វិបត្តិ​សុខ​ភាព​ផ្លូវ​ចិត្ត​នៅកម្ពុជាកំពុងធ្ងន់ធ្ងរខ្លាំងណាស់

កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​ធ្លាប់​ជួបប្រទះ​នឹងសង្គ្រាម​ជាច្រើន​ដំណាក់​កាល​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រងនូវ​វិបត្តិ​ផ្លូវចិត្ត​ដ៏ធ្ងន់ធ្ងរ​រហូត​មកទល់​នឹង​បច្ចុប្បន្ន។ របប​ប្រល័យ​ពូជសាសន៍​នៅក្នុង​សម័យ​ពុលពតបាន​បង្ក​នូវជម្ងឺ​ផ្លូវចិត្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ហែល​ឆ្លង​នៅក្នុង​សម័យ​នោះ​ដោយភាព​ជូរជត់ និងមិន​អាច​បំភ្លេច​បាន។ តើកម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​ចំនួន​ប្រជាជន​រងគ្រោះ​ដោយ​សារជម្ងឺ​ផ្លូវចិត្ត​ខ្លាំង​ដល់​កម្រិត​ណា?ហើយ​ថាតើ​កម្ពុជា​មាន​កន្លែង​និង​អ្នកព្យាបាល​ជម្ងឺ​ផ្លូវចិត្ត​ច្រើនដែរ​ឬទេ?

រូបភាពគេហទំព័រសុខភាពកម្ពុជា

ទស្សនៈ​យល់​ឃើញ​របស់​ក្រុម​គ្រូ​ពេទ្យ​ព្យាបាល​ជម្ងឺ​វិបត្តិ​ផ្លូវចិត្ត

នៅ​ក្នុង​សង្គម​ខ្មែរ​ បើ​សិន​មនុស្ស​ណា​ម្នាក់​ពិភាក្សា​ជា​មួយ​អ្នក​ពិគ្រោះ​យោបល់ ​អ្នក​ចិត្ត​វិជ្ជា​  ឬ​ទៅ​ជួប​គ្រូពេទ្យវិកលចរិត​​នោះ​ពួក​គេ​នឹង​សង្ស័យ​ថា​  អូ!គា​ត់​នោះ​​​ឆ្កួត​  ឬ​សួរ​ថា​គាត់​នោះ​មាន​បញ្ហា​អ្វី?  ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​អតីត​កាល​ពោរ​ពេញ​ដោយ​សោក​នាដ​កម្ម​​ជាង​ប្រទេស​ភាគ​ច្រើន។ ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ ​ប្រទេស​នេះត្រូវ​បាន​ជួប​ប្រទះ​នឹង​សង្រ្គាមស៊ីវិល​  ក្រោយ​មក​មាន​អំពើ​ប្រល័យ​ពូជ​​សាសន៍​  ​សង្គ្រាម​ស៊ីវិល​ថែម​ទៀត។ ​ ក៏​ប៉ុន្តែ​​ក្រុម​អ្នក​ធ្វើ​ការ​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ត​និយាយ​ថា របួស​ផ្លូវ​ចិត្ត​នៅ​មិន​ទាន់​ជា​សះ​នៅ​ឡើយ​ទេ។ បើតាម​សម្តីរបស់លោក​ឈីម សុធារ៉ា ​ជា​​​គ្រូពេទ្យ​វិកលចរិតនៃ​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ ឬ​ហៅ​កាត់​​ជា​ភាសា​​អង់​គ្លេស​ថា​ ​(TPO) និយាយ​ថាអតីត​កាល​ដ៏​ខ្មៅ​ងងឹត​របស់​ប្រទេស​នេះ​បាន​បង្ករ​ឲ្យ​មាន​អត្រា​ជម្ងឺ​​ផ្លូវ​ចិត្ត​យ៉ាង​ខ្ពស់​បំផុត។

ចំនួន​អត្រា​អ្នក​កើត​ជម្ងឺ​ផ្លូវចិត្ត​នៅ​ប្រទេស​កម្ពុជា

យោងតាមការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​អង្គការ​(TPO)​ បាន​រក​ឃើញ​ថា​  ប្រជា​ពល​រដ្ឋ​ខ្មែរ៣៥​ភាគ​រយ​រង​ប៉ះ​ពាល់​ដោយ​សារ​ជម្ងឺ​ផ្លូវ​ចិត្ត​ណា​មួយ​  ដោយ​ចាប់​ពី​ការ​ប៉ះ​ពាល់​កម្រិត​ស្រាល​ដល់​កម្រិត​ធ្ងន់​បំផុត។   កេរ្តិ៍​តំណែល​ពី​ជម្លោះ​អតីត​កាល​មាន​ន័យ​ថា​ ប្រជា​ពល​រដ្ឋ​ខ្មែរ​​ជាង​មួយ​ភាគ​បួន​  បង្ហាញ​សញ្ញា​ថាមាន​ជម្ងឺ​បាក់​ស្បាត​ និង​​ជាង​១០​ភាគ​រយ​​រង​ប៉ះ​ពាល់ដោយ​​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត​ ទោះ​បី​ជា​មនុស្ស​ភាគ​ច្រើន​មាន​អាយុ​ក្មេង​ពេក​មិន​អាច​ចាំ​បាន​នូវ​រយៈ​ពេល​ដ៏​ខ្មៅ​ងងឹត​នោះ​ក៏​ដោយ​។ ក៏​ប៉ុន្តែ​ការ​ព្យាបាល​ជម្ងឺនេះ​មាន​តិច​តួច​ណាស់។​ ថវិកា​ផ្នែក​សុខ​ភាព​របស់​រដ្ឋា​ភិបាល​សម្រាប់​សុខ​ភាព​ផ្លូវ​ចិត្ត​នេះ​មាន ​តែ​១%ប៉ុណ្ណោះ។

​សម្រាប់​ប្រជា​ពល​រដ្ឋ​​ចំនួន​១៤​លាន​នាក់​មាន​គ្រូ​ពេទ្យ​វិកល​ចរិត​តែ​៤០​នាក់​ប៉ុណ្ណោះ​ ហើយ​មាន​តែ​គ្រូ​ពេទ្យ​ប្រមាណ​ជា​១០​នាក់​ប៉ុណ្ណោះ​ ដែល​ធ្វើ​ការ​នៅ​​​តាម​ខេត្ត​នានា​ក្នុង​ប្រទេស​នេះ។

ការ​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ត​របស់​ប្រជាពល​រដ្ឋ​កម្ពុជា

លោកវេជ្ជ​បណ្ឌិត​ គីម​ វុត្ថា​​ ដែល​ធ្វើការ​ព្យាបាល​សុខភាព​ផ្លូវចិត្ត​នៅ​ក្រុង​កំពត ភាគ​ខាងត្បូង​នៃប្រទេស​កម្ពុជា​បាន​ត្អូញ​​ត្អែរ​អំពី​ការ​ខ្វះ​ខាត​ប្រាក់​ឧបត្ថម្ភ​ និង​ថ្នាំ​ពេទ្យ។  លោក​និយាយ​បន្ថែម​ទៀត​ថា​  ប្រជា​ពល​រដ្ឋ​ខ្មែរ​  ជា​ពិសេស​​ពលរដ្ឋ​តាម​តំបន់​ជន​បទ   ជា​ធម្មតា​ស្វែង​រក​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជា​ជម្រើស​ចុង​ក្រោយ។   ​ ក្រោយ​ពី​ព្យាយាម​រក​ការ​ព្យាបាល​នៅ​តាម​វត្ត​អារ៉ាម​ និង​គ្រូ​ខ្មែរ​បុរាណ។ ​នៅ​តាម​ភូមិ ការ​ដាក់​ច្រវ៉ាក់​មនុស្ស​​វិកល​​​ចរិត​ខ្លាំង​​​ជាប់​​នឹង​​បង្គោល​ ឬ​ទុក​នៅ​ក្នុង​ទ្រុង​បណ្តោះ​អាសន្ន​នោះ​  គឺ​ជា​ការ​ធម្មតា​មួយ។ ចំណែកឯលោក ផល្លី ​សត្យា​  ជា​អ្នក​ពិគ្រោះ​យោបល់​មួយ​រូប ​ នៅ​ទី​ក្រុង​ភ្នំពេញ​ និយាយ​ថា​ថ្វី​បើ​អ្នក​ជម្ងឺ​ផ្លូវ​ចិត្ត​មាន​ចំនួន​ខ្ពស់​ដូច​នេះក៏​ដោយ​ ក៏​ជា​ធម្មតា​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​​​​មិន​ចង់​ទទួល​ស្គាល់​ថា ​​ខ្លួន​មាន​បញ្ហា​​ផ្លូវ​ចិត្ត​នោះ​ទេ។   ព្រោះ​ថានៅ​ក្នុង​សង្គម​ខ្មែរ​   បើ​សិន​មនុស្ស​ណា​ម្នាក់​ពិភាក្សា​ជា​មួយ​អ្នក​ពិគ្រោះ​យោបល់  ​អ្នក​ចិត្ត​វិជ្ជា​  ឬ​ទៅ​ជួប​គ្រូពេទ្យ​វិកល​ចរិត​នោះ​ពួក​គេ​នឹង​សង្ស័យ​ថា​ អូ!គា​ត់​នោះ​​​ឆ្កួត​ ឬ​សួរ​ថា​គាត់​នោះ​មាន​បញ្ហា​អ្វី។  លោក​សត្យា​ និយាយ​បន្ថែមថា​វប្បធម៌​ប្រពៃណី​ជា​ញឹក​ញាប់​មាន​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​របៀប​ដែល​ជម្ងឺ​ផ្លូវ​ចិត្ត​ត្រូវ​បាន​ដោះ​ស្រាយ។  បញ្ហា​​នេះ​បា​ន​កើត​ឡើង​​ដោយ​សារ​ការ​ជឿ​លើ​រុក្ខ​អារក្ស​ទេវតា ​ ព្រះ​ពុទ្ធ​សាសនា​ និង​សាសនា​ហិណ្ឌូ ​ដែល​ជម្ងឺ​ភាគ​ច្រើន​កើត​ឡើង​ពី​ការ​​គ្មាន​តុល្យ​ភាព​នៃ​ធាតុ​ខ្យល់ ​ធាតុ​ដី ​  ធាតុ​ភ្លើង​  និង​ធាតុ​ទឹក។​  ហើយ​ក្នុង​នោះ​​ផង​ដែរ​  បើ​សិន​ជា​លោក​អ្នក​ធ្វើ​អ្វី​មួយ​ឲ្យ​ក្ដៅ​ក្រហាយ​ដល់​អារក្ស​  អ្នកតា​ភ្នំ​  ឬ​ដើម​ឈើ​នោះ​លោក​អ្នក​ដឹង​ហើយ​ថា​ អារក្ស​អ្នកតា​នោះ​នឹង​ឆ្លើយ​តប​ទៅ​លោក​អ្នក​វិញ ​សង​សឹក​​នឹង​លោក​អ្នក​ ធ្វើ​ឲ្យ​លោក​អ្នក​ធ្លាក់​ខ្លួន​ឈឺ។ អង្គការ​ជំនួយ​បរ​ទេស​មិន​អាច​ជួយ​បំពេញ​ចន្លោះ​នេះ​បាន​ទេ។

ការផ្តល់ជំនួយនិងព្យាបាលជម្ងឺផ្លូវចិត្តនៅមានកំរិតសម្រាប់ប្រជាពលរដ្ឋកម្ពុជា

បើតាមសម្តីលោក​ឈីម​ សុធារ៉ា​ និយាយ​ថា​   វិបត្តិ​សេដ្ឋ​កិច្ច​   មាន​ន័យ​ថា​មាន​ប្រាក់​តិច​ជាង​មុន​សម្រាប់​អង្គការ​របស់​លោកដែល​ធ្វើ​ដំណើរ​ជុំ​វិញ​ប្រទេស​  ដើម្បី​ធ្វើ​ការ​ងារ​ផ្នែក​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត​នេះ។   ហើយ​បញ្ហា​ជម្ងឺផ្លូវ​ចិត្ត​ទទួល​បាន​ការ​យកចិត្ត​ទុក​ដាក់​តិច​តួច​បំផុត​  ដែល​បញ្ហា​​នេះ​បាន​បន្សល់​ទុក​ក្នុង​ប្រទេស​កម្ពុជា។​   ក្រសួង​សុខា​ភិបាល​ធ្លាប់​ឲ្យ​ដឹង​ថា​   ខ្លួន​បាន​ចាត់ទុក​បញ្ហា​ជម្ងឺ​ផ្លូវ​ចិត្ត​ជា​អាទិភាព​មួយ​   តែ​ខ្ញុំ​គិត​ថា​បញ្ហា​នេះ​មិន​មែន​ជា​កិច្ច​ការ​ចម្បង​របស់​ក្រសួង​សុខា​ភិបាល​ទេ។ ​  ការ​កាត់​បន្ថយ​ជំនួយ​ពី​ប្រទេស​ផ្តល់​អំណោយ​បាន​បង្ខំ​ឲ្យ​លោក​បញ្ឈប់​ការងារ​បុគ្គ​លិក​ចំនួន​៥០​នាក់​កាល​ពី​ចុង​ឆ្នាំ​មុន។     ហើយនៅ​ក្នុង​ចំណោម​កិច្ច​ប្រឹង​ប្រែង​ដ៏​តិច​តួច​របស់​រដ្ឋា​ភិបាល​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នេះ​      គ្រូ​ពេទ្យ​វិកល​ចរិត​ថ្មី​ចំនួន​១០​នាក់​ត្រូវ​បាន​បណ្តុះ​បណ្តាល​ជា​រៀង​រាល់​ឆ្នាំ។​  ក៏​ប៉ុន្តែ​អ្នក​ដែល​​ធ្វើ​​ការ​ងារ​ផ្នែក​នេះ​ដល់​មូល​ដ្ឋាន​  ដូច​ជា​លោក​សុធារ៉ា​ជា​ដើម​   និយាយ​ថា​ចំនួន​នោះ​នៅតែ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ៕

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៣ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative