សុកញំង​មាត់ស្បូន​អាច​សង្គ្រោះ​បាន

វេលា​មានផ្ទៃ​ពោះ​របស់​ស្ដ្រី​ជាពេល​វេលា​ដែល​ងាយ​ប្រឈមមុខ​នឹង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ដែល​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់ ដល់ជីវិត ប្រសិនបើ​ធ្វេស​ប្រហែស។ ប៉ុន្ដែ​គ្រប់យ៉ាង​សុទ្ធតែ​អាចដឹង​ជាមុន​ព្រោះ​នៅពេល​បច្ចុប្បន្ន​នេះ​មាន​ឧបករណ៍​វិទ្យាសាស្ដ្រ​ជា ច្រើន​ដែលអាច​ជួយបាន។ ទោះបី​ជាយ៉ាង​ណាការ​ជួយនេះ​ក៏អាស្រ័យ​ទៅលើ​ការប្រុង​ប្រយ័ត្ន​និងការ​តាមដាន​សុខភាព​របស់​ស្ដ្រីនេះ ផ្ទាល់តែ​ម្ដង​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សុកញំង​មាត់ស្បូន​ជាជម្ងឺ​មួយគួរ​ឱ្យខ្លាច​រអា​ក្នុង​ចំណោម​ជម្ងឺ​ទាំង​ឡាយ ដែល​អាចកើត​មានឡើង​សម្រាប់​ស្ដ្រីមាន​ផ្ទៃពោះ ដែល​អាចបង្ក​ឱ្យមាន​ការ​បាត់បង់​ជីវិត​ទាំងម្ដាយ និង​ទារក​ទៀតផង។ ដើម្បី​ឱ្យ​លោកអ្នក​ជាពិសេស​សុភាពនារី​ជាម្ដាយ​ទាំងអស់​បាន ជ្រាប​អំពី​បញ្ហានេះ ទស្សនាវដ្ដី សុខភាពយើង សូម​លើក​យកការ​បកស្រាយ​របស់​លោកស្រី​វេជ្ជ​បណ្ឌិត​កែវ ម៉េងលី ឯកទេស​រោគស្ដ្រី នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​មកជម្រាប​ជូន។

សុកញំង​មាត់​ស្បូន ជាអ្វី?

មុននឹង​ជ្រាប​អំពី​សុកញំង​មាត់​ស្បូន លោកអ្នក​ជាពិសេស​ស្ដ្រីមាន​ផ្ទៃពោះ​ទាំងអស់​ចាំបាច់​ត្រូវ​ជ្រាប​អំពី​ទីតាំង​របស់​សុកជា មុនសិន។ សុកជា​ផ្នែក​មួយ​ដែល​ភ្ជាប់​ទៅនឹង​តួស្បូន​ស្ដ្រីជា​ម្ដាយ ដើម្បី​នាំឈាម​ទៅចិញ្ចឹម​ដល់កូន។ សុកមាន​ស្រទាប់​មួយរុំ​ស្រោប​ទៅ លើកូន មាន​ន័យថា​កូននៅ​ផ្សេង​ពីសុក ខណ្ឌគ្នា​ដោយ​ស្រទាប់​មួយ។ នៅពេល​សម្រាល​កូន​ចេញ​មកមុន ទើបសុក​ធ្លាក់​ចេញមក​តាម ក្រោយ​ដោយ​សម្រួល ប្រសិន​បើការ​សម្រាល​កូនតាម​ធម្មតា។ ក្នុង​ករណី​សុកមិន​នៅអោប​ត្រង់​តួស្បូន ហើយ​បែរជា​មកនៅ​ត្រង់មាត់ ស្បូន​ទៅវិញ បានន័យថា​សុកមិន​នៅ​ចំកន្លែង។ នៅពេល​សម្រាល​សុកបាំង​មាត់ស្បូន​ធ្វើឱ្យ​សម្រាល​មិនរួច នោះហៅ​ថាសុកញំង ឬបាំង មាត់ស្បូន។ សុកញំង​មាត់ស្បូន​ចែកទៅ​តាម​កម្រិត​នៃការ​ញំង​របស់​សុក។

  • កម្រិត​ទីមួយ គឺសុក​គ្រាន់តែ​មកប៉ះ​បន្ដិច​បន្ដួច​នៅត្រង់​មាត់ស្បូន
  • កម្រិត​ទីពីរ គឺសុក​ប៉ះយ៉ាង​ប្រផិត​ប្រផើយ​នឹងមាត់​ស្បូន
  • កម្រិត​ទីបី គឺសុក​លាត​គ្របដណ្ដប់​លើមាត់​ស្បូន​ទាំងមូល​តែម្ដង។

មូល​ហេតុ​សុកញំង​មាត់​ស្បូន

សុកញំង​មាត់ស្បូន​អាចកើត​ឡើង​ដោយ​សារ​មូលហេតុ​ជាច្រើន​យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សុខភាព​របស់ស្ដ្រី​ផ្ទាល់តែ ម្ដង។ ស្ដ្រីដែល​ប្រឈមមុខ​នឹងបញ្ហា​សុកញំង​មាត់ស្បូន​នៅពេល​មាន​ផ្ទៃពោះ គឺ ៖

  • ស្ដ្រីដែល​ធ្លាប់មាន​ប្រវត្ដិ​សុកញំង​មាត់ស្បូន​ពីមុនមក​ដែលអាច​កើត​ឡើង​ជាថ្មី​ទៀត
  • ស្ដ្រីដែល​ធ្លាប់ធ្វើ​ការរម្លូត​កូនចេញ​ជាច្រើន​ដង ព្រោះ​ការរម្លូត​តែងតែ​មានការ​កោស​នៅក្នុង​ស្បូន
  • ស្ដ្រីដែល​មាន​បញ្ហា​រលាក​សាច់​ស្បូន​ក្រោយ​ពេល​សម្រាល​កូន
  • ស្ដ្រីដែល​មានកូន​ច្រើនចាប់​ពី៤នាក់​ឡើងទៅ ដែលធ្វើ​ឱ្យស្ដ្រី​នោះមាន​បញ្ហា​សុខភាព​ហើយ​មាន​អត្រាសុក​ញំង​មាត់​ស្បូន រហូត​ដល់ ៧០ភាគរយ
  • ស្ដ្រីដែល​ធ្លាប់ឆ្លង​កាត់ការ​វះកាត់ ទោះបី​ជាការ​វះកាត់​យក​កូនក្ដី​(សូមអាន​អត្ថបទ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ទស្សនាវដ្ដី សុខភាពយើង​លេខទី០១១ ខែធ្នូ​ឆ្នាំ២០០៦​ឆ្នាំទី១​ដែល​មាន​ចំណង​ជើងថា​សម្រាល​កូន​ដោយ​វះកាត់​ថែរក្សា​ទ្វារមាស​តែខូច​សុខភាព) ឬការ​វះកាត់សាច់​ក្នុងស្បូន​ក្ដី និយាយ​រួមឱ្យ​តែជា​ការវះកាត់​ដែល​ប៉ះពាល់​ដល់​ស្បូន។

សញ្ញា​ដំបូង​នៃសុក​ញំង​មាត់ស្បូន

មិនមាន​សញ្ញាអ្វី​គួរឱ្យ​កត់​សម្គាល់​ឡើយ​សម្រាប់​អាការ​សុកញំង​មាត់ស្បូន ប្រសិន​បើ​ផ្ទៃពោះ​ស្ថិត​នៅក្នុង​ត្រីមាស​ទី១។ គេ អាចដឹង​ទីតាំង​របស់​សុកដែល​ញំង​មាត់ស្បូន​បានគឺ​នៅត្រីមាស​ទី៣ ឬចាប់​ពីខែទី៧​នៃគភ៌​ដោយ​សារការ​ពិនិត្យ​អេកូ​សាស្ដ្រ។ សញ្ញា ដែល​គួរឱ្យ​ចាប់​អារម្មណ៍​ជាដំបូង គឺការ​ធ្លាក់ឈាម​ដែល​ច្រើនកើត​មាននៅ​ពេលយប់​ដោយ​មិនដឹង​ខ្លួនតិច​ឬច្រើន​ទៅតាម​ទំហំនៃ​ការ ញំង​របស់​សុក។

ការ​ព្យាបាល​សុកញំង​មាត់ស្បូន

ជំហ៊ាន​ដំបូង​នៅពេល​ដែល​មានសញ្ញា​នៃការ​ធ្លាក់​ឈាម គ្រប់​ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវ​ប្រញាប់​ទៅមន្ទីរ​ពេទ្យ​ដើម្បីពិនិត្យ និង​ពិភាក្សា។ គ្រប់ស្ដ្រី​មានផ្ទៃពោះ​នៅពេល​ដែល​មានធ្លាក់​ឈាម​ត្រូវ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​កាត់​បន្ថយ​បរិមាណ​នៃការ ធ្លាក់​ឈាម។ ការ​ព្យាបាល​ត្រូវធ្វើ​ឡើង​ទៅ​តាម​កម្រិត​នៃការ​ធ្លាក់​ឈាម។ ក្នុង​ករណី​ធ្លាក់​ឈាម​តិចតួច​ហើយ​ទារក​ក្នុងផ្ទៃ​មិនទាន់ គ្រប់ខែ​នោះ ស្ដ្រីត្រូវ​សម្រាក​ពេទ្យ​ដើម្បី​តាមដាន​ស្ថាន​ភាព​ធ្លាក់​ឈាម។ បើមិន​ធ្ងន់ធ្ងរ​ការធ្លាក់​ឈាម​នឹងបាត់​ទៅវិញ​ដោយ​ខ្លួនឯង។ ហើយ​គ្រូពេទ្យ​មានថ្នាំ​ម្យ៉ាង​សម្រាប់​ជួយឱ្យ​សួត​ទារកទុំ​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​នៅពេល​សម្រាល ហើយ​អាច​សម្រាល​បាន តាមទ្វារ​ក្រោម​ធម្មតា។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ការវះកាត់​យក​កូន​ចេញ​ជាវិធី​តែមួយ​គត់​ដើម្បី​ជួយ​កុំឱ្យ​ស្ដ្រីជា​ម្ដាយ​មានការ​ធ្លាក់​ឈាម​ខ្លំាង ពេកដែល​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​វិបាក​នៃសុកញំង​មាត់ស្បូន

ផល​វិបាក​ចំពោះ​បញ្ហានេះ​អាស្រ័យ​ទៅតាម​កម្រិត​នៃការញំង​របស់​សុក​ទៅលើ​មាត់​ស្បូន។ ប្រសិន​បើ​សុកញំង​បន្ដិច​បន្ដួច នៅ​លើមាត់​ស្បូន ហើយ​ស្ដ្រីអាច​សម្រាល​កូន​តាមធម្មតា​បាននោះ​គ្មាន​បញ្ហាទេ។ ប៉ុន្ដែអ្វី​ដែលគួរ​ឱ្យព្រួយ​បារម្ភ​នោះ​គឺការ​ធ្លាក់​ឈាម ក្រោយ​ពេល​សម្រាល​ក្នុង​បរិមាណ​តិច ឬច្រើន​ទៅតាម​កម្រិត​ញំង។ ហេតុនេះ​ហើយ​ទើប​ទាមទារ​ឱ្យស្ដ្រី​ជាម្ដាយ​សម្រាល​កូននៅ​មន្ទីរ ពេទ្យ ដើម្បី​មើលទុក​ជាមុន ដូចជា​បរិមាណ​ឈាម ប្រភេទ​ឈាម កម្រិត​នៃការ​កក​របស់​ឈាម​ឬភាព​ស្លេក​ស្លាំង​ជាដើម ដើម្បី​ត្រៀម ក្នុងការ​បញ្ចូល​ឈាម​ព្រោះ​នៅពេល​ដែល​មាន​ឈាមធ្លាក់​ក្រោយ​សម្រាល​ខ្លាំងក្លា​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់ និងមាន​មេរោគ​ជ្រៀត​ចូល ទៅដល់​ស្បូន​ដែលធ្វើឱ្យ​មានបញ្ហា​ផ្សេងៗកើត​ឡើង។

ប្រការ​គួរ​ប្រតិបត្ដិ

គ្រប់ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់​តែងយល់​ឃើញថា​ការពិនិត្យ​អេកូសាស្ដ្រ​គ្រាន់តែ​អាចឱ្យ​ដឹងកូន​របស់​ខ្លួនប្រុស​ឬស្រីតែ​ប៉ុណ្ណោះ។ ទាំងនេះ​ហើយ​ជាការ​យល់​ច្រឡំ​មួយ​យ៉ាងធំ​ដែល​រហូត​ដល់​អ្នកខ្លះ​មិនចង់​ចំណាយ​ប្រាក់ទៅ​លើការ​ពិនិត្យ​ឡើយ។ តាមពិត ការ​ពិនិត្យ​អេកូសាស្ដ្រ​អាចឱ្យ​លោកស្រី​អ្នកនាង​ដឹងជា​មុននូវ​បញ្ហា​ផ្សេងៗ​របស់​ទារក​ក្នុងផ្ទៃ ដូចជា​កាយ​សម្បទា​ទារក​សរីរាង្គ​ខាងក្នុង ពោះ ទីតាំង​សុក ស្ថានភាព​ទឹកភ្លោះ​ជាដើម​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ជួយ​ស្ដ្រី​ជាម្ដាយ​ជាមុន​នៅពេល​សម្រាល​(សូមអាន​អត្ថបទ ទស្សនាវដ្ដី សុខភាពយើង ចេញ​ផ្សាយ​នៅលេខ​០១០ខែ​វិច្ឆិកា ឆ្នាំ២០០៦​ឆ្នាំទី១​ដែល​មាន​ចំណង​ជើងថា​អេកូ​ទំនើប​អាចមើល​ចលនា ទារក​ក្នុងផ្ទៃ)។ ការពិនិត្យ​អេកូសាស្ដ្រ​មុនខែទី៧​មិនមាន​ប្រយោជន៍​អ្វីឡើយ​ព្រោះ​មិនអាច​កំណត់​ចលនា ឬទីតាំង​ឱ្យច្បាស់​លាស់ ត្រឹមត្រូវ ទោះការ​ពិនិត្យ​ច្រើនដង​មុនខែ​ទី៧យ៉ាង​ណា​ក៏ដោយ។ ម្យ៉ាង​វិញទៀត​ស្ដ្រីមាន​ផ្ទៃពោះ​គួរទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀង ទាត់ ចាប់តាំង​ពីពេល​ដឹងថា​មានគភ៌​ទើប​អាច​បញ្ចៀស​បញ្ហា​មួយ​ចំនួន​ដែលអាច​កើតមាន​ចំពោះ​ខ្លួន និង​ទារក។

ដំបូន្មាន​អ្នក​ជំនាញ

សុកញំង​មាត់ស្បូន​មិនមាន​វិធី​បង្ការ​ឡើយ ហើយ​អាចបង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់ម្ដាយ​និង​កូនបើ​ជួយ​មិនទាន់​ពេល​វេលា។ ហេតុនេះ​សូមស្ដ្រី​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​នៅពេល​មាន​ផ្ទៃពោះ ព្រោះ​ជាវេលា​សំខាន់​និង​ពិសេស​សម្រាប់​ជីវិត​លោកស្រី​អ្នកនាង ​និង​កូនក្នុង​ផ្ទៃ។ សូមមេត្ដា​គិតថា​ជោគ​វាសនា​របស់កូន​ត្រូវពឹង​ផ្អែក​ទាំងស្រុង​លើការ​ប្រតិបត្ដិ​របស់​លោកស្រី​អ្នកនាង​ជាម្ដាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative