ដុះកន្ទុយ​ថ្លែន ៖ មូលហេតុ និង​វិធី​ព្យាបាល

ពិភពលោក​ច្បាស់ជាង​ងឹត ប្រសិនបើ​លោកអ្នក​គ្មានភ្នែក។ ភ្នែកដើរ​តួនាទី​សំខាន់​ណាស់​ចំពោះ​ជីវិតមនុស្ស។ បើក្នុង​ករណី​លោកអ្នក​កើត​ជម្ងឺផ្សេងៗ​ដែលទាក់​ទងនឹងភ្នែក ហើយ​មិនបាន​ទទួលការ​ថែរក្សា​ព្យាបាលទេ នោះភ្នែក​លោកអ្នក​ច្បាស់ជា​ស្ថិតក្នុង ដំណាក់​កាលធ្ងន់ធ្ងរ​ឬអាច​ឈានចូល​ដល់លទ្ធផល​ចុងក្រោយ​គឺខ្វាក់​តែម្ដង ជាក់ស្ដែង​ដូចជា​ជម្ងឺកន្ទុយ​ថ្លែនជា​ដើម។ ជម្ងឺនេះ​អាចជា​មូលហេតុ​បង្កផល​វិបាកជាច្រើន​ដល់ភ្នែក​លោកអ្នក។ លោកអ្នក​គួរស្វែង​យល់ដឹង​ពីវិធីបង្ការ និង​ព្យាបាល​ជម្ងឺ​កន្ទុយថ្លែន​ឱ្យបានទាន់ ពេលវេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត ងី ម៉េង ប្រធាន​សមាគម​គ្រូពេទ្យ​ភ្នែក​កម្ពុជា បកស្រាយ​ជម្រាបជូន​លោកអ្នក​អំពីជម្ងឺ​ដុះកន្ទុយ​ថ្លែនតាម​រយៈទស្សនាវដ្ដី​សុខភាពយើង។

ដុះ​កន្ទុយ​ថ្លែន ជាជម្ងឺអ្វី?

កន្ទុយថ្លែន​សំដៅដល់​កោសិកា​មួយដុំនៅ​លើភ្នែកស ជិតកញ្ចក់ខ្មៅ​ដែលមាន​លក្ខណៈ​ជាផ្ទាំង​ក្រាស់ ឬជាដុំ​មួយពណ៌ស​ឬ​លឿងដែល​រមែង​ជួបនៅ​ផ្នែកខាង​ដើមភ្នែក​ច្រើនជាង​នៅផ្នែក​កន្ទុយ​ភ្នែក ជួនកាល​អាចកើតមានទាំងពីរ​ផ្នែកតែម្ដង។ នៅពេល​រលាក ភ្នែក ឈឺភ្នែក និង​រកាំភ្នែក​ឬភ្នែក​ក្រហម មានន័យថា​កោសិកា​មួយដុំនោះ​បានពង្រីក​ខ្លួនធំក្រាស់ ហើយរាល​ដាលចូល​ទៅក្នុង​កញ្ចក់ ខ្មៅ ដែល​មានលក្ខណៈ​ជារូប​បីជ្រុង​មានចុង​ស្រួចនៅ​ត្រង់គល់​ភ្នែកស ហើយ​លយចូល​ទៅក្នុង​ភ្នែកខ្មៅ។

មូល​ហេតុបង្ក​ជម្ងឺដុះកន្ទុយ​ថ្លែន

ភស្ដុតាង​ផ្នែកវេជ្ជសាស្ដ្រ​បាន​បញ្ជាក់ថា ការកើត​ជម្ងឺកន្ទុយ​ថ្លែន​ទំនងដោយ​សារ​បញ្ហាអាកាស​ធាតុ ដែលច្រើន​កើតនៅ​តាម​ប្រទេស​ដែលស្ថិត​នៅបរិវេណ​ខ្សែបន្ទាត់​អេក្វាទ័រ​ដែលមាន​ពន្លឺក្ដៅខ្លាំង​ពេញមួយ​ឆ្នាំជាអាទិ​នៅកម្ពុជា។ ដូច្នេះ​ហើយទើប​លោកអ្នក​ជួប​នូវករណី​ដុះកន្ទុយ​ថ្លែនជាញឹក​ញាប់ ដោយភ្នែក​ត្រូវរង​កាំរស្មីអ៊ុលត្រា​វិយូឡេត៍​ក្នុងរយៈ​ពេលច្រើន​ឆ្នាំជាប់ៗ​គ្នា។ កាំរស្មី​អ៊ុលត្រា​វីយូឡេត៍​បានធ្វើឱ្យ​កោសិកា​របស់ភ្នែក​សបង្កើត​នូវសារធាតុ​ប្រូតេអ៊ីន និង​ជាតិខ្លាញ់​ច្រើនជាង​ធម្មតា ដែល​ក្រោយមក​ក្លាយ​ជាដុំ ឬបន្ទះ ក្រាស់​នៅជិត​កញ្ចក់​ភ្នែក។ នៅពេល​លោកអ្នក​ធ្វើដំណើរ​ដោយមិន​បានប្រើ​វ៉ែនតា​ទប់ស្កាត់​ធូលីដី ទើបជា​ហេតុនាំដី​ទៅប៉ះភ្នែក​ជា រឿយៗ។ ដៃមិន​បានលាង​សម្អាត​ត្រឹមត្រូវ​មានជាប់ដី​ឬមេរោគ​ផ្សេងៗ ហើយពេល​ដែល​លោកអ្នក​យកដៃ​ទៅញីភ្នែក​ចុះទ្បើង​អាច ធ្វើឱ្យ​ភ្នែកកើត​ជម្ងឺដុះ​កន្ទុយថ្លែន​ដែរ។

រោគ​សញ្ញា​ជម្ងឺកន្ទុយ​ថ្លែន

រោគ​សញ្ញា​ចាប់ផ្ដើម​ពីការ​រលាក​ដុំសាច់ ហើយឡើង​ក្រហមជាំ​ដែលធ្វើ​ឱ្យលោកអ្នក​មានអារម្មណ៍​រកាំភ្នែក ហើយ​គិតថា​មានធូលី​ហុយចូល។ ដុំសាច់​កន្ទុយថ្លែន​មិនមែន​ជាដុំសាច់​មហារីកទេ តែវាអាច​ធ្វើឱ្យភ្នែក​លោកអ្នក​រលាកច្រើន​ជាងធម្មតា។ លោក​អ្នក​មិនគួរ​ទុកឱ្យ​កន្ទុយ​ថ្លែនដុះរាល​មកបាំង​ចំចំណុច​កណ្ដាល​របស់​កញ្ចក់​ខ្មៅទេ ព្រោះអាច​ធ្វើឱ្យភ្នែក​ឡើងស្រវាំង​មើលមិន​សូវឃើញ ច្បាស់។

ការ​ព្យាបាល​ជម្ងឺ​ដុះកន្ទុយ​ថ្លែន

ក្នុងករណី​ដុំសាច់​កន្ទុយថ្លែន​មានទំហំ​តូច ហើយមាន​ការថែ​រក្សាបាន​ល្អ នោះ​លោកអ្នក​មិនចាំ​បាច់ទទួល​ការព្យាបាល​ឡើយ។ ព្រោះវា​មិនបង្ក​ការគ្រោះ​ថ្នាក់​ដល់ភ្នែក​ទេ គ្រាន់តែ​បើរលាក​ភ្នែក អាចប្រើ​ថ្នាំដាក់​ភ្នែកបាន។ ថ្នាំនេះ​អាចកាត់​បន្ថយអាការ​រលាក តែវា​មិនបាន​ធ្វើឱ្យ​បាត់កន្ទុយ​ថ្លែននោះទេ។ ផ្ទុយមក​វិញបើ​ដុំសាច់​កន្ទុយថ្លែន​មានទំហំធំ ចាំបាច់​ត្រូវបក​កន្ទុយ​ថ្លែន​ចេញ។ ការបក​កន្ទុយ ថ្លែន​អាចធ្វើទៅ​បានដោយ​ប្រើថ្នាំស្ពឹក​ដើម្បីកាត់​បន្ថយការ​ឈឺចាប់ ជាទូទៅ​មិនចាំបាច់​ដាក់ថ្នាំ​សន្លប់ទេ។ លោកអ្នក​អាចត្រឡប់​មក ផ្ទះបន្ទាប់​ពីបករួច​ដោយពុំ​ចាំបាច់​សម្រាក​នៅមន្ទីរ​ពេទ្យទេ។ មានវិធី​ព្យាបាល​បកកន្ទុយ​ថ្លែនពីរ​យ៉ាង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. វិធី​បក​កន្ទុយ​ថ្លែន​ធម្មតា ៖ ដោយទុក​បរិវេណ​ដែលបាន​បកហើយ​ឱ្យស្រទាប់​សាច់ដុំ​ផ្សាំដោយ​ខ្លួនឯង។ ជាទូទៅ​គ្រូពេទ្យ​តែង​ជ្រើសរើស​យកវិធី​នេះមក​ព្យាបាល ព្រោះ​ការវះកាត់​ប្រើពេល​វេលាខ្លី និង​មិន​ចំណាយ​ឧបករណ៍​ច្រើន។ ប៉ុន្ដែ​ផលវិបាក​នៃ ការ​វះកាត់​តាមវិធី​នេះមាន​ឱកាស​ខ្ពស់ណាស់​ដល់ការ​ដុះកន្ទុយ​ថ្លែន​សារជា​ថ្មីវិញ។

2. វិធី​បក​កន្ទុយ​ថ្លែន​បណ្ដុះ​ស្រទាប់​សាច់ថ្មី ៖ នៅពេល​ដែលបក​កន្ទុយ​ថ្លែនចេញ​ហើយ គ្រូពេទ្យ​កាត់យក​ស្រទាប់​ស្ដើងនៃ​ភ្នែក​ផ្នែកស​ចេញ។ ចំណែក​ស្រទាប់​ដែលនៅ​ក្រោមត្រប​កភ្នែក​ខាងលើ​មកប៉ះ ឬ​បណ្ដុះ​នៅបរិវេណ​ដែលដុំ​ត្រូវកាត់​ចេញទៅ។ វិធីវះ​កាត់​នេះត្រូវ​ប្រើប្រដាប់​ពង្រីក​ជួយ ព្រោះជា​ការងារ​លម្អិត ហើយ​ត្រូវប្រើ​រយៈពេល​យូរ។ បើសិន​ការបក​ធ្វើបាន​ល្អ ស្ទើរតែ​មិនមាន​ការដុះ​កន្ទុយ​ថ្លែន​ម្ដងទៀត​ទេ​ហើយគេ​ចាត់ទុក​វិធីថា​នេះជាវិធី​មាត្រដ្ឋាន​សម្រាប់​អ្នកជម្ងឺ​ដែលត្រូវ​ធ្វើការ​បកកន្ទុយ​ថ្លែនគ្រប់​ពេល។

ក្រោយពី​ការបក​កន្ទុយ​ថ្លែន អ្នកជម្ងឺ​គួរទទួលទាន​អាហារ​សម្បូរ​ទៅដោយ​វីតាមីនអា។ រយៈពេល​មួយអាទិត្យ​ដំបូង អ្នក​ជម្ងឺត្រូវ​រក្សាភ្នែក​កុំឱ្យប៉ះ​ទឹក។ គួរពាក់​វ៉ែនតាការ​ពារពន្លឺ​ថ្ងៃ ខ្យល់ និង​ធូលីដី។ ដោយឡែក​ចំពោះ​ការអាន​សៀវភៅ ឬការ​សម្លឹងវិញ សូម​កុំយូរពេក​គួរតែកន្លះ​​​ម៉ោង​សម្រាក១៥​នាទី ទើប​សម្លឹងជា​ថ្មីទៀត។

ផល​ប៉ះពាល់​នៃជម្ងឺ​កន្ទុយ​ថ្លែន

ជម្ងឺ​កន្ទុយ​ថ្លែន​ដំណាក់​កាល​ដំបូង គ្រូពេទ្យ​ព្យាបាល​ដោយបក​ស្រទាប់ភ្នែក​ខាងក្រៅ​ចេញដែល​អាចបង្កឱ្យ​មានស្នាម នាំឱ្យ​មាន​ស្រទាប់​បាំងភ្នែក​បន្ដិច។ បើមាន​ករណីនេះ​កើតឡើង គួរ​អព្ជើាញទៅ​ជួបអ្នក​ឯកទេស​ដើម្បី​ប្រឹក្សា និង​ព្យាបាល។ បើមិន​ដូច្នោះទេ​ជម្ងឺនេះ​អាចធ្វើ​ឱ្យលោកអ្នក​បាត់បង់​ភ្នែកអស់​មួយជីវិត។

វិធី​បង្ការ​ជម្ងឺ​ដុះកន្ទុយ​ថ្លែន

កន្ទុយថ្លែន​ជាជម្ងឹ​អាចបង្ការ​បានដោយ​គ្រាន់តែ​លោកអ្នក​ចៀសវាង​ពន្លឺថ្ងៃ​ក្ដៅខ្លាំង។ ប្រសិនបើ​អាចធ្វើ​ទៅបាន នៅពេល​ធ្វើ​ដំណើរ​គួរប្រើវ៉ែនតា​ការពារ​ពន្លឺថ្ងៃ​ដែលមាន​គុណភាពល្អ និងវាស់​កម្រិតដឺ​ក្រេត្រឹមត្រូវ។ គុណសម្បត្ដិ​៣របស់​វ៉ែនតា។

  •  វ៉ែនតា​ដែលមាន​លាបឱ្យ​រលោងនូវ​សារ​ធាតុម្យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ការពារ​ពន្លឺថ្ងៃ​អ៊ុលត្រា​វិយូឡេត៍។
  •  វ៉ែនតា​អាចបន្ថយ​ចំណាំង​របស់​ពន្លឺថ្ងៃ​បាន ភាពរឹង និងពណ៌​របស់​កញ្ចក់​មានលក្ខណៈ​ស្រទន់ ដើម្បី​សម្រាល​កម្រិត​ចាំងនៃ ពន្លឺ។
  • សម្រាប់អ្នក​ដែលធ្វើការ​នៅឧស្សាហកម្ម​ផ្សាលោហៈ បាន​ទទួល​រងនូវ​កាំរស្មី​អ៊ុលត្រា​វិយូទ្បេត៍​ក្នុង​កម្រិត​ខ្ពស់​ណាស់ គួរ​ពាក់វ៉ែនតា​ការពារ​ពន្លឺថ្ងៃ​គ្រប់ពេល​ដែលត្រូវ​អនុវត្ដ​ការងារ។ ប្រសិន​បើចង់​ការពារ​ឱ្យប្រសើរ​ជាងនេះ​ទៀត គួរពាក់មួក​សុវត្ថិភាព​ព្រោះវ៉ែនតា​អាចជួយ​ការពារ​ពន្លឺថ្ងៃ​បានតែ​មួយភាគ​ប៉ុណ្ណោះ ចំណែក​មួកសុវត្ថិភាព​វិញអាច​ការពារ​បានទាំង​អស់។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​ដែលកើត​ជម្ងឺ​កន្ទុយថ្លែន​គួរគប្បី​អញ្ជើញ​ទៅពិគ្រោះ និង​ពិភាក្សា​ជាមួយអ្នក​ឯកទេស​អំពីការ​ព្យាបាល។ លោកអ្នក​មិនគួរ​បណ្ដែត​បណ្ដោយ​ឱ្យជម្ងឺ​នេះធ្វើឱ្យ​លោកអ្នក​បាត់បង់ភ្នែក​នោះទេ។ មិនមែន​ជាការ​ពិបាកទេ ដោយ​គ្រាន់តែ​លោកអ្នក​ព្យាយាម​កាត់បន្ថយ​ពន្លឺ​ឬកម្ដៅថ្ងៃ​ដែលចាំង​មកលើភ្នែក​របស់​លោកអ្នក​នោះ។ ការពាក់​វ៉ែនតា និង​មួកសុវត្ថិភាព​អាចជួយ​លោកអ្នក បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative