របៀប​កក់​សក់

កក់សក់​ជារឿង​ងាយ​ស្រួល​បំផុត​សូម្បី​តែក្មេង​អាយុបី​ឆ្នាំក៏ចេះ​កក់​សក់​ដែរ។ លោក​អ្នកមួយ​ចំនួន​អាចយល់​ដូចនេះ​មែន ប៉ុន្ដែ​មិនអាច​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះទេ។ ព្រោះបើ​លោកអ្នក​មាន​វិធី​ក្នុង​ការកក់​សក់នេះ​លោក​អ្នកនឹង​ទទួល​បានសក់​ដែល​ស្អាត​មាន សុខភាព​ល្អ គួបផ្សំ​នឹងមិន​មាន​បញ្ហា​ដល់​ស្បែក​ក្បាល​ទៀត​ផង។ តើកក់​សក់ដូច​ម្ដេចទើប​ត្រឹមត្រូវ​?

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លើក​មុន លោកអ្នក​បាន​ទទួល​ជ្រាបរួច​មកហើយ​អំពីការ​ជ្រើស​រើស​សាប៊ូកក់​សក់។ ដោយ​ឡែក​សម្រាប់​លេខនេះ  ទស្សនាវដ្ដី សុខភាព​យើង នឹង​ជម្រាប​ជូន​លោក​អ្នកអំពី​វិធីកក់​សក់វិញ​ម្ដង។

សរសៃសក់ស្រស់ស្អាត

សក់មិន​គ្រាន់តែ​រក្សា​សម្រស់​របស់​ធម្មជាតិ​ប៉ុណ្ណោះ​ទេ។ សក់​សម្ដែង​ឡើងនូវ​បញ្ហា​សុខភាព​មួយចំនួន​របស់​មនុស្ស​ទៀត ផង។ លោកអ្នក​ដែលមាន​សុខភាព​ល្អ ជានិច្ច​ជាកាល​សរសៃ​សក់ភ្លឺ​ផ្លេក​រលោង​ស្រិល។ ក្នុងមួយ​ថ្ងៃ សក់អាច​ដុះប្រហែល​១,២ទៅ ១,៣​មីលី​ម៉ែត្រ។ ចំពោះកូន​ក្មេង​ដែល​មាន​សុខភាព​ល្អ សក់​លូត​លាស់​យ៉ាង​ឆាប់​រហ័ស ចំណែក​មនុស្ស​ចាស់​ខ្សោយ​មាន​ជម្ងឺ សក់​ដុះ យឺត​យ៉ាវ​បំផុត។

របៀប​សម្អាត​សក់

ការ​សម្អាត​សក់ជា​រឿង​ដែលមិន​អាចមើល​រំលងបាន។ មិន​មែន​ថាកក់​សក់ដោយ​គ្រាន់តែ​អេះៗឱ្យតែ​រួចរាល់​បាននោះ​ទេ។ ព្រោះការ​ដែលលោក​អ្នកមាន​គំនិតថា​គ្រាន់តែ​ធ្វើឱ្យ​សក់ស្អាត​នោះ មិនទាន់​គ្រប់​គ្រាន់​នៅ​ឡើយទេ។ លោក​អ្នកត្រូវ​ផ្ដោត​ការយក​ចិត្ដ ទុកដាក់​ទៅលើ​ស្បែក​ក្បាល​ផង​ដែរ។ ដើម្បី​សក់មាន​សុខភាព​ល្អ និងមាន​ឬស​រឹងមាំ លោកអ្នក​ត្រូវ​អនុវត្ដ​វិធីកក់​សក់​ងាយៗ​មួយ​ចំនួន ។

  • សូមយក​ទឹក​ក្ដៅ​ឧណ្ហៗ​ចាក់លើ​សរសៃ​សក់ឱ្យ​ជោក ព្រោះថា​ទឹកក្ដៅ​ឧណ្ហៗ​នឹងជួយ​ឱ្យឈាម​មានលំហូរ​ចុះឡើង​បានល្អ ធ្វើឱ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ
  • ចាក់សាប៊ូ​កក់សក់់​លើបាត​ដៃញី​ឱ្យសាច់​សាប៊ូ​រាយ​ប៉ាយ​ពេញដៃ ហើយយក​បាតដៃ​កក់ញី​សក់ពី​ផ្នែកខាង​លើបំផុត ដោយ ប្រើម្រាម​ដៃញី​សាប៊ូកក់​សក់ឱ្យ​សព្វស្បែក​ក្បាល និង​សរសៃ​សក់
  • សម្អាត​សក់ដោយ​ញីថ្នមៗ​ឱ្យសព្វ​ស្បែក​ក្បាល តែ​កុំអេះ ឬញី​ខ្លាំង​ពេក ព្រោះ​អាចធ្វើ​ឱ្យស្បែក​ក្បាល​រលាត់
  • ទីបំផុត​សូមលាង​ពពុះ​សាប៊ូ​ចេញ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ​រហូត​ទាល់តែ​ស្អាត ហើយ​លើក​កញ្ចុំ​សក់​ទៅក្រោយ​ដើម្បី​កុំឱ្យ​ជំពាក់គ្នា។ ប្រសិន​បើលោក​អ្នកមាន​ក្រែម​ដើម្បី​បន្ទន់​សក់ លោក​អ្នកចាំ​បាច់ត្រូវ​អនុវត្ដ​តាមវិធី​ខាង​លើ​នេះដែរ ទើប​សរសៃ​សក់​អាច ជ្រាប​ជាតិ​ក្រែម​បាន​ល្អ។

ពេលវេលា​កក់​សក់​ទៅតាម​ប្រភេទ​សក់

សក់​ធម្មជាតិ​ជា​សរសៃ​សក់​ទន់​ល្មើយ​ស្ទាប​ទៅ​ត្រជាក់​ដៃ។ សក់​ស្ងួត​ស្ទាប​ទៅឃើញ​គគ្រើម ហើយរឹង​ដែលគេ​ច្រើន​ហៅថា សក់រឹង​ដូចឬស្សី។ ចំណែក​សក់បែក​ប្រេង ឬសក់​រអិល គឺជានិច្ច​កាលសក់​នោះមើល​ទៅសើម​ ហើយក្រាស់​ឃ្មឹកមាន​ក្លិនមិន​ល្អ ជាងនេះ ទៅទៀត​ពិបាក​សិតបត់​បែនទៅ​តាម​ចំណង់។ សក់ចែក​ចេញជា​បីប្រភេទ គឺសក់​ធម្មតា សក់​ស្ងួត សក់​បែង​ប្រេង ឬសក់​រអិល ដែល ទាមទារ​ឱ្យមាន​កាថែរ​ក្សាខុសគ្នា​ទៅតាម​ប្រភេទ​នីមួយ​ៗ។

1. សក់​ធម្មតា ចំពោះ​មនុស្ស​ដែលមាន​សរសៃសក់​ធម្មតា ការថែទាំ​គ្មានអ្វី​ពិបាក​នោះទេ​ដោយ​គ្រាន់តែ​កក់សក់ពីរ ឬបីថ្ងៃម្ដង​ជាការស្រេច​ទៅហើយ។

2. សក់​បែក​ប្រេង ឬសក់​រអិល នៅពេល​ដែលស្ទាប​ទៅមាន​ភាពរអិល​ជាប់ដៃ លោកអ្នក​ចាំបាច់​ត្រូវកក់​សក់។ ព្រោះ សក់រអិល​ងាយជាប់​ធូលីធ្វើ​ឱ្យសក់​កខ្វក់ និង​ពុកជើង ឬ​ឬសសក់។

3. សក់ស្ងួត សក់​ប្រភេទនេះ​ងាយ​បែកបាក់ ពេល​នៅក្រោម​កម្ដៅ​ថ្ងៃ​ចាំបាច់​ត្រូវពាក់​មួក​ដើម្បីកុំឱ្យ​សក់រឹត​តែស្ងួត។ បើ សិនជា​អាច គួរកក់​សក់​មួយ​សប្ដាហ៍​ម្ដង។

បណ្ដាំផ្ញើ

សក់អាច​ធ្វើឱ្យ​រង្វង់មុខ​កាន់តែ​ស្អាត​ឡើង​មួយ​កម្រិត ប្រសិនបើ​មានការ​ថែរក្សា​បានល្អ។ ជាងនេះ​ទៅទៀត​ការប្ដូរ​ពណ៌ សក់ និង​សាប៊ូកក់​សក់​ញឹកញាប់​ក៏អាច​បណ្ដាលឱ្យ​សក់ខូច​ផងដែរ។ សរសៃ​សក់​ប្រៀប​បានដូច​ជារុក្ខជាតិ​ទាល់​តែ​ឧស្សាហ៍​ស្រោចទឹក ថែទាំ​ទើប​លូតលាស់​បានល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative