ជម្ងឺ​សើរ​ស្បែក​ចម្លែក​នៅវៀត​ណាម បានធ្វើ​ឲ្យអង្គការ​សុខភាព​ពិភព​លោក​ព្រួយបារម្ភ

ជម្ងឺ​សើរ​ស្បែក គឺជា​ប្រភេទ​ជម្ងឺមួយ ដែល​ធ្វើឲ្យ​មនុស្ស​គ្រប់រូប​មានភាព​ខ្លាចរអា។ ការ​រមាស់​ស្បែក គឺជារឿង​មួយ​ដែលនាំ​ឲ្យពិបាក​ទ្រាំ។ នៅពេល​លោក​អ្នក​រមាស់ នោះ​លោកអ្នក​នឹងទ្រាំ​មិនបាន​ជាមួយ​នឹងការ​អេះ។ ហើយ​ការរមាស់​ស្បែក អាច​ជាលទ្ធផល​នៃ​ជម្ងឺ​ផ្សេងៗ​ ដូចជាជម្ងឺគម​ស្បែក រលាក​ស្បែក ប្រតិកម្ម​ស្បែក ​ជម្ងឺ​ស្បែក​ក្រិន ឬ​ជម្ងឺ​ស្បែក​ម្យ៉ាង​ដែល​ហៅ​ជាភាសា​អង់គ្លេស​ថា​ផ្សូរី​យ៉ាស៊ីស​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​ពេល​ថ្មីនេះ នៅ​ប្រទេស​វៀត​ណាម មាន​ករណី​ផ្ទុះ​ឡើង​នូវជម្ងឺ​សើរ​ស្បែក​យ៉ាង​កាច​សាហាវ ដែល​បាន​សម្លាប់​មនុស្ស១៩​នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​ជម្ងឺ​ខាង​លើ ភាគ​ច្រើន​ជាកុមារ និង​ករណីនេះ​បានចាប់​ផ្តើម​ផ្ទុះឡើង​នៅ​តំបន់​កណ្តាល​នៃ​ប្រទេស​វៀត​ណាម។ នេះបើ​តាម​ការ​ចេញ​ផ្សាយ​របាយ​ការណ៍ ដែល​ថ្លែង​ដោយ​មន្ត្រី អង្គការ​សុខភាព​ពិភព​លោក​កាល​ពីថ្ងៃ​ច័ន្ទ​កន្លង​ទៅនេះ។ បច្ចុប្បន្ន អាជ្ញាធរ​សុខាភិបាល​វៀតណាម ​កំពុង​ស្វះស្វែង​រក​ជំនួយ​ពី​អន្តរជាតិ ដើម្បី​ជួយ​ទប់​ស្កាត់​នឹង​ការ​រាតត្បាត​ជម្ងឺ​ស្បែក​ឆ្លងដ៏សាហាវ​មួយ​នេះ ដែល​បច្ចុប្បន្ន​មាន​មនុស្ស ១៧១ នាក់​ហើយ បាន​ឆ្លង​ជម្ងឺ​ប្រភេទ​ចម្លែក​នេះ។ ជម្ងឺ​នេះ ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​គ្នា​ត្រង់​កន្លែង​មាន​ដាច់​រលាត់​ស្បែក​តែ​ ប៉ុណ្ណោះ។

ប្រភព​ដដែល​បានឲ្យ​ដឹងថា ជម្ងឺ​នេះត្រូវ​បាន​គេ​រាយការណ៍​ដំបូង​កាល​ពី​ចន្លោះ​ខែ​មេសា និង​ខែធ្នូឆ្នាំ​មុន ដោយ​ក្រុម​គ្រូ​ពេទ្យ​មិន​ទាន់អាច​កំណត់​រក​មូលហេតុ​នៃ​ប្រភេទជម្ងឺ​នេះ​បាននៅ​ឡើយទេ។ ជម្ងឺនេះ​បាន​រីក​រាតត្បាត​ម្ដង​ទៀត​នៅ​ក្នុង​ភូមិ​មួយ​​នៃ​ខេត្ត វាង ងៃ (Quang Ngai)ប្រទេសវៀតណាម ដែលភាគ​ច្រើន​កើត​លើ​បាត​ដៃ និង​ប្រអប់​ជើង។

យោង​តាម​សារព័ត៌មាន​វៀតណាម the Thanh Nien បាន​ឲ្យ​ដឹង​ថា ក្រសួង​សុខាភិបាល​វៀតណាម​នឹង​ស្នើ​សុំ​ឲ្យអ្នក​ជំនាញការ​របស់​អង្គការ​សុខភាព​ពិភព​លោក មជ្ឈ​មណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​ជម្ងឺ​របស់​អាមេរិក ​ជួយ​កំណត់​រក​មូល​ហេតុ​នៃ​ប្រភេទជម្ងឺ​នេះ។

សូម​ជម្រាប​ជូនថា ជម្ងឺ​រាតត្បាត​នេះ ខាង​ក្រុម​គ្រូពេទ្យ​នៃប្រទេស​វៀត​ណាម នៅពុំទាន់​បានរក​ឃើញថា ជម្ងឺ​នេះ​ជាប្រភេទ​ជម្ងឺអ្វី​នៅ​ឡើយ​នោះទេ ហើយ​ក្រុម​គ្រូពេទ្យ​ក៏ពុំទាន់​មានថ្នាំ​សម្រាប់​ព្យាបាល​អ្នក​ជម្ងឺ​ផងដែរ។ ជាពិសេស​មិនដឹង​ថាជម្ងឺ​នេះនឹង​រាត​ត្បាត​ទៅតំបន់ ឬអាច​រាត​ត្បាត​ទៅដល់​តំបន់​នៅជិត​ប្រទេស​ផ្សេង​នោះទេ។

ភ្ជាប់​ជាមួយ​ព័ត៌មាន​នេះ គេហទំព័រ​សុខភាព​កម្ពុជា សូម​ជម្រាប​ជូន​ប្រិយមិត្ត​អ្នកអាន នូវរោគ​សញ្ញា​មួយ​ចំនួន​នៃអាការៈ​រមាស់​ស្បែក ឬ​ជម្ងឺ​សើរ​ស្បែក។ ដូច្នេះ​សូម​ប្រិយមិត្ត​តាម​អាន​ជាមួយ​គេហទំព័រសុខភាពកម្ពុជា ដូចតទៅ៖

  • ន​កន្ទួល​ក្រហម​នៅលើ​ស្បែក
  • កន្ទួល មានស្នាម​អុជ ឬពង​បែក
  • ស្បែក​ស្ងួត ប្រេះ​ស្បែក ឬរមាស់​ស្បែក
  • ពេលខ្លះ ការរមាស់​នេះ អាច​មានរយៈ​ពេលយូរ និងអាច​រមាស់ខ្លាំង។ នៅ​ពេលដែល​អ្នកកេះ ឬអេស​ខ្លាំងនៅ​តំបន់​នោះ វា ក៏អាច​ក្លាយ​ទៅជា​ជម្ងឺសើរ​ស្បែក​បានដែរ។

ដូច្នេះ​នៅពេល​ដែល​លោកអ្នក​ជួប្រទះ​នូវអាការៈ​រោគដូច​បាន​ជម្រាប​ជូនខាង​លើ លោកអ្នក​គួរគប្បី​ទៅជួប​នឹង​គ្រូពេទ្យ ឬ​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ខាង​ជម្ងឺស្បែក ឲ្យបាន​កាន់តែ​ឆាប់គឺ​កាន់​តែល្អ។ ព្រោះថា ជម្ងឺសើរ​ស្បែក​នេះទុក​យូរមិន​បានទេ។ ចូរលោក​អ្នកចងចាំ​ថាជម្ងឺ​សើរស្បែក​នេះ អាចនឹង​រាលដាល​ដល់ពេញ​ខ្លួនរបស់​លោក​អ្នក និង​អាចចម្លងទៅអ្នក​ដ៏ទៃផង​ដែរ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៥ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative