ដកធ្មេញ គុណ​សម្បត្ដិ និង​គុណវិបត្ដិ

ការដក​ធ្មេញ​មិនមែន​ជារឿង​ធម្មតា និងងាយ​ស្រួលដូច​ដែល​លោកអ្នក​ធ្លាប់គិត​នោះទេ។ ការដក​ធ្មេញ​ទាមទារ​ឱ្យអនុវត្ដ ដោយ​ប្រុងប្រយ័ត្ន និង​ត្រូវការ​ជំនាញ​ច្បាស់លាស់ ដើម្បី​ចៀសវាង​ការប៉ះពាល់ ឬ​គ្រោះថ្នាក់​ដោយ​ប្រការណា​មួយដែល​មិនត្រូវ​មើល រំលង ឬមិនបាន​យកចិត្ដ​ទុកដាក់។ ការដក​ធ្មេញ​មិនសុទ្ធ​តែអ្នកណា​ក៏អាចធ្វើ​ទៅបាន​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​ទន្ដបណ្ឌិត ញាណ ភីរម្យ ប្រធាន​ក្រុម​គ្រូពេទ្យ នៃមន្ទីរ​ព្យាបាល​ធ្មេញបស្ចឹម នឹង​បកស្រាយ​អំពីបញ្ហា​នេះ​ជូនមិត្ដអ្នក អាន​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

មូលហេតុ​ដកធ្មេញ

ការដកធ្មេញ​មិនមែន​ធ្វើទៅតាម​តែការនឹក​ឃើញចង់​ដកនោះទេ តែត្រូវមាន​មូលហេតុ​ច្បាស់លាស់​ដែលចាំបាច់​ត្រូវតែដក។

  • ធ្មេញដែល​មានឬស​ពុកអស់ មិនអាច​យកឬស​មកប្រើការ​បានទៀត
  • ឬសធ្មេញ​មិនអាច​ព្យាបាល​បាន ដូចជាឬស​ក្ងិចក្ងក់ ហើយ​មិនអាច​ទុកបាន ព្រោះអាច​បង្ក​គ្រោះថ្នាក់​ដល់ធ្មេញ​ដទៃទៀត
  • ធ្មេញ​មានដំបៅ និងមិន​អាចធ្វើ​ការវះកាត់​យកដំបៅ​ចេញពី​ធ្មេញនោះ​បាន
  • ធ្មេញ​ដែលងាយ​ធ្វើឱ្យ​រលាក​អញ្ចាញ​ខ្លាំង ក៏ជាធ្មេញ​ដែលត្រូវ​ដកចេញដែរ
  • ធ្មេញដែល​ត្រូវពត់ ត្រូវការ​ចន្លោះ​ដើម្បី​ពុតធ្មេញ ទោះជា​ធ្មេញនោះ​ល្អក៏ដោយ ក៏ត្រូវដក​ចោលដែរ។ ទាំងនេះ​សុទ្ធតែជា បញ្ហា និង​មូលហេតុ​សំខាន់ៗ​ដែលចាំបាច់​ត្រូវដកធ្មេញ។

តើគួរ​ដកធ្មេញ​យ៉ាងដូច​ម្ដេច?

ដើម្បី​ចៀសវាង​នូវគ្រោះថ្នាក់ ឬគុណ​វិបត្ដិ​ដែលអាច​កើតឡើង លោកអ្នក​មិនគួរដក​ធ្មេញ​ដោយ​ខ្លួនឯង​នោះទេ។ ព្រោះឬស ធ្មេញ​មានលក្ខណៈ​ស្មុគស្មាញ​ច្រើន ប្រសិនបើ​ដកធ្មេញ​មិនបាន​ត្រឹមត្រូវ អាចធ្វើឱ្យ​មានឈាម​ហូរមិន​ឈប់។ យកល្អ​លោក​អ្នកគួរទៅ រក​គ្រូពេទ្យ​ជំនាញ​ដើម្បីដក​ធ្មេញ ព្រោះមាន​តែអ្នក​ជំនាញពិត​ប្រាកដតែ​ប៉ុណ្ណោះ ដែលអាច​ដឹងថាធ្មេញ​នោះអាច​ដកបាន ឬក៏អត់ ហើយ​គួរដក​យ៉ាង​ដូចម្ដេច។

តើគួរដក​ធ្មេញនៅ​ពេលណា?

ការដក​ធ្មេញ​ចែកចេញ​ជាពីរ​ដំណាក់​កាល គឺដក​ធ្មេញទឹកដោះ និងដក​ធ្មេញស្រុក។

1. ដកធ្មេញ​ទឹកដោះ៖ មានន័យ​ថាដកធ្មេញ​កុមារដែល​មានអាយុ​ចាប់ពី៦ឆ្នាំ ព្រោះវ័យ​នេះធ្មេញ​ទឹកដោះ​របស់​កុមារ​នឹង ត្រូវផ្លាស់​ប្ដូរមក​ជាធ្មេញ​ស្រុកវិញ។ ឯការដក​ធ្មេញទឹក​ដោះនេះ ត្រូវធ្វើ​ទៅតាម​អាយុ​របស់​មនុស្ស ដូចជា​ធ្មេញមុខ​ក្រោម​ត្រូវដក​នៅ អាយុ​៦ឆ្នាំ និងធ្មេញ​មុខលើ​ត្រូវដក​នៅអាយុ​៧ឆ្នាំ។ ចំពោះ​ធ្មេញ​ដទៃទៀត គួរតែដក និងពិនិត្យ​មើលទៅ​តាមលេខ​រៀង ប្រការ ចាំបាច់​គួរឱ្យ​គ្រូពេទ្យ​ពិនិត្យ​នៅពេល​កុមារមាន​អាយុ៦ឆ្នាំ។

2. ដកធ្មេញស្រុក៖ ចំពោះបញ្ហាធ្មេញស្រុកនេះ មិនមានអ្វីចាំបាច់ត្រូវដកទេ ប្រសិនបើធ្មេញនោះគ្មានបញ្ហា ដូចជាដង្កូវស៊ី ពុក ប្រហោង ខូច ឬមាន​ឬសមិនល្អ ពិសេស​ចំពោះ​ធ្មេញ​ដែលមាន​បញ្ហាដូច​បានរៀបរាប់​មកខាង​លើជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គុណ​សម្បត្ដិ​នៃការ​ដកធ្មេញ

មាន​គុណសម្បត្ដិ​ច្រើន​ចំពោះ​ការដក​ធ្មេញ​ទឹកដោះ ព្រោះការ​ដកធ្មេញ​ទឹកដោះ​បានត្រឹម​ត្រូវ​ក៏ធ្វើឱ្យ​ធ្មេញ​ស្រុក​ដុះបានល្អ  និង​មាន​សោភ័ណ​ភាពស្អាត ព្រមទាំង​ទទួល​បាននូវ​ធ្មេញ​ដែលមាន​សុខភាពល្អ​ថែម​ទៀតផង ជាពិសេស​មិនចាំបាច់​ចំណាយ​ថវិកាក្នុង ការដាក់​ធ្មេញ​នោះ​ឡើយ។ ដោយឡែក​ចំពោះ​ការដក​ធ្មេញ​ស្រុកវិញ ក៏ផ្ដល់​ជាគុណ​សម្បត្ដិ​ច្រើនដែរ ប្រសិនបើ​ធ្មេញដែល​ត្រូវដកនោះ ជា​ធ្មេញខូច មានរបួស ដែល​អាចនាំ​ឱ្យមាន​ផលប៉ះពាល់​សុខភាព។

គុណ​វិបត្ដិនៃ​ការដក​ធ្មេញ

ការដក​ធ្មេញ​អាចផ្ដល់​ជាគុណវិបត្ដិ ប្រសិនបើ​ការដកធ្មេញ​នោះប្រព្រឹត្ដិ​ទៅដោយ​មិនត្រឹមត្រូវ​តាមអាយុ​កាល ជាពិសេស ចំពោះ​ធ្មេញ​ទឹកដោះ។ ការ​ដកធ្មេញ​មុនអាយុ​បាន​ផ្ដល់នូវ​ផលប៉ះពាល់​មួយចំនួន ដូចជា​ធ្វើឱ្យ​ធ្មេញដុះ​មកធំ មិន​ត្រង់ជួរ ជួនកាល ធ្មេញដុះថ្មី ឬធ្មេញ​ស្រុក​មានជា​លក្ខណៈ​វៀច​ជាដើម។ ចំពោះ​ការដក​ធ្មេញ​ស្រុកវិញ ក៏ដូច​នោះដែរ ព្រោះថា​ការដក​ធ្មេញ​ដោយ​មិន បាន​ប្រុងប្រយ័ត្ន និង​ថែរក្សា​ឬស​ធ្មេញទុក ធ្វើឱ្យ​លោកអ្នក​កាន់តែ​មានការ​ឈឺចាប់។ អ្វីដែល​កាន់តែ​ពិសេស​នោះ គឺការដក ធ្មេញ​(ធ្មេញស្រុក)​អាចធ្វើ​ឱ្យមុខផត មិនស្រស់ស្អាត ហើយ​មើល​ទៅឃើញ​ចាស់​មុនអាយុ​ថែមទៀតផង។

ការប្រើ​ប្រាស់ថ្នាំ​ស្ពឹក​បន្ថយ​ការ​ឈឺចាប់​ក្នុងការ​ដកធ្មេញ​ក៏មាន​ផលប៉ះពាល់​ដែរ ប្រសិនបើ​ការប្រើ​មិនបាន​ត្រឹមត្រូវ ព្រោះ វាអាច​ធ្វើឱ្យ​រលាក​អញ្ចាញ​ធ្មេញ។ ជាពិសេស​បំផុតនោះ ការដក​ធ្មេញ​មិនបាន​ត្រឹមត្រូវ និងមិន​មានអនាម័យ​ជាឱកាស​នៃការឆ្លង មេរោគ​អេដស៍ និង​មេរោគ​ផ្សេងៗ​ទៀតផង​ដែរ។

ដំបូន្មាន​អ្នកជំនាញ

សូមនាំ​បុត្រ​ធីតា​របស់​លោកអ្នក​ទៅពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពិតប្រាកដ​ដើម្បី​ពិភាក្សា​អំពីការ​ថែរក្សា​ធ្មេញ និង​ដកធ្មេញ​នៅពេល​មានអាយុ​៦ឆ្នាំ។ មានតែ​អ្នកជំនាញ​ច្បាស់លាស់​ប៉ុណ្ណោះ​ដែលអាច​ផ្ដល់ប្រឹក្សា និង​ព្យាបាល​ធ្មេញ​ជូន​លោកអ្នក បាន។ សូម​ថែរក្សា​ធ្មេញ​របស់​លោកអ្នក​ឱ្យបានល្អ ដោយ​ការដុស​សម្អាត​ជាប្រចាំ​ជាមួយ​ផលិតផល​ដែលអាច​ជួយ​ការពារ​ធ្មេញ ដើម្បី កុំឱ្យ​ធ្មេញខូច ឬពុក និង​បញ្ចៀស​បានការ​ឈាន​ទៅរក​ការដក​ធ្មេញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Google Analytics Alternative