ស្នេហាក្រៅខាន់ស្លា មេបាកាច់

តាម​ប្រពៃណី​ខ្មែរមុន​នឹងបាន​គ្នាជា​ប្ដី្ដប្រពន្ធកម្លោះ​ក្រមុំ​ត្រូវឆ្លង​កាត់ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយមាន​ការទទួល​ដឹងឮពី ក្រុមគ្រួសារ និងចាស់ទុំ។សព្វថ្ងៃ​មានគូ​ស្រករ​មួយចំនួន​តូចបាន​រួមរស់​ជាមួយ​គ្នាជាប្ដី​ប្រពន្ធ​ដោយផ្លោះ​រំលង​ប្រពៃណី។ ការផ្លោះ រំលង​បែបនេះ​មិនមែន​ជារឿង​ល្អឡើយ បើតាម​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរថា​មេបា​នឹងកាច់​ដោយបង្ក​ឱ្យមានជម្ងឺ ឬហេតុ​ការណ៍អា ក្រក់ផ្សេងៗ​កើតមាន​ឡើង។ តើមេបា​កាច់មាន​អត្ថន័យ​ដូចម្ដេច?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ស្វែងយល់​ឱ្យកាន់​តែច្បាស់​អំពី​អត្ថន័យ​នៃសុភាសិត “ស្នេហា​ក្រៅ​ខាន់ស្លា មេបាកាច់​”នេះ ទស្សនាវដ្ដី​សុខភាពយើង សូមលើក​យកខ្លឹម​សារកិច្ច​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សា​ក្រុមជំនុំ​ទំនៀម​ទម្លាប់ខ្មែរ។

អត្ថន័យ​ស្នេហា​ក្រៅ​ខាន់ស្លា មេបាកាច់

ពាក្យនេះ​សំដៅ​ដល់គូ​ស្រករ​ទាំងឡាយ​ណាដែល​មានទំនាក់​ទំនង​ផ្លូវស្នេហា​មិនឱ្យ​ឪពុកម្ដាយ​ដឹង ក្បត់ប្រពៃណី​លួច​រួមរស់ ជាមួយ​គ្នាដោយ​មិនបាន​ឆ្លងកាត់​ការរៀប​អាពាហ៍​ពិពាហ៍ ឬមិនបាន​សែនព្រេន​ដល់ជីដូន​ជីតាឱ្យ​បានដឹងឮ។ ប្រការ​នេះ ធ្វើឱ្យ​ព្រលឹង ជីដូន​ជីតា​ខឹងសម្បារ រួចបាន​ធ្វើឱ្យ​(កាច់)​សមាជិក​ណាម្នាក់​ខាងកូន​ស្រីឱ្យ​មានជម្ងឺ​តម្កាត់ផ្សេងៗ ដូចជា​ឈឺពោះ គ្រុនក្ដៅ រងាជាដើម ព្រោះ​ប៉ះពាល់​ដល់់កិត្ដិយស​វង្សត្រកូល។ គ្រូពេទ្យ​មិនអាច​ព្យាបាល​ជម្ងឺនេះ​ឱ្យជា​សះស្បើយ​បានទេ ហេតុដូច​នេះហើយ​ទើបឪពុក​ម្ដាយ ទៅរក​គ្រូហ្ម ឬគ្រូ​ទស្សន៍ទាយ​មើលដើម្បី​ដឹងថា​នរណា​ម្នាក់ធ្វើ​អ្វីខុសឆ្គង។

លុះដឹង​ការពិត​ថាមេបាកាច់​ខឹងសម្បារ​នោះ ចាស់ទុំ​នឹងស្រាវ​ជ្រាវរក​បុគ្គល​ដែលពាក់​ព័ន្ធគ្នា​ក្នុងរឿង​ស្នេហា​រំលង​ប្រពៃណី។ បន្ទាប់​ពីរក​ឃើញ​ហើយក៏​រៀបចំ​ជាពិធី​សែនព្រេន​អង្វរក​សុំខមា​ទោសដល់​ព្រលឹង​មេបា ដើម្បីបាន​ស្ងប់ចិត្ដ​និងឈប់​កាច់ឱ្យ​មានជម្ងឺឈឺ ថ្កាត់​តទៅទៀត ដោយរៀប​ចំជា​បាយសម្ល និងផ្លែឈើ ព្រមទាំង​និយាយ​អង្វរថា​“កូនចៅ​បានជា​ខុសហើយ កូនចៅ​សុំខមា​ទោស ហើយនឹង​មិនឱ្យ​មានជា​លើកក្រោយ​ទៀតឡើយ”។

សមាជិក​ខាងកូន​ស្រីជា​អ្នករងគ្រោះ

តាម​ប្រពៃណី​ខ្មែរ គ្រប់ស្ដ្រី​ទាំងអស់​ចាំបាច់​ត្រូវថែ​រក្សាទាំង​ផ្លូវកាយ​(ព្រហ្មចារី) និងផ្លូវ​ចិត្ដឱ្យ​បរិសុទ្ធ​ផូរផង់​ដើម្បី​ប្រគល់ ដល់បុរស​ជាស្វាមី​ក្រោយ​ថ្ងៃរៀបការ ទើបសម​ជាកូន​ស្រីល្អ​លើកកិត្ដិយស​គ្រួសារ​វង្សត្រកូល។ បើមាន​ថ្លោះធ្លោយ​ដែលធ្វើ​ឱ្យភាព បរិសុទ្ធ​ត្រូវបាត់​បង់នោះ ស្ដ្រីនឹង​ប្រឈម​មុខជា​មួយបញ្ហា​ច្រើនប្រការ​ដែលមិន​អាចអត់​ឱនឱ្យបាន ជាពិសេស​បញ្ហាដែល​ទាក់ទង​នឹងកិត្ដិ យស​គ្រួសារ តួយ៉ាង​ដូចជា​ត្រូវមេបា​ខឹងសម្បារ​រហូតធ្វើ​ឱ្យសមាជិក​គ្រួសារ​មានជម្ងឺ​តម្កាត់​ផ្សេងៗ​ឬរហូត​ដល់បាត់​បង់ជីវិត​ក៏សឹងមាន ។ តាំងពី​បុរាណ​កាលមក​កូនស្រី​មានតម្លៃ​ណាស់​រហូតបាន​ប្រៀបធៀប​ថាកូន​ស្រីដូច​សំណ​នៅពេល​ប្រឡាក់​ភក់ប្រែ​ពណ៌ខ្មៅ​មើលមិន យល់មិន​អាចកែ​ឱ្យត្រឡប់​ជាសល្អ​ដូចដើម​វិញបានទេ។ ក្នុងន័យនេះ​កូនស្រី​បើកាល​ណាដើរ​ខុសគន្លង​ប្រពៃណី នឹងធ្វើ​ឱ្យអាប់ឱន កិត្ដិយស​ដល់គ្រួសារ​ជាខ្លាំង។ ហេតុនេះ​ទើបកូន​ស្រីនៅ​សម័យនោះ​ត្រូវបាន​ប្រពៃណី​រិតត្បិត​ជាខ្លាំង ដោយមិន​ត្រូវបាន​អនុញ្ញាតិឱ្យ ទៅសាលា​រៀនដូច​កូនប្រុស ឬចេញ​ដើរដោយ​សេរី​នោះដែរ​ព្រោះខ្លាច​មានការ​ថ្លោះធ្លោយ​នាំរឿង​អាស្រូវ​កេរ្ដិ៍។

កូនស្រី​ជាអ្នក​ត្រូវប្រឈម​មុខ

បញ្ហា​មិនគោរព​ប្រពៃណី​នេះនាំ​ខ្មោចដូន​តាកាច់​ឱ្យសមាជិក​ណាម្នាក់​ក្នុងគ្រួសារ​មានជម្ងឺ​ឈឺថ្កាត់ ឬអាច​រហូតដល់​ស្លាប់ បើ រកមូល​ហេតុមិន​ឃើញ។ ជាមួយ​គ្នានេះ​ផងដែរ ផលវិបាក​ធំបំផុត​មួយទៀត​របស់​កូនស្រី គឺកិត្ដិយស​និងកេរ្ដិ៍ឈ្មោះ​អសោចិ៍​ដល់ពូជ ពង្សវង្ស​ត្រកូល​(ខ្មាស់គេ​មួយពូជ)។ ដូច្នេះ​ហើយបាន​ជានៅ​ពេលមាន​ពិធីធំៗ​ដូចជា​ពេលមាន​ពិធី​រៀប​អាពាហ៍​ពិពាហ៍ ទោះក្នុង សម័យ​បច្ចុប្បន្នក្ដី ម្ចាស់ដើម​ការមិន​អនុញ្ញាត​ឱ្យស្ដ្រី​ដែលមាន​ប្រវត្ដិឥត​ខាន់ស្លា ឬក្បត់​ប្រពៃណី​ចូលរួម​ក្នុងពិធីទេ ជាពិសេស​ក្នុងពិធី បង្វិល​ពពិល ឬកាន់​ផ្កាស្លា​ជាដើម។ មានអ្នក​ខ្លះទៀត​សូម្បី​អញ្ជើញ​ជាភ្ញៀវ​ក៏មិន​អញ្ជើញដែរ ព្រោះខ្លាច​ឆ្លងរឿង​អពមង្គល​ដល់កូន ចៅវង្ស​ត្រកូល​របស់គេ។ ដូចគ្នា​នេះដែរ​កូនៗ​របស់ស្ដ្រី​ដែលមិន​គោរព​ប្រពៃណី​ក៏ក្លាយ​ជាកូន​ឥតខាន់ស្លា ដែលច្បាប់​មិនទទួល​ស្គាល់ ទោះបី​ពួកគេ​គ្មានកំហុស​ក៏ដោយ ក៏គេ​មិនត្រូវ​បានទទួល​ស្គាល់ដូច​ជាឪពុក​ម្ដាយរបស់​គេដែរ ពោលគឺ​គ្មានអ្នក​រាប់អាន ជាពិសេស​ក្នុង ពិធីជា​ផ្លូវការ​នានា​នៅក្នុង​សង្គម។

ស្នេហា​ក្រៅខាន់ស្លា មេបាកាច់ កំពុង​សាបរលាប

សម័យ​បច្ចុប្បន្ន ប្រពៃណី​នេះហាក់​មានការ​សាបរលាប​ខ្លះៗ ដោយសារ​កាលសម័យ​កាន់តែ​វិវឌ្ឍន៍​រីកចម្រើន​ប្រកាន់ពេក ក៏មិនបានដែរ។ កូនប្រុស និងកូនស្រី​ឥឡូវនេះ​ត្រូវបាន​បើក​សេរីភាព​ពេញលេញ ដើម្បី​ទទួលការ​រអប់រំ​រៀនសូត្រ​ជាមួយ​គ្នាតាំង​ពីថ្នាក់ ក្រោមរហូត​ដល់ថ្នាក់​ឧត្ដមសិក្សា។ ដូចនេះ​ទំនាក់​ទំនង​រវាងគ្នា​មិនអាច​ចៀសផុត​ឡើយ ទោះបី​ចង់ហាម​ឃាត់ក៏​មិនបាន។

ដំបូន្មាន​អ្នកជំនាញ

សូមបុត្រ​ធីតា​ជំនាន់​ក្រោយ​ទាំងអស់​គោរព និងចង​ចាំអំពី​អ្វីដែល​ប្រពៃណី​ល្អផូរផង់​របស់ដូនតា​យើងបន្សល់​ទុកឱ្យ​បាន ទោះ បីជា​នៅពេល​នេះ មានការ​បើកចំហ​អំពី​ទំនាក់​ទំនង​ប្រុសស្រី​យ៉ាងណា​ក៏ដោយ តែត្រូវ​ចេះប្រកាន់​ខ្លួន​កុំធ្វើ​អ្វីឱ្យ​ហួសព្រំដែន ជាពិសេស កូនស្រី។ សូមប្រព្រឹត្ដ​ខ្លួនឱ្យ​ល្អថ្លៃថ្នូរ​ដើម្បី​អនាគត​ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative