មូលហេតុ​ធ្វើអត្ដឃាត​៤យ៉ាង

មិនថា​តែនៅ​ក្នុងប្រទេស​កម្ពុជា​ទេ នៅ​បណ្ដា​ប្រទេស​ជឿនលឿន​នានាក្ដី ការធ្វើ​អត្ដឃាត​តែងកើត​មាន។ នៅក្នុង​ប្រទេស កម្ពុជា​សារព័ត៌មាន​មួយ​ចំនួន​បានចុះ​ផ្សាយ​យ៉ាង​ច្រើនអំពី​ការធ្វើ​អត្ដឃាត​នេះ។ មានមនុស្ស​មួយ​ចំនួន​សម្រេច​បញ្ចប់​ជីវិតរ​បស់ខ្លួន ដោយ​ការធ្វើ​អត្ដឃាត អ្នកខ្លះ​ក៏ធ្វើបាន​សម្រេច អ្នកខ្លះ​ទៀតត្រូវ​បាន​សង្គ្រោះទាន់​ពេលវេលា។ តើមូល​ហេតុអ្វី ទើប​ជម្រុញ​ឱ្យ មានការ​ធ្វើ​អត្ដឃាត?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ប្រិយមិត្ដ​អ្នកអាន​ធ្វើការ​ស្វែងយល់​អំពីការ​ធ្វើ​អត្ដឃាត​នេះ​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​ការជួប  សម្ភាសន៍​ជាមួយ​លោកវេជ្ជ​បណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​ជម្ងឺផ្លូវចិត្ដ នៃមន្ទីរ​ពេទ្យមិត្ដ​ភាពខ្មែរ​សូវៀត។

តើអ្វី​ទៅជា​ការធ្វើ​អត្ដឃាត?

ការធ្វើ​អត្ដឃាត គឺជា​ការបញ្ចប់​ជីវិត​ដោយ​ខ្លួនឯង​ដោយស្ដែង​ឡើង​តាមរយៈ​សកម្មភាព​៤ដំណាក់កាល គឺការ​ប៉ុនប៉ង ការ រៀប​គំរោង សកម្មភាព​ធ្វើអត្ដឃាត និងការ​ធ្វើ​អត្ដឃាត​បាន​សម្រេច។ បុគ្គល​មួយចំនួន​គ្រាន់តែ​មានគំនិត​ធ្វើអត្ដឃាត​ប៉ុណ្ណោះ បុគ្គល មួយ​ចំនួន​ទៀត​បានគិត ហើយ​រៀប​គំរោង​ធ្វើរហូត​បានសម្រេច រីឯ​អ្នកមួយ​ចំនួន​ទៀត​ធ្វើមិ​នបាន​សម្រេចទេ។ សកម្មភាព​នៃការធ្វើ អត្ដឃាត​មានច្រើន​រូបភាព​ណាស់ ដូចជា​អ្នកខ្លះ​សម្រេច​ចិត្ដ​ធ្វើ​អត្ដឃាត​ដោយចងក លោតទឹក លោតពីទីខ្ពស់ បាញ់​សម្លាប់​ខ្លួនឯង លេបថ្នាំ​ច្រើនហួស​កម្រិត ឬលេប​ថ្នាំបំពុល​ជាដើម។ នៅបណ្ដា​ប្រទេស​មួយចំនួន ការប៉ុនប៉ង​ធ្វើអត្ដឃាត​ត្រូវចាត់​ទុកថា​ជាអំពើ​ខុស ច្បាប់។

មូល​ហេតុធ្វើ​អត្ដឃាត

មានមូល​ហេតុ​ច្រើនយ៉ាង ដែល​ជម្រុញ​ឱ្យបុគ្គល​សម្រេចចិត្ដ​ធ្វើ​អត្ដឃាត។ ប៉ុន្ដែ​សូម​សរុប​មូលហេតុ​៤យ៉ាង​សំខាន់ៗ។

1. ការមាន​ប្រតិកម្ម​ជាមួយ​ព្រឹត្ដការណ៍​ជុំវិញខ្លួន ការរស់​នៅមិន​ចុះ​សម្រុងគ្នា ការបង្ខិត​បង្ខំ ការ​ខកចិត្ដ ខាតបង់​ប្រាក់ កាស​ក្នុងកិច្ចការ​រកស៊ី បាត់បង់​តំណែង និង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ជាកត្ដា​ដែលនាំឱ្យ​បុគ្គល​មិនសប្បាយ​ចិត្ដ និង​ជម្រុញ​ឱ្យមាន ការធ្វើ​អត្ដឃាត។ តាមការ​ប៉ាន់ស្មាន​អ្នកធ្វើ​អត្ដឃាត​ច្រើនតែ​ជាវ័យ​ជំទង់ ស្ដ្រីធ្វើ​អត្ដឃាត​ច្រើនជាង​បុរស។ ផ្ទុយទៅ​វិញ ចំពោះ មនុស្ស​វ័យ​ចំណាស់ គេសង្កេត​ឃើញ​មានបុរស​ធ្វើអត្ដឃាត​ច្រើន​ជាងស្ដ្រី។ ប៉ុន្ដែការ​ប៉ុនប៉ង​របស់​មនុស្ស​ប្រុសច្រើន​មានលក្ខណៈ​សា ហាវ និង​ច្រើន​តែធ្វើ​អត្ដឃាត​បាន​សម្រេច​ជាង​មនុស្សស្រី ក្រោម​រូបភាព​ជាការអារក បាញ់សម្លាប់​ខ្លួនឯង​ជាដើម។

2. កត្ដា​ជម្ងឺ​ផ្លូវចិត្ដ ៖ គេច្រើន​ឃើញ​បុគ្គល​ជម្ងឺ​ផ្លូវចិត្ដ​មួយចំនួន​ធ្វើអត្ដឃាត ដូចជាអ្នក​មានជម្ងឺ​ធ្លាក់ទឹកចិត្ដ ជម្ងឺវិកល ចរិត​ជាដើម។ លោកអ្នក​អាច​ស្វែងយល់​ពីជម្ងឺ​ផ្លូវចិត្ដ​ទាំងនេះ​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដែលបាន​ចេញផ្សាយ​រួចនៅ​ក្នុងលេខ កន្លងមក។

3. កត្ដាជម្ងឺ​ផ្លូវកាយ​រ៉ាំរ៉ៃ ៖ បុគ្គល​ដែល​មាន​ជម្ងឺផ្លូវ​កាយរ៉ាំរ៉ៃ ដូចជា​អ្នកជម្ងឺ​របេង អ្នក​ជម្ងឺ​អេដស៍ អ្នក​ជម្ងឺមហារីក​ជា ដើម។ អ្នកជម្ងឺ​ទាំងនោះ​អាច​ប៉ុនប៉ង​ធ្វើ​អត្ដឃាត ដោយសារ​គាត់​មិនអាច​ទ្រាំ​បាននឹង​សភាព​ជម្ងឺ​ដែល​ធ្ងន់ធ្ងរ។

4. កត្ដា​គ្រឿង​ញៀន ឬគ្រឿង​ស្រវឹង ៖ ការសេព​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​នានា​ក៏អាច​ជាកត្ដា​ងាយធ្វើ​ឱ្យបុគ្គល នោះ​ឈាន​ទៅ​រកការ​ធ្វើ​អត្ដឃាត​ផងដែរ។ កត្ដា​សេព​គ្រឿង​ញៀន​ខ្លះអាច​បណ្ដាល​មកពី​បុគ្គលនោះ​មានជម្ងឺ​ផ្លូវចិត្ដរួច​ស្រេចទៅ​ហើយ ដូចជា​ជម្ងឺ​ធ្លាក់​ទឹកចិត្ដ​ជាដើម ដែលធ្វើ​ឱ្យគាត់ងាយ​ទៅរក​ការ​ប្រើប្រាស់​គ្រឿង​ញៀន ឬគ្រឿង​ស្រវឹង។

ផលវិបាក​នៃការ​ធ្វើ​អត្ដឃាត

សម្រាប់​បុគ្គល​ដែលធ្វើ​អត្ដឃាត​មិនបាន​សម្រេច​នោះ មិនមែន​ជាបញ្ហា​ចោទ​ឡើយ។ ប៉ុន្ដែ​ប្រសិនបើ​បុគ្គលនោះ​ធ្វើអត្ដឃាត បាន​សម្រេចវិញ ផលវិបាក​យ៉ាង​ធំធេង​នឹងកើត​មានឡើង ជាពិសេស​លើក្រុម​គ្រួសារ​របស់​បុគ្គល​នោះផ្ទាល់​តែម្ដង។ ព្រោះថា​ការបាត់ បង់​សមាជិក​គ្រួសារ​ណាម្នាក់​នឹងធ្វើឱ្យ​មានការ​ប៉ះទង្គិច​ផ្លូវចិត្ដ​យ៉ាងខ្លំាង។ អ្នកទាំ​ងនោះអាច​ឈានទៅ​កើតជម្ងឺ​ធ្លាក់ទឹកចិត្ដ ការសម្លាប់ ខ្លួន ដូចដែល​មានអ្នក​នោះជា​គំរូស្រាប់។ ម្យ៉ាងវិញ​ទៀត​ប្រសិនបើ​បុគ្គលដែល​ធ្វើ​អត្ដឃាត​នោះជាបុគ្គល​ជំហរ​នៅក្នុង​គ្រួសារ​ទៀត នោះ នាំឱ្យ​បញ្ហា​រឹតតែ​ធ្ងន់ធ្ងរ​ឡើង។ កូនៗអាច​កំព្រា​រស់នៅ​មិនមាន​ភាពកក់​ក្ដៅ រងនូវ​បញ្ហាផ្លូវ​ចិត្ដ​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់សតិ​បញ្ញា ស្មារតី​របស់គេ។ លើសពី​នេះទៅ​ទៀត កូនកំព្រា​ក្លាយជា​បញ្ហាដ៏​ធំសម្រាប់​សង្គមជាតិ និង​កិត្យា​នុភាព​របស់​ប្រទេសជាតិ​ផងដែរ។ តើ សង្គម​ជាតិ​ត្រូវដោះ​ស្រាយ​យ៉ាងណា?

វិធាន​ការដោះ​ស្រាយ​ទប់ទល់​ការធ្វើ​អត្ដឃាត

ប្រសិនបើ​មានបញ្ហា​ដែល​ជាមូលហេតុ និង​ផលវិបាក​នៃការធ្វើ​អត្ដឃាត គួរដោះ​ស្រាយ​ទៅតាម​បញ្ហា​នីមួយៗ​ដែលកើត មាន​ឡើង។ ប្រសិនបើ​មានការ​មិន​សប្បាយ​ចិត្ដ ឬខកចិត្ដ​នឹងបញ្ហា​អ្វីមួយ​ដែលនៅ​ជុំវិញខ្លួន ត្រូវពិគ្រោះ​យោបល់​ជាមួយ​អ្នកដែល មាន​បទពិសោធន៍​ច្រើន​នៅក្នុង​ជីវិត។ អ្នកទាំង​នោះអាច​ជាឪពុក​ម្ដាយ មិត្ដភក្ដិ​ជាដើម ដើម្បី​លើក​យកបញ្ហា​មក​ដោះស្រាយ។ ប្រសិន បើមាន​ការប៉ុនប៉ង​ធ្វើ​អត្ដឃាត​ដោយសារ​មានជម្ងឺ ជាអាណា​ព្យាបាល​ត្រូវបញ្ជូន​អ្នកជម្ងឺ​ទៅជួប​គ្រូពេទ្យ​ឯកទេស ដើម្បី​ធ្វើការ​ព្យា បាល​ឱ្យទាន់​ពេលវេលា ព្រមទាំង​ត្រូវមាន​ការលើក​ទឹកចិត្ដ​ពីសំណាក់​គ្រូពេទ្យ​ឯកទេស និងញាតិ​សណ្ដាន​ផងដែរ។

ដំបូន្មាន​អ្នកប្រឹក្សា

ប្រសិន​បើ​លោកអ្នក កើត​មានបញ្ហា​មិនសប្បាយ​ចិត្ដ ខកចិត្ដ ឬអស់​សង្ឃឹម មិនត្រូវ​ដោះស្រាយ​បញ្ហា​ដោយការ​បញ្ចប់​ជីវិត ទេ។ ត្រូវលើក​យកបញ្ហា​ទាំងនោះ​មកដោះ​ស្រាយ វែក​ញែក និង​ស្វែងរក​ដំណោះ​ស្រាយ​ដើម្បី​បំបាត់នូវ​ភាព​តានតឹង​ទាំងនោះ។ ផ្ទុយ ទៅវិញ ប្រសិនបើ​មានបញ្ហា​តានតឹង​ធ្ងន់ធ្ងរ​ដែល​លោកអ្នក​គិតថាមិន​អាច​ដោះស្រាយ​បាន លោកអ្នក​គួរទៅ​ជួបប្រឹក្សា​ជាមួយ​អ្នកឯក ទេស​ខាង​ផ្លូវចិត្ដ។ តាមការ​សង្កេត​លើស​កម្មភាព​ខ្លះៗ​របស់អ្នក​ដែលមាន​ជម្ងឺ​ផ្លូវចិត្ដ ដូចជា​ជម្ងឺ​ធ្លាក់​ទឹកចិត្ដ​ជាដើម អ្នកនោះ​ច្រើនតែ នៅ​ស្ងៀម​ស្ងាត់តែ​ម្នាកឯង មាន​ទឹកមុខ​ស្រងូត​ស្រងាត់ រកខ្សែ ឬស្វែង​រកទិញ​ថ្នាំពុល​ជាដើម។ ព្រះពុទ្ធ​អង្គទ្រង់​បានមាន​ពុទ្ធដិកា​ថា ជនណា​ដែល​សម្លាប់​ខ្លួនឯង ព្រះប្រោស​មិនបាន​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Google Analytics Alternative