វិធី​កាត់​ប្រជ្រុយ

ប្រជ្រុយ​អាចកើត​មាននៅ​គ្រប់កន្លែង​នៃសារ​ពាង្គ​កាយ ជាធម្មតា​មិន​ប៉ះពាល់​ដល់​សុខភាព​លោកអ្នក​ទេ។ ប៉ុន្ដែវា​អាចធ្វើ ឱ្យ​លោកអ្នក​បាត់បង់​សោភ័ណភាព​ខ្លះ​នៅពេល​ដែល​ប្រជ្រុយ​កើតមាន​នៅលើ​ផ្ទៃមុខ​ច្រើន។ កត្ដានេះ​ហើយដែល​ធ្វើឱ្យ​មានការ​រំខាន រហូត​ឈានដល់​សម្រេច​ចិត្ដ​កាត់​ប្រជ្រុយ​ចេញ ជាពិសេស​ចំពោះ​សុភាព​ស្ដ្រីមួយ​ចំនួន។ ការ​ព្យាយាម​កាត់​ប្រជ្រុយ​ខ្លួនឯង​ដោយ​ប្រើ វិធី​ផ្សេងៗ​អាចនាំឱ្យ​មាន​គ្រោះថ្នាក់។ តើមាន​វិធីណា​ដែល​អាចកាត់​ប្រជ្រុយ​បានល្អនិងមិន​ប៉ះពាល់​ដល់​សុខភាព?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកស្រី ឈឹម វត្ដី នាយិកា​គ្លីនិកលុច​ដើមី្ប​បកស្រាយ​អំពី​វិធីកាត់​ប្រ ជ្រុយ​នេះជូន​ប្រិយមិត្ដ​អ្នកអាន​ធ្វើការ​ស្វែង​យល់។

មូល​ហេតុ​កើត​ប្រជ្រុយ

ប្រជ្រុយ​កើត​ឡើង​បណ្ដាល​មកពីស្បែក​មាន​សភាព​ស្ងួតខ្លាំង​ដែល​បណ្ដាល​មកពី​កង្វះជាតិ​ទឹក និងការ​រងនូវ​កម្ដៅថ្ងៃ​ច្រើន។ ដូច្នេះ​លោកអ្នក​ត្រូវចិញ្ចឹម​ស្បែក​ស្ងួតឱ្យ​មាន​សំណើម​វិញ ហើយ​គប្បី​ទទួលទាន​ទឹកឱ្យ​បានគ្រប់​គ្រាន់​ទើបស្បែក​មិនអាច​មានស្នាម​អុច ខ្មៅ អាចម៍រុយ ឬប្រជ្រុយ​បាន។ ប្រជ្រុយ​មិនមាន​លក្ខណៈ​ដូចគ្នា​នោះ​ទេ ប្រជ្រុយ​ខ្លះជា​ប្រជ្រុយ​ធម្មតា​តូច ខ្លះទៀត​ក៏មាន​ទំហំធំ មិនតែ​ប៉ុណ្ណោះ​មាន​ប្រជ្រុយ​ខ្លះជា​ប្រជ្រុយ​ដុះសាច់​ទៀតផង។

វិធីកាត់​ប្រជ្រុយ​មិន​ត្រឹមត្រូវ

ប្រជ្រុយ​ជាបញ្ហា​ដែល​ត្រូវគិត​គូរដោយ​សារ​ប្រជ្រុយ​អាចកើត​ឡើង​នៅលើ​ផ្ទៃមុខ ប្រជ្រុយខ្លះ​នៅលើ​កន្ទុយ​ភ្នែក ខ្លះទៀត នៅលើ​ច្រមុះ ហើយ​អ្នកខ្លះ​ទៀត​មាន​ប្រជ្រុយ​ច្រើន​កន្លែង​នៅលើ​ផ្ទៃមុខ​តែមួយ។ ទាំងនេះ​គឺជាការ​រំខាន​យ៉ាងខ្លាំង​ដល់​សោភ័ណ​ភាព នៃ​សម្រស់។ កន្លង​មកមាន​លោកអ្នក​មួយចំនួន​បានកាត់​ប្រជ្រុយ​ដោយខ្លួន​ឯងទៅ​តាម​រូបភាព​ផ្សេងៗ ដូចជា​ការកាត់​ប្រជ្រុយ​ដោយ ប្រើទឹក​អាស៊ីត ប្រើ​ជរ័ល្ហុង ប្រើកំបោរ ចងអំបោះ​ជាដើម។ វិធីទាំង​នេះជាវិធី​មិនត្រឹម​ត្រូវផ្ដល់​នូវផលវិបាក​ដល់​លោកអ្នក ដូចជា ធ្វើឱ្យ​ផ្ទៃមុខ​លោកអ្នក​មានស្លាក​ស្នាម ឬក្លាយ​ជាដំបៅ​នៅលើ​ផ្ទៃមុខ និង​អាចផ្ដល់​ជាផល​វិបាក​ធ្ងន់ធ្ងរ ដូចជា​ជម្ងឺ​មហារីក​ស្បែក​ជា ដើម។ ដូច្នេះ​វិធីកាត់​ប្រជ្រុយ​ទាំងនេះ​មិនគប្បី​អនុវត្ដន៍ទេ។

វិធីកាត់​ប្រជ្រុយ​ត្រឹមត្រូវ

វិធីកាត់​ប្រជ្រុយ​ដោយ​ម៉ាស៊ីន​ឡាស៊ែ គឺជា​វិធីល្អ​មួយដែល​អាចធ្វើ​ឱ្យប្រជ្រុយ​ដាច់បាន​ដោយ​ងាយ ហើយ​គ្មាន​បន្សល់​ទុកនូវ ស្លាក​ស្នាម​ទៀត​ផង។ នៅមុន​ពេលកាត់ លោកអ្នក​ត្រូវ​ទទួលទាន​ថ្នាំសម្រាប់​ឃាត់ឈាម​កន្លះម៉ោង​ជាមុន​សិន ដើម្បី​កុំឱ្យ​មានការ​ចេញ ឈាម​នៅពេល​កាត់។ ជំហាន​បន្ទាប់ទើប​ធ្វើការ​កាត់​ប្រជ្រុយ​នោះ ដោយ​ចៀរឱ្យ​ស្អាត​មិនឱ្យ​ជ្រៅ​ពេក និងមិន​ឱ្យហួស​ពីកន្លែង​ប្រជ្រុយ នោះទេ។ នៅពេល​ធ្វើការ​កាត់​រួចរាល់​ហើយ លោកអ្នក​ត្រូវទទួល​ទានថ្នាំ​មួយរយៈ​ដើម្បីឱ្យ​ជាសះ​ស្បើយ ព្រមទាំង​ស្អំជាមួយ​ម៉ាស៊ីន ស្អំ។ ការកាត់​ប្រជ្រុយ​ជាមួយ​ម៉ាស៊ីនឡាស៊ែ​មាន​ប្រសិទ្ធភាព​ល្អណាស់​បីប្រជ្រុយ​នោះធំ ឬតូចប៉ុណ្ណា​ក៏ដោយ។

ដំបូន្មាន​អ្នកប្រឹក្សា

ប្រសិន​បើ​លោកអ្នក​ទាំងឡាយ​ចង់បាន​ផ្ទៃមុខ​ស្រស់ស្អាត​ដោយគ្មាន​ចំណុច​ខ្មៅ ឬប្រជ្រុយ លោកអ្នក​គួរ​ទទួលទាន​ទឹកឱ្យ បាន​គ្រប់គ្រាន់​ដើម្បី​ឱ្យស្បែក​របស់​លោកអ្នក​មាន​សំណើម។ ប្រសិន​បើចង់​កាត់​ប្រជ្រុយ​ចេញ លោកអ្នក​គួរ​ស្វែងរក​សេវា​កាត់​ប្រជ្រុយ ឱ្យបាន​ត្រឹមត្រូវ​ដោយ​ជួប​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ច្បាស់​លាស់។ ការកាត់​ប្រជ្រុយ​ដោយខ្លួន​ឯងគួរ​ចៀសវាង ព្រោះ​ការកាត់​ប្រជ្រុយ មិន​ត្រឹមត្រូវ​នាំឱ្យ​លោកអ្នក​ទទួល​បាន​ផលវិបាក​ច្រើនជាង​ផល​ចំណេញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Google Analytics Alternative