វិធី​ជួយឱ្យ​ក្មេង​ដេក​បាន​ស្កប់ស្កល់

ជាធម្មតាការទទួលទានដំណេក​របស់​ក្មេង​ ​តែង​តែមាន​ការ​ប្រែ​ប្រួល​នៅពេល​ដែល​គេ​កាន់​តែ​ចម្រើន​វ័យ​។ ​ប៉ុន្ដែ​បើ​ការ​ប្រែ​​ប្រួល​​​មាន​កម្រិត​ខ្លាំង​ហួស​ហេតុ​ពេក​នោះ​ ​ក៏មិន​មែន​ជា​ការ​ល្អ​ប្រសើរ​ប៉ុន្មាន​នោះ​ទេ​ ​សម្រាប់​សុខភាព​ ​និង​ការ​លូត​លាស់​របស់​កុមារ​។​ ​ហេតុ​នេះហើយ​ទើប​ទាម​ទារ​ឱ្យ​លោក​អ្នក​ជា​ឪពុកម្ដាយ​ ​ឬក៏​អ្នក​មើល​ថែទាំ​កុមារ​មាន​វិធីសាស្ដ្រ​មួយ​ចំនួន​ ​សម្រាប់​ជា​ជំនួយ​ដល់​ការ​ ទទួល​ទាន​ដំណេក​របស់​ពួក​គេ​ ​ដើម្បី​ឱ្យ​ការ​ធំ​លូត​លាស់​របស់​គេ​បាន​រលូន​ ​និង​មាន​សុខ​ភាព​ល្អ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដំណេកត្រឹមត្រូវ សុខភាពល្អ

ការធំលូតលាស់របស់កុមារ​មាន​កត្ដា​ពីរ​យ៉ាង​ជា​សំខាន់​ ​គឺការ​បរិភោគ​ ​និង​ការ​ទទួល​ទាន​ដំណេក​។ ​​​​​​​​​​​​​​​​​​​​​​​​​​ប្រសិនបើ​កត្ដា​ទាំង​ពីរ​នេះ​មិន​ដើរ​ស្រប​គ្នា​ ​ឬបាត់​បង់​មួយ​ណា​នោះ​ ​ប្រាកដ​ជាមាន​បញ្ហា​មិន​ខាន​ ​ជួនកាល​អាចធ្វើ​ឱ្យកូន​លោក​អ្នក​មាន​ជម្ងឺ​ផ្សេងៗ​ ​ឬបើ​មិន​​ដូច្នោះ​​ទេ​ ​​លោក​អ្នក​អាច​បាត់​បង់​កូន​ជាទី​ស្រឡាញ់​ថែម​ទៀត​ ​ដោយ​សារ​តែការ​ថែទាំ​មិនបាន​ដិត​ដល់​។ ​ដំណេក​ជារឿង​ដែល​លោក​ ​អ្នក​គួរ​យក​ចិត្ដ​ទុក​ដាក់​ ​និង​តាម​ដាន​អំពី​អាការៈ​ផ្សេងៗ​របស់​ក្មេង​ ​ដើម្បី​ឱ្យ​ពួក​គេ​ដេក​បាន​គ្រប់​គ្រាន់​ទៅតាម​វ័យ​ដែល​គេ​កំពុង​លូត​​លាស់​។

១ . ដាក់ឱ្យដេកភ្លាម បើឃើញថាក្មេងងងុយដេកហើយ

ការលំបាកក្នុងការឱ្យកូនដេក ជួនកាលក៏មកពីការ​បង្ខំ​ឱ្យ​ក្មេង​ដេក​មិន​ចំពេល​ដែល​ក្មេង​ចង់​ដេក​។ ​ពេល​វេលា​ដ៏​ប្រសើរ​ក្នុង​​​ការ​ដេក​ ​គឺជាល​ក្ខណៈ​ដោយ​ឡែក​ ​និងចំណុះ​ទៅលើ​កុមារ​ម្នាក់ៗ​ដោយ​ផ្ទាល់​។ ​បើដល់​ពេល​ក្មេង​ងងុយ​ដេក​ហើយ​នោះ​ ​យើង​មិន​ឱ្យ​ដេក​ ​ធ្វើឱ្យ​ក្មេង​ជ្រុល​ដំណេក​។ ​ហេតុ​នេះត្រូវ​រង់ចាំ​មួយម៉ោង​ក្រោយទៀ​ត ​ទើប​កុមារ​ចាប់​ផ្ដើម​ងងុយ​ដេក​ឡើង​វិញ​។

២ . បញ្ចុកចំណី និងឱ្យលេងត្រឹមត្រូវតាមម៉ោងកំណត់

សម្រាប់កូនក្មេង ពេលបញ្ចុកចំណី ពេលងូតទឹក ​និងពេល​ឱ្យលេង​ ​ត្រូវតែ​កំណត់​ឱ្យបាន​ទៀង​ទាត់​ ​បើមិន​ដូច្នោះ​ទេ​ ​នឹង​ធ្វើ​​ឱ្យ​ក្មេង​នោះ​គ្មាន​ទម្លាប់​ល្អ​។ ​ជាពិសេស​ដល់​ពេល​លេង​មិន​ត្រូវ​ឱ្យ​ក្មេង​លេង​យូរ​ ​រហូត​ធ្វើ​ឱ្យ​ក្មេង​លែង​ចង់​ដេក​គិត​តែ​ពី​លេង​ ​ហើយ​ជួន​ ​កាល​ភ្លេច​ចំ​ណី​អាហា​រ​ថែម​ទៀត​ក៏​មាន​ដែរ​។

៣ . បង្កនូវអារម្មណ៍នឹងនរដល់ក្មេង

មុនពេលឱ្យក្មេងដេក លោកអ្នកជា​ឪពុក​ម្ដាយ​ក៏​គួរ​តែ​មាន​បទ​ចម្រៀង​ ​ឬរឿង​និទាន​ខ្លី​មួយ​ឱ្យ​កុមារ​ស្ដាប់​មុន​ពេល​ចូល​គេង​ ​ធ្វើ​ឱ្យ​ក្មេង​ចាក​ផុត​ពី​ភាព​ឯកោ​ ​ឬ​មាន​ទម្លាប់​ដេក​បាន​លក់​ស្កប់​ល្អ​ ​ក្នុង​ពេល​វេលា​កំណត់​មួយ​។

៤ . ទម្លាប់ឱ្យក្មេងដេកតែម្នាក់ឯង

​ធ្វើដូច្នេះដើម្បីឱ្យក្មេងមានភាព​ស៊ាំនឹង​វត្ថុនៅជុំវិញ​ខ្លួន​វា​ ​ដែល​មាន​តែ​មុង​ ​ភួយ​ ​ខ្នើយ​ ​គ្រែជាដើម​ ​ព្រម​ទាំង​ធ្វើ​ឱ្យ​បន្ទប់​ដេក​ ​របស់​ក្មេង​ក្លាយ​ជាទីតាំង​ដ៏​ស្និទ្ធ​ស្នាល​។ ​ពេល​ភ្ញាក់​នៅ​ពេល​យប់​ក៏​មិន​មាន​ការ​ភ័យ​ខ្លាច​ ​ព្រោះ​របស់​អស់​ទាំង​នេះ​ស៊ាំ​នឹង​ក្មេង​ទៅ​ហើយ​ ​និង​ធ្វើ​ឱ្យ​ក្មេង​ដេក​ជា​បន្ដ​ទៀត​ដោយ​មិន​ចាំបាច់​អន្ដរាគមន៍​ពី​ម្ដាយ​ឡើយ​។

៥ . ពេលខ្លះត្រូវនិយាយដាច់ខាតថា “ទេ”

មានពេលខ្លះក្មេងតែងហៅម្ដាយមកដេកជិត​នៅ​ពេល​យប់​ ​ហើយ​ដល់​ម៉ោង​ចូល​ដេក​មិន​ព្រម​ចូល​ដេក​ឡើយ​។ ​លោក​អ្នក​​ត្រូវ​សម្ដែង​នូវ​អាកប្ប​កិរិយា​ម៉ឺង​ម៉ាត់​ ​ដោយ​មិន​ឱ្យ​ក្មេង​ធ្វើអ្វី​ស្រេច​តែនឹង​ចិត្ដ​របស់​គាត់​នោះ​ទេ​។ ​ភាព​ម៉ឺង​ម៉ាត់​របស់​យើង​ជួយ​ក្មេង​ឱ្យ​​មាន​ការ​រីក​ចម្រើន​ទៅ​ថ្ងៃ​ក្រោយ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រការគួរចៀសវាងពេលក្មេងដេក

​ក្រៅពីវិធីជាជំនួយខាងលើក៏នៅ​មាន​ប្រការ​គួរ​ចៀស​វាង​មួយ​ចំនួន​ ​ដើម្បី​អនុវត្ដ​នៅ​ពេល​ដែល​កូន​ទទួល​ទាន​ដំណេក​ផង​​ដែរ​។

១ . មិនត្រូវរំខានដំណេកក្មេង

​ខ្នើយឱប កន្ទប រូបភាព ​ឬ​ខោអាវ​របស់​ម្ដាយ​ ​សុទ្ធ​តែ​ជួយ​ឱ្យ​ក្មេង​យល់​ថា​ មាន​ការ​លេច​ចេញ​នូវ​រូប​ភាព​របស់​ម្ដាយ​ពេល​វា ​កំពុង​ដេក​នៅ​លើគ្រែ​តែម្នាក់​ឯង​។ ​របស់​អស់ទាំង​នេះជួយ​ឱ្យ​ក្មេង​ដេក​លក់​បាន​ស្កប់ស្កល់​ ​និង​ជួយ​បង្ក​នូវ​ភាព​ម្ចាស់​ការ​ឱ្យ​ក្មេង​ថែម​​ទៀត​ផង​។ ​ប្រការ​សំខាន់​បំផុត​នោះ​ ​ពេល​ក្មេង​ដេក​លក់​មិន​ត្រូវ​ដាស់​ក្មេង​ឡើង​ ​ទោះ​ជា​មាន​ការ​អ្វី​ក៏​ដោយ​។

២ . មិនត្រូវឱ្យក្មេងបរិភោគ ឬផឹកភ្លាមទេ ពេលទើបក្រោកពីដេក

ក្មេងទើបអាយុបាន៦ខែ សុខភាពរបស់ក្មេងល្អណាស់ ​មិន​ចាំ​បាច់​ឱ្យ​ក្មេង​បៅ​នៅ​ពេល​យប់​ឡើយ​។ ​ដូច្នេះ​មិន​ចាំ​បាច់​ត្រៀម​​ទឹក​ដោះ​គោ​ឱ្យ​ក្មេង​បៅ​នៅ​រាល់​ពេល​​ភ្ញាក់​នៅ​ដំណេក​ពេល​យប់​ឡើយ​ ​ព្រោះ​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​ក្មេង​គិត​ថា​ ​កាល​ណា​មិន​ឱ្យ​ក្មេង​បៅ​ក្មេង​​មិន​ដេក​លក់​ឡើយ​ ​ហើយ​នេះ​ក៏​ជា​ទម្លាប់​អាក្រក់​ ​និង​អាច​ធ្វើ​ឱ្យ​សរីរាង្គ​ក្មេង​ចុះ​​ខ្សោយ​ផង​។

៣ . មិនត្រូវចាប់អារម្មណ៍ខ្លាំងចំពោះការភ្ញាក់ពេលយប់របស់ក្មេង

ការភ្ញាក់ពេលយប់របស់ក្មេងគឺជារឿងធម្មតា។ ​បើក្មេង​យំ​ ​លោក​អ្នក​ក៏​មិន​ត្រូវ​ធ្វើ​ដឹង​ឮ​ដែរ​ ​ព្រោះ​បន្ដិច​ទៅ​ក្មេង​នឹង​ដេក​ វិញ​​ហើយ​ ​តែ​បើ​លោក​អ្នក​ចង់​ក្រោក​មើល​កូន​ ​ក៏​ត្រូវ​ក្រោក​ដោយ​ស្ងៀម​ស្ងាត់​ដែរ​ ​មិន​ត្រូវ​បើក​ភ្លើង​ ​ឬ​លើក​បី​ឡើង​​ដើម្បី​កុំ​ឱ្យ​ក្មេង​ធ្លាប់។

៤ . មិនត្រូវឱ្យដេកថ្ងៃយូរពេកទេ

សម្រាប់ក្មេងក្រោមអាយុ២ឆ្នាំ ​ការ​ដេក​ពេល​ថ្ងៃ​មាន​សារៈ​សំខាន់​ណាស់​ ​តែការ​ដេក​ថ្ងៃយូរ​ពេក​ជះ​ឥទ្ធិ​ពល​ដល់​ការ​ដេក​នៅ​​ពេល​​យប់​របស់​ក្មេង​។ ​ក្មេង​ម្នាក់​ដេក​ពេល​ថ្ងៃ​អស់​៦​ម៉ោង​ ​​ធ្វើ​​ឱ្យ​ម្ដាយ​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​លួង​ឱ្យ​ដេក​នៅ​ពេល​យប់​។

៥ . ចៀសវាងនូវការប្រើហិង្សាមុនពេលចូលដេក

ការដែលឱ្យក្មេងលេងជ្រុល ឬការប្រើពាក្យ​សម្ដី​ធ្ងន់​ៗ ​ការ​ឈ្លោះ​ប្រកែក​សុទ្ធ​សឹង​ជា​ប្រការ​ដែល​ត្រូវ​ចៀស​វាង​ ​ព្រោះ​អស់​ ​ទាំង​នេះ​វា​សុទ្ធ​តែ​រំខាន​ដល់​ការ​ដេក​របស់​ក្មេង​។

បណ្ដាំផ្ញើ

លោកអ្នកជាឪពុកម្ដាយ គប្បីចិញ្ចឹម​កូន​ដោយ​ការ​មាន​វិន័យ​ត្រឹម​ត្រូវ​ ​ធ្វើឱ្យ​ក្មេង​ក្លាយ​​ទៅ​ជា​មនុស្ស​ដែល​មាន​សណ្ដាប់​ធ្នាប់​ ​នៅ​ពេ​ល​ដែល​គេ​ធំ​ឡើង​។ ​ទោះ​បី​ជា​យ៉ាង​ក៏​មិន​ទាម​ទារ​ឱ្យ​លោក​អ្នក​ផ្ដាច់​ការ​ចំពោះ​កូន​ពេក​ដែរ​ ​សំខាន់​ឱ្យ​តែ​ពេល​លេង​ពេល​​បរិភោគ​ ​ពេល​ទទួល​ទាន​ដំណេក​ ​ត្រូវ​បែង​ចែក​ឱ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា​បាន​ហើយ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative