វិធី​បំបាត់​ក្លិន​ជើង

បញ្ហា​ជើង និង​ស្បែក​មាន​ក្លិន​ស្អុយ​ជាបញ្ហា​ដែល​ច្រើន​ជួប​ប្រទះនៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ បច្ចុប្បន្ន​នេះនៅ​ក្នុង ការពិគ្រោះ​ជម្ងឺ​សើ​ស្បែក បាន​ជួបប្រទះ​បញ្ហា​ក្លិន​ជើង និង​ស្បែក​ជើង​នេះកាន់​តែមាន​ចំនួន​ច្រើន​ឡើង។ បើលោក​អ្នកមាន​បញ្ហាក្លិន ជើងនេះ​ហើយមិន​ចាប់​អារម្មណ៍ លោកអ្នក​នឹងក្លាយ​ទៅជា​បុគ្គល​ដែលនៅ​ឆ្ងាយពី​អ្នកដទៃ​ដោយសារ​តែក្លិន​មិន​ប្រសើរ​នេះ ជួន​កាល វាអាច​ឱ្យលោក​អ្នកមាន​ជម្ងឺ​ទៀត​ផងក៏​មាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត ម៉ី ស៊ី​ថាច អ្នកឯកទេស​ផ្នែក​ជម្ងឺ​សើ​ស្បែក និងកាម​រោគនៃ​មន្ទីរពេទ្យ​ព្រះកុ​សមៈ​ចូលរួម​បកស្រាយ ជម្រាប​ជូនលោក​អ្នកអាន​អំពី​បញ្ហា​ក្លិន​ជើង តាម​រយៈទស្សនា​វដ្ដី សុខភាព​យើង។

មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ក្លិន​ជើង

ក្លិនជើង​កើតឡើង​ដោយសារ​ការ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ដោយការ​ពាក់​ស្បែក​ជើង​បិទ​ជិត ជា​ពិសេស​ពពួក​ស្បែក​ជើង ដែល​ផលិត​ពីស្បែក​សត្វគ្រប់​ប្រភេទ។ ជាធម្មតា​ស្បែក​នៅបាត​ដៃ និង​បាត​ជើង​របស់​មនុស្ស​តែងមាន​ក្រពេញ​បញ្ចេញ​ញើស​ច្រើន​ជាង កន្លែង​ដទៃ​ទៀត។ ញើស​ដែល​បញ្ចេញ​នៅបាត​ដៃត្រូវ​បាន​ខ្យល់​បរិយា​កាស​សម្ងួត​អស់ តែញើស​នៅបាត​ជើងត្រូវ​បៀមទុក​ដោយ ស្បែក​ជើង និង​ស្រោម​ជើង។ ការបៀម​ទុកនេះ​បានផ្ដល់​ឱកាស​ឱ្យមាន​បាក់តេរី​មួយ​ចំនួន​រីកដុះ​ដាលដោយ​សំណើម​នៃញើស​នៅស្បែក ជើង និង​ស្រោម​ជើង។ ពពួក​បាក់តេរី​ទាំងអស់​នោះហើយ​ដែលជា​អ្នក​បង្កក្លិន​ស្អុយ​ដល់ជើង ស្បែក​ជើង និង​ស្រោម​ជើង។

វិធី​បំបាត់​ក្លិន​ជើង

ប្រសិន​បើជើង ស្បែក​ជើង និងស្រោម​ជើង​របស់​លោក​អ្នកមាន​ក្លិនស្អុយ​នោះ លោកអ្នក​ចាំបាច់​ត្រូវតែ​រកវិធាន​ការដើម្បី​ទប់ ទល់ និង​បំបាត់​ក្លិន​ទាំងនោះ​ឱ្យបាន។ ជា​ដំបូង លោកអ្នក​ត្រូវកាត់​បន្ថយ​ការ​បញ្ចេញ​ញើស និងកាត់​បន្ថយ​ចំនួន​បាក់តេរី។

1. កាត់​បន្ថយ​ការ​បញ្ចេញ​ញើស

  • លោកអ្នក​ត្រូវ​មាន​ទម្លាប់​ពាក់​ស្រោម​ជើង​ដែល​បោក​ស្អាត​ជានិច្ច ប្ដូរ​ស្រោម​ជើង​ជារៀង​រាល់ថ្ងៃ
  • មិន​ត្រូវពាក់​ស្បែក​ជើង​ដដែលៗ​រាល់ថ្ងៃ
  • ទុក​ស្បែក​ជើងដែល​ពាក់រួច​ឱ្យត្រូវ​ខ្យល់ឱ្យ​បាន​២៤​ម៉ោង ដើម្បី​ឱ្យញើស​ដែល​ជាប់នៅ​នឹង​ស្បែក​ជើង​ស្ងួត
  • មិនគួរ​គប្បី​ពាក់​ស្រោម​ជើង​បិទ​ជិត​ពេកទេ គួរពាក់​ស្បែក​ជើង​ណាដែល​អាចឱ្យ​ខ្យល់ចេញ​ចូលបាន​ល្អ
  • សូម​ជ្រើស​រើស​ស្រោម​ជើង​ដែល​ផលិត​ចេញពី​ក្រណាត់​កូតុង
  • ត្រូវ​ប្រើ​ប្រាស់​សារ​ធាតុ​ដែល​កាត់​បន្ថយ​ការ​បញ្ចេញ​ញើស។

2. កាត់​បន្ថយ​ចំនួន​បាក់​តេរី

  • លាងជើង​ដោយ​សាប៊ូ​កម្ចាត់​មេរោគ និង​ជូត​ជើង​ឱ្យស្ងួត ជា​ពិសេស​នៅចន្លោះ​ម្រាម​ជើង
  • ប្រើប្រាស់​ម្សៅ​ដើម្បី​បំបាត់​ក្លិនដែល​អាច​បំបាត់​ក្លិន​ជើងផង និង​អាចស្រូប​យកញើស​ផង
  • ឧស្សាហ៍​ត្រាំជើង​របស់លោក​អ្នកក្នុង​ទឹករយៈ​ពេលយ៉ាង​តិច​៣០នាទី​ព្រោះសារ​ធាតុ​អាស៊ីត​តានីក​ដែល​មាន​នៅក្នុង​ទឹក អាច​សម្លាប់​មេរោគ​បាន។

ដំបូ​ន្មានអ្នក​ជំនាញ

សូមលោក​អ្នក​រក្សា​នូវ​ទម្លាប់​ល្អឱ្យ​បាន ដើម្បី​ចៀសវាង​នូវ​បញ្ហា​ដែល​អាច​កើត​មាន​ទ្បើង​និង​ដែលធ្វើ​ឱ្យរំខាន​ដល់ការ​ទំនាក់ ទំនង​របស់លោក​អ្នកក្នុង​ជីវភាព​ប្រចាំថ្ងៃ។ ក្រៅពី​នេះ បើលោក​អ្នករស់​នៅមិន​មាន​អនាម័យ​ជម្ងឺ​តម្កាត់​ផ្សេងៗ​ងាយ​យាយី​ដល់សុខ ភាព​របស់​លោកអ្នក ជួនកាល​អាច​ឆ្លង​ដល់អ្នក​ដទៃ​ទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Google Analytics Alternative