វិធី​ជ្រើស​រើសថ្នាំ​ដុស​ធ្មេញ

ធ្មេញ​មិន​ត្រឹមតែ​ជាអ្នក​ជួយ​ក្នុងការ​ទំពាបំបែក​អាហារ​ឱ្យល្អិត ដើម្បី​សម្រួល​ដល់ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះទេ​តែវាជា ចំណែក​មួយនៃ​សោភ័ណភាព​នៅលើ​ផ្ទៃមុខ​ពេល​ញញឹម ឬសើច។ មានអ្នក​ជួយលម្អិត​អាហារ​ដ៏ពូកែ​ប្រកប​ដោយ​សោភ័ណ​ភាព ដ៏ប្រិមប្រិយ​យ៉ាងយូរ​អង្វែង​នោះ ជាបំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប​មិនថា​ជាសុភាព​បុរស​ឬ​សុភាពនារី​នោះទេ។ ដូច្នេះ​ការថែរក្សា ធ្មេញ​ជាកត្ដា​ចាំបាច់។ ការថែរក្សា​នោះរួមមាន​ទាំងការ​ប្រើ​ពេលវេលា​ដើម្បី​សម្អាត​ធ្មេញ​វិធីសម្អាត​ធ្មេញ ការប្រើ​ប្រាស់​ច្រាស និងការ ជ្រើសរើស​ថ្នាំដុសធ្មេញ​ឱ្យបាន​សមស្រប​ទៅនឹង​ប្រភេទ​ធ្មេញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង លេខនេះ សូម​បង្ហាញ​លោកអ្នក​អំពីវិធី​ជ្រើសរើស​ថ្នាំដុស​ធ្មេញ​ដែល​អត្ថបទ​នេះទទួល​បានការ ផ្ដល់​ប្រឹក្សា​ពីលោក​ទន្ដបណ្ឌិត សុខ ជា អ្នកឯកទេស​ផ្នែកជម្ងឺ​ជាលិកា​ជុំវិញ​ឫសធ្មេញ​(រាក់ស៊ីធ្មេញ នៅ​គ្លីនិក​ធ្មេញ​សុខ ជា។

ផល​ប្រយោជន៍​របស់​ថ្នាំដុស​ធ្មេញ

ថ្នាំដុសធ្មេញ​ត្រូវ​បានផលិត​ឡើង​ដោយ​មានការផ្សំ​បញ្ចូលគ្នា​នូវសារធាតុ​ផ្សេងៗ មានទាំង​ឱសថ​ដែល​កែច្នៃ​ពីធម្មជាតិ និង សារធាតុគីមី​មួយចំនួន​ទៀត ដើម្បី​ជួយការ​ពារសុខភាព​មាត់ធ្មេញ។ ការ​ប្រើប្រាស់​ថ្នាំដុសធ្មេញ​ដែល​មាន​គុណភាព​ល្អត្រូវ​តាម​ប្រភេទ ធ្មេញ នាំឱ្យ​មាត់ធ្មេញ​មាន​សុខភាពល្អ គេចផុត​ពីជម្ងឺ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់មាត់​ធ្មេញ​ដូចជា​ជម្ងឺ​រាក់ស៊ី​ធ្មេញ ធ្មេញពុក ជម្ងឺ ហ្លុយ​អរ៉ូហ្ស៊ីស ជម្ងឺ​លើអញ្ចាញ​ធ្មេញ​ជាដើម នោះធ្មេញ​នឹងរឹងមាំ​បានយូរ​និង​សស្អាត​ជាប្រចាំ។

ការ​ជ្រើសរើស​ថ្នាំដុស​ធ្មេញ

ប្រជាពលរដ្ឋ​ខ្លះមិន​ធ្លាប់គិត​ពីការ​ជ្រើសរើស​ថ្នាំដុសធ្មេញ ដើម្បី​ឱ្យសមស្រប​នឹង​ប្រភេទ​ធ្មេញ​របស់​ខ្លួននៅ​ឡើយទេ​គឺប្រើ តាមការ​និយម។ ការ​ជ្រើសរើស​ប្រភេទថ្នាំ​ដុសធ្មេញ​គួរ​ចាប់ផ្ដើម​ពីការ​មើលទៅ​លើកាល​បរិច្ឆេទ​ប្រើប្រាស់។ ព្រោះបើ​ផុតកំណត់​ប្រើ ប្រាស់​ហើយ ថ្នាំ​ដុសធ្មេញ​ពុំមាន​ប្រសិទ្ធភាព​ទេ ចំណាយ​ទាំងប្រាក់​កាស​ហើយ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មាត់ធ្មេញ​មួយ កម្រិត​ទៀតផង។ បញ្ហា​ដែលត្រូវ​យកចិត្ដ​ទុកដាក់​ជាបន្ដ​ទៀត​សម្រាប់​ការ​ជ្រើសរើស​ថ្នាំដុសធ្មេញ​នោះ​គឺសារ​ធាតុផ្សំ​ត្រឹមត្រូវ។ ថ្នាំដុស ធ្មេញ​ដែល​មាន​គុណភាពល្អ ចាំបាច់​ត្រូវមាន​សារធាតុផ្សំ​មួយ​ចំនួន​ដូចខាង​ក្រោម។

  • ជាតិកាល់​ស្យូម និង​ជាតិ​ហ្លុយអរ៉ាយ​ត្រូវបាន​គេបញ្ចូល​ទៅក្នុងថ្នាំ​ដុសធ្មេញ​ដែលវា​មាន​សមត្ថភាព​ជួយ​ឱ្យធ្មេញ​រឹងមាំ និង កម្ចាត់​នូវមេរោគ​ទាំងឡាយ។ សារជាតិ​ទាំង​ពីរនេះ​ប្រើប្រាស់​បាន​សម្រាប់​មនុស្ស​គ្រប់វ័យ​និង​សម្រាប់​ធ្មេញ​គ្រប់​ប្រភេទ។ ហើយ សារធាតុ​ទាំង២មាន​ច្រើននៅ​ក្នុងអំបិល ដែល​កាល​ពីវិទ្យាសាស្ដ្រ​មិនទាន់​រីកចម្រើន​បុព្វបុរស​យើង​ច្រើន​ប្រើអំបិល​ដើម្បី​ដុសធ្មេញ។
  • ថ្នាំដុសធ្មេញ​ដែល​មាន​ពពួក​សារធាតុ​ដូមីហ្វេន​ប្រ៉ូម៉ាយ ហ្ស៊ីនក្លរ៉ាយ និង​សេទីលពី​រីឌីនៀមក្លរ៉ាយ​សម​ស្រប​ប្រើសម្រាប់ មនុស្ស​ដែលធ្មេញ​មាន​កំបោរ​កាន់​ក្រាស់ ធ្មេញខ្មៅ​ដោយសារ​ពិសា​កាហ្វេ ជក់បារី​ស្នាម​ប្រឡាក់​ដោយតែ​ជាដើម។ ព្រោះសារ​ធាតុទាំង នេះជួយ​ដុសខាត់​ឱ្យធ្មេញ​សស្អាត និង​ការពារ​កុំឱ្យ​កំបោរ​កាន់ឡើង​វិញ។
  • ចំពោះ​អ្នកដែល​មានក្លិន​មាត់​មិនល្អ​ត្រូវ​ជ្រើសរើស​ថ្នាំដុស​ធ្មេញ​ដែល​មាន​បញ្ចូល​សារធាតុម៉ីញ​ផ្សំ​ពីក្លិនផ្កា​និង​ជីអង្កាម និង សូឌ្យូម​សាក់ការីន​ដែល​អាចជួយ​ឱ្យមាត់​មានក្លិន​ប្រហើរ។
  • លោកអ្នក​ដែល​មានជម្ងឺ​អញ្ចាញ​ធ្មេញ គប្បី​ជ្រើសរើស​ថ្នាំដែល​មាន​សមាសធាតុ​ហឺប៊ល​និង​សារធាតុ​ប្រឆាំង​មេរោគ​ប្រភេទ​ហ្ស៊ីនក្លរ៉ាយ។
  • សម្រាប់​លោកអ្នក​ដែល​មានជម្ងឺ​ប្រចាំ​កាយ មនុស្សចាស់ អ្នកខ្សោយ​ប្រព័ន្ធ​ការពារ​រាងកាយ​និង​អ្នកមាន​ជម្ងឺ​ទឹកនោម ផ្អែម អ្នកទាំង​នោះបញ្ចេញ​ទឹកមាត់​មក​ខាងក្រៅ​បានតិច នាំឱ្យ​មេរោគ​មានច្រើន​ក្នុងមាត់។ ហេតុនេះ​លោកអ្នក​គួរ​ប្រើថ្នាំ​ដុសធ្មេញ ប្រភេទ​ប្រឆាំង​មេរោគ ដូចជា​ហ្ស៊ីន​ក្លរ៉ាយ​ជាដើម។
  • រីឯ​លោកអ្នក​ដែលមាន​ធ្មេញ​ស្រៀវ ឬសង្កៀរ គួរប្រើ​ថ្នាំដុស​ធ្មេញ​ដែលមាន​សារធាតុ​កាល់ស្យូម​ក្លរ៉ាយ​និង​ប៉ូតាស្យូម នីត្រាត។
  • មានថ្នាំ​ដុសធ្មេញ​មួយ​ប្រភេទ​ទៀត គឺផ្សំ​ពីសារធាតុ​ទាំង៦មុខ​ចូលគ្នា​តែម្ដង ដែល​ការពារ​ទាំង​មេរោគ​ការពារ​បានទាំង ការ​កកើត​នៃកំណក​កំបោរ ហើយ​ធ្វើឱ្យមាត់​មានក្លិន​ប្រហើរ។
  • ដោយ​ឡែក​ក្មេង​អាយុ​ក្រោម​៦ឆ្នាំ មិន​ចាំបាច់​ប្រើថ្នាំដុស​ធ្មេញទេ តែក្មេង​អាយុ​លើស​ពី៦ឆ្នាំ​គួរ​ប្រើថ្នាំ​ដុស​ធ្មេញជាតិ កាល់​ស្យូម និង​ជាតិហ្លុយ​អរ៉ាយ។ នៅពេល​ដែលដាក់​ថ្នាំដុស​ធ្មេញ​លើច្រាស​ដុសធ្មេញ គប្បី​ដាក់​ចំនួន​តិច​ស្ដើងៗ​ជាការ​គ្រប់គ្រាន់ ព្រោះ​សាច់​អញ្ចាញ​ធ្មេញ​កុមារ​នៅខ្ចី ឯកា​ចាធ្មេញ​ក៏នៅ​មិនទាន់​រឹងមាំ​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​របស់ថ្នាំ​ដុសធ្មេញ

ក្នុង​ករណី​ដែលការ​ជ្រើស​រើសថ្នាំ​ដុសធ្មេញ​មិន​សមស្រប អាច​មាន​ផលប៉ះ​ពាល់​តិចតួច​ដូចជា​អាចមាន​ជម្ងឺ​ហ្លុយអរ៉ូហ្ស៊ីស ជាដើម​ដែលធ្វើ​ឱ្យធ្មេញ និង​កាចាធ្មេញ​មាន​ពណ៌សៗ ដុំៗ ដែល​ចំណុច​សដុំៗ​នោះងាយ​របេះផុយ​ណាស់។ ម្យ៉ាង​វិញទៀត​បើ​ប្រើថ្នាំ ប្រភេទ​ប្រឆាំង​មេរោគ​ខ្ពស់នាំឱ្យ​ស្ង្ងួតមាត់​និង​សម្លាប់​មេរោគ​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ នាំឱ្យការ ចំណាយ​ថវិកាឥត​បាន​ប្រយោជន៍។

ដំបូន្មាន​អ្នកប្រឹក្សា

នៅលើ​ថ្នាំដុស​ធ្មេញ​ភាគច្រើន​សរសេរ​ជា​ភាសាបរទេស នាំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ពិបាក​ធ្វើការ​ជ្រើសរើស​ឱ្យបាន​សមស្រប ណាស់។ បើមាន​បញ្ហា​មាត់​ធ្មេញ គួរឆាប់​ប្រញាប់​ទៅ​រកសេវា​ព្យាបាល​ពីអ្នក​ជំនាញ​ផ្នែកធ្មេញ​ដើម្បី​ដឹង​ពីប្រភេទ​ជម្ងឺ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​សុខភាព​មាត់ធ្មេញ និង​ធ្វើការ​ព្យាបាល​ចំគោល​ដៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២០ ខែកញ្ញា ឆ្នាំ២០០៧

Google Analytics Alternative