គ្រឿងញៀនកំពុងកើនឡើង

សភាពការណ៍គ្រឿងញៀននៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមក មានការកើនឡើងគួរឱ្យ ព្រួយបារម្ភ ការកែច្នៃផលិតគ្រឿងញៀនសំយោគ ចរាចរ និងការប្រើប្រាស់ទៀតផង។ ទន្ទឹម​នឹងការ​កំពុង​រីករាល​ដាល​នៃ​​ឥទ្ធិពល គ្រឿង​ញៀន​នេះ រដ្ឋាភិបាល​​តាមរយៈ​មន្ដ្រី​នគរបាល​យុត្ដិធម៌​គ្រប់​ជាន់ថ្នាក់ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ក៏កំពុងរួមសហការទប់ ស្កាត់​ការ​រីករាលដាល​នៃ​គ្រឿងញៀនតាមគ្រប់រូបភាព និងចាប់ជនល្មើសផ្ដន្ទាទោសតាមច្បាប់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គ្រឿងញៀនជាប្រភេទរុក្ខជាតិ ឬប្រភេទថ្នាំផ្សំឡើងពីសារធាតុគីមីច្រើនប្រភេទ ដូចជារុក្ខជាតិអាភៀន កញ្ឆា និងថ្នាំ ញៀនសំយោគផ្សេងទៀត ដូចជាអ៊ិចស្ដាស៊ី(ថ្នាំគ្រវីក្បាល) ហេរ៉ូអ៊ីន ម័រហ្វ៉ីន អំហ្វេតាមីន(យ៉ាម៉ា យ៉ាបា ឬថ្នាំឆ្កួត) មេតំហ្វេតាមីន និង​ប្រភេទ​ថ្នាំផ្សេង​ទៀតដែល​គ្មានផ្លាក​សញ្ញា​ពិត​ប្រាកដ។ គ្រឿងញៀន​ទាំងនេះ​មានច្រើន​ពណ៌ និងច្រើន​រូបសណ្ឋាន ដូចជា​ប្រភេទ​ថ្នាំ ទឹក ថ្នាំគ្រាប់ ឬប្រភេទម្សៅ។

ផលប៉ះពាល់របស់គ្រឿងញៀន

ការសេពគ្រឿងញៀន និងការជួញដូរគ្រឿងញៀនមិនថាប្រភេទណានោះទេ នឹងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម គ្រួសារ និងខ្លួនឯងផ្ទាល់តែម្ដង។

1. គ្រួសារ និងសង្គម ៖ គ្រឿងញៀនអាចបង្កឱ្យមានអស្ថិរភាពនយោបាយ អសន្ដិសុខសង្គមគ្រប់ទីកន្លែង ដូចជាចោរកម្ម ក្រុមក្មេងអន្ធពាល បងតូចបងធំ អំពើហិង្សាក្នុងគ្រួសារ បាត់បង់សុភមង្គល ងាយឆ្លងមេរោគអេដស៍ ការលាងលុយខ្មៅ អំពើភេរវកម្ម ការជួញដូរអាវុធ ជួញដូរមនុស្ស បាត់បង់ប្រភពធនធានមនុស្ស បាត់បង់កំណើនសេដ្ឋកិច្ច និងនាំឱ្យសង្គមគ្មានការអភិវឌ្ឍន៍។

2. ចំពោះបុគ្គល ៖ ដោយគ្រឿងញៀនមានឥទ្ធិពលខ្ពស់ក្នុងការពង្វក់ស្មារតី នោះបុគ្គលអ្នកប្រើអាចដាច់សរសៃឈាម ខួរក្បាល វង្វេងវង្វាន់ បន្ថយចំណង់បរិភោគអាហារ និងដំណេក ធ្វើឱ្យចុះស្គមស្គាំង ប្រកាច់ មិនអាចគ្រប់គ្រងខ្លួនឯងបាន ងាយឆ្លង រោគ មេរោគអេដស៍តាមរយៈការប្រើស៊ឺរ៉ាង ឬម្ជុលរួមគ្នា និងការរួមភេទ ដែលជួនកាលអាចបណ្ដាលឱ្យបាត់បង់ជីវិតទៀតផង។

សកម្មភាពទប់ស្កាត់ និងបំផ្លាញគ្រឿងញៀន

តាមរយៈរបាយការណ៍មួយដែលថ្លែងដោយលោកឧត្ដមសេនីយ៍ ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញក្នុងទិវាអន្ដរ ជាតិប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ មិថុនា២០០៧ កន្លងមកនេះ បានឱ្យដឹងថាស្នងការនគរបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០០៦ និង ឆមាសទី១ ឆ្នាំ២០០៧ បង្ក្រាបបទល្មើសគ្រឿងញៀនបានលទ្ធផលដូចខាងក្រោមៈ

  • បង្ក្រាបបាន៥៨ករណី ឃាត់ខ្លួនមនុស្ស៩២នាក់(ប្រុស៦៧នាក់ ស្រី២៥នាក់) ៖ មានជនជាតិខ្មែរ៦២នាក់ និងជនបរទេស ចំនួន៣០នាក់(វៀតណាម២៩នាក់ អាមេរិក០១នាក់)។ ក្នុងនោះមានការកែច្នៃផលិតនិងជួញដូរគ្រឿងញៀន០២ករណី មានគ្នា០៣ នាក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន០៤ករណី មានគ្នា១៣នាក់ ជួញដូរគ្រឿងញៀន០៦ករណី មានគ្នា១០នាក់ ចែកចាយគ្រឿង ញៀន៣៦ករណី មានគ្នា៥៤នាក់ និងប្រើប្រាស់គ្រឿងញៀន០៨ករណី មានគ្នា១២នាក់។
  • វត្ថុតាងដកហូតមាន ៖ ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ចំនួន៤០.៥៩៩គ្រាប់ ថ្នាំញៀនមេតំហ្វេតាមីនម្សៅចំនួន៧០កូន កញ្ចប់តូច និង០.៩៥ក្រាម ថ្នាំញៀនម្សៅពណ៌សហេរ៉ូអ៊ីនចំនួន១០៧កញ្ចប់តូច និង១.៥១គីឡូក្រាម ម្សៅសម្រាប់ផលិតថ្នាំញៀន ចំនួន៥.៨៨៥ក្រាម និងថ្នាំញៀនផ្សេងទៀត ព្រមទាំងឧបករណ៍ផលិតថ្នាំញៀនមួយចំនួនធំ និងអាវុធខ្លី០២ដើម។
  • ការដុតបំផ្លាញ ៖ នៅពហុកីឡាដ្ឋានជាតិ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៧កន្លងមកនេះ មានការដុតកម្ទេចគ្រឿងញៀន សារធាតុផ្សំ ឧបករណ៍បម្រើការផលិត និងការប្រើប្រាស់។ ក្នុងនោះរួមមានថ្នាំញៀនប្រភេទគ្រាប់ចំនួន១១៧ ៤៨៧គ្រាប់ ថ្នាំញៀន ប្រភេទម្សៅចំនួន ៦៤ ១២៩ក្រាម កញ្ឆាក្រៀមទម្ងន់ ២៥ ២៥០ក្រាម ថ្នាំញៀនប្រភេទដបមាន១៩៥១ដប និងឧបករណ៍ផលិត ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផ្សេងទៀត។

រួមគ្នាទប់ស្កាត់គ្រឿងញៀន

សាររបស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានខ្លឹមសារថាការទប់ស្កាត់មិនឱ្យគ្រឿងញៀនរីក រាលដាល ពាក់ព័ន្ធយ៉ាងសំខាន់ទៅនឹងគ្រប់សមាសភាពសង្គម ក្នុងនោះត្រូវមានការសហការជាចាំបាច់ពីស្ថាប័នអនុវត្ដច្បាប់ ស្ថាប័នសេ វាសុខភាព គ្រូបង្រៀន អាណាព្យាបាល ព្រះសង្ឃ និងសិស្សានុសិស្សគ្រប់គ្នា ទើបមានប្រសិទ្ធភាព។

  • អ្នកអនុវត្ដច្បាប់ ត្រូវបង្ក្រាប និងផ្ដន្ទាទោសអ្នកផលិត អ្នកចរាចរ និងអ្នកចែកចាយឱ្យមានប្រសិទ្ធភាព។ លើសពីនេះក៏ ត្រូវបញ្ជូនអ្នកញៀនគ្រឿងញៀនទៅកាន់មណ្ឌលកែប្រែដើម្បីផ្ដាច់គ្រឿងញៀន។ មន្ដ្រីមានសមត្ថកិច្ចត្រូវគោរពច្បាប់ មានវិន័យ និង ក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវពាក់ព័ន្ធនឹងបទល្មើសណាមួយ និងមិនត្រូវអត់ឱនឱ្យមន្ដ្រីណាដែលប្រើតួនាទីរបស់ខ្លួនប្រព្រឹត្ដល្មើសទាក់ ទងនឹងគ្រឿងញៀន ព្រមទាំងផ្ដន្ទាទោសឱ្យបានតឹងរ៉ឹងបំផុត។
  • ស្ថាប័នសេវាសុខភាពត្រូវបន្ដសហការព្យាបាលដោយយកចិត្ដទុកដាក់។ រីឯលោកគ្រូអ្នកគ្រូគប្បីអប់រំសិស្សឱ្យយល់ដឹង ពីផលប៉ះពាល់នៃគ្រឿងញៀន បង្កឱ្យពួកគេមានសាមគ្គីភាពជាមិត្ដអប់រំមិត្ដ ប្រឆាំងដាច់ខាតសកម្មភាពរីករាលដាលនៃគ្រឿងញៀន។
  • អាណាព្យាបាលទោះបីមមាញឹកនឹងការងារយ៉ាងណាក្ដី ក៏គួរតាមដាន អប់រំកូន និងផ្ដល់សេចក្ដីស្រឡាញ់មានព្រំដែន ដើម្បីកុំឱ្យកូនជ្រុលជ្រួសប្រើគ្រឿងញៀន។ ដោយប្រទេសកម្ពុជាប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងមានពលរដ្ឋ ប្រមាណជា៩០5កាន់ព្រះពុទ្ធសាសនា នោះព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ប្រកបដោយប្រសិទ្ធភាព ក្នុងការអប់រំពុទ្ធបរិស័ទ។ សិស្សានុសិស្សខ្លួនឯង គួរអភិវឌ្ឍខ្លួនឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យា បង្កើនសមត្ថភាពខ្លួនឱ្យមានសក្ដានុពលភាពក្នុងការកសាង ប្រទេសជាតិនាពេលខាងមុខ ហើយមិនត្រូវភ្លើតភ្លើនតាមការអូសទាញនៃជនទុច្ចរិតមួយចំនួន ដើម្បីប្រើប្រាស់គ្រឿងញៀននោះទេ។ លើសពីនេះប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់គួររាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញការជួញដូរគ្រឿងញៀន។

គិតត្រឹមត្រីមាសទី១ឆ្នាំ២០០៧ កម្ពុជាមានមនុស្ស៤៩៤៦នាក់ញៀនគ្រឿងញៀន កើនលើសអត្រាសរុបឆ្នាំ២០០៦ ដែល មានត្រឹមតែ៦៥០០នាក់ប៉ុណ្ណោះ។ ស្របពេលនេះដែរ សាលាក្រុងភ្នំពេញបានបង្កើតឱ្យមានមណ្ឌលអប់រំកែប្រែអ្នកញៀនគ្រឿងញៀន ដែលមានទីតាំងនៅខណ្ឌឬស្សីកែវ ឈ្មោះថា“មជ្ឈមណ្ឌលឱកាសខ្ញុំ” ហើយសព្វថ្ងៃមានយុវជន៤៤៥នាក់កំពុងព្យាបាលនៅទីនោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative