានិច្ច។ បើយើង​គិតថា​ជម្ងឺ​បេះដូង ជាជម្ងឺ​កាចសាហាវ​គួរឱ្យខ្លាច តើមាន​វិធីណា​អាចបង្ការ​ជម្ងឺនេះ​បានទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត សុខ ផាង ឯកទេស​ផ្នែក​ជម្ងឺ​បេះដូង នៅមជ្ឈ​មណ្ឌល​ជម្ងឺ​បេះដូង មន្ទីរ​ពេទ្យកាល់​ម៉ែត​បានផ្ដល់​នូវបទ សម្ភាសន៍​ស្ដីពី​វិធី​ការពារ​ជម្ងឺ​បេះដូង​ដល់​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ផ្ដល់​ជូន​ប្រិយមិត្ដ​អ្នកអាន​ស្វែង​យល់​និង​បង្ការ​គ្រោះថ្នាក់​នៃ ជម្ងឺនេះ។

អ្វីជា​សរីរាង្គ​បេះដូង?

បេះដូង​ជាសរីរាង្គ​ម្យ៉ាង​នៅខាង​ក្នុងខ្លួន​របស់​មនុស្ស និង​សត្វ ដែល​មាននាទី​យ៉ាង​សំខាន់​ផ្នែក​ចលនា​ឈាមរត់​ដើម្បី​ចិញ្ចឹម សព៌ាង្គ​កាយ។ មនុស្ស ឬសត្វ​មិនអាច​រស់ដោយ​គ្មាន​បេះដូង​បានទេ។ ដូច្នេះ​បេះដូង​គឺត្រូវ​ការជា​ចាំបាច់​នូវការ​ថែរក្សា​ឱ្យមាន​សុខភាព ល្អជាប្រចាំ។ បេះដូង​ដែលមាន​សុខភាពល្អ ដើរ​ក្នុងចង្វាក់​ពី៦០​ទៅ៩០ដង​ក្នុងមួយ​នាទី​គ្មាន​បញ្ហា​ប្រើស​ក្នុង​បេះដូង គ្មាន​បញ្ហាស្ទះ សរសៃ​ឈាម​ដែលនាំ​ឈាម​មកចិញ្ចឹម​បេះដូង គ្មាន​ជម្ងឺ​ផ្សេងៗ​ក្នុង​បេះដូង​ជាដើម។ ការ​វិនិច្ឆ័យ​ពីអាការ​បេះដូង​មាន​សុខភាពល្អ ឬមិន ល្អនោះ​គឺជាតួនាទី​របស់​វេជ្ជបណ្ឌិត និង​អ្នកជំនាញ​ផ្នែក​បេះដូង​ដែល​មិនអាច​មើលដឹង​ដោយ​ភ្នែក​ទទេបាន​ឡើយ។

ប្រភេទ​ជម្ងឺ​បេះដូង

ជាទូទៅ​បេះដូង​ច្រើន​ប្រឈម​នឹងជម្ងឺ​ធំៗបី​ប្រភេទ គឺជម្ងឺ​បេះដូង​ពីកំណើត ជម្ងឺ​ប្រើស​បេះដូង​និង​ជម្ងឺ​ស្ទះ​សរសៃ​ឈាម​បេះ ដូង។

1. ជម្ងឺបេះ​ដូងពី​កំណើត ៖ មិន​មានមូល​ហេតុ​ណាមួយ​ដែលអាច​កំណត់​ជាក់លាក់​បានទេ។ ជម្ងឺ​ប្រភេទនេះ​អាច​បណ្ដាល មកពី​បញ្ហា​ក្រូម៉ូសូម ពេល​ពពោះ​ម្ដាយ​មាន​ជម្ងឺ​ផ្សេងៗ ការ​ទទួល​ទានថ្នាំ​មិនមាន​ការប្រឹក្សា​ពីវេជ្ជ​បណ្ឌិត​ពិសា​ស្រា​ជាដើម។ កត្ដា ទាំងនេះ​អាច​បណ្ដាលឱ្យ​ទារក​ដែល​កើតមក​មាន​ជម្ងឺ​បេះដូង​មក​ជាមួយ។

2. ជម្ងឺ​ប្រើស​បេះដូង ៖ នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​រួមទាំង​កម្ពុជា​យើងផង​ជម្ងឺ​ប្រភេទ​នេះកើត​មាន​ច្រើន​ណាស់។ មូល ហេតុ​បណ្ដាល​មកពី​មេរោគ​ស្ដ្រិប​តូកូក និង​ជម្ងឺ​ផ្សេងៗ​ទៀត ដូចជា​រលាក​បំពង់ក​រ៉ាំរ៉ៃ​ដែល​គ្មានការ​ព្យាបាល​ត្រឹមត្រូវ​នាំឱ្យ​មេរោគ​មិន ស្លាប់ ហើយ​ទៅទំតាម​សន្លាក់​ធំៗ ដូចជា​សន្លាក់​ដៃជើង​ជាដើម​បន្ទាប់​មក​វាបំបែក​ខ្លួន​មក​ទំលើ​បេះដូង​បង្កជា​ជម្ងឺ​ប្រើស​បេះដូង។ លើសពី​នេះ​ជម្ងឺ​ប្រើស​បេះដូង​អាច​ឈានដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ដែលត្រូវ​វះកាត់​មួយដង​ជាពីរដង​ឬ​ច្រើនដង​និង​ត្រូវ​ព្យាបាល​ដោយ ថ្នាំអស់​មួយ​ជីវិត​ទៀតផង។​

3. ជម្ងឺ​ស្ទះសរសៃ​ឈាម​បេះដូង ឬ​ជម្ងឺ​គាំង​បេះដូង ប្រភេទ​ជម្ងឺ​នេះច្រើន​កើត​នៅ​លើ​មនុស្ស​ចាស់​ពិសេស​បុគ្គល​ដែល មាន​បញ្ហា​លើស​ឈាម លើស​ជាតិ​ខ្លាញ់ ធាត់ជ្រុល ទឹកនោម​ផ្អែម​និង​កត្ដា​តំណពូជ​មួយ​ចំនួន​ដែល​នាំឱ្យ​ខ្វះឈាម​សម្រាប់​ចិញ្ចឹម​សាច់​ដុំបេះដូង។

វិធី​ទប់ស្កាត់​ជម្ងឺ​បេះដូង

ដូចដែល​បាន​ជម្រាប​ជូន​លោកអ្នក​ខាងលើ​រួចមក​ហើយ​អំពី​ជម្ងឺ​បេះដូង នៅ​ពេល​ដែល​មាន​ជម្ងឺ​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់ ដល់​អាយុ​ជីវិត​បាន។ ប៉ុន្ដែបើ​លោកអ្នក​មិនចង់​មាន​គ្រោះថ្នាក់ លោកអ្នក​ចាំបាច់​ត្រូវការពារ​ឬទប់​ស្កាត់​ឱ្យទាន់​ពេលវេលា។

1. វិធី​ទប់ស្កាត់​ជម្ងឺ​បេះដូង​ពីកំណើត ៖ ម្ដាយ​គ្រប់រូប​មិនត្រូវ​ទទួល​ទាន​ថ្នាំ​ផ្ដេសផ្ដាស​តាមការ​ផ្សំពី​ឱសថស្ថាន​នោះទេ។ បើ មាន​បញ្ហា​សុខភាព​កើតឡើង គឺត្រូវ​ទៅរក​គ្រូពេទ្យ​មាន​ជំនាញ​ច្បាស់លាស់​ដើម្បី​ពិគ្រោះ​និង​ត្រូវទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់ តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

2. វិធី​ទប់ស្កាត់​ជម្ងឺ​ប្រើស​បេះដូង ៖ ជម្ងឺ​នេះកើត​ឡើង​ពុំរើសវ័យ​នោះទេ។ ដូច្នេះ​កត្ដា​ចាំបាច់​ក្នុងការ​បង្ការ​គឺត្រូវ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​ធូលី​ចូលផ្លូវ​ដង្ហើម​ដែល​អាចបង្ក​ជម្ងឺ​រលាក​បំពង់ក។ ប្រសិនបើ​កើត​ជម្ងឺ​ផ្ដាសាយ ឬ​រលាក​បំពង់ក​ត្រូវ​ព្យាបាល​ឱ្យបាន​ត្រឹម ត្រូវ​ដោយ​គ្រូពេទ្យ​ជំនាញ។ ការ​លេបថ្នាំ​ដែលទិញ​ដោយ​ខ្លួនឯង ជួនអាច​បាត់​ផ្ដាសាយ ឬ​រលាក​បំពង់ក​ខ្លះដែរ​ប៉ុន្ដែ​បើ​មេរោគ​មិនស្លាប់ អាច​បណ្ដ្កាលឱ្យ​ជម្ងឺ​ប្រើស​បេះដូង​កើតឡើង។

3 . វិធី​ទប់ស្កាត់​ជម្ងឺ​ស្ទះសរសៃ​ឈាម​បេះដូង ឬ​ជម្ងឺ​គាំង​បេះដូង ៖ ជម្ងឺ​នេះ​មានការ​បង្ក​ជាសំខាន់​ដោយ​ជាតិ​ខ្លាញ់។ ដូច្នេះ​ដំណោះ​ស្រាយ​នៃជម្ងឺ​ប្រភេទ​នេះគឺ​ត្រូវបំបាត់ ឬ​បន្ថយ​ជាតិខ្លាញ់​ឱ្យបាន​ត្រឹមត្រូវ តាមរយៈ​ការហាត់​ប្រាណ​សម្រក​ជាតិខ្លាញ់។ លើសពី នេះ​ទៅទៀត​មិនគួរ​បរិភោគ​ជាតិ​ខ្លាញ់​សត្វ​គ្រប់​ប្រភេទ ឈប់​ជក់បារី ឈប់​ទទួលទាន​ស្រា​ព្យាបាល​ជម្ងឺ​ទឹក​នោមផ្អែម​ជាដើម ជា ពិសេស​ការត្រួត​ពិនិត្យ​ជាតិខ្លាញ់​ក្នុង​សរសៃ​ឈាម និងរក​វិធី​កាត់​បន្ថយ​ឬ​រំលាយ​ចោល។

អាការ​រោគ​ដែល​គួរកត់​សម្គាល់​របស់​ជម្ងឺ​បេះដូង

អាការ​រោគ​ជម្ងឺ​បេះដូង​ជួនកាល​វាមាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ជម្ងឺ​ដទៃទៀត​ដែរ។ ដូចនេះ​បើមាន​ការ​សង្ស័យ​ត្រូវ ទៅ​រកគ្រូពេទ្យ ព្រោះ​មានតែ​គ្រូពេទ្យ​ទេទើប​អាចដឹង ប៉ុន្ដែមាន​អាការ​មួយ​ចំនួន​អាច​ព្យាយាម​សម្គាល់​ដោយ​ខ្លួនឯង​បាន។

1 . រោគសញ្ញា​ជម្ងឺ​បេះដូង​ពីកំណើត ទារក​កើតមក​មិនអាច​និយាយ​ប្រាប់​យើង​នូវអ្វី​ដែល​កើត​ឡើង​ចំពោះ​ខ្លួនគេ​បានទេ អាការ​ដែល​ស្ដែង​ចេញ​មួយ​ចំនួន​អាចថា​មាន​ជម្ងឺ​បេះដូង ដូចជា​សម្បុរ​ស្វាយ​ក្រមៅ ពិសេស​ពេលទារក​យំ។ លើស​ពីនេះ​ទារក​មាន អាការ​ហត់ច្រើន មិន​ឡើង​ទម្ងន់ មានក្អក​ផ្ដាសាយ​រ៉ាំរ៉ៃ​ជាដើម។ បើមាន​អាការ​បែបនេះ​ត្រូវ​ឆាប់យក​កូនទៅ​មន្ទីរពេទ្យ។

2. រោគសញ្ញា​ជម្ងឺ​ប្រើស​បេះដូង បើមាន​ការរលាក​បំពង់ក លោកអ្នក​មានអាការ​ហត់​ខ្លាំង​ត្រូវឆាប់​ទៅ​មន្ទីរ​ពេទ្យ។ អាការ​នេះ​ប្រហាក់​ប្រហែល​នឹងជម្ងឺ​ផ្នែក​សួតដែរ។ ប៉ុន្ដែ​សំខាន់​គឺលទ្ធផល​ក្រោយការ​ត្រួត​ពិនិត្យ​និង​ការ​ពិសោធន៍​របស់​គ្រូពេទ្យ។

4. រោគសញ្ញា​ជម្ងឺស្ទះ​សរសៃ​ឈាម​បេះដូង ឬ​ជម្ងឺ​គាំង​បេះដូង ជម្ងឺនេះ​ច្រើន​កើត​លើ​មនុស្ស​ចាស់​វ័យ៤៥​ឡើង​ទៅ។ រោគសញ្ញា​សំខាន់ គឺចុក​ខ្លាំង​ក្នុងទ្រូង ឬ​ត្រង់​បោះដៃ​ផុត ហើយ​ឈឺចាក់​មកដើម​ដៃ ម្រាមដៃ​ច្រើនកើត​លើផ្នែក​ខាងឆ្វេង​ជាញឹក​ញាប់។

ដំបូន្មាន​អ្នកប្រឹក្សា

លោកអ្នក​ដែលមាន​អាការ​ជម្ងឺ​ស្ថិតក្នុង​ការបរិយាយ​ខាងលើ​នេះ សូម​ប្រញាប់​មករក​អ្នក​ជំនាញ​ដើម្បី​ប្រឹក្សា​និង​ធ្វើការ​ព្យាបាល។ លោកអ្នក​មិនត្រូវ​ប្រើថ្នាំ​ដោយ​ចិត្ដឯង ឬ​លេបថ្នាំ​ដោយខ្វះ​ការត្រួត​ពិនិត្យ​សុខភាព​ត្រឹមត្រូវ​នោះទេ។ ទាំងនេះ​គឺចៀស​វាង ការ​បណ្ដែត​បណ្ដោយ​រហូត​ជម្ងឺកាន់​តែធ្ងន់ធ្ងរ​ទៅៗ ពិបាក​ក្នុងការ​ព្យាបាល ឬជួយ​សង្គ្រោះ​ព្រោះ​ជម្ងឺ​ទាំងនេះ​អាច​ឈឺរ៉ាំរ៉ៃ ឬ​ស្លាប់ភ្លាម ៗតែម្ដង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Google Analytics Alternative