ប្រជា​ពលរដ្ឋ​កម្ពុជា​ជិត១ម៉ឺន​នាក់ស្លាប់​ដោយសារ​ជម្ងឺ​របេង​ជារៀង​រាល់ឆ្នាំ

យោង​តាមរបាយ​ការណ៍របស់​អង្គការសុខភាពពិភព​លោកបានឲ្យដឹងថាកម្ពុជាគឺជា​ប្រទេសមួយ ស្ថិតនៅក្នុងចំណោម​ប្រទេសទាំង២២នៅលើពិភព​លោកដែលមានបន្ទុកជម្ងឺរ​បេងធ្ងន់ធ្ងរនិងមានអត្រា​អ្នកកើត​ជម្ងឺរបេង​ច្រើនជាងគេ។ របេងជាជម្ងឺឆ្លង​មួយដែល​អាចបណ្តាលឲ្យអ្នកជម្ងឺ​ស្លាប់បាន តែវាមិន​មែនជាជម្ងឺតពូជ​នោះទេ។ ហើយមេរោគរបេងនេះ បានយាយីដល់​អាយុជីវិត​ប្រជា​ពលរដ្ឋ​កម្ពុជាយ៉ាង​ហោចណាស់​ជិត១ម៉ឺននាក់ជារៀង​រាល់ឆ្នាំ ដែល​មេរោគជម្ងឺនេះមាន​ឈ្មោះថាបាស៊ីដឺ​កុក ត្រូវបាន​រក​ឃើញកាល​ពីជាង១០០ឆ្នាំមុន។

លោកស្រី​វេជ្ជ​បណ្ឌិត​ ម៉ូនីក​ មូសូហ្វ​ (Monique​ Mosotf) ប្រធាន​ការិយា​ល័យ​សុខភាព​ សាធារ​ណៈ​នៃទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ច​អភិវឌ្ឍ​អន្តរ​ជាតិ​ (USAID)​ ប្រចាំ​ប្រទេស​កម្ពុជា​ បានមាន​ប្រសាសន៍​កាលពីចុង​ខែ មិនាថា​ ជារៀង​​រាល់​ឆ្នាំ​ នៅក្នុង​ពិភព​លោក​មាន​មនុស្ស​ប្រមាណ​៩លាន​នាក់​ឆ្លង​ជម្ងឺ​របេង។​ ក្នុង​នោះ​ផងដែរ​ មាន​ប្រជាជន​ចំនួន​ ១.៥ លាន​នាក់​បាន​ស្លាប់​ដោយ​សារ​ជម្ងឺ​របេង​។ ដោយ​ឡែក​នៅ​កម្ពុជា​មនុស្ស​ប្រមាណ​ ៦២,០០០ ​នាក់ បាន​ឆ្លង​ជម្ងឺ​របេង​និង​ស្លាប់​ដោយ​សារ​ជម្ងឺនេះ​មានអត្រា​ថយចុះ​គួរឲ្យ​កត់​សម្គាល់​។ លោកស្រី​បានបន្ត​ថា ទោះ​ជាយ៉ាង​ណាក៏​ដោយ​កម្ពុជា​ កំពុង​ស្ថិត​នៅ​លើផ្លូវ​ត្រូវ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ប្រេវ៉ា​ឡង់​បាន​ពាក់​កណ្តាល​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៏​សហស​វត្សន៍​ នៅឆ្នាំ​២០១៥​។

លោកស្រី​បាន​បន្ថែម​ថា​ សហ​រដ្ឋអាមេរិក​ នៅតែ​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើការ​ងារ​ក្នុង​ភាពជា​ដៃគូជា​មួយកម្ម​វិធីជាតិ ​កម្ចាត់​រោគ​របេង​ និង​ធ្វើ​ការជា​មួយ​ដៃ​គូពាក់​ព័ន្ធជា​ច្រើន​ទៀត​ក្នុងការ​កាត់​បន្ថយ​បន្ទុក​នៃ​ជម្ងឺរ​បេង​នៅក​ម្ពុជា​។

ឯក​ឧត្តម អេង​ ហួត​ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល​បាន​មាន​ប្រសាសន៍​ថា កម្ម​វិធី​ជាតិ កម្ចាត់​រោគ​របេង​ខិតខំ​ធ្វើ​យ៉ាង​ណា​ ស្រាវ​ជ្រាវ​ករណី​ជម្ងឺ​របេង​គ្រប់​សណ្ឋាន​ឲ្យបាន​ ៤០,​០០០ ករណី​ និង​អត្រា​ព្យាបាលជា​សះ​ស្បើយ​លើសពី​ ៨៥​ភាគ​រយ​។ លោកបន្ត​ថា ការ​ងារ​ស្រាវ​ជ្រាវ​ជម្ងឺ​របេង​លើ​កុមារ​ មនុស្ស​ចាស់ និង​ការ​ស្រាវ​ជ្រាវតាម​ពន្ធ​នាគារ​គួរ​ត្រូវ​ពង្រីក​បន្ថែម​ទៀត ជា​មួយ​ភាគី​ពាក់​ពន្ធ័​ និង​ខិតខំ​កៀង​គរ​រក​ជំនួយ​ដើម្បី​បន្ត​បេស​កកម្ម​ ក្នុងការ​ប្រយុទ្ធ​នឹង​ជម្ងឺ​របេង​ពិសេស​បង្ការកុំឲ្យ​មានអ្នក​ជម្ងឺ​របេង​សុំា​នឹងឱសថ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ជម្ងឺ​របេង ជា​ទូទៅ​តែង​តែប៉ះ​ពាល់​ទៅ​លើ​សួត ដែល​បង្កឲ្យ​ទៅជា​ជម្ងឺរ​បេង​សួត​។ មេរោគ​របេង​ក៏អាច​ប៉ះពាល់​ផងដែរ​ទៅលើ​សរីរាង្គ​ផ្សេងៗ​ទៀត​ក្រៅ​ពីសួត​ ដែល​ហៅថា​ របេង​ក្រៅសួត​។ សូម​ចងចាំ​ថា ជម្ងឺ​របេង​ជាជម្ងឺ​ងាយ​ឆ្លងបំ​ផុត គឺ​ឆ្លង​តាម​រយៈ​ខ្យល់​ដែល​មាន​មេ​រោគ​របេង​ ហើយ​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ បើ​បណ្តែត​បណ្តោយ​មិន​ព្យាបាល​ឲ្យទាន់​ពេល​វេលា។​ ការ​ព្យាបាល​ជម្ងឺ​របេង​ គឺត្រូវ​ទាមទារ​រយៈ​ពេល​យូរ​ និងមាន​ភាព​អត់​ធ្មត់នៅ​ពេល​ប្រើ​ប្រាស់ថ្នាំ​សម្រាប់​ព្យា​បាល​។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៣ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative