ជម្ងឺ​មហារីក​ដៃស្បូន

ខ្លួន​មនុស្ស​ជារឿយៗ​រមែង​ទទួល​រងនូវ​ការគំរាម​កំហែង​ពីជម្ងឺ​ទាំងឡាយ។ ជម្ងឺខ្លះ​ស្ដែង​ចេញ​ជា​រោគសញ្ញា​ឱ្យយើង​បានដឹង ជាមុន ដើម្បី​ងាយ​ស្រួល​ធ្វើការ​ព្យាបាល​និង​ទប់ស្កាត់។ ដោយ​ឡែក​ជម្ងឺខ្លះ​សម្ងំ​នៅក្នុង​ខ្លួនយើង​ដោយ​ពុំឱ្យ​យើង​ដឹងខ្លួន​ឡើយ។ ជម្ងឺ​មហារីក​ដៃស្បូន​ជា​រោគស្ដ្រី​មួយ​ប្រភេទ​ដែល​លាក់មុខ​គ្មាន​រោគសញ្ញា​បើកើត​មានហើយ​ច្រើន​តែហួស​ពេល​នឹង​ព្យាបាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅលើ​ទំពរ័សុខភាពស្ដ្រី ក្នុងទស្សនាវដ្ដី សុខភាពយើង ពីលេខ​មុន​ប្រិយមិត្ដ​អ្នកអាន​ក៏បាន​ស្វែង​យល់ខ្លះ​ហើយ​អំពី​ជម្ងឺ គីស​ដៃស្បូន ឬគីស​អូវែរ។ មហារីក​ដៃស្បូន ឬអូវែរ​ជាជម្ងឺ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ជម្ងឺ​គីសអូវែរ​នេះ​ដែរ។ លោកស្រី​សាស្ដ្រាចារ្យ វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ប្រធាន​ផ្នែកសម្ភព​នៃមន្ទីរ​ពេទ្យ​កាល់ម៉ែត​នឹង​បកស្រាយ​ជូន​ប្រិយមិត្ដ​អ្នកអាន​លើ​ប្រធានបទ​នេះ។

មូល​ហេតុ​មហារីក​អូវែរ 

នៅ​ប្រទេស​កម្ពុជា ពុំទាន់​មានការ​សិក្សា​ណា​បញ្ជាក់​ច្បាស់​លាស់​អំពី​តួលេខ​ស្ដ្រី​ដែល​កើតមាន​ជម្ងឺ​មហារីក​អូវែរ​នេះទេ។ ជម្ងឺ​មហារីក​អូវែរ​កើត​ឡើង​បណ្ដាលមក​ពីមាន​គីស​នៅអូវែរ។ មហារីក គឺជាគីសកាច។

រោគ​សញ្ញា​មហារីក​អូវែរ

ដំណាក់​កាល​ដំបូង ស្ដ្រីជា​សាម៉ីខ្លួន​ផ្ទាល់​មិន​បានដឹង ឬចាប់​អារម្មណ៍​ជាមុន​ឡើយថា​ខ្លួនកើត​ជម្ងឺនេះ។ ព្រោះ​មុន​ដំបូង​គីស ឬមហារីក​នេះមិន​បង្កឱ្យ​មានការ​ឈឺចាប់​អ្វី​ទាំងអស់។ ដូចនេះ​ហើយ​ទើបស្ដ្រី​ជាអ្នក​ជម្ងឺ​មកព្យាបាល​នៅមន្ទីរ​ពេទ្យ​ច្រើន​ស្ថិត​ក្នុងដំ ណាក់​កាល​ធ្ងន់ធ្ងរ​ហួស​ពេល​ព្យាបាល ឬពិបាក​ព្យាបាល។

វិធី​ព្យាបាល​មហារីក​អូវែរ

មហារីក​អូវែរ​ជាជម្ងឺ​មួយ​ដែល​ទាមទារ​នូវការ​ព្យាបាល​ដោយ​ហ្មត់ចត់ និង​ចំណាយ​ពេលយូរ។ មិនតែ​ប៉ុណ្ណោះ​ការ​ព្យាបាល ជម្ងឺ​មហារីក​មិនមែន​ជារឿង​ងាយស្រួល​ឡើយ។ ការ​ព្យាបាល​ត្រូវឆ្លង​កាត់​នូវ​ដំណាក់​កាល​ច្រើនដោយ​ត្រូវវះកាត់​យក​ដុំគីស ឬ​ដុំមហារីក និង​កូនកណ្ដុរ​ចេញ និង​ត្រូវឆ្លង​កាត់ការ​ព្យាបាល​ដោយ​ថ្នាំគីមី។ ការតាម​ដាន​សភាព​ជម្ងឺ​ជាបន្ដ​បន្ទាប់​ទៀត​ក៏ជារឿង​ចាំបាច់ និងប្រើ រយៈពេល​យូរ​ផងដែរ។ មធ្យោបាយ​ព្យាបាល​សំខាន់​បំផុត គឺការ​វះកាត់។

ដំបូន្មាន​អ្នកប្រឹក្សា

វិធីបង្ការ​ជម្ងឺ​មហារីក​អូវែរ​ដែលល្អ​ប្រសើរ​បំផុត គឺសុភាព​ស្ដ្រីទាំង​ឡាយ ទោះស្ដ្រី​នៅលីវក្ដី មានស្វាមី​ក្ដី​ត្រូវធ្វើ​ការពិនិត្យ សុខភាព​ដោយ​គ្រូពេទ្យ​ជំនាញ​ផ្នែករោគ​ស្ដ្រីជា​ប្រចាំ។ យ៉ាង​ហោច​ណាស់​ត្រូវពិនិត្យ​សុខភាពឱ្យ​បានមួយ​ឆ្នាំម្ដង​ព្រោះ​សព្វថ្ងៃ​មាន ឧបករណ៍​ទំនើបៗ​ដែលអាច​ថតឆ្លុះ​ពិនិត្យ​មើលគីស​នៅអូវែរ​បានដោយ​មិនមាន​បញ្ហា​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative