ភ្លៀង​អាស៊ីត បំផ្លាញ​បរិស្ថាន

នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ប្រទេស​កម្ពុជា​ពុំទាន់​មាន​នរណា​ចាប់​អារម្មណ៍​ណាមួយ​អំពី​បញ្ហា​ទឹកភ្លៀង​នេះនៅ​ឡើយ ទេ។ ផ្ទុយ​ទៅវិញ​បាន​ត្រឹមតែ​មើល​ឃើញ​ពីគុណ​សម្បត្ដិ​យ៉ាង​អស្ចារ្យ​របស់​ទឹកភ្លៀង ទាំងក្នុង​ការប្រើ​ប្រាស់ ទាំង​សម្រាប់​ប្រកបរបរ កសិកម្ម ផលដំណាំ​តែ​ប៉ុណ្ណោះ​ដោយពុំ​គិតអំពី​គុណវិបត្ដិ​ដែលបង្ក​ដោយ​ទឹកភ្លៀង​នោះ​ឡើយ។ តើក្នុងទឹក​ភ្លៀងមាន​អ្វីគួរ​ឱ្យចាប់ អារម្មណ៍​និង​មានគុណ​វិបត្ដិ​យ៉ាង​ណាខ្លះ​សម្រាប់​ជីវិត​នៅលើ​ផែនដី?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី វ៉ា ដានី ប្រធាន​ផ្នែក​បរិស្ថាន នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បកស្រាយ​អំពីភ្លៀង​អាស៊ីត​នេះ​ជូន​មិត្ដអ្នក អាន​តាម​រយៈ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ជាការ​សិក្សា​ស្វែងយល់។

ភ្លៀង​អាស៊ីត ជាអ្វី?

ភ្លៀង​អាស៊ីត​ជាទឹក​ភ្លៀង​ដែល​មាន​បរិមាណ​អាស៊ីត​ច្រើន មានន័យថា​ទឹកភ្លៀង​ទាំងឡាយ​ណាដែល​មានកម្រិត​ប៉េហាស់  ពី៥ទៅ៦,៥។ ប៉េហាស់​គឺជា​អថេរ​គីមី​ម្យ៉ាង​ដែល​គេប្រើ​ដើម្បី​បង្ហាញ​ពីកម្រិត​អាស៊ីត និងបាស​នៅក្នុង​សូលុយ​ស្យុង។ នៅក្នុងទឹក ធម្មតា គឺមាន​កម្រិត​ប៉េហាស់​៧​ប៉ុន្ដែ​កម្រិត​នេះមាន​ដោយ​កម្រ​នៅក្នុង​ទឹក ដែល​ជាទូទៅ​មាននៅ​ចន្លោះ​ពី៦,៥ទៅ៨,៥។

មូល​ហេតុកើត​ភ្លៀង​អាស៊ីត

បើតាម​លក្ខណៈ​គីមី អាស៊ីត​កើត​ឡើង​ពីអុក​ស៊ីត​អាស៊ីត មាន​ប្រតិកម្ម​ជាមួយ​ទឹកឬ​ទឹកភ្លៀង​ធម្មជាតិ។ តើអុក​ស៊ីត​អាស៊ីត ជាអ្វី? ហើយបានមកពីណា?

ឧស្ម័ន​កាបូនិច​ក្នុង​ធម្មជាតិ​ជាអុកស៊ីត​អាស៊ីត​មួយ​ដែល​អាចធ្វើឱ្យ​មាន​កម្រិត​អាស៊ីត​នៅក្នុង​ទឹកភ្លៀង។ នេះជា​កម្រិត​អាស៊ីត​នៅក្នុង​ទឹកភ្លៀង​ជាលក្ខណៈ​ធម្មជាតិ ពេល​ដែល​ឧស្ម័ន​កាបូនិច​រលាយ​ក្នុងទឹក ធ្វើឱ្យ​កើតជា​អាស៊ីត​កាបូនិច។ ប៉ុន្ដែអ្វី​ដែល​សំខាន់​អាចធ្វើ​ឱ្យបរិមាណ​អាស៊ីត​កើន​ឡើង មិន​អាស្រ័យ​លើឧស្ម័ន​កាបូនិច​ទាំងស្រុង​ឡើយ គឺអាស្រ័យ​ទៅលើ​កំហាប់​របស់​អាសូត​អុកស៊ីត​និង​ស្ពាន់​ធ័រ​អុកស៊ីត​ដែល​មាន​ច្រើន​នៅក្នុង​បរិយាកាស ទើប​ធ្វើឱ្យ​មាន​កម្រិត​អាស៊ីត​ច្រើននៅ​ក្នុង​ទឹកភ្លៀង។ ព្រោះថា​នៅពេល​ដែល អាសូត​អុកស៊ីត និង​ស្ពាន់​ធ័រអុកស៊ីត​ប៉ះទឹក​ក្លាយទៅ​ជាអាស៊ីត​ខ្លាំង។ ស្ពាន់ធ័រ​អុកស៊ីត និង​អាសូត​អុកស៊ីត​នេះមាន​ប្រភព​ពីធម្មជាតិ និង​ប្រភពពី​សកម្មភាព​មនុស្ស។ ប្រភព​ពីធម្មជាតិ​មានជា​អាទិ​បន្ទុះ​ភ្នំភ្លើង ការ​ឆេះព្រៃ និងការ​ពុកផុយ​រលួយ​នៃសារ​ធាតុ​សរីរាង្គ ដូច​ជាដើម​ឈើ សាកសព​ជាដើម។ ប្រភព​ពីសកម្មភាព​មនុស្ស​បានមក​ពីប្រតិកម្ម​ចំហេះ ដូចជា​ការដុត​ធ្យូង ហ្គាស ប្រើសាំង ម៉ាស៊ូត ជាដើម ជាពិសេស​ការដុត​ធ្យូង​ដែលមាន​សារធាតុ​ស្ពាន់ធ័រ​ច្រើន​ដែលនាំ​ឱ្យកើត​មានស្ពាន់​ធ័រអុក​ស៊ីត។ ចំពោះ​អាសូត បានមក​ពីការ ប្រើប្រាស់​ជីគីមី​ដែលមាន​ជាតិ​អាសូត បន្ទាប់​មកមាន​ប្រតិកម្ម​បំបែក​ទៅជា​អាសូត​អុកស៊ីត​ហើយ​ភាយ​ទៅក្នុង​បរិយា​កាស។

ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​ភ្លៀង​អាស៊ីត

ភ្លៀង​អាស៊ីត​កើតឡើង​ដោយសារ​មាន​បរិមាណ​អាស៊ីត​ច្រើន​នៅក្នុង​ទឹកភ្លៀង ហើយ​មានផល​ប៉ះពាល់​ជាច្រើន​យ៉ាង​ដែល​បណ្ដាល​មកពី​ភ្លៀង​អាស៊ីត។

1. ប៉ះពាល់​ដល់ផែនដី ៖ ភ្លៀង​អាស៊ីត​ធ្វើឱ្យមាន​ផលប៉ះ​ពាល់​ច្រើន​ដល់ជីវិត​នៅលើ​ផែនដី។ នៅប្រទេស​ស៊ុយអែត​ក្នុងឆ្នាំ ១៩៧២​គេបាន​សិក្សា​ឃើញថា​មានបឹង​ជាច្រើន​ដែល​ទទួល​រងនូវ​ការប៉ះពាល់​ដោយ​សារភ្លៀង​អាស៊ីត។ បឹងដែល​មានភ្លៀង​អាស៊ីត​ច្រើន​ធ្វើឱ្យ​ទឹកបឹង​នោះមាន​កម្រិត​អាស៊ីត​ខ្ពស់ រហូត​មិនអាច​យកមក​ប្រើប្រាស់​បាន។ ចំណែក​ឯជីវិត​ដែលនៅ​ក្នុងទឹក​បឹងនោះ​ក៏មិន អាច​ទ្រទ្រង់​បានដែរ។

2. ប៉ះពាល់​ដល់​ព្រៃឈើ ភ្លៀង​អាស៊ីតធ្វើ​ឱ្យមាន​ផលប៉ះ​ពាល់​ខ្លាំងទៅ​លើព្រៃ​ឈើ និង​ស្ថាន​ប្រព័ន្ធ​ទាំងមូល ដូចជា​សត្វ រុក្ខជាតិ​ដំណាំ​ជាដើម។ ជាអាទិ​នៅ​ប្រទេស​អាល្លឺម៉ង់​មានព្រៃ​ឈើ​ប្រមាណជា​៥៣០ ០០០​ហិចតា ត្រូវរង​នូវការ​បំផ្លាញ​ដោយ​សារ​ទឹកភ្លៀង​ដែល​មាន​បរិមាណ​អាស៊ីត​ខ្លាំង។

3. ប៉ះពាល់​ដល់​វិស័យ​កសិកម្ម ៖ កាលណា​ភ្លៀង​មានកម្រិត​អាស៊ីត​ខ្លាំងពេក ភ្លៀង​ធ្វើឱ្យដី​បាត់បង់​គុណភាព និង​ធ្វើឱ្យ​កសិកម្ម​មិនសូវ​បានផល។ ម្យ៉ាង​ទៀត​ប្រសិនបើ​ដីមាន​កម្រិត​អាស៊ីត​ខ្ពស់ ដំណាំ​ដែល​ទទួល​រងភ្លៀង​អាស៊ីត មាន​ទិន្នផល​ថយចុះ។

