សម្រាម​កែច្នៃ

កាកសំណល់​សម្រាម​ដែលសល់​ពីការ​ប្រើប្រាស់ លោកអ្នក​ប្រាកដ​ជាយក​ទៅបោះ​ចោលដោយ​មិនធ្លាប់​គិតថា​របស់​ទាំងនោះ អាចនៅ​មានតម្លៃ​ពេលក្រោយ​ឡើយ។ ជាការពិត សម្រាម​និងកាក​សំណល់​ទាំងអស់​សុទ្ធតែ​មានគុណ​សម្បត្ដិ​ដោយឡែក​មួយផ្សេង ទៀតបន្ទាប់​ពីត្រូវបាន​យកទៅ​កែច្នៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកស្រី ធូ ផល្លា​មន្ដ្រី​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៃអង្គការ​កែច្នៃនិង អនាម័យ​សហគមន៍​អំពីអត្ថ​ប្រយោជន៍​របស់​សម្រាម។

សម្រាម​និងការ​កែច្នៃ

សម្រាម គឺជា​វត្ថុដែល​មនុស្ស​ប្រើប្រាស់​ហើយ រួចយក​ទៅបោះ​ចោលលែង​ត្រូវការ។ ឯសម្រាម​កែច្នៃ​គឺជាការ​យកកាកសំ ណល់សម្រាម​ទាំងនោះ​យកទៅ​ច្នៃជា​គុណប្រយោជន៍​ជារបស់​ប្រើប្រាស់ និងគ្រឿង​តាំងលម្អ​ផ្សេងៗ​ទៀត។

ប្រភព​និងប្រភេទ​សម្រាម

សម្រាម​ដែលយក​មកកែច្នៃ​បានមកពី​គ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ដូចជា​តាមគេហដ្ឋាន រោងចក្រ សហគ្រាស​ក្រុមហ៊ុន ទីផ្សារ វត្ដអារាម ភោជនីយដ្ឋាន សណ្ឋាគារ​ជាដើម និងតាមទី​សាធារណៈ​ផ្សេងទៀត ដូចជា​សួនច្បារ​មាត់ទន្លេ​ជាដើម ក៏គេ​អាចប្រមូ លសម្រាម​បានដែរ។ សម្រាម​ឬកាក​សំណល់​ដែលយក​មកប្រើ​សម្រាប់​ធ្វើការ​កែច្នៃ​បែងចែក​ចេញជា​ពីរប្រភេទ គឺសម្រាមស្ងួត និង សម្រាម​សើម។

1. សម្រាមសើម ជាសម្រាម​ដែលផ្អាប់ទឹក មានជាតិទឹក ឬមាន​សំណើម ដូចជា​កាកសំណល់​ផ្ទះបាយ​កាកអំពៅ កាកដូង បន្លែ ផ្លែឈើ​ដែលរលួយ កាកសំណល់​ចេញពី​ទីផ្សារ​ជាដើម។

2. សម្រាមស្ងួត សម្រាមស្ងួត​អាចចែក​ចេញជា​ពីរប្រភេទ​ផ្សេងទៀត​ផងដែរ គឺប្រភេទ​ស្រាល និងប្រភេទ​ធ្ងន់​ឬរឹង។ សម្រាម​ស្ងួតប្រភេទ​ស្រាលមាន​ដូចជា​ក្រដាស​កាសែត សៀវភៅ ទស្សនាវដ្ដី ថង់ប្លាស្ទិក ជ័រកៅស៊ូ​សម្បក​កំប៉ុង​ជាដើម និងរបស់​របរ ជាច្រើន​ប្រភេទ​ទៀតដែល​អាចយក​មកកែច្នៃ​ទៅតាម​តម្រូវការ និងចំណង់​ចំណូលចិត្ដ។ ចំណែក​ឯសម្រាម​ប្រភេទធ្ងន់ ឬរឹង​មានដូច ជាសម្បក​កង់ឡាន អំបែងកែវ សម្បកដប ដែក និងប្រភេទ​លោហៈធាតុ​ដូចជា​ឆ្នាំងបែក​បាក់ជាដើម។

