ភ្លាសាច់ត្រី

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • រៀប​ចំគ្រឿង ៖ ១០នាទី
  • រយៈពេល​ចម្អិន ៖ ៥នាទី
  • បរិមាណ​មនុស្ស ៖ ១នាក់

គ្រឿងផ្សំ

  • សាច់​ត្រីរ៉ស់ ១ខាំកន្លះហាន់​ជាបន្ទះស្ដើងៗ
  • ក្រូច​ឆ្មារ ២ផ្លែ
  • សណ្ដែកដី ១​ស្លាបព្រាបាយ​(កុំបុកម៉ត់ពេក)
  • ស្ករស ១​ស្លាប​ព្រាកាហ្វេ
  • អំបិល ១ស្លាប​ព្រាកាហ្វេ (អាចប្រើទឹក​ត្រីជំនួសបាន)
  • ម្ទេស (តាមចំណង់​ចំណូលចិត្ដ)
  • ខ្ទឹមបារាំង ១ផ្លែ
  • ត្រសក់ ១ផ្លែ
  • ស្លឹកគ្រៃ ២ដើម
  • ខ្ទឹមក្រហម ២កំពឹស
  • សាលាដ កន្លះខាំ
  • ជីរណា កន្លះខាំ
  • ការ៉ុត ១មើមតូច
  • សណ្ដែកបណ្ដុះ (តាមចំណង់​ចំណូលចិត្ដ)

របៀបធ្វើទឹកជ្រលក់

ជាដំបូង សូមលោកអ្នក​យកទឹក​ដែលច្របាច់​ចេញពីសាច់ត្រី​ទៅរម្ងាស់​ជាមួយ​រំដេង​(១មើមតូច) កូរលាយ​ជាមួយ​ស្ករក្រហម ខ្ទឹមក្រហម ខ្ទឹមស និងទឹកត្រី​ទុកឱ្យ​ឈ្ងុយ រួចហើយ​ទើបភ្លក់​យករសជាតិ​តាម​តម្រូវការ។ ម្យ៉ាងទៀត​អាចយក​ទឹកស៊ុប​ដែល ចម្រាញ់ចេញ​ពីឆ្អឹងជ្រូក​មកជំនួស​ក៏បានដែរ។ ប្រសិនបើ​ទឹកដែល​ចេញពី​ជាតិសាច់ត្រី​នោះមាន​បរិមាណ​តិចពេក លោកអ្នក​អាចបន្ថែម ទឹកធម្មតា​ទៀតបាន។

វិធីធ្វើ

លោកអ្នក​ត្រូវយក​សាច់ត្រី​ប្រឡាក់​ជាមួយ​អំបិល និងក្រូចឆ្មារ​(រក្សាទុក១០នាទី)​ដើម្បីឱ្យ​ឆ្អិនសាច់ ទើបយក​សាច់ត្រី​ដែល ប្រឡាក់​នោះទៅ​លាយជាមួយ​គល់ស្លឹកគ្រៃ​(ហាន់ល្អិតៗ) និងខ្ទឹម​ក្រហម។ បន្ទាប់មក​សូមលោកអ្នក​យកបន្លែ​មកច្របល់​ចូលគ្នា ហើយយក​ទឹកជ្រលក់​មកស្រោច​ពីលើ ទើបច្របល់​ឱ្យចូលរស​ជាតិទាំងអស់ ហើយសូម​លោកអ្នក​ភ្លក់យករសជាតិ​តាមការ​ចូលចិត្ដ។ បន្ទាប់មក​សូមតម្រៀប​សាលាដលើចាន​សំប៉ែត ការ៉ុត ត្រសក់​(ហាន់ជាបន្ទះស្ដើងៗ) ទើបចាក់ម្ហូប​ដែលចម្អិន​រួចចូល។

ចំណាំ ៖ ម្ហូបនេះអាចធ្វើ​ជាគ្រឿងក្លែម ឬទទួលទាន​ជាមួយបាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Google Analytics Alternative