4. ប៉ះពាល់​ដល់​សំណង់​អគារ សំណង់​អគារ និង​សម្ភារៈ​ដែលធ្វើ​អំពី​លោហៈ នៅពេល​ដែល​ប៉ះអាស៊ីត​លោហៈ​អាចទៅ​ជា ច្រេះ​ហើយ​ស៊ីម៉ង់ស៍​ត្រូវបាន​កាត់ ឬពុក​ផុយ។

5. ប៉ះពាល់​ដល់​សុខភាព ៖ ចំពោះ​បញ្ហា​សុខភាព​ក៏មាន​ការប៉ះ​ពាល់​ខ្លាំងដែរ ជាពិសេស​ទៅលើ​ស្បែក អាចធ្វើ​ឱ្យទៅ​ជា​រលាក​ស្បែក​ពង កន្ទួល រមាស់​ជាដើម។

នៅ​ប្រទេស​កម្ពុជា​ពុំទាន់​មានការ​សិក្សា ឬការ​ស្រាវជ្រាវ​ណាមួយ​រកឱ្យ​ឃើញ​ពីមូលហេតុ និងផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​ភ្លៀង​អាស៊ីត​នោះ​ឡើយ។ ប៉ុន្ដែ​ការប៉ះ​ពាល់​ទៅលើ​កសិកម្ម​មួយ​ចំនួន​តែងតែ​ពិនិត្យ​ទៅលើ​កត្ដារូប​ច្រើនជាង ដូចជា​កសិផល​មិន ល្អ​ឬមិន​គ្រប់គ្រាន់​ជាដើម។ គេសង្កេត​ទៅលើ​បញ្ហា​កង្វះ​ប្រព័ន្ធ​ទឹក និងមាន​ភ្លៀងមិន​គ្រប់គ្រាន់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ទប់ស្កាត់​ភ្លៀង​អាស៊ីត

មូល​ហេតុ​ដែល​បណ្ដាល​ឱ្យមាន​ភ្លៀង​អាស៊ីត ឫសគល់​ទាំងនេះ​អាចការ​ពារបាន ដោយ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័នអុក​ស៊ីត​អាស៊ីត​ទៅក្នុង​បរិយាកាស។ ដោយ​ឡែក​ចំពោះ​បញ្ហាបន្ទុះ​ភ្នំភ្លើង​ជារឿង​ដែលមិន​អាចការ​ពារបាន ប៉ុន្ដែ​អាចការ​ពារ​បានដោយ កាត់បន្ថយ​ការដុត​ធ្យូង​ការប្រើ​ប្រាស់​ជីគីមី និង​ប្រេង​ឥន្ធនៈ​ដែលអាច​បញ្ចេញ​សារធាតុ​ស្ពាន់ធ័រ និងអាសូត​ទៅក្នុង​បរិយាកាស។

ដំបូន្មាន​អ្នកជំនាញ

ថ្វីត្បិត​តែ​ប្រទេស​កម្ពុជា​ពុំទាន់​មានការ​សិក្សា​គ្រប់គ្រាន់​អំពីបញ្ហា​ភ្លៀង​អាស៊ីតក្ដី ប៉ុន្ដែ​យោងតាម​ការបង្ហាញ​ជូនខាង​លើនេះ​សូម​ប្រជាពលរដ្ឋ​ទូទៅ​មេត្ដា​ស្វែង​យល់ និងរួមគ្នា​កាត់បន្ថយ​កុំឱ្យមាន​បញ្ហាភ្លៀង​អាស៊ីតនេះ​កើនឡើង ជាពិសេស​ស្ថាប័ន សហគ្រាស​និង​រោងចក្រ​ដែល​បញ្ចេញ​សារធាតុ​ពុល​ទៅក្នុង​បរិយាកាស​ធ្វើឱ្យ​មានបញ្ហា​ភ្លៀង​អាស៊ីត។ សូម​មេត្ដា​ជួយកាត់​បន្ថយការ​ប្រើប្រាស់ ប្រេង​ឥន្ធនៈ​ដែលមាន​សារធាតុ​អាសូត​និង​ស្ពាន់ធ័រ​ច្រើន ព្រោះ​អាច​បង្កើតឱ្យ​មាន​ភ្លៀង​អាស៊ីត និង​មានផល​ប៉ះពាល់​ចំពោះ​ជីវិតនៅ លើ​ផែនដី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកកដ្ដា ឆ្នាំ២០០៧

Google Analytics Alternative