ស្ដ្រី​ត្រូវ​ត្រៀមខ្លួន​មុនពេល​មាន​ផ្ទៃពោះ

មនុស្ស​ស្រីគ្រប់រូប​តែងតែ​ប្រាថ្នា​ចង់ធ្វើ​ជាម្ដាយ​របស់កូន ទោះបី​ជាដឹងថា​ភារៈជាម្ដាយ​លំបាក​យ៉ាងណា​ក៏ដោយ។ ដើម្បីក្លាយខ្លួន​ជាម្ដាយ ស្ដ្រី​ចាំបាច់​ត្រូវយល់​ដឹងពី​បញ្ហា​មួយចំនួន​ដែលអាច​កើតមាន​ឡើង​នៅពេល​មានផ្ទៃពោះ​ជាមុនសិន ជាពិសេស សម្រាប់​អ្នកម្ដាយ​ថ្មីថ្មោង​ទាំងឡាយ។ គ្រាន់តែ​ពពោះ​សោះ តើចាំ​បាច់ត្រូវ​ដឹងពីអ្វី​ខ្លះទៅ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទាក់ទង​នឹងការ​ត្រៀម​ខ្លួន​យ៉ាងណាៗ​សម្រាប់​ស្ដ្រីដែល​ចង់ធ្វើ​ជាម្ដាយ​នោះ លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធាន​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត​ចូលរួម​បកស្រាយ​ជម្រាប​ជូន​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង នៅពេល​នេះ។

បញ្ហា​ដែលអាច​កើតមាន​នៅពេល​មាន​ផ្ទៃពោះ

មិនមែន​ជារឿង​ងាយស្រួល​ដូចដែល​ស្ដ្រីមួយ​ចំនួន​ក៏ដូច​លោកអ្នក​មួយចំនួន​គិតនោះ​ទេ។ នៅពេល​មានផ្ទៃពោះ ​ស្ដ្រីមាន ភារៈត្រូវ​ធ្វើនិង​ទទួល​ច្រើនយ៉ាង ដូចជា​ការចំណាយ​ប្រាក់កាក់​ដើម្បី​ទ្រទ្រង់​ការចាប់​កំណើត​របស់កូន ឬឬត្រៀម​ដើម្បីទប់​ទល់ជាមួយ បម្រែ​បម្រួល​ផ្សេង​របស់រាង​កាយ​ជាដើម។

  • ការចាញ់កូន កើត​អាការ​ក្អួត​ចង្អោរ ឬរង៉ាក់​រងើ​ចង់ក្អួត​ចំពោះស្ដ្រី​ដែលចាប់​ផ្ដើម​មានគភ៌។ អាការ​បែបនេះ​មានជាប្រ ចាំក្នុង​អំឡុង​ពេល​គភ៌មាន​អាយុពី​សប្ដាហ៍​ទី៤ ដល់ទី១២។ រោគសញ្ញា​បែបនេះ​មានសភាព​ធ្ងន់ធ្ងរ​នៅពេល​ព្រឹក​ព្រលឹម។ ស្ដ្រីមួយ​ចំនួន ជួប​ប្រទះ​អាការចាញ់​កូនពេញ​មួយថ្ងៃ​ក៏មាន។ សុដន់​រីកកាន់​តែធំឡើង និងក្បាល​សុដន់​ប្រែពណ៌ ស្ដ្រីចាប់​ផ្ដើមមាន​គភ៌ សុដន់​ទាំងគូ​របស់ស្ដ្រី​កាន់តែ​រំញោច​អារម្មណ៍ជាង​ពេលមុន ងាយ​ប្រឈមមុខ​នឹងការ​ឈឺចាប់​ណាស់​ពេលរង​ការប៉ះទង្គិច។ រយៈពេល​២សប្ដាហ៍​ដំបូងនៃ​អាយុគភ៌ សុដន់​និងក្បាលសុដន់​កាន់រីកធំ​ជាបណ្ដើរ ហើយ​ក្បាលសុដន់​ទៀតសោត​ក៏ប្រែពណ៌​ទៅជា​ក្រម៉ៅ​ជាងមុន។
  • ការអស់​កម្លាំង​ល្ហិតល្ហៃ គ្រប់ស្ដ្រី​ទាំងអស់​នៅពេល​មាន​ផ្ទៃពោះ​សុទ្ធតែ​ទទួល​អារម្មណ៍​បែបនេះ ព្រោះថា​នៅ​ដំណាក់ កាលនេះ រាងកាយ​របស់ស្ដ្រី​បានខិតខំ​បញ្ចេញ​ចរន្ដឈាម​គ្រប់ទី​កន្លែង​ទាំងអស់ ដើម្បី​ទៅចិញ្ចឹម​បំប៉នគភ៌។ ហេតុនេះ​ទើបបេះ​ដូងរបស់ ស្ដ្រី​មានផ្ទៃពោះ​ប្រឹងធ្វើ​ការជាង​មុន​ដើម្បី​សម្រប​សម្រួល​ទៅនឹង​ចលនា​ឈាមរត់​ក្នុងខ្លួន។ ជាធម្មជាតិ​នៅពេល​ដែលស្ដ្រី​ចាប់ផ្ដើម​មាន គភ៌​រាងកាយ​ក៏ចេះ​សម្រប​សម្រួល​ដោយ​ខ្លួនឯង​ទាំង​តម្រូវការ​ជាតិទឹក ទាំង​ជាតិស្ករ​រួមជាមួយ​ជាតិខ្លាញ់​ផងដែរ។ រាល់ការ​បម្រែ បម្រួល​អស់​ទាំងនេះ​រួមចំណែក​ធ្វើឱ្យ​រាងកាយ​របស់ស្ដ្រី​ទៅជា​ខ្សោះ​កម្លាំង ល្ហិតល្ហៃ ឬខ្ជិល​ច្រអូស។
  • ការឡើង​ទម្ងន់ខ្លួន ក្នុងរយៈ​ពេល២​សបា្ដហ៍​ដំបូង​នៃពេល​មានគភ៌ ស្បូនចាប់​ផ្ដើម​ប្រែប្រួល​ដោយកាន់​តែរីកធំ​ឡើង រីឯ សរសៃ​ឈាម​ក៏កាន់តែ​ពង្រីកខ្លួន​កាន់តែ​រីកធំ​ដើម្បី​បន្ដចរន្ដ​ទៅចិញ្ចឹម​ទារក​ដែលកំពុង​តែលូតលាស់​ជាលំដាប់។
  • បញ្ហា​ផ្សេង​ទៀត ៖ ក្រៅពី​បញ្ហាដែល​បាន​រៀបរាប់​ជូនខាង​លើនេះ អ្នកម្ដាយ​ទាំងឡាយ​អាចជួប​នូវការ​ប្រែប្រួល​ជាច្រើន ទៀត ដូចជា​បត់ជើង​តូច​ច្រើនដង គ្រុនក្ដៅ​ស្រៀវ​ស្រាញ ចុកចាប់​តាម​សរសៃ​ពួរជើង ទទួលទាន​ដំណេក​មិនលក់​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ត្រៀមខ្លួន​សម្រាប់​ពេលមាន​ផ្ទៃពោះ

ការងារ​សម្រាប់​ម្ដាយ​មិនមែន​ទាល់តែ​កូនកើត​មកទើប​ហៅថា​ម្ដាយ​នោះទេ។ ម្ដាយ​ទាំងឡាយ​ត្រូវទ្រាំទ្រ​ការ​លំបាក​សព្វ បែប​យ៉ាងតាំង​ពីថ្ងៃ​ដំបូងនៃ​ការតាំង​គភ៌។ ដើម្បី​ទទួល​យក​ការងារ​ជាម្ដាយ​នេះ សុភាពនារី​ទាំងអស់​ត្រូវត្រៀម​ខ្លួនសព្វ​យ៉ាង។

  • បញ្ហា​ជីវភាព ដោយ​ការពពោះ និង​ការ​សម្រាល​សុទ្ធសឹង​តែត្រូវ​ការចំណាយ ម្ល៉ោះ​ហើយ​លោកស្រី​អ្នកនាង​ត្រូវមាន ជីវភាព​មួយ​ដែលមាន​តុល្យភាព​ទើបធានាបាននូវ​ការចំណាយ​ក្នុងពេល​មាន​ផ្ទៃពោះ ពេល​សម្រាល​និង​ក្រោយ​ពេល​សម្រាល។ មិន មែន​មានន័យថា​គ្មានប្រាក់​មិនអាច​មានផ្ទៃពោះ​បានទេ ប៉ុន្ដែបើ​មានប្រាក់ គ្រប់យ៉ាង​មិនសូវ​ជួប​បញ្ហា​ស្មុគស្មាញ​ទេ។
  • បញ្ហា​សុខភាព ការមាន​ផ្ទៃពោះ​មិនមែន​ទាម​ទារឱ្យ​តែស្ដ្រី​ជាម្ដាយ​មានសុខភាពល្អ​នោះទេ ចំណែក​បុរស​ជាឪពុក​ក៏ត្រូវ មាន​សុខភាពល្អ​ដូចគ្នា​ដែរ។ អ្នក​ទាំងពីរ​ព្យាយាម​កុំឱ្យ​មានរោគ​ឆ្លងផ្សេងៗ ជា​ពិសេស​ជម្ងឺកាម​រោគ ជម្ងឺ​អេដស៍​ជាដើម ដើម្បី​បង្កើត កូនម្នាក់​មាន​សុខភាពល្អ​បានមិន​មានផល​វិបាក​ដល់កូន។ ប្រការ​ល្អបំផុត គួរតែទៅ​ធ្វើតេស្ដ​ឈាម​រោគ​មេរោគ​អេដស៍ មុន​សម្រេច​ចិត្ដ ថាមាន​កូន។ អ្នកជា​ម្ដាយ​ត្រូវចាក់​ថ្នាំបង្ការ ដូចជា​ថ្នាំបង្ការ​ជម្ងឺ​តេតាណូស​ជាដើម ដើម្បី​នៅពេល​ដែលមាន​ផ្ទៃពោះ និង​សម្រាល​កូន មាន​សុវត្ថិភាព។ មានស្ដ្រី​មួយចំនួន​មិនធ្លាប់​មានជម្ងឺ​ស្អូច​ពីមុន​មក តែនៅ​ពេលមាន​ផ្ទៃពោះ មាន​ជម្ងឺនេះ ធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់ ទារក​ក្នុងផ្ទៃ​បាន។ ដូចនេះ​ត្រូវដឹង​អំពីប្រវត្ដិ​ជម្ងឺឱ្យ​ច្បាស់លាស់។
  • ស្វែង​រកព័ត៌មាន ព្យាយាម​ស្វែងយល់​អំពីព័ត៌​មានផ្សេងៗ​ដែល​ទាក់ទង​នឹងការ​មាន​ផ្ទៃពោះ​តាមរយៈ​អត្ថបទ​ទស្សនាវដ្ដី ឬ​ឯកសារ​ផ្សេងៗ។ គប្បី​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អំពីការ​ថែរក្សា​សុខភាព មុនពេល​មានផ្ទៃពោះ របប​ចំណី​អាហារ​និងការ ប្រើប្រាស់​ថ្នាំផ្សេងៗ។ សូមសាក​សួរ​អ្នកមាន​បទពិសោធន៍​ក្នុងការ​ពពោះ​ដើម្បី​ធ្វើការ​កត់ចំណាំ និងស្វែង​យល់។
  • សុខភាពផ្លូវចិត្ដ ដើម្បីឱ្យកូនកើតមកមានសុខភាពល្អប្រាជ្ញាឆ្លាតវៀងវៃនោះ អ្នកម្ដាយគួរតែធ្វើចិត្ដឱ្យសប្បាយរីក រាយ។ ព្រោះថា​អាម្មរណ៍​ដែលកើត​មាន​ចំពោះ​ម្ដាយមាន​ឥទ្ធិពល​ដល់ការ​លូតលាស់​ផ្លូវប្រាជ្ញា និង​អត្ដចរឹក​របស់​ទារក តាំងពី​នៅក្នុង​ផ្ទៃ រហូត​ដល់ពេល​ពេញវ័យ។ ក្រៅពីនេះ អ្នកដែល​នៅជុំវិញ​ស្ដ្រីមាន​ផ្ទៃពោះ​ទាំងអស់​ជាពិសេស​បុរស​ជាស្វាមី​គប្បី​រក្សា​សុខភាព​ផ្លូវចិត្ដ របស់​ស្ដ្រីមាន​ផ្ទៃឱ្យ​សប្បាយ​រីករាយ​គ្រប់ពេល ទើប​ប្រសើរ។

ដំបូន្មាន​អ្នកជំនាញ

សូមស្ដ្រី​ដែល​ត្រៀមខ្លួន​ធ្វើជាម្ដាយ​ទាំងអស់​អនុវត្ដ​តាមអ្វី​ដែលបាន​ជម្រាប​ជូនខាង​លើនេះ នោះ​លោកស្រី​អ្នកនាង​នឹង​ទទួល បាន​សុខភាពល្អ សុវត្ដិភាព និង​កូនតូច​គួរឱ្យ​ស្រឡាញ់​មិនខាន​ឡើយ។ ក្រៅ​ពីនេះ ការពិនិត្យ​ផ្ទៃពោះ​ជាប្រចាំ​តាមការ​ណែនាំ​របស់ គ្រូពេទ្យ​ពេទ្យ​ជំនាញ ក៏ជា​ប្រការ​មិនអាច​ខ្វះបាន​ដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Google Analytics Alternative