ចំណី​អាហារ​សម្រាប់​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម

សម្រាប់​អ្នកជម្ងឺ​ទឹកនោម​ផ្អែម ក្រៅពី​ការ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អហើយ ទាមទារ​ឱ្យមាន​ការយក​ចិត្ដទុក​ដាក់ទៅ​លើចំណី​អាហារ​ជាចាំ​បាច់។ ជាពិសេស​ចំណីអាហារ​ដែលមិន​ធ្វើឱ្យ​មានផល​ប៉ះពាល់​ទៅលើ​ជាតិស្ករ។ របប​អាហារ​សម្រាប់​អ្នកជម្ងឺ​ទឹកនោម​ផ្អែមពិត​ជាមាន​សារៈ​សំខាន់។ សម្រាប់​សុខភាព​ពេល​ទទួល​ទាន​ចំណី​អាហារ ត្រូវពិនិត្យ​មើល​ឱ្យបាន​ត្រឹមត្រូវ។ មិន​គួរបរិភោគ​ទៅ តាមអ្វី​ដែលនឹក​ឃើញ​នោះទេ។ តើចំណី​អាហារ​បែប​ណា ដែល​អ្នកជម្ងឺ​ទឹក​នោមផ្អែម​គួរបរិភោគ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សន្ទស្សន៍​ជាតិស្ករ​ដែល​មាន​នៅក្នុង​ចំណី​អាហារ

ដើម្បី​កុំឱ្យ​អត្រាជាតិ​ស្ករក្នុង​ឈាម​ឡើង​ខ្ពស់ខ្លាំង អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ត្រូវជ្រើស​រើស​យកចំណី​អាហារ​ណាដែល​មានសន្ទស្សន៍​ជាតិស្ករ​ទាប​ជាងគេ។ ចំណី​អាហារ​ទាំងអស់​មាន​សន្ទស្សន៍​ជាតិស្ករ​ខុសៗគ្នា​ដែលគិត​ជាភាគ​រយ​តាម​កម្រិតពី​(ក)ដល់​(ឃ)​គឺមាន​កម្រិត​ជាតិស្ករ​ពីតិច​ទៅ​ច្រើន។

ប្រភេទក ៖ សន្ទស្សន៍​ទាប​ជាងគេ គឺក្រោម​៤០​ភាគរយ។ ប្រភេទ​នេះធ្វើ​ឱ្យអត្រា​ជាតិស្ករ​ក្នុងឈាម​ឡើងយឺត។

ប្រភេទខ ៖ សន្ទស្សន៍​ទាប​មធ្យម គឺលើស​ពី៤០​ភាគរយ។ ប្រភេទ​នេះធ្វើ​ឱ្យអត្រា​ក្នុងឈាម​ឡើងយឺត​មធ្យម។

ប្រភេទគ ៖ សន្ទស្សន៍​ខ្ពស់ គឺលើស​ពី៦០​ភាគរយ។ ប្រភេទ​នេះធ្វើឱ្យ​អត្រា​ក្នុងឈាម​ឡើង​លឿន។

ប្រភេទឃ ៖ សន្ទស្សន៍​ខ្ពស់ខ្លាំង គឺ១០០​ភាគរយ។ ប្រភេទ​នេះធ្វើ​ឱ្យអត្រា​ក្នុងឈាម​ឡើង​លឿន​ខ្លាំង។

ចំណី​អាហារ​ដែល​អ្នកជម្ងឺ​ទឹកនោម​ផ្អែមគួរ​បរិភោគ

1. អាហារ​ក្រុមទី១ ៖ ចំណី​អាហារ​ដែលមាន​សន្ទស្សន៍​ជាតិ​ស្ករខ្ពស់ អ្នក​ជម្ងឺទឹក​នោម​ផ្អែម​គួរ​បរិភោគ​តិចតួច​បំផុត រួម មាននំប៉័ង​ដំឡូង​បំពង បាយស ទឹកក្រូច​គ្រប់ប្រភេទ ស្ករស ឪឡឹក ម្នាស់ នំដែល​មាន​ជាតិប្រេង ឬខ្លាញ់ ដំណាប់ កូកា​ជាដើម។

2. អាហារ​ក្រុមទី២ ៖ អ្នកជម្ងឺ​ទឹកនោម​ផ្អែម​អាច​បរិភោគ​ច្រើនបាន មានដូច​ជាមី គុយទាវ តាំងហ៊ុន នំប៉័ងខ្មៅ បាយអង្ករ សម្រូប​គ្រាប់​សណ្ដែក​គ្រប់​ប្រភេទ។

3. អាហារ​ក្រុមទី៣ ៖ ទាក់ទង​នឹងបន្លែ​ដែលអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​បរិភោគ​ច្រើន​បានមាន​ដូចជា​ផ្កាខាត់​ណា ម្ទេស​បោ្លក​សណ្ដែក​ហោឡាំង​តាវ មើម​ស្ពៃ​ក្រហម ខ្ទឹមស ត្រាវ ឃ្លោក ជីវ៉ាន់​ស៊ុយ ក្រូចឆ្មារ អារទីសូត៌ ខ្ញី ពោត ផ្សិត សណ្ដែកបារាំង ត្រឡាច មើមឆៃថាវ​ននោង​ម្រះ ត្រប់ ប៉េងប៉ោះ​ជាដើម។

4. អាហារ​ក្រុមទី៤ ៖ ពពួក​ផ្លែឈើ​ដែល​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​បរិភោគ​ច្រើនបាន​ដូចជា​ប៉ោម សារី ស្វាយ ស្ទ័រប៊ឺររី ចេក ល្មុត​ទំញំង​បាយជូរ កន្ទឹម ល្ហុង​ជាដើម។

ចំពោះ​ខ្លាញ់ត្រី អ្នក​ជម្ងឺទឹក​នោមផ្អែម​គួររបរិភោគ​ឱ្យបាន​ច្រើន។ មិនថា​តែត្រីទឹក​សាប ឬត្រីទឹក​ប្រៃ​នោះទេ វាមាន​លក្ខណៈ​ពិសេស​មួយ​ខុសពី​ខ្លាញ់​សត្វដទៃ។ ខ្លាញ់ត្រី​អាចជួយ​ការពារ​ជម្ងឺ​បេះដូង សរសៃ​ឈាម និង​ជម្ងឺ​ផ្សេងៗ។ ពពួក​គ្រឿង​សមុទ្រ​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​អាច​បរិភោគ​បាន ព្រោះវា​មិនសូវ​សម្បូរ​ជាតិខ្លាញ់ ឬមាន​ជាតិខ្លាញ់​តិច មានដូច​ជាលៀស គ្រំ ខ្ចៅ ខ្យង ក្ដាមជា ដើម។ ចំណែក​ឯការ​ប្រើប្រាស់​ប្រេង​ដែល​បានមក​ពីប្រភព​ធម្មជាតិ បន្លែផ្លែ​ឈើ​មាន​គុណភាពល្អ​ជាង​ខ្លាញ់​សត្វ។ ដូច្នេះ​អ្នក​ជម្ងឺទឹក នោម​ផ្អែមគួរ​ចេះ​ជ្រើសរើស​យក​ប្រេង​រុក្ខជាតិ​ណាដែល​ផ្ដល់​ប្រយោជន៍ មុននឹង​ទិញត្រូវ​មើលទៅ​លើផ្លាក និង​ស្វែងយល់​ពីប្រភព របស់វា។ ប្រេង​ទាំងនោះ​មានប្រេង​សាហ្វហ្លូវ័រ ប្រេង​បន្លែ​រុក្ខជាតិ​ប្រេងផ្កា​ឈូករត្ន័ ប្រេង​អូលីវ​ជាដើម។

ចំណី​អាហារ​ដែល​អ្នកជម្ងឺ​ទឹក​នោមផ្អែម​មិនគួរ​បរិភោគ

ចំណី​អាហារ​ទាំងនោះ​មាន​ឪឡឹក ម្នាស់ ល្ពៅ ទៀប ខ្នុរ ធូរេន អំពៅ មៀន ការ៉ុតឆ្អិន និង​ដំឡូង​បារាំង​គ្រប់​ប្រភេទ។ ប្រសិន​បើ​លោកអ្នក​ចង់​បរិភោគ​ខ្លាំង​ដោយមិន​អាចតម​បាន គួរ​បរិភោគ​តិចតួច​បានហើយ ជាពិសេស​នៅក្រោយ​ពេល​ទទួលទាន​បាយ រួចភ្លាម។

ចំពោះ​សាច់​សត្វ ឬខ្លាញ់​សត្វដែល​អ្នកជម្ងឺ​ទឹក​នោមផ្អែម​មិនគួរ​បរិភោគ មានដូច​ជា​សាច់គោ សាច់ចៀម មាន់ ទា ក្ងានជា ដើម។ តែបើ​លោកអ្នក​ចង់​បរិភោគ​មិនអាច​តមបាន គួរជ្រើស​រើសសាច់​កន្លែង​ណាដែល​មិនសូវ​សម្បូរ​ខ្លាញ់ ដូចជា​សាច់ដើម​ទ្រូងជា ដើម។ គួរចៀស​វាង​នូវការ​បរិភោគ​ស្បែក​សត្វ ស្លាបសត្វ និង​ជើង​សត្វ​ជាដើម ព្រោះ​សម្បូរ​ទៅដោយ​ខ្លាញ់។ ជាពិសេស​គួរធ្វើ​ការចម្អិន ដោយ​ចំហុយ ស្ងោរ និង​អាំង​ព្រោះអាច​ជួយកាត់​បន្ថយ​ជាតិខ្លាញ់​បានយ៉ាង​ប្រសើរ។ ចៀស​វាងការ​ទទួលទាន​សុរា ឬបារី​ច្រើន​ពេក បើអាច​បញ្ឈប់​បានរិត​តែល្អ។

ប្រការ​ដែលអ្នក​ជម្ងឺទឹក​នោម​ផ្អែម​គួរ​ប្រតិបត្ដិ

មនុស្ស​ទូទៅ​បរិភោគ​ចំណីអាហារ​ប្រចាំ​ថ្ងៃ៣ដង​ក្នុង​មួយថ្ងៃ គឺពេល​ព្រឹក ពេលថ្ងៃ និង​ពេលល្ងាច​យ៉ាង​ទៀងទាត់​ពេល។ ចំពោះ​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ចំណី​អាហារ គួរបរិភោគ​តិចៗ​បានហើយ តែច្រើន​ដង​អាច៤ ឬ៥ដង​ក្នុងមួយ​ថ្ងៃ ហើយ​ក៏ត្រូវឱ្យ​ទៀង​ទាត់ពេល​វេលា​ដែរ។ ព្រោះវា​អាចជួយឱ្យ​អត្រា​ជាតិស្ករ​ក្នុងឈាម​មាន​លំនឹង​ល្អ ចៀស​វាងនូវ​អត្រាជាតិ​ស្ករ​ឡើង​ខ្ពស់។ ម្យ៉ាង​ទៀតវា អាចជួយ​ការពារ​ការខ្វះ​ជាតិស្ករ​ឬអត្រា​ស្ករ​ក្នុងឈាម​ធ្លាក់​ចុះខ្លាំង។ ការ​ទទួលទាន​ម្ហូបអាហារ​ត្រូវកំណត់​ពេល។

  • ចំនួនដង ៖ បើ​លោកអ្នក​ទទួល​ទាន​អាហារ​៣ ឬ៤ដង​ក្នុង​មួយថ្ងៃ ត្រូវ​ធ្វើឱ្យ​បានទៀង​ទាត់​ជារៀង​រាល់ថ្ងៃ។
  • កំណត់​ម៉ោង ៖ គួរកំណត់​ម៉ោងឱ្យ​បានច្បាស់ ពេលព្រឹក​បរិភោគ​នៅម៉ោង​ប៉ុន្មាន ពេលថ្ងៃ ពេលល្ងាច និង​ពេលយប់ ត្រូវ​ឱ្យទៀង​ទាត់​ជារៀង​រាល់ថ្ងៃ។ ទោះបី​រវល់យ៉ាង​ណា​ក៏ដោយ ឬមិន​ទាន់ឃ្លាន​ក្ដី ត្រូវតែ​បរិភោគ​ទៅតាម​ពេល​កំណត់។

ក្រៅ​ពីចំណី​អាហារ អ្នកជម្ងឺ​ទឹក​នោមផ្អែម​ក៏ត្រូវ​ធ្វើ​លំហាត់​ប្រាណឱ្យ​បាន​ទៀង​ទាត់ ត្រូវ​បង្កើន​សកម្មភាព​ពលកម្ម​ក្នុងជីវ ភាពប្រចាំ​ថ្ងៃ​និង​ការ​កម្សាន្ដ​ផ្សេងៗ​ឱ្យបាន​កាន់តែ​ច្រើន។ សកម្មភាព​ទាំងនោះ​គឺផ្លាស់ប្ដូរ​ពីការ​ធ្វើដំណើរ​ដោយ​យានយន្ដ​មកដើរ​(បើមាន​ពេល​ដែលអាច​ធ្វើបាន)​ព្រមទាំង​ឡើង​ជណ្ដើរ​ដោយ​ជើង ជាជាង​ប្រើដោយ​ជណ្ដើរ​យន្ដ លេងកីឡា​ដូចជារត់ លោត ធាក់កង់ វាយកូន​គោល​ជាដើម។ ចំពោះ​សកម្មភាព​ប្រចាំថ្ងៃ​ដូចជា​បោសផ្ទះ ជូតផ្ទះ ដើរ​កម្សាន្ដ រាំកម្សាន្ដ ហែលទឹក ឬដើរ​ទិញឥវ៉ាន់​ជាដើម ជាចំណែក​ជួយ​ឱ្យអត្រា​ជាតិស្ករ ជាតិ​ខ្លាញ់​ក្នុង​ឈាម និង​សម្ពាធ​ឈាមថយ​ចុះបាន​មួយ​កម្រិត។ ហើយ​វាក៏អាច​ជួយការ​ពារមិនឱ្យ​មាន​កំណក​ខ្លាញ់ ក្នុង​សរសៃ​ឈាម​និង​ជួយ​កាត់បន្ថយ​នូវការ​ប្រើប្រាស់​ថ្នាំទឹក​នោមផ្អែម ថ្នាំលើស​ឈាម ថ្នាំលើស​ជាតិខ្លាញ់​ជាដើម។

បណ្ដាំផ្ញើ

ចំណី​អាហារ​ដែល​បានរៀប​រាប់​ខាងលើ អាច​មានគុណ​សម្បត្ដិ និង​គុណវិបត្ដិ​សម្រាប់​អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម។ ចំណី​អាហារ មួយ​ចំនួន​អ្នកជម្ងឺ​ទឹក​នោមផ្អែម​អាច​បរិភោគ​បានគ្រាន់​តែតិច ឬ​ច្រើន​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ។ គួរ​បរិភោគ​ចំណី​អាហារ​ឱ្យមាន​ការ​កំណត់​មួយ​សមស្រប មិន​គួរបរិភោគ​អ្វីទៅតាម​នឹក​ឃើញ និងចង់​ហួសហេតុ​នោះទេ ដូចពាក្យ​មួយឃ្លា​បានពោល ថា “កុំហូប​តាម​ឃ្លាន កុំហ៊ាន​តាមចង់”។ គួរ​ឧស្សាហ៍​សង្កេត​ទៅលើ​ទម្ងន់ខ្លួន​ជាប្រចាំ មិនត្រូ​វឱ្យឡើង​ទម្ងន់​ហួស​ហេតុ​ពេកទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកកដ្ដា ឆ្នាំ២០០៧

Google Analytics Alternative