របៀប​ជ្រើសរើស​ពណ៌​សម្លៀក​បំពាក់

រនៅពេល​ដែល​លោកអ្នក​ជ្រើសរើស​សម្លៀក​បំពាក់ មានកត្ដា​សំខាន់​មួយចំនួន​ដែល​ត្រូវ​យកចិត្ដ​ទុកដាក់។ កត្ដា​ទាំង​នោះ មានដូច​ជាទំហំ ប្រភេទ​សាច់​ក្រណាត់ សិល្បៈ​នៃការ​ដេរប៉ាក់ ពណ៌​ក្រណាត់​ជាដើម។ លោកអ្នក​មួយ​ចំនួន​ពិបាក​ក្នុងការ​សម្រេច​ចិត្ដ ជ្រើសរើស​ណាស់ ព្រោះ​មិនដឹងថា​បែបណា​ទើប​សក្ដិសម​នោះទេ។ ពណ៌​សម្លៀក​បំពាក់​ជារឿង​មួយ​ដែល​ត្រូវផ្ដោត​អារម្មណ៍​ជ្រើសរើស ព្រោះ​នៅពេល​ដែល​ជ្រើសរើស​មិនបាន​ត្រឹមត្រូវ​អាចនាំឱ្យ​សម្ផស្ស​នៃការ​តុបតែង​ត្រូវបាត់​ទាំងស្រុង។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោកស្រី គឹម អេង ម្ចាស់​ហាងកាត់​សម្លៀក​បំពាក់​សម័យ​និង​បុរាណ ដើម្បី​បកស្រាយ​ជូន​លោកអ្នក។

សម្លៀក​បំពាក់​ស្រស់ស្អាត​ជួយ​លើក​សម្រស់

ពាក្យចាស់​មួយឃ្លា​ពោលថា“មាន់ស្អាត​ដោយ​សាររោម មនុស្សល្អ​ឆោម​ដោយ​ការតុប​តែង”​ដែល​មានន័យ​យ៉ាង​គ្រប់​គ្រាន់ ថាការ​តុបតែង​ជាផ្នែក​មួយ​មិនអាចខ្វះ​បាន​សម្រាប់​លោកអ្នក​គ្រប់គ្នា។ ការតុប​តែង​សម្លៀក​បំពាក់​ជាប្រការ​ចាំបាច់​បំផុត​សម្រាប់​បិទ បាំង​កេរ្ដិ៍ខ្មាស ព្រោះ​មនុស្ស​យើងខុស​ពីសត្វ​ត្រង់នេះ​ឯង។ ហេតុនេះ​ហើយ​ទើប​លោកអ្នក​បាន​ខិតខំ​ធ្វើការ​ដើម្បី​បានប្រាក់​មកបំពេញ ចំណុច​អស់ទាំង​នេះ។ សម្លៀក​បំពាក់​ស្រស់ស្អាត​ពិតជា​អាចជួយ​លើក​សម្រស់​មួយ​កម្រិត។ សម្លៀក​បំពាក់​នេះទៀត​សោត​ក៏អាច បញ្ជាក់​ពីតួនាទី ឋានៈ​របស់បុគ្គល​ម្នាក់ៗ​ទៀតផង។ ផ្ទុយ​មកវិញ​បើការ​ជ្រើស​រើស​សម្លៀក​បំពាក់​មិនបាន​សម​ស្រប​នោះ លោកអ្នក​មិន ត្រឹមតែ​មិនស្អាតទេ ថែមទាំង​អាក្រក់​លើស​ដើម​ទៀតផង។

វិធី​ជ្រើសរើស​សម្លៀក​បំពាក់

ថ្វីត្បិត​តែការ​ជ្រើសរើស​ទាមទារ​លក្ខណៈ​ច្រើន​បន្ដិច​ក្ដី តែក្នុង​កត្ដា​ពណ៌​របស់​ក្រណាត់​ជារឿង​ដែល​មិនអាច​បំភ្លេច​បាន។ ដើម្បី​ឱ្យបាន​សម្លៀក​បំពាក់​មួយ​សម្រាប់​សមស្រប ហើយ​ស្រស់​ស្អាត​នោះ ត្រូវថ្លឹង​ថ្លែង​រវាង​សម្បុរ​ស្បែក រូបរាង​វ័យ​របស់​លោកអ្នក និង​ពណ៌​របស់​សាច់​ក្រណាត់។

