ទេសចរណ៍ទៅ​កាន់រមណីយ​ដ្ឋាន​ជាតិ ​ភ្នំសំពៅ​

ក្រុងបាត់ដំបងគឺជារាជធានីនៃខេត្តបាត់ដំបងដែលមានទីតាំងស្ថិតនៅខាងជើងឆៀងខាងលិចនៃប្រទេសកម្ពុជា។ ទីក្រុងបាត់ដំបងគឺជាទីក្រុងដែលធំជាងគេទីពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងមានចំនួនប្រជាជនចំនួន២៥០០០០នាក់។ ហើយ​ទីក្រុងមួយនេះត្រូវបានកសាងឡើងដោយអាណាចក្រខ្មែរនៅសតវត្សទី១១

រូបភាពគេហទំព័រសុខភាពកម្ពុជា

ខេត្តបាត់​ដំបង​ គឺជា​ខេត្ត​មួយដែល​មានដំណាំ​ស្រូវច្រើន​ជាងគេ​នៅក្នុង​ប្រទេស​។ ដោយ​សង្កេត​ឃើញថា​ខេត្តបាត់​ដំបង​គឺជាខេត្ត​មួយដែល​សម្បូរ​ទៅដោយ​រមណីដ្ឋាន​ស្រស់ស្អាត​តាមបែប​ធម្មជាតិ​ជាច្រើន​នោះ ​គេហទំព័រ​សុខភាព​កម្ពុជា​ សូមនាំ​អារម្មណ៍​របស់លោក​អ្នកទៅ​កាន់រមណីយ​ដ្ឋានជាតិ​ភ្នំសំពៅ​។

រមណីយ​ដ្ឋានភ្នំសំពៅ​ មានចម្ងាយ​១២គីឡូ​ម៉ែត្រពី​ទីក្រុង​បាត់ដំបង​។ ភ្នំសំពៅ​ គឺជា​ភ្នំមួយ​ដែលមាន​កម្ពស់​១០០​ម៉ែត្រ​ និងជាទី​រមណីយ​ដ្ឋានធម្មជាតិ​មួយ ដែល​ភ្ញៀវ​ទេសចរណ៍​និយម​ទៅកម្សាន្ត លំហែ​នៅចុង​សប្តាហ៍​និងពេល​មានពិធី​បុណ្យ​ទាន​ម្តងៗ​ ជាពិសេស​នៅក្នុងពិធី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ និងពិធី​បុណ្យភ្ជុំ​បិណ្ឌ​ ​។ ​រមណីដ្ឋាន​នេះមាន​ទីតាំង​ស្ថិត​នៅ​តាមដង​ផ្លូវជាតិ​លេខ ៥​ ដែលមាន​ចម្ងាយ​ ២៩១​ម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ​។ ភ្នំនេះ​មាន​ទ្រង់​ទ្រាយដូច​ជា​សំពៅ​មាន​កម្ពស់​​ប្រហែល​ ១០០​ម៉ែត្រ ​និងមាន​កាំ​ជណ្តើរ​ ១០៣​កាំ។ ក្នុង​ទួលភ្នំ​ទាំងមូល​ មានល្អាង​ជាច្រើន​ ប៉ុន្តែ​ល្អាងដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​និយម​ទៅទស្សនា ​មានដូច​ជាល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន​ ល្អាង​អសុក​។ នៅលើ​កំពូលភ្នំ​ខាងក្រោយ​ មានវត្ត​មួយឈ្មោះ​ថា វត្ត​​គីរីរម្យ​ ដែលដើម​ឡើយវត្ត​នេះគ្រាន់​តែជា​អាស្រម​ សម្រាប់​សំណាក់​ធម៌តែ​ប៉ុណ្ណោះ​។

ពេល​មកដល់​ជើង​ភ្នំ​សំពៅ គេ​អាច​ធ្វើ​ដំណើរ​ឡើង​ ទៅ​លើ​កំពូល​ភ្នំ ​ដោយ​ផ្លូវ​ពីរ​កន្លែង ។ ផ្លូវ​ទីមូយគឺ​ធ្វើ​ដំណើរថ្មើរ​ជើង ​ឡើង​តាម​ជណ្តើរ​ថ្ម ​បត់​បែន​ចុះ​ឡើង​ ដូច​ពស់​លូន ចំនួនមួយពាន់សាមសិបកាំ ។ ផ្លូវ​ឡើង​ទី​ពីរ ដែល​ទើប​កសាងថ្មីៗ ​ដោយ​មាន​ចាក់​បេតុងបាន​ប្រ​មាណ​៨០​ភាគ​រយ​ អាច​ឲ្យម៉ូតូ ឬរថយន្ត​ ​ឡើង​ទៅ​ជិត​ដល់​កំពូល​ភ្នំ ទើប​ធ្វើដំណើរ​ ដោយជើង​ ឡើង​បន្ត​ទៅ​ទៀត។ នៅ​ទីនោះ ​មាន​រូប​សំណាក ព្រះ​ពុទ្ធ​បដិមា​ធំ ដែលមាន​ទីធ្លាធំ​ទូលាយ​ មានម្លប់​ឈើ ត្រឈឹង​ត្រឈៃ​ អាចចត​យាន​យន្ត​បានងាយ​ស្រួល។ ​ទេសចរណ៍​ជាខ្មែរ​មិនពិបាក​បង់ប្រាក់​ទេ ពេល​ឡើងកម្សាន្ត​លើភ្នំ​ ប៉ុន្តែ​បើជាជន​ជាតិបរទេស​វិញ អាជ្ញាធរ​ជើងភ្នំ​តែងទាមទារ​ឲ្យបង់​ប្រាក់ មុន​នឹងឡើង​ទៅចំនួន ពីរ​ដុល្លា​ទៅ៥​ដុល្លា​ ដោយមាន​ម៉ូតូឌុប​នាំឡើង​ទៅដល់​កំពូល ទាំង​ទៅទាំង​មក។

ចំណែក​ឯការ​ដើរ​ទស្ស​នាតាម​ល្អាង​​ មាន​កុមារ​អ្នក​ស្រុកតូចៗ​ ដែលមាន​អាយុ​ចាប់​ពី ៨​ទៅ​១៥​ឆ្នាំ ​តែងសុំ​ភ្ញៀវ​ជូន​ដើរ​មើល​តាម​ល្អាង​នានា​នៅ​លើ​ភ្នំ​សំ​ពៅ ។ អ្នក​នាំ​ផ្លូវ​ភ្ញៀវ ​និយាយ​រៀប​រាប់​ អំពី​ប្រវត្តិ​ខ្លះៗ ​ដែលទាក់​ទងនឹង​ភ្នំសំពៅ​ ប្រៀប​ដូច​ជាអត្ថបទ​មួយ ​ដែល​ពួក​គេរៀន​ចាំ​មាត់ដូច​មេសូត្រ​ ។ ពួកគេ​ធ្វើ​ដូច្នេះ​ ដោយសង្ឃឹម​ថា​ ពួកអ្នក​ទេសចរណ៍​ នឹងធ្វើ​អំណោយ​ ជាប្រាក់​កម្រៃ​ខ្លះៗដើម្បី​លៀង​ជីវិត។ នៅ​លើ​ភ្នំសំពៅ​នេះ​ មាន​ល្អាង​រូង​ភ្នំ​ទាំង​តូច​ទាំង​ធំ​​ ចំនួន​១២​ល្អាង ដូចជា ១​- ល្អាង​ផ្កាស្លា ២- ល្អាង​គក់​ទ្រូង ៣- ល្អាង​ខ្យល់ ៤- ល្អាង​តែង​ខ្លួន ៥- ល្អាង​ល្ខោន​ ៦- ល្អាង​ជ្រៃ ៧- ​ល្អាង​ពេជ្រ ៨- ល្អាង​ខ្វែង ៩- ល្អាង​ប្រេង ១០- ល្អាង​ស្ថានី​យ ឬល្អាង​ធំ ១១- ល្អាង​ខ្យល់​ និង ១២- ល្អាង​ក្បាល​ខ្មោច ។

ល្អាង​ផ្កាស្លា​ មាន​ប្រ​វត្តិ​ព្រេងនិទាន ទាក់​ទង​នឹង​រឿង​ ព្រះចៅ​រាជ​កុល នាំ​ភស្តុ​ភារ ​បណ្ណាការ​​ រួម​ទាំង​ផ្កា​ស្លា​ ដើម្បី​ទៅចូល​ ស្តី​ដណ្តឹង​ ព្រះនាង​រំសាយ​សក់។ មុន​ចូល​ទៅ​ល្អាង​​ផ្កា​ស្លា​ មាន​ថ្ម១​ផ្ទាំង​ មាន​រូប​រាងដូច​ជា​ផ្កា​ស្លាក្រពុំ។ ដោយសារ ល្អាងនោះ មាន​សភាព​ចង្អៀត​​ងងឹត ​ទើប​មាន​គេ​ចាប់​ភ្លើង​អគ្គីស​នី ដោយប្រើ​អាគុយ​សម្រាប់​បំ​ភ្លឺ​ផ្លូវ ហើយ​មាន​អ្នកបញ្ចាំង​ពិល​ជួន​ភ្ញៀវ ​ដើម្បីសុំកម្រៃពី​ភ្ញៀវ​បន្តិច​បន្តួច​ សម្រាប់​បញ្ចូល​អាគុយវិញ ។ ពេល​ចុះ​ទៅ​ដល់​ល្អាង​គក់​ទ្រូង គេឃើញមាន​រូប​បដិមា​សំរឹទ្ធ​ពណ៌​ខ្មៅមួយ​អង្គ ។ ពេលចង់សាកល្បងគក់​ទ្រូង​ ទេសចរណ៍ម្នាក់ត្រូវ​ឡើង​ឈរ​លើ​ផ្ទាំង​ស៊ីម៉ង​ត៍ បួន​ជ្រុង​ទ្រ​វែង​ ហើយ​យក​ដៃ​គក់​ដើម​ទ្រូង​ នោះគេនឹងឮ​សំឡេង​ខ្ទ័រ​ តបត្រឡប់​មក​វិញ​ ។ ពេល​ឡើង​ពី​ល្អាង​គក់​ទ្រូងមកវិញ គេនឹង​បាន​ជួប​ ព្រះ​ពុទ្ធ​បដិ​មារចូល​និពាន្ត១​អង្គ​ធំ​ មាន​បណ្តោយ​១២​ម៉ែត្រ ទទឹង​៣​ម៉ែត្រ ដែល​កសាង​ដោយ​សប្បុរស​ជន ​នៅ​ក្រៅ​ប្រ​ទេស ។ មុន​ចូល​ល្អាង​ខ្យល់​ គេ​ឃើញ​មាន​ដើម​ស្វាយ​កល្ប មួយ​ដើម​ដែល​សង់​អំពីស៊ីម៉ង​ត៍ ​មាន​រួប​រាង​ដូច​ដើម​ស្វាយ។ ដើមស្វាយ​​​កល្បនេះ​​​មាន​​​​ប្រ​វត្តិ​និទានតៗ​គ្នា មកថា ​បើ​អ្នក​ណា​បាន​ហូប​ ស្វាយ​កល្ប​នេះ​ហើយ មនុស្ស​ចាស់​នឹងក្លាយ​ជា​ក្មេង ហើយ​មាន​ជីវិត​អមតៈ។ ពេល​ភ្ញៀវ​ឈាន​ចូល​ល្អាង​ខ្យល់​ គេនឹង​មានទទួល​អារម្មណ៍​ថា មាន​ខ្យល់​បក់​មក​ត្រជាក់​ស្រេប​មកលើពួក​អ្នក​ទេស​ចរណ៍។ តែ​ពេល​ចេញ​ផុត​ គឺគ្មាន​ខ្យល់បក់​ល្ហើយ​អញ្ចឹង​ទៀត​ទេ ហើយ​មាន​ផ្លូវ​តូច​ចង្អៀត​ងងឹត​សម្រាប់​ឡើង​ទៅ​វិញ ។ ក្រៅ​ពី​ល្អាង​ទាំង​បីនេះ​ នៅមាន​ល្អាង​តែង​ខ្លួន ល្អាង​ល្ខោន ដែល​មានរឿងនិទានទាក់ទងទៅនឹងសំពៅ​របស់​ព្រះ​ចៅរាជ​កុល ដែល​មាន​កន្លែង​សម្រាប់​ពួក​ក្រុម​ល្ខោន ស្នាក់នៅ។ នៅតាម​ជញ្ជាំង​ភ្នំ​ មាន​ទឹក​ហូរ​ជ្រាប ដូច​ជា​ប្រេង​សម្រាប់​ចាក់​សំពៅ មាន​ល្អាង​ស្ថានី​យ ឬ​ល្អាង​ធំ ដែល​មាន​ទី​ធ្លា​ធំ​ទូ​លាយ។ ក្រៅ​ពីនោះ មាន​ល្អាង​ខ្វែង​ ដែលមាន​រាង​ដូច​សញ្ញា​លេខ​បូក ល្អាង​ជ្រៃ មាន​ដើម​ជ្រៃ​មួយ​ដើម​ធំ ល្អាង​ពេជ្រ ​មាន​ជណ្តើរ​ចុះ​ទៅក្រោម ​រាង​ចោទ ។ បើ​ធ្វើ​ដំណើរ​ពេលមាន​ភ្លៀង​ អាច​បណ្តាល​ឱ្យមាន​គ្រោះ​ថ្នាក់​បាន។ នៅ​មាន​ល្អាង​ក្បាល​ខ្មោច ដែល​មាន​ដាក់​តាំង ​លលាដ៏ក្នុង​ទូ​កញ្ចក់​មួយ​ ជាធាតុរបស់ជនរងគ្រោះដែល​ត្រូវ​ពួក​ខ្មែរក្រហម ​នាំ​យក​មក​សម្លាប់​នៅទី​នេះ ។ ភ្ញៀវ​ទេស​ចរណ៍​ជាតិ​និង​អន្តរជាតិ ​ដែល​មក​ទស្សនា​នៅ​រមណី​យដ្ឋាន​ ធម្ម​ជាតិ​ភ្នំសំពៅ តែង​តែចង់​ឃើញ​ល្អាង​សំខាន់ៗទាំង​១២​កន្លែង​នោះ ។ នៅ​ខេត្ត​បាត់​ដំបង ​មាន​ភ្នំ​ជា​ច្រើ​ន​ទៀត ជុំ​វិញភ្នំ​សំពៅ​ ដែល​មាន​រឿង​និទាន​ដំណាល​ជាប់ទាក់​ទង​និង​រឿងភ្នំសំពៅ​ ដូចជា ភ្នំ​ក្តោង ភ្នំ​ក្រ​ពើ ភ្នំនាង​រំ​សាយ​សក់​ ភ្នំទ្រុង​មាន់ទ្រុង​ទា​ និង ​ភ្នំអណ្តើក ។ល៕

តើលោក​អ្នកបា​នគិតត្រៀម​រៀបចំ​ ដំណើរ​ទៅកាន់​ទីកម្សាន្ត​ណាមួយ​ហើយឬ​នៅ? បើសិន​ជានៅ​ កុំភ្លេច​ណាទៅ​លេង​រមណីដ្ឋាន​ជាតិភ្នំ​សំពៅ​ទាំង​អស់គ្នា។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៦ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative