ម៉ាស្សា​ចាប់សរសៃ​ជួយ​សុខភាព

នៅពេលធ្វើការងារកាន់តែមមាញឹក លោកអ្នកតែងមានអារម្មណ៍មួរហ្មង គួប​ផ្សំ​​នឹង​វ័យ​​កាន់​តែ​​វិវត្ដន៍​​លោក​អ្នក​​តែង​មាន អាការចុករោយដៃជើង ស្ពឹកស្រពន់ខ្លួនប្រាណជាមិនខាន។ ការ​ធ្វើ​​ម៉ា​ស្សាចាប់សរសៃអាចជួយបំបាត់ការឈឺសន្លាក់ការចុករោយខ្លួន ប្រាណ និង​ជួយ​​បំបាត់​​ស្ដ្រេស។ ការ​ម៉ាស្សា​​ចាប់សរសៃ​​នេះវិធីសាស្ដ្រ​​មួយកំពុង​​ពេញនិយម​​ សម្រាប់មនុស្សនាសម័យបច្ចុប្បន្ន។ ម៉ាស្សា មានប្រយោជន៍អ្វីខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

 

សូម​ប្រិយមិត្ដ​អ្នកអាន​ធ្វើការ​ស្វែងយល់​ពីវិធី​សាស្ដ្រ​នៃការ​ធ្វើម៉ាស្សា​នេះ ជាមួយ​ទស្សនាវដ្ដី សុខភាពយើង​តាមរយៈ​ការ ជួប​សម្ភាសន៍​ជាមួយ​លោកស្រី ហេង ជាន ម្ចាស់ហាង​កែសម្ផស្ស​ប៊ីប៊ី។

របៀប​ធ្វើម៉ាស្សា​ចាប់​សរសៃ

ការម៉ាស្សា​ចាប់​សរសៃ​ជាបច្ចេក​ទេសមួយ​ដែលប្រើដៃ ម្រាមដៃ ដើម្បី​បំបាត់​ឬព្យាបាល​ការឈឺ​សន្លាក់ដៃ​សន្លាក់ជើងចុក រោយ​ខ្លួនប្រាណ បំបាត់​អាការ​ស្ពឹក​ស្រពន់​នានា​ជាដើម។ ដំណាក់​កាលដំបូង​អ្នកជំនាញ​ធ្វើម៉ាស្សា​ចាប់យក​ក្រែមមាន​ជាតិប្រេង ឬហឹរ តិចមក​លាបលើ​កន្លែងដែល​ត្រូវម៉ាស្សា។ នៅពេល​ម៉ាស្សា គេចាំបាច់​ត្រូវប្រើ​ក្រែម​ប្រភេទនេះ​ដើម្បី​ឱ្យសរសៃ​ទន់ ស្បែក​មានជាតិ សំណើម​ងាយស្រួល​ក្នុងការ​ធ្វើម៉ាស្សា​ចាប់សរសៃ និងធ្វើ​ឱ្យក្ដៅ​ស្រួល​ខ្លួនផង។ ប្រសិន​បើយើង​មិនប្រើ​ក្រែមទេ ស្បែកអាច​រលាក ឬរលាត់​នៅពេល​ធ្វើម៉ាស្សា។ បន្ទាប់​មកទើប​អ្នកជំនាញ​យកម្រាមដៃ​ឈ្លីលើ​កន្លែងដែល​ត្រូវម៉ាស្សា ដូចជា​ដងខ្លួន ដៃជើង បាតដៃ​បាត ជើងជា​ដើម ដោយធ្វើ​ចលនា​យឺតៗ​តាមបច្ចេក​ទេសម៉ាស្សា​ចាប់សរសៃ។

អត្ថ​ប្រយោជន៍​នៃការ​ធ្វើម៉ាស្សា

ការម៉ាស្សា​អាចជួយ​សម្រួល​ឱ្យសរសៃ​យឺត ឈាមដើរ​ស្រួល និងបំបាត់​នូវការ​តានតឹង​ក្នុងអារម្មណ៍​ផងដែរ។ សម្រាប់អ្នក ដែលអង្គុយ​ធ្វើការងារ​ច្រើន ការងារ​មមាញឹក មិនមាន​ពេលគ្រប់គ្រាន់​ក្នុងការ​ហាត់ប្រាណ ដើម្បី​ថែរក្សា​សុខភាព​ជាពិសេស​ទប់ស្កាត់ ការចុក​រោយខ្លួន​ប្រាណ អាចធ្វើ​ការម៉ាស្សា​នេះដើមី្ប​ឱ្យស្រួល​ខ្លួនឡើង​វិញ។ លោកអ្នក​ដែលធ្វើ​ការនៅ​ក្នុងម៉ាស៊ីន​ត្រជាក់​យូរពេក អាចធ្វើ​ឱ្យមិន​ស្រួលខ្លួន មិនបែក​ញើស ត្រូវធ្វើ​ម៉ាស្សា​ហើយស្ទីម​ខ្លួនដើមី្ប​ឱ្យបែក​ញើស បញ្ចេញ​ជាតិពុល​ពីក្នុងខ្លួន​ដើម្បីឱ្យ​ស្រួលខ្លួន។ នៅពេល​ធ្វើម៉ាស្សា​ខ្លួនហើយ គេច្រើន​ស្ទីមខ្លួន​ជាមួយ​ជាតិថ្នាំ ដើម្បី​ឱ្យបែក​ញើស​បញ្ចេញ​ជាតិពុល និងជួយ​ឱ្យសរសៃ​ឈាមរត់​ស្រួល ផងដែរ។

ដំបូន្មាន​អ្នកប្រឹក្សា

ការម៉ាស្សា​ចាប់សរសៃ​អាចធ្វើ​ទៅបាន ហើយ​ប្រសិទ្ធ​ភាពចំពោះ​លោកអ្នក​ដែលមាន​អាការ​ឈឺសន្លាក់​បន្ដិចបន្ដួច​ប៉ុណ្ណោះ។ ប្រសិន​បើលោកអ្នក​មានជម្ងឺ​សន្លាក់់​ធ្ងន់ធ្ងរ ការធ្វើ​ម៉ាស្សា​មិនមាន​ប្រសិទ្ធ​ភាពទេ លោកអ្នក​គួរប្រញាប់​អញ្ជើញ​ទៅជួប​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ជំនាញ។ ម្យ៉ាងទៀត​លោកអ្នក​គួរស្វែង​រកសេវា​ចាប់សរសៃ​ដែលមាន​ជំនាញ​ច្បាស់លាស់។ បើជ្រើស​រើសយក​ការថែ​រក្សាសុខ ភាព តាមបែប​ស្ទីម និងម៉ាស្សា​គួរធ្វើ​ក្នុងមួយ​សប្ដាហ៍​ពីរដង​ជាការ​ប្រសើរ។ ជាងនេះ​ទៅទៀត​លោកអ្នក​គួរហាត់​ប្រាណបន្ថែម​ដើម្បី ឱ្យសុខ​ភាពរបស់​លោកអ្នក​កាន់តែ​រឹងមាំ មានអាយុ​កាន់តែ​យឺនយូរ​និងសម្រស់​ស្រស់ស្អាត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧


Google Analytics Alternative