1. ការ​ជ្រើសរើស​ពណ៌​សម្លៀក​បំពាក់​ទៅតាម​រូបរាង

  • សម្រាប់​អ្នកមាន​កម្ពស់​រាងខ្ពស់ ឬធាត់ ៖ លោកអ្នក​ដែលមាន​មាឌធំ​គួរតែ​ជ្រើស​រើស​សម្លៀក​បំពាក់​ពណ៌ខ្មៅ​ពណ៌រាង ស្រាលៗ ដូចជា​ពណ៌ផ្ទៃ​មេឃខ្ចី ពណ៌​ចំប៉ាក្រៀម ពណ៌​គ្រាប់អំពិល ពណ៌​ត្របែកព្រៃខ្ចី​ជាដើម​ដើម្បី​មើល​ទៅឃើញ​មាឌរាង​តូចបន្ដិច។ គួរចៀស​វាងពណ៌​ដែលមាន​ផ្កាធំៗ និង​ក្រឡាធំៗ ព្រោះកាន់​តែធ្វើ​ឱ្យមាឌ​រឹតតែធំ។ បើ​លោកអ្នក​មួយចំនួន​ស្រឡាញ់​ក្រណាត់ផ្កា ឬ ក្រឡា សូម​ជ្រើសរើស​ជាក្រឡា​តូចៗ និង​ផ្កាតូចៗ​ទើបល្អ​ប្រសើរ។ ជាពិសេស​ទៅទៀត​នោះត្រូវ​ស្លៀក​សម្លៀក​បំពាក់​ដែល​រឹបរាង បន្ដិច ដើម្បី​កាត់បន្ថយ​កុំឱ្យ​ឃើញធំ ហើយមិន​ត្រូវពាក់អាវ​ដែល​រឹបពេក​ឬរលុង​ពេកទេ។
  • សម្រាប់​អ្នកមាន​កម្ពស់​ទាប សូមកុំស្លៀក​សំពត់ ឬខោខ្លីៗ គួរស្លៀក​សម្លៀក​បំពាក់​ណាដែល​មានរាង​វែងៗ​ដូចជា​សំពត់ ឬខោ​ជើងវែង និង​ពាក់​ទ្រនាប់​ជើងខ្ពស់ ទើប​ឃើញ​រូបរាងកាយ​សមល្មម​បន្ដិច។ ចំណែក​ពណ៌​សម្លៀក​បំពាក់​ត្រូវពាក់​ពណ៌​រាងឆើត និង មានជា​សាច់​ក្រឡាផ្កា​ច្រើន​បន្ដិច តែមិន​គួរពាក់​ពណ៌ខ្មៅទេ។ ប្រសិនបើ​លោកអ្នក​អនុវត្ដ​ប្រការ​ទាំងនេះ​បាន នឹងមិន​បានឮ​ពាក្យអ្នក ដទៃ​ហៅថា​មនុស្ស​កន្ដឿ ឬខុស​ខ្នាត​ឡើយ។
  • សម្រាប់​មនុស្ស​មាឌល្អិត ៖ សូម​កុំបារម្ភ​ព្រោះ​ការច្នៃម៉ូត​ធ្វើទៅ​តាម​រូបរាង​កាយ​របស់​មនុស្ស​ដោយ​គិតលើ​ទំហំ​ដើម​ទ្រូង ចង្កេះ ត្រគាក។ ដូច្នេះ​លោកអ្នក​ដែល​មានរូបរាង​តូចល្អិត​មិនជា​មានបញ្ហា​ចោទរឿង​សម្លៀក​បំពាក់​ប៉ុន្មាន​ឡើយ។ ជារួម​ការជ្រើស រើស​ពណ៌ អាស្រ័យ​លើចំណង់​ចំណូល​ចិត្ដ​របស់​លោកអ្នក​តែប៉ុណ្ណោះ។

2. ការជ្រើស​រើស​ពណ៌​សម្លៀក​បំពាក់​តាម​សម្បុរ​ស្បែក

លោកអ្នក​មាន​សម្បុរស​ងាយ​ស្រួល​បំផុត​ក្នុងការ​ជ្រើសរើស​សម្លៀក​បំពាក់ ពណ៌​បែបណា​ក៏ពាក់​បានឥត​រើស​ឡើយ។ ចំ ណែក​មនុស្ស​ដែលមាន​សម្បុរ​ស្រអែម​មិនចាំបាច់​តូចចិត្ដ​ទេគួរ​តែ​ជ្រើសរើស​ពណ៌​សម្លៀក​បំពាក់​បែបណា​ស្រាលៗ​ដូចជា​ពណ៌ស ពណ៌ ផ្ទៃមេឃ ពណ៌​ផ្កាឈូក ទឹកក្រូចខ្ចី ពណ៌ស្រគាំៗជាដើម។ គួរចៀស​វាងឬ​ហាម​ប្រើពណ៌​ឆើត​ដូចជា​ក្រហម លឿង ត្រួយ​ចេក​ជាដើម។

3. ការ​ជ្រើសរើស​ពណ៌​សម្លៀក​បំពាក់​តាមវ័យ

សម្រាប់​យុវវ័យ ការ​ជ្រើស​រើស​សម្លៀក​បំពាក់​មិនមាន​បញ្ហា​អ្វីឡើយ ប្រើពណ៌​រាង​ឆើតឆាយ​បន្ដិច​ទើប​ទាន់​សម័យ។ ប៉ុន្ដែ សូម​កុំហួស​ហេតុ​ពេក គួរតែ​ក្រឡេក​មើលនូវ​ទំនៀម​ទម្លាប់​ប្រពៃណីខ្មែរ​ខ្លះផង។ ដោយ​ឡែក​សម្រាប់​មនុស្ស​វ័យ​ចំណាស់ គួរចៀស វាង​ពណ៌​ឆើតៗ ឬជា​ផ្កាធំៗ ត្រូវ​កំណត់​យក​ពណ៌​ស្រគាំ ដូចជា​ពណ៌​គ្រាប់​អំពិល ពណ៌​ក្រមៅ​ពណ៌​ក្រឡា​តូចៗ ពណ៌ជា​ផ្កាតូចៗ​ជាដើម។ ការស្លៀក​ពាក់ឱ្យ​សមទៅ​តាមវ័យ​ជាការ​ល្អណាស់​សម្រាប់​ភាព​ថ្លៃថ្នូរ​និងការ​គោរព​ពីមនុស្ស​ទាំងពួង។

ដំបូន្មាន​អ្នកប្រឹក្សា

ភាព​ស្រស់​ស្អាត​អាស្រ័យ​លើ​លោកអ្នក​ទាំងអស់ ចេះ​រៀបចំ​ដោយ​ខ្លួនឯង​ផ្ទាល់ ទើប​ប្រសើរ។ ចំណែក​ឯការ​ជ្រើស​រើស​ពណ៌ សម្លៀក​បំពាក់​ក៏ដូច្នេះ​ដែរ ត្រូវ​ជ្រើសរើស​ពណ៌ឱ្យ​មានភាព​សក្ដិសម​ទៅតាម​វ័យ​របស់​លោកអ្នក​ទើប​បន្ថែម​ភាព​ស្រស់ស្អាត​ទៅតាម វ័យ​នីមួយៗ។ សូម​លោកអ្នក​គិតថា​សម្លៀក​បំពាក់​មិនមែន​ស្លៀក​ឱ្យជិតខ្លួន​នោះទេ​គឺត្រូវ​ពិនិត្យ​មើលឱ្យ​គ្រប់ជ្រុង​ជ្រោយ​ជាមុនសិន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative