ចម្ងល់១០យ៉ាង​អំពី​រដូវស្ដ្រី

ទស្សនា​វដ្ដី​ សុខភាពយើង បាន​ជម្រាប​ជូន​លោក​អ្នក​ជា​ពិសេស​សុភាព​នារី​ទាំង​ឡាយ​ជា​ច្រើន​រួច​មក​ហើយ​ ​អំពី​គ្រប់​​យ៉ាង​ដែល​ទាក់​ទង​នឹង​បញ្ហា​រដូវ​របស់​ស្ដ្រី​។ ​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​នៅ​មាន​ចម្ងល់​ជា​ច្រើន​ ​នៅ​តែ​មាន​នៅ​ក្នុង​ការ​គិត​របស់​នារី​ទាំង​​​ឡាយ​នៅ​ឡើយ​។ ​ទាំង​នេះ​ក៏​ព្រោះ​តែ​ស្ដ្រី​គ្រប់​រូប​ចាំ​បាច់​ត្រូវ​មាន​ការ​យល់​ដឹង​អំពី​បញ្ហា​នេះ​។ ​រដូវ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សុខភាព​ស្ដ្រី​។

រូបភាពទស្សនាវដ្តីសុខភាពយើង

សំណួរទី១ ៖ ​ហេតុអ្វី​បានជា​ស្ដ្រី​ត្រូវ​មានរដូវ​? ​ជា​ទូទៅ​រដូវ​ដំបូង​ចាប់ផ្ដើម​នៅ​ពេលណា​?

ចម្លើយ ៖ តាមពិតធម្មជាតិបាន​តាក់តែង​ឱ្យ​ស្ដ្រី​មាន​មេជីវិត​ញី​នៅក្នុង​ខ្លួន​ជាស្រេច​ ​ចាប់តាំង​ពីពេល​ចាប់​កំណើត​មកម្ល៉េះ​ ​គ្រាន់តែ​មិន​ ទាន់ដល់​ពេលដែល​ត្រូវ​បញ្ចេញ​មក​តែប៉ុណ្ណោះ​។ ​នៅ​ពេលពេញ​វ័យត្រូវ​មានរដូវ​ ​ទើប​មេជីវិតញី​ធ្លាក់ចុះ​មក​ ​ដែល​ជា​សញ្ញា​ប្រាប់ថា​ស្ដ្រី ​អាចឈាន​ដល់​វ័យបន្ដ​ពូជបាន​ហើយ​។ ​ហេតុនេះ​ហើយទើប​ស្ដ្រីត្រូវ​មានរដូវ​។ ​កាលពី​ជំនាន់មុន​ ​ភាពពេញ​វ័យរបស់​ស្ដ្រី​គឺ​នៅក្នុង​វ័យ ​១៧ឬ​១៨ឆ្នាំ​។ ​ផ្ទុយទៅ​វិញបច្ចុប្បន្ន​នេះ​ ​ស្ដ្រីឆាប់​មានរដូវ​ ​ហើយការ​មករដូវ​ដំបូង​របស់ស្ដ្រី​ធ្លាក់មក​ត្រឹម១១​ ​ឬ១២ឆ្នាំ​តែប៉ុណ្ណោះ​។

សំណួរទី២ ៖ ហេតុអ្វីបានជានៅពេលបច្ចុប្បន្ននេះ ​កុមារី​ឆាប់មាន​រដូវដំបូង​? ​តើមាន​ផលប៉ះ​ពាល់អ្វី​ដែរឬ​ទេ​?​

ចម្លើយ ៖ បានជានៅពេលបច្ចុប្បន្ននេះកុមារីឆាប់ពេញ​វ័យនោះ​ ​គឺដោយ​សារតែ​ការ​បរិភោគ​របស់ពួក​គេបាន​គ្រប់គ្រាន់​ ​សារជាតិ​ ទ្រទ្រង់​រាងកាយ​មានពេញ​បរិបូរណ៍​។ ​មិនមាន​ផលប៉ះពាល់​អ្វីទេ​ចំពោះការ​ឆាប់មក​រដូវរបស់​កុមារីនោះ​ ​គ្រាន់តែ​ថាកាល​ណាឆាប់​មក​ ​ដល់ពេល​ចាស់ក៏ឆាប់​អស់ទៅ​វិញដែរ​។

សំណួរទី៣ ៖ ហេតុអ្វីបានជាមានការឈឺចាប់នៅ​ពេលមាន​រដូវ?​ ​តើមាន​វិធី​ព្យាបាល​ការ​ឈឺចាប់​នេះឬទេ?​

ចម្លើយ ៖ មានស្ដ្រីមួយចំនួនជួបប្រទះអាការឈឺ​ចុកចាប់​ម្ដុំខាង​ក្រោមពោះ​នៅពេល​មករដូវ​ ​ហើយជួន​កាលធ្វើ​ឱ្យគាត់​ពិបាក​ទ្រាំជា​ ​ខ្លាំង។ ​ការ​ឈឺចាប់​នៅពេល​មករដូវ​នេះត្រូវ​បាន​ចែកចេញ​ជាពីរ​ប្រភេទ​ ​គឺការឈឺចាប់​ធម្មតា​ ​និងការ​ឈឺចាប់​មិនធម្មតា។​

១ – ការឈឺចាប់ធម្មតា នៅពេលមករដូវ ​ស្ដ្រីអាចមាន​ការឈឺចាប់​បន្ដិចបន្ដួច​នៅមុន​ពេលមក​រដូវ​មួយថ្ងៃ​ ​នោះមិន​មាន​ បញ្ហា​អ្វីដែល​គួរឱ្យ​ចាប់​អារម្មណ៍​ទេ​ ​អាការៈ​ទាំងនេះ​នឹងបាត់​ទៅនៅ​ថ្ងៃដែល​ឈាមរដូវ​ធ្លាក់មក​។ ​ការឈឺចាប់​បែបនេះ​ច្រើនកើត​មាន​ ​លើស្ដ្រីវ័យ​ក្មេងដែល​មិនទាន់​បានឆ្លង​កាត់ការ​រួមភេទ​ ​និង​ការ​សម្រាលកូន​។

២ – ការឈឺចាប់មិនធម្មតា ភាគច្រើនកើតឡើង​ចំពោះ​ស្ដ្រីដែល​ធ្លាប់ឆ្លង​កាត់ការ​រួមភេទ​ ​​និង​ការ​​សម្រាល​កូន។ ​ការឈឺ​ ចាប់ខ្លាំង​នៅពេល​មករដូវ​ ​ដែលជួន​កាលធ្វើ​ឱ្យស្ដ្រី​ទ្រាំមិនបាន​ ​ហើយអាច​សន្លប់បាត់​ស្មារតី​ក៏​មានដែរ​​។ ចំពោះ​ស្ដ្រីដែល​កាលពី​មុនមិន​ ​ធ្លាប់មាន​ការ​ឈឺចាប់​ ​ហើយទើប​តែចាប់​ផ្ដើម​ឈឺចាប់​នៅ​ពេលនេះ​ ​អាចជា​រោគសញ្ញា​នៃ​ជម្ងឺ​អង់ឌីម៉ែតទីយ៉ូ​។ ​មានន័យថា​ ​កោសិកា​ ​អង់ដូម៉ែត​ដែលធ្លាប់​នៅក្នុង​ស្បូន​ ​មានតួនាទី​បញ្ចេញ​ឈាមរដូវ​មកក្រៅ​ ​បានទៅ​ទំនៅ​នឹងដៃ​ស្បូន​ ​ឬក្រៅស្បូន​ ​ជាហេតុ​ធ្វើឱ្យ​ ​ឈាមរដូវ​បញ្ចេញ​មិនបាន​ល្អ​ ​នាំឱ្យ​ស្អិតបង្ក​ឱ្យមាន​ការ​ឈឺចាប់​។

​ការ​ព្យាបាល​ចាំបាច់​ត្រូវ​ធ្វើឡើង​ដោយ​យោង​ទៅតាម​មូលហេតុ​បង្ក។ ​គ្រូពេទ្យ​ជំនាញ​ខាងរោគ​ស្ដ្រីនឹង​ធ្វើការ​ព្យាបាល​ទៅ តាម​លក្ខណៈនៃ​ការ​ឈឺចាប់​។ ​មាន​កត្ដា​បន្ទាប់បន្សំ​មួយចំនួន​ដែលស្ដ្រី​អាចជួយ​ខ្លួនឯង​នៅពេល​ដែលមាន​ការ​ឈឺចាប់​ ​ដូចជា​អាចប្រើ​ ​ថ្នាំបន្ថយ​ការឈឺចាប់​ ​និង​ប្រើ​ទឹកក្ដៅ​ស្អំនៅ​បរិវេណ​ខាងក្រោម​ពោះ​ ​អាការៈ​ឈឺចាប់​អាចកាត់​បន្ថយបាន​មួយកម្រិត​។ ​ទោះបី​ជាយ៉ាង​ ​ណាប្រការ​ដែលល្អ​បំផុត​សម្រាប់លោក​ស្រីអ្នក​នាងកញ្ញា​ ​គឺការ​ពិគ្រោះ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​

