គួរថែ​ទាំស្បែក​ និងភ្នែក​នៅរដូវ​ក្តៅនេះ!​

ដោយសារបច្ចុប្បន្នកម្តៅពីពន្លឺព្រះអាទិត្យក្តៅខ្លាំងបានធ្វើឲ្យមនុស្សនៅលើសកលលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពី​ស្បែកនិង​ភ្នែកនាពេលរដូវក្តៅចូលមកដល់។ កម្តៅថ្ងៃបានធ្វើឲ្យស្បែករលាកក្រហមខ្មៅ​ស្រអាប់ ស្ងួត​ក្រៀម ជ្រីវជ្រួញជាំ​អាចម៍រុយ និង​អាចបង្ក​ឲ្យកើត​ជម្ងឺ​មហារីក​ស្បែក​បាន ហើយថែម​ទាំង​កញ្ចក់​ភ្នែក​របស់​លោកអ្នក​មានសភាព​ល្អក់​ថែម​ទៀតផង។ គេហទំព័រ​ សុខភាព​កម្ពុជា ជួយ​ថែរក្សា​សុខភាព​ស្បែក និង​ភ្នែក​របស់​លោកអ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាំរស្មី​យូវី គឺជា​កត្តា​សំខាន់​​មួយ​ធ្វើឲ្យ​មានការ​ផ្លាស់​ប្តូរកម្រិត​ម៉ូលេគុល ដែល​បង្កឲ្យ​ស្បែក និង​កញ្ចក់​ភ្នែក បាត់បង់​ភាពស្រស់​ថ្លា​និង​ជះឥទ្ធិពល​ដល់​ប្រសិទ្ធភាព​នៃការ​លូតលាស់​របស់​ស្បែក និងការ​មើល​ឃើញ​របស់​ភ្នែក​ត្រូវចុះ​ខ្សោយ។

របៀប​ថែទាំ​ស្បែក​ពេល​ត្រូវ​កម្តៅ​ថ្ងៃ

ស្រប​ពេល​ដែល​ពិភព​លោក កំពុងតែ​ជួប​ប្រទះ​ជាមួយ​នឹងព្យុះ​កម្តៅ​ពីភព​ព្រះអាទិត្យ នាពេលថ្មីៗនេះ។ ការកើន​ឡើង​កម្តៅ​មិន​ឈប់​ឈរ​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ បានធ្វើ​ឲ្យស្បែក​របស់​លោកអ្នក ជួប​ប្រទះ​នូវបញ្ហា​ជាច្រើន ដូចជា​ធ្វើឲ្យ​ស្បែក​មាន​ជម្ងឺ រលាក​កន្ទួល​លើ​ស្បែក កើត​ជម្ងឺមុន​លើស្បែក ស្បែកជាំ និង​មានអាចម៍រុយ និង​អាចបង្កឲ្យ​ស្បែក​កើត​មាន​ជម្ងឺ​មហារីក។

ប្រសិនបើ​លោកអ្នក​ ចង់​ថែរក្សា​ស្បែក​ ហើយ​ចង់​រក្សា​ភាព​ក្មេង​វ័យ​ នោះលោក​អ្នក​ត្រូវ​តែ​ការពារ​ស្បែក​ពី​កម្តៅ​ថ្ងៃ។​ ការ​ត្រូវ​កម្តៅ​ថ្ងៃ​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​បំផ្លាញ​ស្រទាប់​ស្បែក​ខាងក្រៅ​ និង​ស្បែក​ឆាប់​ចាស់​។ ដូច្នេះ​ដើម្បីការ​ពារ​ទប់ទល់​ជាមួយ​នឹងការ​ខូច​ស្បែក លោកអ្នក​គួរ​អនុវត្ត​តាម​វិធីមួយ​ចំនួន​ដូចខាង​ក្រោមនេះ៖

1. ព្យាយាម​មិន​ឱ្យ​ត្រូវ​កម្តៅថ្ងៃ​ ដោយ​ពាក់មួក​ការពារ​កម្តៅថ្ងៃ​ និង​ស្លៀកសំលៀក​បំពាក់​ដែល​គ្រប​ស្បែក​ជិត​។

2. ប្រសិនបើលោក​អ្នក​ចេញ​ក្រៅ​ គួរ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ និងត្រូវធ្វើ​តាម​ការ​ណែនាំ​របស់​ផលិតផល​ និង​លាប​ឡេ​ការពារស្បែក​ជា​ប្រចាំ​។

3. ចូរចងចាំថា ការ​ទទួលទាន​សុរា​ និង​បារី​ អាច​ធ្វើឲ្យប៉ះពាល់​ដល់​ពណ៌​ស្បែក ​និង​ធ្វើ​ឱ្យ​ខូចគុណភាព​ស្បែក​។​ នេះ​ដោយសារ​តែ​ជាតិ​នីកូទីន​ ដែល​មាននៅ​ក្នុង​ផ្សែង​ថ្នាំជក់​ បង្រួម​បំពង់​ឈាម​ ដែល​នាំ​យក​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹមកោសិកាស្បែក​។