របៀប​កែច្នៃ​សម្រាម

សម្រាម​ដែលប្រមូល​បានមក​ដោយអ្នក​រើសសម្រាម ត្រូវធ្វើ​ការបែង​ចែកទៅ​តាមប្រភេទ​សម្រាម​នីមួយៗ។ សម្រាមខ្លះ យកទៅ​កែច្នៃ​ដោយគ្រឿង​ម៉ាស៊ីន (ម៉ាស៊ីន​កិនកំប៉ុង​)ប៉ុន្ដែភាគ​ច្រើនធ្វើ​ដោយដៃ​ផ្ទាល់។ របៀប​កែច្នៃ​គឺជា​ការយក​សម្រាម​និងកាក សំណល់​ដែលប្រើប្រាស់​ហើយទៅ​ធ្វើជា​របស់ផ្សេងៗ ហើយដែល​អាស្រ័យ​ទៅលើ​ការរចនា និងការច្នៃ​ប្រឌិត​ឱ្យចេញ​ជារូបរាង​ការនិយ មចូលចិត្ដ និងទៅ​តាមលទ្ធភាព​ដែលអាច​ធ្វើទៅបាន។ ឯប្រភេទ​សម្រាម​ស្ងួតរឹង​មួយចំនួន​ត្រូវយក​ទៅស្ល​ដោយម៉ាស៊ីន​ទើបយកទៅ កែច្នៃ​ទៅតាម​ប្រភេទ​សម្រាម​នីមួយៗ។

ផលិតផល​បានពីកា​រកែច្នៃ

លោកអ្នក​ប្រហែលជា​ធ្លាប់គិតថា​សម្រាម​ជាវត្ថុគ្មាន​ប្រយោជន៍ និងជា​របស់ដែល​គេបោះចោល។ សម្រាប់​ប្រទេសជឿន លឿន គេអាច​យកសម្រាម​ទៅកែច្នៃ​បានជា​ប្រយោជន៍​ច្រើនប្រការ។ បច្ចុប្បន្ន​ប្រទេសកម្ពុជា​ក៏កំពុង​តែធ្វើ​ការទាញ​យកប្រយោជន៍ដ៏ ច្រើនពី​ការកែច្នៃ​សម្រាម និងកាក​សំណល់​ដែលប្រើ​ប្រាស់រួច​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. កាកសំណល់​សើម ៖ សំណល់​ផ្ទះបាយ កាកអំពៅ កាកដូង បន្លែ និងផ្លែ​ឈើរលួយ​អាចយក​ទៅធ្វើ​ជាជី​កំប៉ុស​សម្រាប់ ស្រោចស្រព​ទៅលើ​ដំណាំ​កសិកម្ម ស្រែចំការ​ជាដើម។

2. កាកសំណល់​ស្ងួត ៖ អាចយក​ទៅកែ​ច្នៃបាន​ជារបស់​របរច្រើន​យ៉ាង ជាសម្ភារៈ​ប្រើប្រាស់​ក្នុងការិយាល័យ​និងអាចប្រើ ជាលម្អ​ក្នុងគេហដ្ឋាន​បានគ្រប់ផ្នែក។ ក្រដាស និងថង់​ប្លាស្ទិក​អាចច្នៃ​ធ្វើជា​ស៊ុមរូបថត ស្រោមសំបុត្រ​កាតជូនពរ​សឺមី​សម្រាប់​ដាក់ឯក សារ គ្រឿង​អលង្ការ ធ្វើជា​កន្ដ្រក មួក កម្រាលតុ កាបូប ស្រោម​ទូរស័ព្ទ ប្រដាប់​ជូតជើង​ជាដើម។ សម្បក​កង់ឡាន និងកង់​ម៉ូតូអាច យកទៅ​ធ្វើជាថូផ្កា ធុងដាក់​សម្រាម ថូដាក់ប៊ិច​ជាដើម។ សម្បកដប​និងអំបែង​កែវដែល​ខូចអាច​យកទៅ​ស្លហើយ​ផលិតជា​ដបនិងកែវ សម្រាប់​ប្រើប្រាស់​វិញបាន។ ដូចគ្នា​នឹងការ​ស្លលោហៈ​ធាតុផ្សេងៗ​ដើម្បីផលិត​បានជា​ផលិតផល​សម្រាប់​ការប្រើប្រា​ស់ប្រចាំថ្ងៃ។ ក្រៅ​ពីនេះ​នៅមាន​ផលិតផល​ជាច្រើនទៀត​ដែលកើត​ចេញពីការ​យកសម្រាម ឬកាក​សំណល់​ទៅកែច្នៃ។

ការចូល​រួមរបស់​ប្រជាពលរដ្ឋ

សម្រាម​គ្រប់ប្រភេទ​ដែលប្រមូល​បានក៏​អាស្រ័យ​លើការ​ចូលរួម​ពីប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន ហើយនេះ​ក៏ជា​យុទ្ធសាស្ដ្រមួយ ក្នុងការ​សន្សំបន្ថែម​លើផ្នែក​សេដ្ឋកិច្ច​គ្រួសារ។ ពួកគាត់​អាចយក​សម្រាម​ទាំងនោះ​ទៅលក់​ឱ្យអ្នកទិញ​អេតចាយ ហើយអ្នក​ទិញអេតចា យ​ឬអ្នក​រើសសម្រាម​អាចប្រមូល​របស់ទាំង​អស់នោះ​ទៅលក់​បន្ដទៀត​ដើម្បីជាការ​ដោះស្រាយ​បញ្ហាជីវ​ភាពក្នុង​គ្រួសារ។

ការកែច្នៃ​សម្រាម​មានគុណ​សម្បត្ដិ​ច្រើនជាង​គុណវិបត្ដិ

ទន្ទឹមនឹង​ផលិតផល​ច្រើនប្រការ​ដែលកើត​ចេញពី​ការកែច្នៃ​សម្រាម កិច្ចការ​នេះក៏​ផ្ដល់ជាគុណ​សម្បត្ដិ​ច្រើនប្រការ​ផងដែរ។

  • ការកែច្នៃ​សម្រាម​អាចបង្កើត​ជាមុខ​របរសម្រាប់​ប្រជាពលរដ្ឋ​ដែលក្រីក្រ ដូចជា​អ្នករើស​សម្រាម​អ្នករើស​អេតចាយជា ដើម។ ម្យ៉ាងទៀត វាអាច​ធ្វើឱ្យ​អ្នកទាំង​នោះមាន​ជំនាញមួយ​ពិតប្រាកដ​ប្រចាំជីវិត។ ហើយទៅ​ថ្ងៃអនាគត​ពួកគាត់​អាចយក​ចំណេះ នេះទៅ​ចិញ្ចឹមជីវិត​បានថែម​ទៀតផង។
  • ការកែច្នៃ​សម្រាម​ជួយបង្កើន​ចំណូល​សេដ្ឋកិច្ច​គ្រួសារ។ តាមរយៈ​លទ្ធផល​ទាំងអស់នេះ​អ្នករើស​សម្រាម​អាចទទួល​បាន ប្រាក់​កម្រៃសម្រាប់​ផ្គត់ផ្គង់​ជីវភាព។
  • ផលិតផល​ដែលកើត​ចេញពី​ការកែច្នៃ​សម្រាម​អាចប្រើ​ជាគ្រឿង​លម្អ​គេហដ្ឋាន​និងផល​ប្រយោជន៍​ក្នុងការងារ​ផងដែរ។

ការកែច្នៃ​សម្រាម​ពុំមាន​ផលប៉ះពាល់​អ្វីធ្ងន់ធ្ងរ​នោះឡើយ ព្រោះសម្រាម​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការសម្អាត​ដោយទឹកសា ប៊ូរួច​ជាមុន។ ប៉ុន្ដែ​វាអាច​មានគ្រោះ​ថ្នាក់ដល់​សុខភាព​បន្ដិចបន្ដួច​នៅពេល​ដែលអ្នក​រើសសម្រាម​ទាំងនោះ​ដើររើស និងប្រមូល​សម្រាម ដូចជា​មានកន្ទួល​រមាស់ ជម្ងឺសើ​ស្បែក​បញ្ហាផ្លូវ​ដង្ហើមដែល​បណ្ដាល​មកពី​ក្លិនមិនល្អ​ពីសម្រាម​ជាដើម។

ដំបូន្មាន​អ្នកជំនាញ

សូមលោក​អ្នកមេត្ដា​គ្រប់គ្រង​សម្រាម​នៅតាម​គ្រួសារ​ឱ្យមានរបៀប​រៀបរយ និងផ្ដល់​ភាពងាយ​ស្រួលក្នុង​ការប្រមូល​សម្រា ម។ សម្រាម​មិនមាន​តម្លៃសម្រាប់​លោកអ្នក​ប៉ុន្ដែវា​មានតម្លៃ​សម្រាប់​អ្នកក្រីក្រ​មួយចំនួន​ដែលប្រកប​មុខរបរ​ជាអ្នក​រើសសម្រាម និង ជាអ្នករើស​អេតចាយ។ ពួកគាត់​អាចរើស​យកសម្រាម​ទាំងអស់​នោះទៅ​កែច្នៃ​ដើម្បីបម្រើ​ផលប្រយោជន៍​ក្នុងគ្រួសារ និងសហគមន៍។ សម្រាម​ក៏ជាវត្ថុ​មានតម្លៃ​សម្រាប់​លោកអ្នក​ក្រោយពី​កែច្នៃរួច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative