សុខភាព​កុមារ​នៅតាម​សាលារៀន​កំពុង​គំរាម​កំហែង ៖ ចំណី​អាហារ​ជាង៦៣%​គ្មាន​អនាម័យ

កុមារ​ជាវ័យ​មួយដែល​កំពុង​មានការ​លូតលាស់​ខ្លាំងទាំង​ផ្នែក​ប្រាជ្ញា​ស្មារតី និង​រាងកាយ។ ស្ថិត​ក្នុងវ័យ​នេះ កុមារ​មាន​កាតព្វ កិច្ច​ដែល​ត្រូវ​បំពេញ គឺខិតខំ​សិក្សា​ក្រេបជញ្ជក់​យកនូវ​ចំណេះ​វិជ្ជា ដើមី្ប​ក្លាយ​ជា​សសរ​ទ្រូង​សម្រាប់​សង្គម និង​គ្រួសារ នាពេល​អនាគត។ ការ​សិក្សា​របស់​កុមារ​ត្រូវធានាឱ្យ​បាននូវ​សុខុមាលភាព។ សាលារៀន​គឺជា​គ្រឹះស្ថាន​ដ៏រឹងមាំ​មួយដែល​កុមារ​ទាំងឡាយ​ត្រូវ​ក្រេបជញ្ជក់ យក​ចំណេះ​ដឹង។ តើ​សុខុមាលភាព​របស់​កុមារ​នៅតាម​សាលារៀន​មាន​អ្វីខ្លះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូម​លើក​យកបញ្ហា​សុខភាព​របស់​កុមារ​នៅតាម​សាលារៀន​មកធ្វើ​ការបក​ស្រាយ​ជូន​ប្រិយមិត្ដ អ្នកអាន ពិសេស​មាតាបិតា​ធ្វើការ​ស្វែង​យល់។

កត្ដា​ធានា​សុខុមាលភាព​កុមារ​នៅតាម​សាលា​រៀន

នៅផ្ទះ កុមា​រាកុមារី​ទាំងឡាយ​ត្រូវទទួល​បានការ​គ្រប់គ្រង​ពីសំណាក់​មាតាបិតា ឬអាណា​ព្យាបាល។ នៅពេល​គ្រប់​អាយុ ចូល​សិក្សា មាតា​បិតា​តែង​បញ្ជូន​បុត្រធីតា​របស់ខ្លួន​ឱ្យទៅ​សិក្សា​នៅតាម​សាលា​រៀន ដើម្បី​ទទួលបាន​ចំណេះ​ដឹង​ទូលាយ។ ដើម្បី សិក្សា​បានល្អ កុមារ​ត្រូវមាន​សុខភាពល្អ​ជាចម្បង។ ដូច្នេះ​ហើយនៅ​សាលារៀន ក្រៅពី​ការសិក្សា​ក្រសួង​អប់រំ​បាន​រៀបចំ ឱ្យ​សិស្សា​នុសិស្ស​ធ្វើ​សកម្មភាព​មួយ​ចំនួន ដើម្បី​ជំនួយ​ដល់សុខភាព​ឱ្យមាន​ភាពរឹងមាំ។ សកម្មភាព​ទាំងនោះ​មានការ​ហាត់​ប្រាណ ការ ហាត់​កីឡា ការដើរ​កម្សាន្ដ ការ​ធ្វើ​ពលកម្ម​ជាដើម។

  • ការហាត់​ប្រាណ នៅតាម​សាលារៀន ការហាត់​ប្រាណ​ត្រូវធ្វើ​ឡើងជា​លក្ខណៈ​សាមញ្ញៗ​ទៅតាម​លទ្ធភាព​របស់​កុមារ និង​កាល​វិភាគ​ប្រចាំ​សប្តាហ៍​របស់​កម្មវិធី​សិក្សា។ សិស្សា​នុសិស្ស​អាចហាត់​ប្រាណ ឬលេង​កីឡា លើក​ដុំដែក រត់ លោត បាល់ ទះ បាល់​បោះ បាល់ទាត់ ឡើង​ខ្សែពួរ និង​លេងល្បែង​ប្រជាប្រិយ​នានា​ជាដើម ដែលនាំឱ្យ​កុមារ​មាន​សុខភាពល្អ​មាំមួន។ ចំពោះ​សិស្ស តូចៗ លោកគ្រូ​អ្នកគ្រូ​គ្រាន់តែ​ឱ្យ​លើកដៃ លើក​ជើង​បន្ដិច​បន្ដួច​ប៉ុណ្ណោះ។ ជាមួយគ្នា​នេះ​ដើម្បី​ឱ្យ​ខួរក្បាល​របស់​កុមារ​ហាត់ប្រាណ​បាន ដែរ​នោះ លោកគ្រូ​អ្នកគ្រូ​ណែនាំឱ្យ​កុមារ​លេងល្បែង​កម្សាន្ដ ដូចជា​លេង​រែក អុក ឬដោះ​ប្រស្នា​ជាដើម។ ប៉ុន្ដែ​សាលារៀន​ត្រូវ​បង្រៀន កុមារ​ឱ្យមាន​ចិត្ដស្មោះ​ត្រង់ និងមាន​វិន័យ។
  • ការដើរ​កម្សាន្ដ ដើម្បី​ឱ្យសុខភាព​ផ្លូវចិត្ដ ផ្លូវកាយ និងប្រាជ្ញា​ស្មារតី​របស់​កុមារ​មានការ​រីកចម្រើន គ្រូបង្រៀន​ត្រូវរក ពេល​វេលា​មួយ​សម្រាប់​នាំសិស្ស​ដើរកម្សាន្ដ ធ្វើទស្សន​កិច្ចសិក្សា​ទៅតាម​លទ្ធភាព។
  • ការធ្វើ​ពលកម្ម ដើម្បី​ទ្រទ្រង់​សុខភាព​កុមារ ផ្អែកលើ​បរិស្ថាន​សាលារៀន និងថ្នាក់​រៀន គ្រូគួរ​ណែនាំំ​កុមារ​ឱ្យធ្វើ អនាម័យ​បោស​សម្អាត និងធ្វើ​ពលកម្ម។ ក្រោយពី​ពេល​ធ្វើពលកម្ម គ្រូត្រូវ​នាំសិស្ស​សម្អាតដៃ​ជើង​ជាមួយ​សាប៊ូ និងណែ​នាំសិស្ស​ឱ្យចេះ លាង​សម្អាត​ដៃ​មុនចាប់​កាន់ចំណី​អាហារ និងមុន​ពេលទទួល​ទានបាយ។ គ្រូត្រូវ​ណែនាំ​សិស្សឱ្យ​ចេះជួយ​ធ្វើការងារ​ឪពុកម្ដាយ​តាម កម្លាំង ព្រោះវា​ជាការ​ហាត់ប្រាណ​នៅផ្ទះ​មួយដែរ។
  • តួនាទី​ឪពុកម្ដាយ ឬគ្រូ​បាអាចារ្យ​ក្នុងការ​អប់រំ សុខភាព​ផ្លូវកាយ និងផ្លូវ​ចិត្ដ​របស់​កុមារ​ជាការ​សំខាន់​ណាស់។ សុខភាព ផ្លូវកាយ គឺកុមារ​ត្រូវការ​ហូបចុក​ឱ្យបាន​គ្រប់គ្រាន់​សមស្រប​ទៅតាម​តម្រូវការ​នៃការ​លូតលាស់​របស់​រាងកាយ។ ដើម្បី​ឱ្យសុខភាព​ផ្លូវ ចិត្ដ​កុមារ​លូតលាស់​ល្អ ឪពុកម្ដាយ​ត្រូវផ្ដល់​ការ​ថ្នាក់ថ្នម​ថែទាំ ផ្ដល់​កម្លាំង​ចិត្ដឱ្យ​កូន​គ្រប់ពេល​វេលា។ បណ្ដុះឱ្យ​កូនតូចៗ​មានគំនិត​ធ្វើអ្វី ដែលល្អ។

គ្រូត្រូវផ្ដល់​ជាគំរូល្អ ទាំង​ពាក្យសំដី ទាំងកាយ​វិការ​ទៅឱ្យ​កុមារ​ដើម្បីឱ្យ​គេទទួល​យក​ភាពល្អ​ទាំងនោះត​ទៅអនាគត។ កុមារ​នឹង​រស់នៅ​ក្នុងគំរូ​មួយល្អ ធ្វើឱ្យកុមារ​នោះពេល​ក្លាយទៅ​ជាមនុស្ស​ពេញវ័យ មាន​ឥរិយាបថ​សមរម្យ។ ប្រសិន​បើឪពុក​ម្ដាយ ឬគ្រូ​មាន​ចរិត​ច្រងេង​ច្រងាង​នាំឱ្យ​កុមារ​នោះក្លាយ​ទៅជា​មនុស្ស​បែបនោះ​ដែរ គ្រាន់តែ​ច្រើន​ឬតិច ដូចជា​ពាក្យ​ស្លោកថា “ឪពុកម្ដ្ដាយ បែប​ណាកូន​បែប​នោះ ឬស្លឹក​ឈើជ្រុះ​មិនឆ្ងាយ​ពីគល់”។ ជារួម​ការអប់រំ​សិស្ស ឬកុមារ​តូចត្រូវ​ប្រកាន់​ខ្ជាប់នូវ​ព្រហ្មវិហារ​ធម៌ទាំង​បួន មេត្ដា ករុណា មុទិតា ឧបេក្ខា។ ពោល​ត្រូវមាន​ការ​សន្តោស​ប្រណី​គ្រប់ពេល​វេលា ទៅលើ​កុមារ។ ទាំង​ឪពុកម្ដាយ លោកគ្រូ​អ្នកគ្រូ និង​មហាជន​ទូទៅ​ត្រូវប្រកាន់​ឱ្យខ្ជាប់​ក្នុងការ​អប់រំកូន ដើម្បី​ឱ្យផ្លូវ​ចិត្ដ​កុមារ​លូតលាស់​បានល្អ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កត្ដាខ្វះ​ខាតក្នុង​សាលារៀន

ស្ថិតក្នុង​ស្ថានភាព​បច្ចុប្បន្ន សាលា​បឋមសិក្សា​មួយចំនួន​នៅខ្វះ​បង្គន់​អនាម័យ និងទឹក​ស្អាត​ប្រើប្រាស់។ ចំណី​អាហារ​ដែល ដាក់លក់​នៅតាម​សាលារៀន​មិនសូវ​មាន​អនាម័យ​ល្អទេ។ តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រសួង​សុខាភិបាល​នៅឆ្នាំ​២០០២ ទៅលើ​ចំ ណី​អាហារ​ដែល​ដាក់លក់​នៅតាម​សាលា​បឋមសិក្សា​នានា​នៅក្នុង​រាជធានី​ភ្នំពេញ បាន​បង្ហាញថា​អាហារ​ជាង៦៣%​គ្មាន​អនាម័យ និង មាន​មេរោគ។ កត្ដា​ទាំងនេះ​នាំឱ្យ​ប៉ះពាល់​ដល់សុខភាព និង​ប្រាជ្ញា​ស្មារតី​របស់​សិស្សា​នុសិស្ស។ តាមរយៈ​ការ​អង្កេត​នេះ យើង​អាច សន្និដ្ឋាន​បានថា​ការខ្វះ​អនាម័យ​លើចំណី​អាហារ​ក៏មាន​ដូចគ្នាដែរ​នៅតាម​ទីប្រជុំជន​នានា​គ្រប់​ខេត្ដ​ក្រុង​ទូទាំង​ប្រទេស។ ការ​ប្រើប្រាស់ គ្រឿងញៀន និងគ្រឿង​ស្រវឹង​ផ្សេងៗ ត្រូវបាន​ហាមឃាត់​នៅក្នុង​សាលារៀន។ បច្ចុប្បន្ននេះ ការលើក​កម្ពស់​សុខភាព​នៅតាម​សាលា រៀន​បាននឹង​កំពុង​អនុវត្ដ​ជាបណ្ដើរៗ​ហើយ។

វិធានការ​របស់​សាលា​បឋមសិក្សា​នរោត្ដម​(ភ្នំពេញ)  

ចំពាះ​សាលា​បឋមសិក្សា​នរោត្ដម សុខភាព​កុមារ​ត្រូវបាន​យកចិត្ដ​ទុកដាក់​ជាចម្បង។ លោកស្រី លឹម ស្រីផល្លា នាយិកា រងបាន​ឱ្យដឹងថា សុខភាព​កុមារ​ជារឿង​សំខាន់​ដែល​ត្រូវ​យកចិត្ដ​ទុកដាក់ ប៉ុន្ដែ​ដោយ​សារទីធ្លា​ចង្អៀត ការហាត់​ប្រាណ​របស់​សិស្ស​នៅទី នោះ មានតែ​មួយលើក​ក្នុងមួយ​សប្ដាហ៍ រាល់​ក្រោយ​ពេលគោរ​ពទង់ជាតិ។ គ្រូបង្រៀន​ឱ្យសិស្ស​លើកដៃ​ជើងធ្វើ​ចលនា ដើម្បី​ឱ្យសរសៃ ឈាម​រត់បាន​ស្រួល។ ចំពោះ​ការហូបចុក​របស់​កុមារ លោកគ្រូ​អ្នកគ្រូ​បានណែនាំ​សិស្សានុ​សិស្ស​ទម្លាប់យក​ទឹកឆ្អិន​ពីផ្ទះ​មក ដើម្បី​ចៀស វាង​នូវការ​ទទួលទាន​ទឹក​ផ្ដេសផ្ដាស។ ក្រៅពី​នោះ សាលា​បានសង្កេត​ទៅលើការ​ទទួលទាន​អាហារ​របស់​សិស្ស​ផងដែរ ដោយ​ណែនាំ សិស្ស​ឱ្យទទួល​ទានអាហារ ដូចជាមី បាយ ឬនំប៉័ង​ឱ្យឆ្អែត​ជាមុនសិន មុននឹង​បរិភោគ​ចំណី​អាហារ​ក្រៅផ្សេង​ទៀត។ លើស​ពីនេះ សា លា​មិន​អនុញ្ញាត​ឱ្យលក់​ចំណី​អាហារ​ណា​ដែល​មិនសម​ស្រប ដូចជា​ម្ជូរត្រាំ ឬអាហារ​ដែលមាន​មេស្ករ​ជាដើម។ ជារៀង​រាល់ខែ សាលា បឋមសិក្សា​នរោត្ដម​តែងកោះ​ហៅ​អ្នកលក់​មកណែ​នាំអំពី​ការលក់​អាហារឱ្យ​ប្រកបដោយ​អនាម័យ។ ក្រៅពី​នោះ សាលា​ក៏បាន បង្រៀន​កុមារ​ឱ្យយកចិត្ដ​ទុកដាក់​លើ​សុខភាព​មាត់ធ្មេញ ដោយឱ្យ​សិស្សនាំ​មកជា​មួយនូវ​ច្រាស​ដុះធ្មេញ ដើម្បី​ដុះសម្អាត​ធ្មេញ​ក្រោយ ពេល​បរិភោគ​អាហារ​រួច។

ដំបូន្មាន​អ្នកប្រឹក្សា

ដើម្បី​ធានាឱ្យ​បាននូវ​សុខុមាល​ភាពល្អ​របស់​កុមារឱ្យ​សមនឹង​ពាក្យថា កុមារ​ជាសសរ​ទ្រូង​របស់​ប្រទេស​ជាតិ​នោះ ការ​ចូលរួម ចំណែក​ពីឪពុក​ម្ដាយ និង​សាលារៀន​ជាកត្ដា​សំខាន់​បំផុត។ ឪពុកម្ដាយ​ត្រូវដើរ​ស្របគ្នា​ជាមួយ​សាលា តាមដាន​ការសិក្សា​របស់កូន ឱ្យកូន​អនុវត្ដកម្ម​វិធីសិក្សា​នៅផ្ទះ និងយកចិត្ដ​ទុកដាក់​លើការ​ទទួលទាន​របស់កូន​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Google Analytics Alternative