កូនខ្ញុំវៃឆ្លាត

បុត្រធីតា​ឆ្លាតវៃ រៀនពូកែ ជាវត្ថុ​បំណង​តែមួយ​គត់​របស់​មាតាបិតា។ កុមារ​ឆ្លាតវ័យ​ជាមោទនភាព​សម្រាប់​ក្រុម​គ្រួសារ​ញាតិ​សន្ដាន ព្រមទាំង​ប្រទេស​ជាតិផង​ដែរ។ ហេតុនេះ​ហើយទើប​លោកអ្នក​ជាមាតា​បិតា​ខិតខំ​រិះរក​វិធីជា​ច្រើនយ៉ាង​ដើម្បី​ឱ្យបុត្រ​ធីតា​មានភាព​ឆ្លាត​វាងវៃ។ លោកអ្នក​ចង់ជ្រាប​ឬទេ អំពី​អាថ៌កំបាំង​ដែល​ធ្វើឱ្យកុមារ​ឆ្លាតរៀន​ពូកែ? 

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខ០០៧ ខែសីហា ឆ្នាំ២០០៦​លោកអ្នក​បាន​ទទួល​ជ្រាប​ហើយ​ជាមួយ​អត្ថបទ“កូនខ្ញុំ​អាប់​បញ្ញា”នៅលើ​ទំព័រ ទស្សនាវដ្ដី សុខភាពយើង។ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា​បង្ហាញ​នូវអាថ៌​កំបាំង​ដែលជា​កត្ដា​ចូលរួម​ឱ្យកូន​មាន ភាព​វ័យឆ្លាត តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ជាគុណ​ប្រយោជន៍​ដល់​ប្រិយមិត្ដ​អ្នកអាន​ជាពិសេស​មាតាបិតា​ទាំង​ឡាយ​ក្នុង ការ​ចិញ្ចឹម​បុត្រធីតា។

ដូចម្ដេច​ហៅថា​កុមារ​ឆ្លាត?

យោង​តាមរង្វាស់​កម្រិត​បញ្ញា​ស្មារតី​កុមារ​នៃប្រព័ន្ធ​អាយឃ្យូ កុមារ​ឆ្លាតលុះ​ត្រាតែ​មានរង្វាស់​កម្រិត​អាយឃ្យូ​ចាប់ពី​១០០ ឡើង​ទៅ។ កុមារ​ដែល​មាន​កម្រិត​អាយឃ្យូ​លើសពី​១២០ ជាប្រភេទ​កុមារ​ដែល​ឆ្លាត​វាងវៃ​ជាខ្លាំង។ គេអាច​ដឹងពី​កម្រិត​បញ្ញា​ស្មារតី កុមារ​ដោយសារ​ធ្វើរង្វាស់​នេះ។

កត្ដា​ចូលរួម​ឱ្យកុមារ​ឆ្លាត

ខាង​ក្រោមនេះ​ជាកត្ដា​ដែល​ជម្រុញ​ឱ្យកុមារ​មានភាព​ឆ្លាត​វាងវៃ ជា​ប្រការ​សំខាន់​ណាស់​សម្រាប់​លោកអ្នក​ជាមាតា​បិតា ត្រូវ​ប្រតិបត្ដិ។

1. មុនពេល​ផ្ដល់​កំណើត

តាម​ការសិក្សា​ស្រាវជ្រាវ គេសង្កេត​ឃើញថា​ឪពុក​ម្ដាយ​ដែល​មានប្រភេទ​ឈាមអា​ឬអាបេ​ច្រើន​តែមាន​បុត្រធីតា​ឆ្លាត វៃខ្លាំង​រហូតក្លាយ​ជាអ្នក​ប្រាជ្ញ​ទៀតផង។ ឪពុកម្ដាយ​ដែល​ត្រៀម​ផ្ដល់​កំណើត​ឱ្យកូន​ត្រូវ​មាន​សុខភាពល្អ​ទាំងផ្លូវ​កាយ​និងផ្លូវចិត្ដ។ ផ្ទុយ​ទៅវិញ ប្រសិនបើ​ឪពុកម្ដាយ​មាន​សុខភាព​ផ្លូវកាយ និងផ្លូវ​ចិត្ដ​មិនល្អ ឬមិន​ប្រក្រតី​ណា​មួយ​នាំឱ្យ​ការផ្ដល់​កំណើត​ឱ្យកូន​មិន ល្អ។ ឧទាហរណ៍ ប្រសិនបើ​ម្ដាយមាន​កើត​ជម្ងឺ​វិកលចរិត ហើយ​ទោះបី​ឪពុក​មាន​សុខភាពល្អ​ក៏ដោយ​ក៏កូន​កើតមក​អាច​មាន​បញ្ហា​ដែរ។

  • លោកអ្នក​មិនគួរ​ទទួលទាន​ចំណី​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិពុល​ច្រើន ដូចជា​បារី សុរា គ្រឿង​ញៀន​ឬគ្រឿង ស្រវឹង​ផ្សេងៗ​នោះទេ។
  • ទារក​ដែលកើត​មកពី​ឪពុក ឬម្ដាយ​ដែលមាន​អាយុច្រើន​អាចមាន​លក្ខណៈ​មិន​ប្រក្រតី​ជួនកាល​កុមារ​អាច​ឈាន​ទៅរក ជម្ងឺ​អាប់​បញ្ញា​ទៀតផង។ ដូចនេះ​ឪពុកម្ដាយ​ដែល​សមស្រប​សម្រាប់​ការបង្កើត​កូន​គួរមាន​អាយុ​ចាប់ពី​១៨ឆ្នាំ​ទៅ៣៥ឆ្នាំ។  ចំពោះ បុរស​ទោះបីជា​មិនសូវ​កំណត់​អាយុ តែក៏​មិនត្រូវ​ឱ្យអាយុ​ច្រើន​ពេកនោះ​ទេ។
  • ការនិយម​រៀប​អាពាហ៍ពិពាហ៍​តាមខ្សែ​ស្រឡាយ​ជិត ដើម្បី​មិនឱ្យ​បែក​ទ្រព្យ​ជាបច្ច័យ។ ឧទាហរណ៍​ការរៀប​អាពាហ៍ ពិពាហ៍​រវាង​បងប្អូន​ជីដូន​មួយ​បង្កើត រវាង​ក្មួយ​នឹង​ពូជាដើម។ តាមការ​សិក្សា​គេសង្កេត​ឃើញ​បុត្រ​ភាគច្រើន​ដែល​កើតមក​ច្រើនមាន ជម្ងឺ​អាប់បញ្ញា។

2. នៅពេលពពោះ ឬមានផ្ទៃពោះ

ក្នុង​កំឡុង​ពេល​នេះ ស្ដ្រីត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ហ្មត់ចត់​ទាំងផ្លូវ​កាយ និង​ផ្លូវចិត្ដ​ដើម្បី​ទារក​កើតមក​មាន​សុខភាពល្អ ប្រាជ្ញា​វាងវៃ។

  • សុខភាព​ផ្លូវកាយ​របស់​លោកស្រី​អ្នកនាង​ត្រូវ​បំប៉ន​ចំណី​អាហារ​ទ្វេដង ដើម្បី​ចិញ្ចឹម​ទារក និងខ្លួន​ឯងផង​ជាពិសេស​ចំណី​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិរ៉ែ ឬ​វីតាមីន ព្រោះ​ជាប្រភេទ​ចំណី​អាហារ​ផ្ដល់​ជីវជាតិ​ដល់​ប្រព័ន្ធ​ខួរក្បាល។ ចំណី​អាហារ​មិនគ្រប់ គ្រាន់​ធ្វើឱ្យ​កោសិកា​ខួរក្បាល​លូតលាស់​មិនបានល្អ អាចឈាន​ទៅរក​ជម្ងឺ​អាប់បញ្ញា។ ចំណែក​សុខភាព​ផ្លូវចិត្ដ​អ្នកម្ដាយ​ត្រូវ​សប្បាយ​ចិត្ដ ជានិច្ច សមាជិក​គ្រួសារ​ដែល​រស់នៅ​ជុំវិញ​គួរគាំ​ទ្រលើក​ទឹកចិត្ដ​ដើម្បី​មាន​សុខភាព​ផ្លូវចិត្ដ​ល្អ។
  • ត្រូវតាម​ដាន​ទារក​ក្នុងផ្ទៃ​ដោយ​គ្រូពេទ្យ​ជំនាញ​ជាប្រចាំ ដើម្បី​ឱ្យបាន​ដឹងថា​ទារកនោះ​ខ្សោយ ឬទេ។ ព្រោះថា​ទារក​នៅ ក្នុង​ផ្ទៃអាច​ខ្សោយ​ដោយ​ប្រការណា​មួយ ដូចជា​ម្ដាយ​ធ្វើការ​ធ្ងន់ ឬ​ទទួលទាន​អាហារ​មិនគ្រប់​គ្រាន់​ជាដើម។
  • ការមាន​ផ្ទៃពោះ​ត្រូវមាន​គម្លាតពី​កូនមួយ​ទៅកូន​មួយ​យ៉ាង​ហោច​ណាស់​ឱ្យបាន​ពី២ទៅ៣ឆ្នាំ​មិនត្រូវ​ឱ្យមាន​កូនញឹក​ពេកទេ។

3. ដំណាក់​កាល​សម្រាល​បុត្រ

ស្ដ្រីគួរ​តាមដាន​មើលអាង​ត្រគាក ដើម្បី​ឱ្យដឹងថា​តើ​ទារក​អាច​សម្រាល​តាម​ធម្មជាតិ ឬត្រូវ​ធ្វើការ​វះកាត់​ព្រោះ​ថាបើ​អាង ត្រគាក​ម្ដាយ​តូចធ្វើ​ឱ្យទារក​ពិបាក​សម្រាល។ ការ​សម្រាល​បុត្រ​ដោយ​ប្រើកែវ​ជប់​នាំឱ្យ​ប៉ះពាល់​ក្បាល​ទារក។

4. ក្រោយ​ការ​សម្រាល​បុត្រ

ដើម្បី​ការ​ចម្រើន​វ័យ​របស់​កុមារ​បានល្អ និងមាន​ភាពឆ្លាតវៃ អ្នកម្ដាយ​ត្រូវបំបៅ​កូនដោយ​ទឹកដោះ​ព្រោះ​ទឹកដោះ​ម្ដាយ​មាន សារជាតិ​គ្រប់គ្រាន់​សម្រាប់​ការលូត​លាស់​រាងកាយ និង​បញ្ញា​ស្មារតី​របស់​ទារក។

ឪពុក​ម្ដាយ​ត្រូវគាំ​ទ្រផ្លូវចិត្ដ​កូនតាំង​ពីតូច ព្រោះថា​ចាប់តាំង​ពីពេល​កើតមក​កុមារ​ចាប់​ផ្ដើម​លូត​លាស់​គេ​ត្រូវការ​ភាព​កក់ ក្ដៅពី​ឪពុក​ម្ដាយ។ ត្រូវ​ថែរក្សា​កុមារឱ្យ​មាន​សុខភាពល្អ​បរិបូណ៍​ជានិច្ច។ តាម​ការសិក្សា​បង្ហាញឱ្យ​ឃើញ​ថា​កុមារ​ដែល​ឧស្សាហ៍​ឈឺមាន បញ្ញា​ស្មារតី​មិនល្អ​ឡើយ ជាពិសេស​ការថែទាំ​ផ្លូវកាយ​មិនបាន​ល្អ​ដូចជា​កុមារ​មានជម្ងឺ​រលាក​ស្រោម​ខួរក្បាល​កុមារ​ឧស្សាហ៍​ដួល ប៉ះ ទង្គិច​ក្បាល​ជាដើម។ កុមារ​ចាប់ពី​អាយុ៦ខែ​ត្រូវផ្ដល់​ចំណី​អាហារ​បន្ថែម មានសាច់ និងបន្លែ​ដើម្បី​បំប៉ន​ឱ្យកុមារ​មានសុខ​ភាព​កាន់តែ រឹងមាំ លូត​លាស់​ទាំងផ្លូវ​កាយ និង​បញ្ញា​ស្មារតី។

ឪពុក​ម្ដាយ​ត្រូវតែ​មាន​សុខភាព​ផ្លូវកាយ ផ្លូវចិត្ដល្អ មិន​ឈ្លោះ​ប្រកែក​គ្នា ផ្ដល់ភាព​កក់ក្ដៅ​ដល់កូន និង​ក្រុម​គ្រួសារ។ ត្រូវ ជួយគាំទ្រ និងលើកទឹកចិត្ដកូនគ្រប់ពេល ជាពិសេសនៅពេលដែលកូនធ្វើកិច្ចការជោគជ័យ ធ្វើយ៉ាង​ណាឱ្យ​កូនមាន​សុភមង្គល​ដែល​ផ្ដល់ ដោយ​គ្រួសារ។

5. ការអប់រំ

នៅពេល​កុមារ​ចម្រើន​វ័យ​គ្រប់អាយុ​ចូលសិក្សា​ត្រូវបញ្ជូន​កូនឱ្យទៅ​សាលារៀន ព្រោះ​សាលារៀន​ជាមូល​ដ្ឋាន​អប់រំ​សំខាន់។ សាលា​រៀន​ក៏ត្រូវ​មានលក្ខណៈ​គរុ​កោសល្យ​ខ្ពស់ និង​ប្រកប​ដោយ​ផាសុក​ភាពផង​ដែរ ទាំង​ចំណុះ​សិស្ស វិន័យ​សីលធម៌​ល្អ គ្រូមាន គរុកោសល្យ​ខ្ពស់ក្នុង​ការ​បង្រៀន មិន​មាន​ការ​សម្លុត​កំហែង​សិស្ស និងគ្មាន​បងតូច​បងធំ។

ក្រៅពីនេះ​ការលេង​ល្បែង​កម្សាន្ដ​ជាកត្ដា​មួយ​ជំរុញឱ្យ​កុមារ​កាន់​តែឆ្លាត។ នៅបណ្ដា​ប្រទេស​ជឿន​លឿន​នានា​មាន​មជ្ឈ មណ្ឌល​មួយ​ដែល​អនុញ្ញាត​ឱ្យកុមារ​ចូល​លេង​ល្បែង​កម្សាន្ដ​ផ្សេងៗ​ដែល​សុទ្ធសឹង​ជាល្បែង​បណ្ដុះ​គំនិត​ស្មារតី​ឱ្យកុមារ​មានភាព​វៃឆ្លាត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លទ្ធផល​ដែល​បានមក​ពីកុមារ​ឆ្លាត

កុមារ ឬកូន​មាន​បញ្ញា​វាងវៃ​គឺប្រៀប​ប្រដូច​ទៅនឹង​គ្រាប់ពូជល្អ​ដែលជា​មោទនភាព​សម្រាប់​ក្រុម​គ្រួសារ​និង​សង្គមជាតិ ផងដែរ។ កុមារ​ជាសសរ​ទ្រូង​របស់​ប្រទេសជាតិ​ជាតិ​នឹងរឹងមាំ​រីក​ចម្រើន​ជឿន​លឿន​ហើយ​ពោរពេញ​ដោយ​អ្នកប្រាជ្ញ។

ដំបូន្មាន​អ្នកប្រឹក្សា

សម្រាប់​ឪពុក​ម្ដាយ ឬគូស្រក​រវ័យក្មេង​ដែលចង់​ឱ្យបុត្រ​ធីតា​ឆ្លាត​មាន​បញ្ញា​ស្មារតី​វាងវៃល្អ​និងមិន​ឈានទៅ​រកជម្ងឺ​អាប់​បញ្ញា លោកអ្នក​គួរតែ​អនុវត្ដ​នូវកត្ដា​មួយ​ចំនួន​ដូចដែល​បានរៀប​រាប់ខាង​លើព្រោះ​អាចជា​កត្ដា​ចូលរួម​ឱ្យកុមារ​មានភាព​ឆ្លាតវៃ។ ឪពុក​ម្ដាយ​ត្រូវអប់រំ​កូនឱ្យ​នៅឱ្យ​ឆ្ងាយពី​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​ទាំងឡាយ និង​ត្រូវបញ្ជូន​កូនទៅ​សិក្សា​ឱ្យទាន់​អាយុ។

ចំពោះ​ឪពុក​ម្ដាយ​ដែល​យល់​ឃើញថា​បុត្រធីតា​របស់ខ្លួន​មាន​បញ្ញា​មិន​ប្រក្រតី​នោះ សូម​បង្កើន​ការលើក​ទឹកចិត្ដ​និង​បំប៉ន ចំណី​អាហារ​គ្រប់គ្រាន់​បន្ថែម​ដល់​កូន។ ប្រសិន​បើគិតថា​កូនមិន​អាចមាន​សមត្ថភាព​យល់ដឹង​ឬកូន​មាន​ជម្ងឺ​អាប់​បញ្ញា​ធ្ងន់ធ្ង្ងរ ឪពុក ម្ដាយ​គួរបញ្ជូន​កូន​ទៅមន្ទីរ​ពេទ្យ ដើម្បី​ពិគ្រោះ ឬប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ព្រោះថា​ជម្ងឺ​អាប់​បញ្ញា​ស្រាល​អាច​ព្យាបាល​ឱ្យជាសះ ស្បើយ​បាន។ ឪពុកម្ដាយ​គប្បី​ចិញ្ចឹមកូន​ដែល​មាន​បញ្ហានេះ​ដោយ​ផ្ចិតផ្ចង់​ជាងកូន​ដទៃទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative