វិធី​ធ្វើឱ្យកូន​មាន​វិន័យ

កុមារ​ប្រៀប​ដូចជា​ក្រដាស​សមួយ​ផ្ទាំងដែល​ងាយនឹង​ប្រឡាក់​ណាស់។ ការចង់​ឱ្យកូនចៅ​របស់ខ្លួន​ក្លាយ​ទៅជា​មនុស្ស​ល្អ គឺ ជាបំណង​ប្រាថ្នា​របស់​មាតាបិតា​គ្រប់រូប។ កិច្ចការ​ជាដំបូង​នោះ គឺត្រូវ​ទម្លាប់ឱ្យ​ពួកគេ​មានវិន័យ​តាំងពី​តូចៗទៅ។ កុមារ​ងាយ​នឹង ទទួល​ឥទ្ធិពល​ពីបរិយាកាស ឬមនុស្ស​នៅជុំវិញ​ខ្លួនវា​ណាស់។ ដូចនេះ​សម្រាប់​លោកអ្នក​ជាឪពុកម្ដាយ​ចាំបាច់​ត្រូវតែ​ព្យាយាម​ធ្វើយ៉ាង ណា​ដើម្បី​បញ្ចៀស​កូនទៅ​ឱ្យឆ្ងាយ​ពីអ្វី​ដែល​លោកអ្នក​យល់ថា​មិន​ត្រឹមត្រូវ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជាជំនួយ​ដល់​មាតាបិតា​ទាំង​ទ្បាយ​ក្នុងការ​អប់រំកូន​ចៅឱ្យ​មាន​វិន័យល្អ​នោះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយក ចំណុច​មួយចំនួន​ដែលទាក់​ទងទៅ​នឹងការ​អប់រំកូន​ចៅមក​ជម្រាប​ជូនលោកអ្នក។

ឪពុកម្ដាយ​ត្រូវធ្វើ ដើម្បី​អប់រំកូន

ដើម្បី​ឱ្យកូន​ចៅក្លាយ​ខ្លួនទៅជា​មនុស្សល្អ​នៅថ្ងៃ​អនាគត​នោះ លោកអ្នក​ចាំបាច់​ត្រូវអប់រំ​គេពីក្មេង​ទៅ មិនខុស​ពីពាក្យ​ដែល ពោលថា “ពត់ដែក​ទាន់នៅក្ដៅ ប្រដៅ​មនុស្សទាន់​នៅក្មេង”។ ការចូលរួម​របស់​ឪពុកម្ដាយ​ពិតជាមាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ អប់រំកូន។

  • ចង់ឱ្យ​កូនរស់​នៅមាន​វិន័យល្អ ដំបូង​បង្អស់​ឪពុកម្ដាយ​ត្រូវធ្វើ​ជាគំរូល្អ​ដើម្បី​បង្កនូវ​ជំនឿ និងការ​គោរព​ចំពោះ​កូនៗ។ ឪពុក ម្ដាយ​ដែលរស់​នៅ​តាមបែប​បណ្ដែត​បណ្ដោយ​នោះតើ​ធ្វើម្ដេច​អាចអប់រំ​កូនកើត​ទៅបាន។ ឪពុកម្ដាយ និងគ្រួសារ​រស់នៅ​មានវិន័យ និង សណ្ដាប់​ធ្នាប់ គឺជា​បរិស្ថាន​នៃការ​អប់រំ​ដ៏មានសារៈ​សំខាន់​សម្រាប់​កុមារ។
  • នៅពេល​សង្កេត​ឃើញ​ថាចាំបាច់​ត្រូវមាន​ការហាត់ពត់ និងដាក់​ចេញនូវ​វិធានការ​អនុវត្ដ​អ្វីមួយ​នោះ ឪពុក​ម្ដាយ​ត្រូវ តែមាន​ការ​ពិគ្រោះ​យោបល់​គ្នាឱ្យ​បានល្អិតល្អន់​ជាមុនសិន​អំពីកម្រិត​ទោស​កំហុស​របស់កុមារ និងដាក់​វិនិច្ឆ័យ​ដូចម្ដេច​ឱ្យបានសម​ស្រប។ ការ​ពិភាក្សា​ជាកិច្ចការ​របស់​ឪពុក​ម្ដាយ ឬអាណា​ព្យាបាល​ដោយគ្មាន​វត្ដមាន​របស់​កុមារ​ឡើយ ធ្វើដូច្នេះ​ទើបវិធាន​ការនោះ​មានប្រសិ ទ្ធភាព ។
  • ដាច់ខាត​ចៀស​វាងរឿង “ប្ដីវាយកូន ប្រពន្ធ​អ្នកលួង” ធ្វើបែប​នេះនាំឱ្យ​កុមាររក​មិនឃើញ​កំហុស​ដែលខ្លួន​វាបាន​បំពាន។ ព្រោះ​នៅពេល​ដែល​ឪពុក​វាយ ម្ដាយ​ទៅលួង​លោម ជួនកាល​អាចធ្វើឱ្យ​ឪពុកម្ដាយ​ឈ្លោះគ្នា​នៅចំពោះ​មុខកូនៗ​ថែមទៀត។ ប្រការ នេះជះ​ឥទ្ធិពល​មិនល្អ​ឡើយ គួរ​ចៀសវាង​ដាច់ខាត។
  • ភាពស្និទ្ធ​ស្នាល​រវាង​ឪពុកម្ដាយ​នឹងកូន ជារឿង​ដែលមិន​អាចខ្វះ​បាន សូមកុំរួញរា​ក្នុងការ​សម្ដែង​កាយវិការ​ថ្នាក់ថ្នម​ចំពោះ កុមារ។ គ្មានអ្វី​ត្រូវស្ទាក់​ស្ទើរ​នៅពេល​ឱបថើប​កូនទ្បើយ ព្រោះកាយ​វិការ​ទាំងអស់​នេះបង្ហាញ​ពីភាព​ស្និទ្ធស្នាល​នៅក្នុង​រង្វង់​គ្រួសារ។ ជាពិសេស​មិនត្រូវ​ដំឡើង​សម្លេងខ្លាំង ទឹកមុខ​មាំគ្រប់​ពេលនោះ​ទេ ត្រូវចេះ​កសាង​បរិយាកា​សសប្បាយ​រីករាយ​នៅក្នុងគ្រួសារ ប្រលែង លេងជា​មួយកូន និយាយ​រឿងកំប្លែង ដើម្បី​ឱ្យជីវិត​គ្រួសារ​មានការ​កក់ក្ដៅ​ជានិច្ច។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធីសាស្ដ្រ​អប់រំកូន

  • បើលោក​អ្នកចង់​ឱ្យការអប់​រំចំពោះ​កុមារមាន​ប្រសិទ្ធភាព​នោះ ត្រូវតែ​មានការ​ជ្រើសរើស​ដោយ​សម្រិត​សម្រាំង​មុនពេល អនុវត្ដ។ ចៀសវាង​ការនិយាយ​មុនឥត​ប្រយោជន៍ ហើយ​ឪពុកម្ដាយ​មិនហ៊ាន ឬមិន​អាចអនុវត្ដ​បាន ដូចជា​ការចាប់​បង្ខំ​កុមារ បង្អត់អា ហារ​ជាដើម។ យកល្អ​លោកអ្នក​គួរជ្រើស​រើស​វិធី​សាមញ្ញ​ដែលមាន​ប្រសិទ្ធភាព ដូចជា​ហាមឃាត់​មិនឱ្យ​ក្មេង​មើល​ទូរទស្សន៍ ឬធ្វើកិច្ច ការអ្វី​មួយខុស​ដែលវា​ចូលចិត្ដ។
  • ទោះបី​ជាវិធាន​ការអ្វី​ក៏ដោយ លោកអ្នក​ត្រូវចាំ​ថាការ​អប់រំកុមារ ត្រូវធ្វើ​ជាប្រចាំ ទាមទារ​ពេល​វេលា ចិត្ដអត់​ធ្មត់ និង ការ​ព្យាយាម​របស់​ឪពុកម្ដាយ។ មានក្មេង​ខ្លះមាន​ចរិតចង់​ផ្ចាញ់ មិនស្ដាប់​សម្ដី​ឪពុក​ម្ដាយ រងចាំមើល​តើឪពុក​ម្ដាយ​នឹងធ្វើ​ដូចម្ដេច នៅ ពេល​ដែលគេ​មិនធ្វើ​តាម។
  • នៅពេល​ដាក់វិន័យ​ចំពោះ​កូនៗ ឪពុកម្ដាយ​ត្រូវមាន​អាកប្ប​កិរិយា​ម៉ឺងម៉ាត់​បន្ដិច សូម្បីតែ​នៅពេល​និយាយ​ពាក្យថា “ម៉ាក់មិនចូល​ចិត្ដឱ្យ​កូនធ្វើ​បែបនេះទេ” ក៏ត្រូវ​តែម៉ឺងម៉ាត់​ដែរ។ ក្មេងមិន​ចង់ឱ្យ​ឪពុកម្ដាយ​ខឹងនឹង​ពួកគេទេ ហេតុនេះ​ពួកគេ​ត្រូវតែ​ស្ដាប់ បង្គាប់។
  • ការដាក់​ពិន័យ និងផ្ដល់​រង្វាន់​ដល់កុមារ ត្រូវតែ​ច្បាស់​លាស់ និងត្រូវ​ពេល​វេលា។ ជាពិសេស គួរចៀស​វាងការ​សូកប៉ាន់ ក្មេង ដូចជា​សន្យាឱ្យ​អ្វីមួយ​ជាដើម បើសិន​ជាធ្វើ​កិច្ចការ​មួយ​បានល្អ។ ប្រការ​នោះនឹង​ទម្លាប់​ឱ្យក្មេង​មាន​អាកប្ប​កិរិយា​មិនល្អ គឺធ្វើការ ដើម្បី​ផល​ចំណេញ។ គួរតែ​មានរង្វាន់​មិនឱ្យដឹង​ជាមុន ក្រោយពី​គេធ្វើ​កិច្ចការ​បាន​សម្រេចល្អ។
  • មុនពេល​ដាក់​ទណ្ឌកម្ម​អ្វីមួយ​ចំពោះ​កុមារ ឪពុកម្ដាយ​ចាំបាច់​ត្រូវតែ​ឱ្យពួក​គេដឹង​ច្បាស់ពី​កំហុស​របស់ខ្លួន និងផល​អាក្រក់ នៃទង្វើ​ទាំងនោះ ដើម្បី​ឱ្យកុមារ​កែប្រែ​បន្ដិចម្ដងៗ។ ធ្វើយ៉ាងនេះ​កុមារ​យល់ថា​ការដាក់​ពិន័យ​ដល់ពួកគេ​ជារឿង​សមរម្យ​ណាស់។ ចង់ ឱ្យកុមារ​ឆាប់យល់​នូវគុណវិបត្ដិ​របស់ពួកវា ហើយ​ធ្វើការ​កែលម្អ ឪពុកម្ដាយ​ត្រូវចេះ​អត់ធ្មត់​និង​ចៀសវាង​ការវាយ​តប់កូន។
  • កុមារ​ជាគោលដៅ​សម្រាប់​មនុស្សវ​ធំវាយលុក​នៅពេល​ណាគេជួប​រឿង​មិនសប្បាយ​ចិត្ដពី​កន្លែងណា​មួយ។ ដូចនេះ​ឪពុក ម្ដាយ​ត្រូវចេះ​សង្កត់ចិត្ដ​កុំយករឿង​មិន​សប្បាយចិត្ដ​របស់ខ្លួន​មកជះ​លើកុមារ​ឱ្យសោះ។ ចៀសវាង​ការដាក់​ទណ្ឌកម្ម​កុមារ នៅពេល ដែល​កំពុង​មានកំហឹង។ កំហឹង​របស់​លោកអ្នក​អាចរលាយ​បាត់ តែចំពោះ​អ្វីដែល​ឪពុកម្ដាយ​បង្កដល់​កូននោះ​នឹងនៅដិត​ដាមជា​រៀងរ ហូត។
  • ឪពុកម្ដាយ​ត្រូវ​ជឿជាក់​លើមនោ​សញ្ចេតនា និងការ​រំភើប​របស់កូន មិនត្រូវ​អគតិ​ចំពោះ​ក្មេងទេ។ នៅពេល​កុមារ​រពឹស ឬ ក៏រប៉ិល​រប៉ូច​នោះ ឪពុក​ម្ដាយ​ត្រូវចេះ​លើកលែង។ ជាធម្មតា​ក្មេងណា​ក៏រពឹសឬ​រប៉ិល​រប៉ូចដែរ សារជាតិ​របស់​ក្មេង គឺវា​បែបនេះ។ ប៉ុន្ដែ លោកអ្នក​ចាំបាច់​ត្រូវព្យាយាម​កែលម្អ​កូនបន្ដិច​ម្ដងៗ​ដោយ​លក្ខណៈ​ម៉ឺងម៉ាត់។ ប្រការល្អ​បំផុត ឪពុកម្ដាយ​គប្បីយក​ចិត្ដទុក​ដាក់ ដល់កូន​ជាប្រចាំ។ ប៉ុន្ដែការ​យកចិត្ដ​ទុកដាក់​ជាប្រចាំ មិនមែន​មានន័យ​ថាជាការ​ឆ្កឹះឆ្កៀល និងធ្វើ​អោយបាត់​បង់សេរីភាព​កូននោះទេ។

បណ្ដាំផ្ញើ

សង្ឃឹមថា​អ្វីដែល​ទស្សនាវដ្ដី សុខភាពយើង លើក​មកជម្រាប​ជូនខាងលើ​នេះនឹងក្លាយ​ជាទុន​សម្រាប់​ការអប់រំ​កូនចៅ​លោក អ្នក​នៅពេល​អនាគត ឱ្យក្លាយ​ទៅជា​មនុស្ស​ល្អ មានវិន័យ មានការ​អប់រំខ្ពស់ និងជួយ​កសាង​ប្រទេស​ទាំងអស់គ្នា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Google Analytics Alternative