សំណួរទី៤ ៖ នៅពេលមានរដូវ ​ស្ដ្រីគួរ​មាន​អនាម័យ​ថែទាំ​ខ្លួន​បែបណា​ ​និង​មាន​របប​អាហារ​បែបណា​?

ចម្លើយ ៖ នៅពេលមានរដូវជាពេលវេលាដែល​ត្រូវយក​ចិត្ដទុក​ថែទាំ​សុខភាព​ឱ្យ​ត្រឹមត្រូវ​។ ​មាន​កត្ដា​មួយ​ចំនួន​ដែល​ត្រូវ​ចាប់​ ​អារម្មណ៍​គឺ​ ៖

– ការប្រើប្រាស់សំឡីអនាម័យ ស្ដ្រីគួរប្រើសំឡី​អនាម័យ​ឱ្យសម​ស្របទៅ​តាម​ចំណុះ​នៃ​ឈាមរដូ​វ​។ ​មានន័យថា​ ​ឈាម​ ​រដូវ​មកច្រើន​ ​យើងគួរ​ប្រើសំឡី​អនាម័យ​រាងក្រាស់​បន្ដិច​ ​ឬ​សំឡី​ដែលជក់​ទឹកបាន​ល្អ​ ​ដើម្បី​កុំឱ្យ​ឈាមរដូវ​ប្រឡាក់​មកខាង​ក្រៅ។​ ​ចំពោះ​សំឡី​កាលណា​យើង​ប្រើក្រាស់​ពេក​ ​វាធ្វើឱ្យ​យើង​ស្អុះស្អាប់​ពេក​។ ​ដូច្នេះ​ស្ដ្រីគួរ​ប្រើប្រាស់​សំឡីទន់​ ​ឬបែបណា​ដែល​ងាយស្រួល​ ​ប្រើសម្រាប់​ខ្លួនឯង​។ ​ចំពោះ​ស្ដ្រីនៅ​តាមជន​បទដែល​គ្មាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​ទិញ​សំឡី​អនាម័យ​ ​លោកស្រី​អ្នកនាង​អាចប្រើ​​ក្រណាត់​ជំនួស​បាន​ ​ដោយ​បោក​គក់​ក្រណាត់​នោះឱ្យ​បាន​ត្រឹមត្រូវ​។

– ចំណីអាហារ ស្ដ្រីមិនចាំបាច់តមចំណីទេ ​គាត់ចង់​បរិភោគ​អ្វីគឺ​បរិភោគ​ជាធម្មតា​។ ​ព្រោះថា​ ​ដើម្បីមក​រដូវបានល្អ​ ទាល់​ ​តែយើង​បរិភោគ​អាហារ​ឱ្យបាន​គ្រប់សព្វ​ ​ដើម្បី​ឱ្យ​អាហារ​នោះ​ផលិត​ចេញជា​ឈាមរដូវ​បាន។ ​មានស្ដ្រី​ខ្លះ ​ពេលមក​រដូវ​មាន​សភាព​ ​ស្លេកស្លាំង​។ ​ករណីដូចនេះ​ ​ស្ដ្រីត្រូវ​បន្ថែម​ចំណីឱ្យ​បានច្រើន​ដូចគ្នាដែរ​ ​ចំពោះនារី​ដែលរើស​ចំណី​អាហារ​ ​មិនសូវ​ញ៉ាំចំណី​អាហារ​ក្នុង​ ​កំឡុង​ពេលនេះ​ គាត់គួរតែ​ញ៉ាំចំណី​អាហារ​បន្ថែម​ទៀត​។ ​ចំណី​អាហារ​ទាំងនោះ​អាចជា​ផ្លែឈើ​គ្រប់មុខ​(​ព្រោះវាមាន​វីតាមីន​គ្រប់គ្រាន់​)​ ​ឬចំណី​អាហារ​ផ្សេងៗទៀត​។ ​ការបរិភោគ​ចំណី​អាហារ​បន្ថែមនេះ​ ​អាចចៀស​វាងបាន​នូវសភាព​ស្លេកស្លាំង​ ​ព្រោះថា​នៅពេល​ ​មករដូវ​ស្ដ្រីត្រូវ​បាត់បង់​ជាតិដែក​ ​និង​ជាតិ​កាល់ស្យូម​យ៉ាងច្រើន​រួចទៅ​ហើយ​។​