4. ត្រូវលាង​សម្អាត​ស្បែក​របស់លោក​អ្នក​ជា​ប្រចាំ​ដោយ​ប្រើ​ទឹក​លាង​សម្អាត​ប្រភេទស្រាល និង​ដុះខាត់​ស្បែក​របស់លោកអ្នក​យ៉ាងតិច​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ ដោយ​ប្រើ​ថ្នាំ​ខាត់​ប្រភេទ​ស្រាល​។

5. ត្រូវបរិភោគ​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​ផ្តល់​ជាតិ​សំណើម​ដល់​ស្បែក​ចេញពី​ក្នុង​រាង្គ​កាយ​មក​។ គួរប្រើ​សារធាតុ​សំណើម​ផ្សេងៗ​បន្ថែម​លើ​ស្បែក​ខាង​ក្រៅ​របស់​លោកអ្នក​ដើម្បី​រក្សា​ជាតិ​សំណើម ជួយ​កោសិកា​ស្បែក និង​បង្កើន​ការ​ផលិត​សារ​ធាតុ​កូឡា​ហ្សែន។​

6. ចូរ​ទៅ​ជួប​អ្នកជំនាញ​ស្បែក​ដើម្បី​ព្យាបាល​តាម​វិធី ​ប្រើ​ពន្លឺ​ដើម្បី​បំបាត់​ស្នាម​លើ​ស្បែក​ដែល​បង្ករ​ឡើង​ដោយ​កម្តៅថ្ងៃ និង​ការព្យាបាល​ផ្សេង​ទៀត​ ដែល​ជួយ​ព្យាបាល​ស្បែក​ខាងក្រៅ​។​

របៀប​ថែទាំ​ភ្នែក​ពេល​ត្រូវ​កម្តៅ​ថ្ងៃ

នៅពេល​ដែល​លោកអ្នក ធ្វើ​ដំណើរ​នៅក្រោម​ពន្លឺថ្ងៃ រួចចូល​ជ្រក​ម្លប់ នោះលោកអ្នក​នឹង​សង្កេត​ឃើញថា កែវ​ភ្នែក​របស់​លោក​អ្នកនឹង​មាន​សភាព​ស្រវាំង ស្រអាប់​ងងឹត មួយ​សន្ទុះ។ ពន្លឺ​ព្រះអាទិត្យ នឹងចូល​ទៅបំផ្លាញ​ស្រទាប់​កែវ​ភ្នែក​របស់​លោកអ្នក​បន្តិច​ម្តងៗ នៅពេល​ដែល​លោកអ្នក​មិនបាន​ប្រើប្រាស់​សម្ភារៈ​ផ្សេងៗ​ដើម្បី​ការពារ​គ្រាប់ភ្នែក​ទាំងគូ​របស់​លោកអ្នក។ អាការៈ​របស់​កែវ​ភ្នែក​ល្អ​ក់​ គឺ​ភ្នែក​ស្រអាប់​បន្តិច​ម្តងៗ ដូច​មានភាព​កករ​ ឬអ័ព្ទបាំង​ឃើញ​ពន្លឺ​ភ្លើង​បែក​ព្រាកៗ​ជា​ពិសេស​ពេល​យប់​។ រីឯមនុស្ស​មួយ​ចំនួន​អាការៈ​ដំ​បូង​របស់​កែវ​ភ្នែក​ល្អក់​ គឺ​មាន​ភ្នែកមី​ញ៉ូបខ្លាំង​រហូត​ត្រូវ​ប្តូ​រ​វ៉េន​តាជា​ញឹក​ញាប់​ ព្រោះ​នៅ​ពេល​ភ្នែក​ឡើង​បាយ​ល្អក់​ខ្លាំង​សូម្បី​វ៉ែន​តាក៏​ជួយ​មិន​បាន​ដែរ។

ដូច្នេះ​ដើម្បីថែទាំសុខភាពភ្នែកឲ្យបានល្អប្រសើរ លោកអ្នក​ត្រូវ​ចេះថែ​ទាំ​កែវ​ភ្នែក​ ដោយ​រក​វ៉ែន​តា​ការ​ពារ​កម្តៅ​ថ្ងៃ​ មក​ពាក់​នៅ​ពេល​ចេញ​ទៅខាងក្រៅផ្ទះ ឬក្រុមហ៊ុន និង​កុំ​ភ្លេច​បរិភោគ​ពពួកន្លែ​ផ្លែ​ឈើដែល​ជួយ​ព្យាបាល និង​ថែរក្សា​ភ្នែក ដូចជា​ប្រភេទ​បន្លែពណ៌បៃតង ការ៉ុត និងផ្លែប៊ឺរីជាដើម  ព្រោះ​វា​មាន​សារ​ធាតុ​ប្រឆាំង​រ៉ាឌី​កាល់សេរី​ខ្ពស់​ ជួយ​ការពារ​កញ្ចក់​ប្រសាទ​ភ្នែក​ ជួយ​កាត់​បន្ថយ​ភាព​នឿយហត់​របស់​កែវ​ភ្នែក​ និង​ជា​មធ្យោបាយ​មួយ​សម្រាប់​បំ​ប៉ន​កែវ​ភ្នែក​បាន​យ៉ាង​ល្អប្រសើរ៕

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២២ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative