វិធីត និងអ៊ុត​រោមភ្នែក

រោមភ្នែក​ក៏ជា​ផ្នែកមួយ​ជួយ​លើក​សម្រស់​របស់​ស្ដ្រីឱ្យ​មានភាព​ស្រស់​ស្អាតបាន​មួយ​កម្រិត។ រោមភ្នែក​វែង​ក្រាស់​និង​មាន រាងង ជាសេចក្ដី​ប្រាថ្នា​របស់​សុភាព​ស្ដ្រីទាំង​ឡាយ។ ការត​ឬ​អ៊ុត​រោមភ្នែក​កំពុង​តែ​ពេញ​និយម​សម្រាប់​ស្ដ្រី​នៅ​សម័យ​នេះ​គ្រប់​វ័យ។ សូម​ស្វែង​យល់​ការ​តអ៊ុត​រោម​ភ្នែក ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូម​លើក​យក​មក​បរិយាយ​នៅក្នុង​ទំព័រ​ថែទាំ​សម្រស់ និង​រូបរាង​កាយ នៅ​លេខ​នេះ​តាម​រយៈ ការ​ជួប​សម្ភាសន៍​ជាមួយ​លោកស្រី ហេង ជាន ម្ចាស់​ហាង​កែ​សម្ផស្ស​ប៊ីប៊ី។

ហេតុអ្វី​ត្រូវ​តរោម​ភ្នែក?

ស្ដ្រី​ម្នាក់ៗ​មិន​សុទ្ធតែ​មាន​រោមភ្នែក​ល្អពី​កំណើត​មកទេ។ ស្ដ្រីខ្លះ​មាន​រោមភ្នែក​វែង​ហើយ​មានរាង​ស្អាត​ស្រាប់​រីឯ​ស្ដ្រី​ខ្លះ ទៀត​មាន​ដុះរោម​ភ្នែក​ខ្លីៗ និង​តិច​តួច។ ដោយ​សារការ​មិន​សូវ​សម្បូរ​រោមភ្នែក​នេះ​ហើយ​ទើប​ធ្វើឱ្យ​ស្ដ្រីមួយ​ចំនួន​ស្វែង​រក​សេវា​តរោម ភ្នែក​ដើម្បី​មាន​រោមភ្នែក​កាន់​តែច្រើន​ក្រាស់​ជួយ​លើក​សម្រស់​ឱ្យគួរ​ជាទី​គយគន់។

ការត​រោម​ភ្នែក

ការ​តរោម​ភ្នែក​គឺជា​បច្ចេក​ទេស​មួយ​ដែល​គេបិត​រោម​ភ្នែក​សិប្បនិម្មិត​ជាមួយ​សារធាតុ​ម្យ៉ាង​ដែល​ស្រដៀង​នឹង​កាវបិត​វត្ថុ ផ្សេងៗ​ដែរបិត​ទៅលើ​ត្របក​ភ្នែក។ ចំណែក​ឯរោម​ភ្នែក​សិប្បនិម្មិត​ដែល​បិតនោះ​គឺមិន​មែន​ជា​រោមភ្នែក​ធម្មជាតិ​ទេ​វាជា​រោម​ដែល ក្រាស់​ជាង​រោម​ធម្មជាតិ ហើយ​មានជាតិ​នីឡុង។ ចំពោះ​ការ​តរោម​ភ្នែក​នេះ ស្ដ្រី​ទាំង​ឡាយ​មិនគួរ​ធ្វើ​វាទេ​ដោយ​ហេតុថា​វាផ្ដល់​ផល វិបាក​ដល់​លោកស្រី​អ្នកនាង។ រោម​ភ្នែក​សិប្បនិម្មិត​មិនអាច​ថិតឋេរ​បានយូរ​អង្វែង​ទេ​គឺអាច​រក្សា​បាន​យ៉ាង​យូរត្រឹម​តែមួយ​សប្ដាហ៍ ប៉ុណ្ណោះ។ រោមភ្នែក​សិប្បនិម្មិត​នោះ​នឹង​ជ្រុះ​មិនតែ​ប៉ុណ្ណោះ​រោមភ្នែក​ធម្មជាតិ​របស់​លោកស្រី​អ្នក​នាង​ក៏អាច​ជ្រុះមក​ជាមួយ​ផងដែរ។ ព្រោះ​រោមភ្នែក​សិប្បនិម្មិត​មាន​ទម្ងន់​ធ្ងន់​សង្កត់​មកលើ​រោមភ្នែក​ធម្មជាតិ។

ការអ៊ុត​រោមភ្នែក

ការអ៊ុត​រោមភ្នែក​ជាវិធី​មួយ​ធ្វើឱ្យ​រោមភ្នែក​លោកស្រី​អ្នកនាង​មានរាង​ស្រស់​ស្អាត​ដោយ​មិនបាច់​ចំណាយ​ពេល​ប្រើ​ឧបករណ៍​ពត់រោម​ភ្នែក។ ការអ៊ុត​រោមភ្នែក​អាចធ្វើ​ទៅបាន​ចំពោះ​អ្នកដែល​មាន​រោមភ្នែក​វែងត្រង់ ឬ​ក្រងុក​ចុះ។ ការអ៊ុត​នេះ​មិន​ត្រឹមតែ​ធ្វើ ឱ្យ​រោមភ្នែក​មានភាព​ស្រស់​ស្អាត​បែប​ធម្មជាតិ​ប៉ុណ្ណោះ​ទេ​គឺជួយ​ឱ្យភ្នែក​លោកស្រី​អ្នកនាង​មាន​ភាព​ស្រឡះ​មិន​មាន​ការ​រកាំ ឬរលាក គ្រាប់​ភ្នែក​ដោយ​សារ​រោមភ្នែក​ចាក់ចូល​ភ្នែកផង​ដែរ។ រោមភ្នែក​ដែលអ៊ុត​ហើយ​អាច​រក្សាភាព​ស្រស់​ស្អាត​បាន​យូរ​រហូត​ដល់រយៈ​ពេល ពីពីរ​ទៅបី​ខែ និង​មិនធ្វើ​ឱ្យរោម​ភ្នែកជ្រុះ។

ដំបូន្មាន​អ្នក​ប្រឹក្សា

ការត​រោម​ភ្នែក​មិនមាន​ផលល្អ​សម្រាប់​លោកស្រី​អ្នកនាង​ទេ​មាន​តែ​ធ្វើ្វឱ្យ​សម្រស់​របស់​លោកស្រី​អ្នក​នាងរឹត​តែ​បាត់បង់ លើស​ដើម ដោយ​សារ​តែការ​ជ្រុះ​រោម​ភ្នែក​អស់។ នៅ​ពេល​ចូលរួម​ក្នុង​ពិធី​ម្ដងៗ​លោកស្រី​អ្នកនាង​អាច​ជ្រើស​រើស​យកវិធី​បិត​រោម ភ្នែក​ជំនួស​ឱ្យការ​តរោម​ភ្នែក​ជាការ​ប្រសើរ។ បច្ចុប្បន្ន​នេះ​ស្ដ្រី្ដ​ដែល​គ្មាន​រោមភ្នែក​មាន​ប្រភេទ​ម៉ាស្ការ៉ា​ដែល​ជួយឱ្យ​រោម​ភ្នែកដុះ​វែង និង​ច្រើន​ផងដែរ។ លើស​ពីនេះ ស្ដ្រី​ដែល​ផាត់​ឬលាប​រោម​ភ្នែក​ញឹក​ញាប់​លោកស្រី​អ្នកនាង​គួរប្រើ​ផលិត​ផល​សម្រាប់​លាង​ម្យ៉ាង​ដែល ធ្វើឱ្យ​រោមភ្នែក​ជ្រះល្អ។ នៅពេល​លាង​លោកស្រី​អ្នកនាង​មិនគួរ​ញី​ភ្នែក​ខ្លាំងៗ​ពេក​ទេ​ព្រោះ​អាចធ្វើ​ឱ្យរោម​ភ្នែក​ជ្រុះបាន។ រាល់​ផលិត ផល​ដែល​ទិញ​យក​មក​ប្រើ​ប្រាស់​លោកស្រី​អ្នកនាង​គួរធ្វើ​ការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សម្ផស្ស​ជាមុន​សិន ទើប​ជាការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកកដ្ដា ឆ្នាំ២០០៧

Google Analytics Alternative