គីស​ដៃស្បូន​អាចក្លាយ​ជាមហារីក​ដៃស្បូន

ស្ដ្រីមួយ​ចំនួន​ប្រហែល​ជាមិន​ធ្លាប់​បានគិត​ទេថា​នឹងកើត​មានគីស​នៅដៃ​ស្បូន។ គីស​ដៃស្បូន​ជាជម្ងឺ​មួយ​ប្រភេទ​ដែល​បច្ចុប្បន្ន  កើត​មាននៅ​លើស្ដ្រី​ខ្មែរ។ ដោយ​សារ​ដៃស្បូន​ជាសរីរាង្គ​ស្ថិតនៅ​ខាងក្នុង​ខ្លួនស្ដ្រី​ធ្វើឱ្យ​ស្ដ្រី​ពិបាក​ក្នុងការ​ចាប់​អារម្មណ៍​ថាខ្លួន​ឯងនឹង មានគីស​នេះ ឬអត់​នោះ​ណាស់។ ម្យ៉ាងវិញ​ទៀតនៅ​ដំណាក់​កាល​ដំបូង​គីស​មិនមាន​ឱ្យរោគ​សញ្ញា​អ្វីឱ្យ​ស្ដ្រីជា​សាម៉ីខ្លួន​បានដឹង​ឡើយ។ តើគីស​ដៃស្បូន កើត​ឡើង​ដូចម្ដេច? ហើយ​វិធី​ព្យាបាល​ជាដែរ​ទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ប្រិយមិត្ដ​អ្នកអាន ពិសេស​សុភាពស្ដ្រី​ទាំងឡាយ​ធ្វើការ​ស្វែង​យល់​អំពី​ជម្ងឺគី​សដៃស្បូន​នេះ ជាមួយ​ទស្សនាវដ្ដី​សុខភាព យើង តាមរយៈ​ការបក​ស្រាយ​របស់​លោកស្រី​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម​ប្រធាន​ផ្នែក​សម្ភព​នៃមន្ទីរ​ពេទ្យ​កាល់​ម៉ែត។

គីស​ដៃស្បូន​ជាអ្វី?

ដើម្បី​ស្វែងយល់​អំពីគីស​ដៃស្បូន​នេះ សូម​លោកអ្នក​ធ្វើការ​ស្វែង​យល់​នូវពាក្យ​ថាគីស​និង​ពាក្យថា​ដៃស្បូន​ជាមុន​សិន។

  • គីសជាអ្វី ៖ គីស​សម្គាល់​ទៅលើដុំ​ដែល​មាន​លក្ខណៈ​ជាស្បោង ឬថង់​ដែល​មានផ្ទុក​ទៅ​ដោយទឹក​នៅខាង​ក្នុង។ ទឹក​នោះ អាច​ជាទឹក​មាន​លក្ខណៈ​រាវ ខាប់ៗ ស្អិត ឬជា​ទឹក​រំអិល។ល។ មានគីស​មួយ​ប្រភេទ​ទៀត​មាន​លក្ខណៈ​លាយឡំ​បញ្ចូល​គ្នា គឺជា​ដុំសាច់ ផង និង​ទឹកផង។ ការ​ប្រើពាក្យ​ថាគីស​ដៃស្បូន​ជាការ​ភាន់​ច្រឡំ​មួយ។ យោង​ទៅតាម​បច្ចេក​ទេស​វេជ្ជសាស្ដ្រ គីស​មិនកើត​មាន​នៅដៃ ស្បូន​ឡើយ គឺកើត​នៅលើ​អូវែរ។
  • អូវែរជាអ្វី? ៖ ជាភាសាខ្មែរ​អូវែរ​ហៅថា អណ្ឌោ​សៃ។ អូវែរ​នេះ​មាន​តួនាទី​ផលិត​មេជីវិត​ញីឱ្យ​ចេញ​មកមួយ​ខែម្ដងៗ។ វាមាន​នាទី​សំខាន់​មួយទៀត គឺបញ្ចេញ​អរ័ម៉ូន​អឺស្ដ្រូហ្សែន និង​ប្រូហ្សេ​ស្ដេរ៉ូន​ដែល​អរ័ម៉ូន​ទាំងពីរ​នេះមាន​តួនាទី​សំខាន់​ក្នុងការ​ធ្វើឱ្យ សុខភាព​របស់​ស្ដ្រី​មានលំនឹង​ដោយ​បង្កើត​ជាឈាម​រដូវធ្លាក់​មកជា​រៀង​រាល់ខែ។

គីស​ដែល​គេច្រើន​ជួបប្រទះ​ជាញឹក​ញាប់​គឺនៅ​អូវែរ​នេះ​ជាគីស​ស្លូត ដែល​ជាគីស​មាន​លក្ខណៈ​ជាដុំទឹក។ គេ​សង្កេត​ឃើញ មានគីស​ម្យ៉ាង​ទៀត​ច្រើនកើត​នៅលើ​អូវែរ​ផងដែរ គឺគីសអង់​ដូមេទ្រីស​យូស។ វាជា​ប្រភេទគីស​ដែល​ផ្ដល់​វិបាក​ច្រើន​ដល់​សុខភាព ស្ដ្រី។ វាកើត​ឡើង​បណ្ដាលមក​ពីមាន​អរ័ម៉ូន​អឺស្ដ្រូហ្សែន​ច្រើន​ពេក ហើយ​បានធ្វើ​ឱ្យកោ​សិកា​ភ្នាស​នៅក្នុង​ស្បូន​ធ្វើ​ដំណើរ​ទៅទំនៅ កន្លែង​ផ្សេង​ទៀត។

មូល​ហេតុគីស​នៅអូវែរ

រហូត​មកទល់​ពេលនេះ​ពុំទាន់​មាន​ឯកសារ​ណា​មួយ​បញ្ជាក់​ច្បាស់​លាស់​អំពី​មូលហេតុ​ដែលនាំ​ឱ្យកើត​គីស​ដៃស្បូន​នេះនៅ ឡើយទេ។ ប៉ុន្ដែ​គេអាច​សម្គាល់​វាបាន​ខ្លះថា​គីស​នេះកើត​ឡើង​បណ្ដាល​មកពី​មាន​ការកក​ស្ទះ​ពងមេ​ជីវិតញី​នៅក្នុង​ខណៈ​ពេល​ដែល មេជីវិត​ញីត្រូវ​ចេញ​ជារៀង​រាល់ខែ។ នៅពេល​ដែលពង​មេជីវិត​នេះចេញ​មិនរួច ធ្វើឱ្យ​មានការ​កកស្ទះ​កកើត​ជាដុំ​គីស​នៅទីនោះ។ គីស នេះនឹង​រីកធំធាត់​បន្ដិច​ម្ដងៗ រហូតធំ​អាច​មាន​ទំហំពី​៨ទៅ១០សង់​ទីម៉ែត្រ។ ករណីខ្លះ​ក៏បណ្ដាល​មកពី​ស្ដ្រី​មាន​សាច់ដុះ​ពីកំណើត​ផង ដែរ។ ស្ដ្រីនៅ​លីវក៏អាច​កើតមាន​គីសអូវែរ​នេះដែរ។

រោគ​សញ្ញា​និងផល​វិបាក​គីស​នៅអូវែរ

ដោយ​សារអូវែរ​ស្ថិតនៅ​ខាងក្នុង​រាងកាយ​របស់ស្ដ្រី ហើយ​នៅដំបូង​ឡើយវា​មិនបង្ក​ឱ្យមាន​ការឈឺ​ចាប់អ្វី​នោះ​ដូច្នេះ​ហើយ ទើប​បានជា​នៅពេល​ដែលគីស​នៅតូច​ល្មម ស្ដ្រីជា​សាម៉ីខ្លួន​ពុំបាន​ដឹងជាមុន​ឡើយ។ គីស​នោះ​នៅអណ្ដែត​ទៅមកៗ​នៅក្នុង​ពោះ​ស្ដ្រី ហើយ​វាចម្រើន​លូតលាស់​បន្ដិច​ម្ដងៗ ធ្វើឱ្យ​ផ្ទៃពោះ​ស្ដ្រីធំ​បន្ដិច​ម្ដងៗ​ផងដែរ។ គីស​នេះច្រើន​តែកើត​នៅលើ​ស្ដ្រី​ដែលមាន​រាងទ្រលុក ទ្រលន់​(ធាត់) ជួនគាត់​មិនបាន​ចាប់ភ្លឹក​ដល់​ជម្ងឺ​គីស​អូវែរ​នេះទេ​ដោយ​គិតថា​នេះជា​ការដុះ​ក្បាល​ពោះ​ទៅវិញ។

នៅពេល​ដែលគីស​មាន​ទំហំធំ​ល្មម​ប្រហែល​មួយក្ដាប់​ដៃ ការអណ្ដែត​ទៅ​មករបស់​គីស​នៅ​ក្នុងពោះ​ធ្វើឱ្យ​ស្ដ្រីមាអា​ការ​ឈឺ ចុក​ស្រពន់់​ក្នុងពោះ ព្រោះ​ថាគីស​អាច​រមួល។ ពេលនោះ​ហើយ​ដែល​ស្ដ្រីត្រូវ​ចាប់​អារម្មណ៍​ហើយ​និង​ត្រូវ​ទៅធ្វើ​ការពិនិត្យ​សុខភាព។

គីសអូវែរ​មិន​ត្រឹមតែ​ធ្វើឱ្យ​មានការ​ចុកពោះ​ប៉ុណ្ណោះ​ទេ វាមាន​ផលវិបាក​មួយទៀត​គឺការវិវត្ដន៍៍​ទៅជា​ជម្ងឺ​មហារីក​អូវែរ។

វិធីព្យាបាល​គីស​ដៃស្បូន

នៅពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​ដឹងថា​ស្ដ្រីនោះ​មានគីស​អូវែរ​ហើយ គ្រូពេទ្យ​ត្រូវធ្វើ​ការវះកាត់​យកដុំ​គីសនោះ​ចេញ។ ថ្វីត្បិត តែគីស​អូវែរភាគ​ច្រើន​ជាគីស​ស្លូត​យ៉ាង​នេះក្ដី បន្ទាប់​ពីធ្វើ​ការវះ​កាត់​ហើយ​គ្រូពេទ្យ​តែង​យកគីស​នោះទៅ​ធ្វើការ​វិភាគ​ជាបន្ដ ព្រោះគេ មិនអាច​មើលដឹង​ជាមុនទេ​ថាគីស​នោះកាច ឬស្លូត​បាននោះទេ។ ពោល​អាចជា​ជម្ងឺ​មហារីក​ឬដុំសាច់​ធម្មតា។

ប្រសិន​បើពិនិត្យ​ទៅឃើញ​មានគីស​នៅតូច២ ឬ៣​សង់ទី​ម៉ែត្រ គេអាច​ធ្វើការ​តាមដាន​វាតទៅ​ទៀត ព្រោះ​គីសខ្លះ​អាចបាត់ ទៅវិញ​នៅរយៈ​ពេលបី​ខែក្រោយ។

ដំបូន្មាន​អ្នកប្រឹក្សា

ដូចដែល​ប្រិយមិត្ដ​អ្នកអាន​បានជ្រាប​ពីខាង​លើមក​ហើយ​នូវផលវិបាក​របស់​គីសអូវែរ។ ដូច្នេះ​សុភាព​ស្ដ្រីគួរ​តែយក​ចិត្ដទុក ដាក់​ឱ្យបាន​ច្រើន​ចំពោះ​សុខភាព ព្រោះថា​គីសអាច​នឹងកើត​មាន​ចំពោះ​រូប​លោកស្រី​អ្នកនាង​គ្រប់​ពេល។ មាន​តែការ​ពិនិត្យ​តាមដាន សុខភាព​ជាប្រចាំ​ប៉ុណ្ណោះ​ទេ​ដែលអាច​ឱ្យ​លោកស្រី​អ្នកនាង​បានដឹង និង​ទទួល​ការ​ព្យាបាល​ទាន់ពេល​វេលា​ព្រមទាំង​គេចផុត​ពីជម្ងឺ មហារីក​អូវែរបាន។ សូមបន្ដ​អាន​អត្ថបទ មហារីក​អូវែរ​នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាពយើង​លេខ​ក្រោយ​ដោយ​អនុគ្រោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Google Analytics Alternative