– អនាម័យសព៌ាង្គកាយ នៅពេលឈាមរដូវជោកសំឡី ​ស្ដ្រីត្រូវ​ប្ដូរសំឡី​ចេញ​ ​ហើយងូត​ទឹកសម្អាត​កាយ​ជាធម្មតា​ ​រួចដាក់​ ​ឬ​បោះចោល​សំឡី​អនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ​។ ​ក្នុងពេល​មករដូវ​នេះ ​ស្ដ្រីមិន​គួរគប្បីចុះ​ទៅក្នុងទឹក​ត្រពាំង​ ​ឬស្រះទេ​ ​ព្រោះវានាំ​ ​ឱ្យឆ្លង​មេរោគ​ផ្សេងៗ។ ​សូមចៀស​វាងនូវ​ការស្លៀក​ខោដែល​ធ្វើពី​ជាតិនីឡុង​ ​ឬខោដែល​ហប់ពេក​។ ​ខោសើមី​ត្រូវផ្លាស់​ចេញ​ដើម្បី​ ​ចៀសវាង​នូវការ​រមាស់​។

– សកម្មភាពផ្លូវកាយ ៖ នៅពេលមករដូវ ​ស្ដ្រីមាន​ការ​នឿយហត់​ ​និង​អស់​កម្លាំងច្រើន​។ ​នៅពេលខ្លះ​ ​ស្ដ្រីកំពុង​មករដូវក៏​ ​មិនគួរលេង​ ​ឬហាត់កីឡា​ដែរ​ ​ព្រោះវាធ្វើ​ឱ្យកាន់​តែអស់​កម្លាំង​ថែមទៀត​។ ​ប៉ុន្ដែស្ដ្រី​អាចលេង​កីឡាដែល​ប្រើកម្លាំង​តិចតួច​ ​ទៅតាម​ ​ស្ថានភាព​សុខភាព។ ​ដូចគ្នា​ដែរ ចំពោះ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​ក្នុងពេល​មករដូវ​ ស្ដ្រីចូរកុំ​ធ្វើដំណើរ​ផ្លូវឆ្ងាយ​ពេក ​និង​កុំធ្វើ​ការងារ​ ​ប្រើកម្លាំង​ធ្ងន់ពេក។ ​ចូរធ្វើការ​ទៅតាម​កម្លាំង​ដែលអាច​ធ្វើទៅបាន​។

​សំណួរទី៥ ៖ ហេតុអ្វីបានជាស្ដ្រីមានរដូវមិនទៀងទាត់? ​តើរដូវ​មិនទៀង​មាន​លក្ខណៈ​បែបណា?​

ចម្លើយ ៖ ជាធម្មតាឈាមរដូវធ្លាក់មករៀងរាល់ខែ ​ខួបរដូវ​ជាមធ្យម​២៨ថ្ងៃ​ ​គឺនៅ​ចន្លោះ​គម្លាត​ពី២១​ទៅ៣៥​ថ្ងៃ​ ​ហើយ​រដូវមាន​ ​រយៈពេល​ពី៣ទៅ៤ថ្ងៃ​។ ​ជាឧទាហរណ៍​ ​ស្ដ្រីខ្លះមាន​ខួបរដូវ​២៨ថ្ងៃ ​រៀងរាល់២៨​ថ្ងៃគាត់​មកម្ដង​ ​ឬ៣០ថ្ងៃ​មកម្ដង​។ ​នៅខែ​ក្រោយរដូវ​ ​គាត់មកមុន​២ថ្ងៃឬលើស​ពី២ថ្ងៃ​ ​នោះមិន​ជាបញ្ហា​អ្វីទេ។​ ​ករណីខួប​រដូវមក​លើសពី​៣៥ថ្ងៃ ​ឬតិចជាង​២១ថ្ងៃ​ ​យើងហៅថា​រដូវមិន​ ទៀង។ ​មានកត្ដា​មួយចំនួន​ដែលធ្វើ​ឱ្យរដូវ​ស្ដ្រីមក​មិន​ទៀងទាត់​។ ​ការទទួល​ទានអាហារ​មិន​គ្រប់គ្រាន់​ ​ជាមូល​ហេតុនាំ​ឱ្យមិន​មាន​រដូវ។​ ​ការព្រួយ​ចិត្ដច្រើន​ពេក​សប្បាយចិត្ដ​ពេក ​និងការមាន​អារម្មណ៍មិន​ធម្មតា​ ​ក៏នាំឱ្យ​រដូវរបស់​ស្ដ្រីមក​មិនទៀង​ទាត់បាន​ដែរ។​ ​ម្យ៉ាងទៀត​រដូវមិន​ទៀងអាច​បណ្ដាលមក​ពីការ​ប្រើប្រាស់​ថ្នាំពេទ្យ​មួយចំនួន​។ ​ប្រការ​ដែលនឹង​រៀបរាប់​ខាងក្រោម​នេះ​ជាប្រការ​ ​ដែលរដូវ​ស្ដ្រីមក​មិនទៀង​ មានលក្ខណៈ​មិនធម្មតា​ ​ស្ដ្រីគួរ​មានការ​កត់សម្គាល់​ផងដែរ​។

– រដូវធ្លាក់ញាប់ ៖ ខួបរដូវខ្លី ​គឺជាការ​មករដូ​វ​មានរយៈ​ពេលពី​១៨ទៅ២១​ថ្ងៃម្ដង​ ​តែចំណុះ​ឈាម​រដូវមក​ប៉ុនគ្នា​ ហើយ​ ​រយៈពេល​ពី៣ទៅ៤ថ្ងៃ​ក៏​ដូចគ្នាដែរ​។ ​លក្ខណៈនេះ​ ​គឺមិន​ធម្មតាទេ​ ​ស្ដ្រីត្រូវ​ស្វែងរក​ការ​ព្យាបាល។​

– រដូវរង្វើល ៖ គឺខួបរដូវលើសពី៣៥ថ្ងៃ ​វាអាច​មាន​៤៥ថ្ងៃ​ទើបមក​រដូវម្ដង​។ ​អ្នកខ្លះ​អាច៣​ឬ៤ខែ​ទើប​មកម្ដង​ តែមក​ ​រដូវមាន​រយៈពេល​ពី៣ទៅ៤​ថ្ងៃដូចគ្នា​។ ការមក​រដូវបែប​នេះមិន​ចាំបាច់​ធ្វើការ​ព្យាបាលទេ​ នេះគ្រាន់​តែខួប​រដូវមាន​រយៈពេល​វែងតែ​ ​ប៉ុណ្ណោះ។ ​តែវាមាន​ផលវិបាក​បន្ដិចត្រង់​ថា​ ​គាត់ពិបាក​ក្នុងការ​បង្ក​កំណើត​(​ពិបាក​ឱ្យមាន​កូន​)។​

– រដូវមកច្រើន ៖ រដូវមកជាទៀងទាត់ធម្មតា ​តែរដូវ​មកម្ដងៗ​ច្រើន​ ​ធ្វើឱ្យមាន​សភាព​ស្លេកស្លាំង។ ​ករណីនេះ​ ​ស្ដ្រីច្រើន​តែ​ ​កើតមាន​ជម្ងឺសរីរាង្គ​ប្រដាប់​បន្ដពូជ​ ​ដូចជា​ជម្ងឺស្បូន​ ​ជម្ងឺ​មហារីក​ជាដើម​។ ​ស្ដ្រីត្រូវ​ស្វែងរក​ការ​ព្យាបាល​ជាបន្ទាន់​។

– ឈាមរដូវធ្លាក់មិនស៊ីចង្វាក់គ្នា ៖ ក្នុងមួយខែ ​គាត់ធ្លាក់​ឈាមរ​ដូវ​ពី៣ទៅ​៤ដង​ ​ករណីនេះ​ច្រើនតែ​កើតមាន​នៅលើ​ស្ដ្រី ​គ្រប់ការ។ ​ចំពោះស្ដ្រី​នៅវ័យ​ក្មេងក៏​អត់មាន​បញ្ហាដែរ។ ​ប៉ុន្ដែចំពោះ​ស្ដ្រីចំណាស់​អាចមាន​ជម្ងឺ​ដុំសាច់​ក្នុងស្បូន​ ឬ​ជម្ងឺមហារីក​។

(សូមបន្ដអាននៅលេខក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative