ប្រដៅកូន​ដោយហិង្សា ប៉ះពាល់​ដល់ផ្លូវចិត្ដ

“យី! អាកូន​ក្បាលរឹង! អាកូន​ចង្រៃ! ហេតុអី​ក៏ឯង​មិនស្ដាប់​​បង្គាប់​ឪពុកម្ដាយសោះ​យ៉ាងនេះ?”​ឃ្លាទាំងនេះ​លោកអ្នក​ប្រហែល​ជាធ្លាប់​ឮ​ញឹកញាប់​ណាស់ ហើយ​ក៏ប្រហែល​ជាលោកអ្នក​ធ្លាប់ប្រទះ​ផងក៏​មិនដឹង។ មានវិធី​ច្រើនយ៉ាង​ណាស់​ដែល​មាតាបិតា ឬ​អាណា​ព្យាបាល​អាចជ្រើសរើស​ក្នុងការអប់រំ​ណែនាំ​កូនឱ្យដើរ​តាមគន្លង​ធម៌ដ៏ប្រពៃ។ ប៉ុន្ដែ​ការអប់រំ​ណែនាំ​កូនដោយ​វិធីហិង្សា​ជាប្រ ការមួយ​ដែលបុត្រធីតា​មិនអាច​ទទួលយកបាន ជាពិសេស​ទៅលើ​បញ្ហាផ្លូវចិត្ដ ហើយ​ដែល​មាតាបិតា​និង​អាណាព្យាបាល​គ្រប់រូបគួរ ពិចារណា និង​ស្វែងយល់​ឱ្យបានច្បាស់​អំពីបញ្ហានេះ។ តើការ​ប្រើអំពើ​ហិង្សា​ទៅលើកូន​មានផល​ប៉ះពាល់​យ៉ាងណា​ទៅលើ​បញ្ហាផ្លូវចិត្ដ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត យឹម សុបុត្រា​អ្នក​ឯកទេស​វិកលវិទ្យា​នៃមន្ទីរ​ពេទ្យ​មិត្ដភាពខ្មែរសូវៀត​នឹងស្រាយ​បំភ្លឺអំពី​បញ្ហានេះ​ជូន មិត្ដអ្នកអាន​សម្រាប់​ជាបទពិសោធន៍​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

អ្នកដែល​ប្រើអំពើ​ហិង្សាលើកូន

ការរំលោភ​បំពាន​លើកុមារ​មានច្រើន​ប្រភេទ​ច្រើនសណ្ឋាន រួមទាំងការ​រំលោភ​សេពសន្ថវៈ​ផងដែរ។ ប៉ុន្ដែអ្វី​ដែល​លោកអ្នក នឹង​ជ្រាប​នៅពេលនេះ​គឺការប្រើ​អំពើហិង្សា​ទៅលើកូន​ដែលទាក់ទង​ទៅនឹង​បញ្ហាផ្លូវចិត្ដ។ ការប្រៀន​ប្រដៅ​ការទូន្មាន​និង​ការអប់រំ កូនមិនមែន​មានតែ​មាតាបិតា​ប៉ុណ្ណោះនោះទេ បុគ្គល​ផ្សេងទៀត​ជាច្រើន​ក៏មាននាទី​ក្នុងការអប់រំ​និង​ប្រដៅកូន​របស់​លោកអ្នក​ផងដែរ ដូចជា​បងប្អូន មាមីង ជីដូនជីតា​ជាដើម​រហូតដល់​លោកគ្រូ​អ្នកគ្រូ​និង​អ្នកភូមិ​ផងរបង​ជាមួយ​ថែមទៀត​ផង។ អ្នកទាំង​អស់នេះ​ហើយក៏ ជាបុគ្គល​ដែលអាច​ប្រើអំពើហិង្សា​ទៅលើកូន​របស់លោកអ្នក​បានដែរ។

ប្រភេទអំពើ​ហិង្សា​ទៅលើកូន

​អំពើហិង្សា​មានច្រើន​រូបភាព​ណាស់​ដែលតែងកើត​មានរវាង​ឪពុកម្ដាយ​និងកូនៗ។ ការរំលោភ​បំពានផ្លូវកាយ​និង​ផ្លូវអា រម្មណ៍​ជាផ្នែក​ដ៏សំខាន់ ហើយ​មានទំនាក់ទំនង​ជាមួយគ្នា​យ៉ាង​ស្អិតរមួត។ ឪពុកម្ដាយ​ខ្លះអាច​រំលោភបំពាន​ដោយផ្ទាល់​ទៅលើ​ផ្លូវចិត្ដ ឬ​អ្នកខ្លះ​ក៏ប្រើជា​អំពើហិង្សា​ទៅលើកូន​ដើម្បីចង់​ឱ្យកូនដើរ​តាមគន្លងធម៌ ឬ​ដើម្បី​បំពេញបំណង​ដែលខ្លួន​ចង់បាន​ហើយ​ដែល​បញ្ហានេះ មានការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ទៅលើកូន​ពិសេស​បញ្ហាផ្លូវចិត្ដ។ មានរូបភាព​មួយចំនួន​ដែល​បង្ហាញ​ឱ្យឃើញ​ពីការ​ប្រើអំពើ​ហិង្សា។

  • ​ការប្រើ​អំពើហិង្សា​ដោយផ្ទាល់​ទៅលើកូន ដូចជា​តាមរយៈ​ការវាយ​ដំទាត់ធាក់ មួល ក្ដិច​ជាដើម​និង​ការវាយ​ដោយ​ឧបករណ៍​ផ្សេងៗ​ដូចជារំពាត់ ខ្សែភ្លើង​ជាដើម។ មិនត្រឹម​តែប៉ុណ្ណោះ​មានគ្រួសារ​ខ្លះវាយកូន​ដោយមិន​មានការ​គិតពិចារណា​ប្រទះអី វាយហ្នឹង​ទោះជាវត្ថុ​នោះអាច​មានគ្រោះថ្នាក់​ដល់កូន​ក៏ដោយ។
  • ​ការរំលោភ​បំពាន​ផ្នែកអារម្មណ៍​ជាកត្ដា​ធ្វើឱ្យ​ប៉ះពាល់​ផ្លូវចិត្ដ​យ៉ាងធ្ងន់ធ្ងរ។ ការស្ដី​បន្ទោស បន្ដុះបង្អាប់​ជេរប្រទេច​បណ្ដា សា ការ​ប្រមាថ​មើលងាយ និង​ការប្រើពាក្យ​សម្ដី​មិនសមរម្យ​មួយចំនួន​ទៀតពី​សំណាក់​ឪពុកម្ដាយ បងប្អូន​និង​សាច់ញាតិ​ដទៃទៀត ជាដើម។ ទាំងនេះ​ជារូបភាពមួយ​ដែលងាយ​នឹងធ្វើឱ្យ​កុមាររងគ្រោះ​ផ្នែកផ្លូវចិត្ដ។

ផលប៉ះពាល់​នៃការប្រើ​ហិង្សាលើកូន

​គ្រប់រូបភាព​នៃការ​ប្រើអំពើ​ហិង្សា ការរំលោភ​បំពាន​ទាំងផ្នែក​រាងកាយ​និង​ផ្នែកអារម្មណ៍​សុទ្ធតែ​ផ្ដល់នូវផល​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ដល់កូន​ទាំងបច្ចុប្បន្ន និង​ទៅអនាគត​ថែមទៀតផង។ ការប៉ះពាល់​ទៅលើ​រាងកាយ​ជាចំណែកមួយ​ដ៏អាក្រក់​ប៉ុន្ដែអ្វី​ដែលគួរឱ្យ បារម្ភនោះ​គឺការប៉ះពាល់​ដល់ផ្លូវចិត្ដ និង​ផ្លូវអារម្មណ៍​របស់កូន។

1. ផលវិបាក​ផ្នែករូបរាងកាយ ផលវិបាក​ដែលកើតឡើង​ដោយការ​ប្រើអំពើ​ហិង្សា​ដែល​ប៉ះពាល់​ទៅលើ​រូបរាងកាយ នោះមាន​បន្សល់ទុក​នូវស្លាកស្នាម​នៅលើ​រូបរាងកាយ ដូចជាជាំ ស្នាមដាច់​រលាត់ ឬ​មានរបួស​និង​រហូតធ្វើ​ឱ្យបាត់បង់​ផ្នែក​សោភ័ណ ភាពផងដែរ។ ការប្រើ​អំពើហិង្សា​របស់​ឪពុកម្ដាយ​មួយចំនួន​មានលក្ខណៈ​ធ្ងន់ធ្ងរ​ដូចជា​មានរហូត​ដល់បាក់ឆ្អឹង គ្រេច ថ្លោះ ដាច់សរសៃ ឈាម​ជាដើម។ ពេលខ្លះ​ក៏មាន​ប៉ះពាល់​ទៅដល់​ផ្នែកក្បាល​និង​អាចបង្ក​ទៅជាជម្ងឺ​ដ៏មាន​គ្រោះថ្នាក់​មួយចំនួន​ដូចជាដាច់​សរសៃឈាម ខួរក្បាល ប្រេះ​ឬ​ស្រាំលលា​ដ៏ក្បាល ឈាមដក់​ក្នុងខួរក្បាល​និង​ជម្ងឺផ្សេងៗ​ទៀតដែល​អាស្រ័យទៅលើ​ទំហំនៃការ​ប៉ះទង្គិច។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2. ផលវិបាក​ផ្នែកផ្លូវចិត្ដ និង​អារម្មណ៍ ៖ ជាការ​ប៉ះពាល់​ខ្លាំងក្លា​បំផុតអាច​ធ្វើឱ្យ​កូនភ័យខ្លាច​បង្កើត​ជាជម្ងឺ​ឆាប់ភ័យ មាន អារម្មណ៍​តក់ស្លុត និង​ធ្វើឱ្យកូន​មានតែការ​ចងកំហឹង​ជាប់ក្នុង​ខ្លួនជានិច្ច។ មិនត្រឹម​តែប៉ុណ្ណោះ​ធ្វើឱ្យកូន​ចុះខ្សោយ​ខាងផ្នែក​ស្មារតី បង្ក ជាជម្ងឺ​បាត់ការ​ចងចាំ ឆាប់ភ្លេច​ជាដើម។ ម្យ៉ាងទៀត​ក៏អាចធ្វើឱ្យ​កូនមាន​ជម្ងឺ​បាក់ស្បាត​អស់សង្ឃឹម ធ្លាក់ទឹកចិត្ដ ធ្វើឱ្យ​ការសិក្សា ធ្លាក់ចុះ​ឬ​ជាមនុស្ស​ឯកោជាដើម។ កត្ដាទាំង​អស់នេះ​ជាដើម​ហេតុនាំ​ឱ្យកូនឈាន​ទៅដល់​ចំណុចធ្ងន់ធ្ងរ​មួយ គឺអស់​សង្ឃឹម និង​ចង់ធ្វើ អត្ដឃាត​ថែមទៀតផង។

​ជារួមការ​ប្រើអំពើ​ហិង្សា និង​ការរំលោភ​បំពាន​ទៅលើកូន​មិនត្រឹម​តែផ្ដល់​នូវផល​ប៉ះពាល់​ចំពោះកូន​លោកអ្នក​ផ្ទាល់នោះទេ លទ្ធផល​ចុងក្រោយ​គឺមាន​ផលប៉ះពាល់​ទៅដល់​ជីវភាព​គ្រួសារ​លោកអ្នក​និង​ប៉ះទង្គិច​ខ្លាំងក្លា​ទៅលើ​សង្គមថែម​ទៀតផង។

ដំបូន្មានអ្នកប្រឹក្សា

​ការប្រើ​អំពើហិង្សា​ទៅលើកូន​មិនមែន​ជាវិធី​ក្នុងការអប់រំ​នោះទេ ផ្ទុយទៅវិញ​វាផ្ដល់​នូវគុណវិបត្ដិ​ជាច្រើន។ ដូចនេះ​សូម លោកអ្នក​ជាមាតាបិតា ឬ​អាណាព្យាបាល​គ្រប់រូប​ចៀសវាង​ប្រើអំពើហិង្សា​ទៅលើកូនៗ​របស់​លោកអ្នក។ សូមលោក​អ្នក​ជ្រើសរើស ការទូន្មាន​ដោយសន្ដិវិធី ការលើក​ទឹកចិត្ដ​និង​ការផ្ដល់​កម្លាំងចិត្ដ​ដើម្បី​កសាង​បុត្រធីតា​របស់​លោកអ្នក​ឱ្យក្លាយ​ជាបុគ្គល​ដ៏ល្អម្នាក់ សម្រាប់​លោកអ្នក ខ្លួនគេផ្ទាល់ និង​ដើម្បីសង្គម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative